សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ក្រុមអង្គការសង្គមស៊ីវិលស្នើឲ្យប្រទេសស៊ុយអែតពិចារណាឡើងវិញចំពោះការបិទស្ថានទូតនៅកម្ពុជា

ឯកអគ្គរាជទូតស៊ុយអែតប្រចាំកម្ពុជា លោក Björn Häggmark ថ្លែងក្នុងកម្មវិធីរបស់ខេមបូចា កាលពីឆ្នាំ២០១៩។ បញ្ញា ឆព័ណ្ណ
ឯកអគ្គរាជទូតស៊ុយអែតប្រចាំកម្ពុជា លោក Björn Häggmark ថ្លែងក្នុងកម្មវិធីរបស់ខេមបូចា កាលពីឆ្នាំ២០១៩។ បញ្ញា ឆព័ណ្ណ

ក្រុម​អង្គការ​សង្គមស៊ីវិល​ជាតិនិងអន្តរជាតិ​ជាងមួយរយ​បាន​ស្នើ​សុំ​ឲ្យ​ស្ថាន​ទូត​ស៊ុយអែត​នៅទីក្រុងភ្នំពេញ​កុំបោះបង់​ចោល​ការ​រីកចម្រើន​ដែល​បាន​ធ្វើ​នៅ​ក្នុង​ការអភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ ជា​ការអំពា​វ​នាវ​ដែល​ធ្វើ​ឡើង​ ខណៈ​ស្ថានទូត​នេះ​បាន​សម្រេចផ្ទេរទៅ​ប្រទេសថៃ​វិញ។

អង្គការ​ក្រៅរដ្ឋាភិបាល​ចំនួន១១៦ ​ដែល​ធ្វើ​ការនៅ​ប្រទេស​កម្ពុជា​បាន​ផ្ញើ​លិខិតរួម​គ្នា​មួយ​ជូនរដ្ឋមន្ត្រីកាបរទេសស៊ុយអែត​ Ann Linde កាល​ពីសប្តាហ៍​មុន ដោយ​ស្នើ​ឲ្យ​លោក​ស្រីកែប្រែ​សេចក្តី​ប្រកាស​កាល​ពីខែវិច្ឆិកាដែល​ថា ស្ថាន​ទូត​នឹង​ផ្លាស់ទៅ​ប្រទេស​ថៃ​។​

លិខិតដដែល​នោះ​បាន​សរសេរថា៖ «​បទពិសោធ​ន៍​កន្លង​មក​បាន​បង្រៀន​យើង​ថា ការ​ដាក់​ឲ្យ​ប្រទេសកម្ពុជា​នៅ​ឯកោ​នៅពេលនេះមានន័យថា ការ​ជាន់​ដា​នកំហុស​អតីត​កាល​»

លិខិតនោះបានបន្តថា៖ «​យើង​ទទូច​ឲ្យ​រដ្ឋាភិបាល​ស៊ុយអែត​ប្រកាន់ខ្ជាប់ទៅនឹងការប្តេជ្ញាចិត្ត​របស់​ខ្លួន​ចំពោះការ​ប្រយុទ្ធ​ប្រឆាំងជា​សកលចំពោះបម្រែបម្រួល​អាកាសធាតុ​និង​ជំងឺកូវីដ​១៩​ ដោយ​បញ្ហា​សិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យ​គឺជា​ការងារសំខាន់​ដោយ​មិន​ត្រូវ​ទុក​នរណាម្នាក់​ចោល​នោះទេ»។​

កាល​ពីខែ​វិច្ឆិកា​ ក្រសួង​កាបរទេស​ស៊ុយអែត​បាន​អះអាងថា ស្ថានទូតរបស់ខ្លួន​ក្នុងទីក្រុងភ្នំ​ពេញ​នឹង​ត្រូវបិទទ្វារ​នៅដំណាច់​ឆ្នាំ​២០២១​ ហើយ​ផ្លាស់ទៅ​ក្រុងបាងកកវិញ។ សេចក្តី​ថ្លែង​ការណ៍​នេះ​បាន​បន្ថែមថា ទីភ្នាក់ងារ​សហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិ​ស៊ុយអែត​នឹង​បន្ត​ការ​ងារ​របស់ខ្លួននៅក្នុង​ប្រទេសកម្ពុជា។

ប្រទេសស៊ុយអែត​បាន​អះអាងថា ខ្លួន​នឹង​ស្វែង​រក​ «មធ្យោបាយថ្មី» ដើម្បី​បន្ត​​ទំនាក់ទំនងជាមួយ​ប្រទេសកម្ពុជា​ ហើយ​មិន​ផ្តល់​ហេតុផល​ផ្សេងទៀត​ជុំវិញការ​ដកស្ថាន​ទូត​​ចេញ​នេះទេ។​ កាល​ពីដើម​ឆ្នាំ​នេះ ប្រទេសស៊ុយអែត​បានប្រកាស​ថា ខ្លួន​នឹង​បញ្ឈប់​រាល់​ជំនួយទ្វេរភាគី​ទាំង​អស់​ដល់​ប្រទេសកម្ពុជា​ត្រឹម​ខែ​កក្ក​ដា​ ឆ្នាំ​២០២១​។​​

ប្រទេសនេះ​អះអាងថា ការ​ធ្លាក់ចុះនៃស្ថានភាព​សិទ្ធិមនុស្សនិងលទ្ធិ​ប្រជាធិបតេយ្យ​បាន​បង្ខំឲ្យខ្លួ​ន​ដក​ស្ថានទូត​ ហើយថា ខ្លួន​នឹង​បង្វែរ​មូលនិធិ​ទាំងនេះ​ទៅ​គាំទ្រ​ដល់​អ្នកការពារសិទ្ធិមនុស្ស​និង​អ្នក​តស៊ូ​មតិ​ដើម្បី​​លទ្ធិ​ប្រជាធិបតេយ្យ។

លោក ប៉ិច ពិសី ជា​នាយកប្រតិបត្តិ​អង្គការ​តម្លាភាព​អន្តរជាតិ​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា ក្រុម​សង្គមស៊ីវិល​បានដឹងពីគុណតម្លៃ​និងឥទ្ធិពល​ដែល​បេសកកម្មកាទូត​ស៊ុយអែត​មាន​មកលើ​កម្ពុជា​ប៉ុន្មាន​ឆ្នាំ​កន្លងមក​នេះ។

លោក​មាន​ប្រសាសន៍ថា៖ «​ច្បាស់​ណាស់ថា ប្រទេសកម្ពុជា​កំពុង​តែ​ដើ​រឆ្ពោះទៅរក​ទិសដៅ​ខុស​ហើយ​យើង​យល់ច្បាស់ពី​គោលការណ៍​និងហេតុផល​នៅ​ពីក្រោយ​ការ​សម្រេចចិត្ត​របស់​រដ្ឋាភិបាល​ស៊ុយ​អែត»។

លោក​ស្រី Viktoria Li ជា​អគ្គនាយក​រងផ្នែក​ទំនាក់ទំនង​នៅ​ក្រសួង​កាបរទេស​ស៊ុយ​អែត​ បានមានប្រសាសន៍ថា ការ​សម្រេចចិត្ត​បិទ​ស្ថានទូតស៊ុយអែតនៅ​ទីក្រុងភ្នំពេញ​គឺផ្អែក​លើការ​ពិនិត្យ​ជា​បន្ត​នៃ​តំណាងនៅ​បរទេស​របស់​ស៊ុយ​អែត​។​​

លោក​ស្រី Viktoria មាន​ប្រសាសន៍ថា៖ «​វាគឺជា​ដំណើរការផ្លាស់ប្តូរជាប្រចាំ​ដែល​ពេល​ខ្លះ​ពាក់ព័ន្ធ​នឹង​ការ​បើក​ឬបិទ​ស្ថានទូត​និង​កុងស៊ុល​»។

លោក​ស្រីមាន​ប្រសាសន៍​ថា កិច្ច​សហប្រតិបត្តិការអភិវឌ្ឍន៍​របស់​ស៊ុយអែត​នៅ​ប្រទេសកម្ពុជាដែល​ផ្តោត​លើ​បញ្ហា​សិទ្ធិ​មនុស្ស​ លទ្ធិប្រជាធិបតេយ្យ​និង​នីតិរដ្ឋនឹង​បន្ត​ដោយ​ស្របទៅតាម​ការ​សម្រេចចិត្ត​របស់​រដ្ឋាភិបាល​កាល​ពីខែមិថុនា​ឆ្នាំ​២០២០។​

លោក កុយ គួង អ្នក​នាំពាក្យក្រសួង​កាបរទេស​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា ការ​សម្រេចចិត្ត​នេះគឺជា​ការពិចារណា​ផ្ទៃក្នុងរបស់​ប្រទេសស៊ុយអែត។

លោក​បាន​មាន​ប្រសាសន៍​ថា៖ «​ក្នុងទំនាក់ទំនង​ការទូត​ យើង​មិន​ចាំបាច់​សួររក​មូលហេតុ​ណាមួយ​ឡើយ​ ហើយ​វាក៏មិនប៉ះពាល់​ដល់​ទំនាក់​ទំនងរវាងប្រទេសទាំងពីរ​ដែរ»។​

លោក​ស្រី ចក់ សុភាព នាយិកាប្រតិបត្តិ​នៃមជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា ប្រទេសស៊ុយ​អែត​ផ្តល់​ការ​គាំទ្រ​យូរមក​ហើយ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ទៅលើ​វិស័យជាច្រើន​រួម​ទាំង​អភិបាលកិច្ច​ ការ​អប់រំ​ សមភាពយេនឌ័រ​និង​សិទ្ធិមនុស្ស។

លោក​ស្រី​បាន​មាន​ប្រសាសន៍​ថា៖ «​ខណៈ​ប្រទេសស៊ុយអែត​គ្រោងនឹងបន្ត​កិច្ច​សហប្រតិបត្តិការអភិវឌ្ឍន៍​ វានឹងមាន​ការ​លំបាក​ក្នុងការ​កសាង​ទំនាក់ទំនងជិតស្និទ្ធ​និង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​នឹង​អង្គការ​ក្នុងស្រុក​​ដោយ​សារតែគ្មាន​វត្តមាន​ដោយ​ផ្ទាល់​នៅក្នុងប្រទេសនេះ»

លោក អ៊ូ វីរៈ ប្រធានអង្គការ​វេទិកាអនាគត ​មាន​ប្រសាសន៍​ថា វាមិនមានអ្វីផ្លាស់ប្តូរ​ច្រើន​ទេ​ ហើយ​ប្រទេសស៊ុយអែត​នឹង​បន្ត​វត្តមាន​ការទូត​និងទំនាក់ទំនង​ជាមួយប្រ​ទេសកម្ពុជា។

លោក​មាន​ប្រសាសន៍​ថា៖ «​ទោះបីជា​យ៉ាងណា តាម​រយៈ​ស្ថានទូត​របស់ខ្លួន​នៅ​ទីក្រុង​បាងកក​ ខ្ញុំ​បារម្ភ​ថា ទំនាក់ទំនង​អាចកាន់តែ​យ៉ាប់​ថែមទៀត​ ប្រសិនបើ​យើងមិន​មាន​មនុស្សនៅ​​នឹង​កន្លែង​ ដើម្បី​​កសាង​ទំនាក់ទំនង​»៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Cambodian groups implore Sweden to reconsider embassy closure

61 views

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម