សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ក្រុមកីឡា​ហាប់គីដូ​កម្ពុជាបង្កើត​ប្រវត្តិសាស្រ្ត​​ឈ្នះ​​មេដាយ​ពិភព​លោក​ចំនួន​៤០ តែ​គ្មាន​វាសនា​បាន​ប្រាក់​រង្វាន់

កីឡាការិនីវ័យក្មេង គង់ម៉ូណា ដាយអាណា ដែលឈ្នះបានមេដាយមាស២ ប្រាក់២ និងកីឡាករ សុខុន សីហនុត ឈ្នះបានមេដាយមាស៤ និងសំរឹទ្ធ១ ព្រមទាំងលោក គង់ ចាន់ធីណា និងគ្រូជំនួយ បានដើរដង្ហែទង់ជាតិកម្ពុជា ពេលជិះឡានក្រុងមកដល់ពហុកីឡដ្ឋានជាតិអូឡាំពិក នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤។ (ខេមបូចា/ ស៊ា បញ្ញា)
កីឡាការិនីវ័យក្មេង គង់ម៉ូណា ដាយអាណា ដែលឈ្នះបានមេដាយមាស២ ប្រាក់២ និងកីឡាករ សុខុន សីហនុត ឈ្នះបានមេដាយមាស៤ និងសំរឹទ្ធ១ ព្រមទាំងលោក គង់ ចាន់ធីណា និងគ្រូជំនួយ បានដើរដង្ហែទង់ជាតិកម្ពុជា ពេលជិះឡានក្រុងមកដល់ពហុកីឡដ្ឋានជាតិអូឡាំពិក នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤។ (ខេមបូចា/ ស៊ា បញ្ញា)

ក្រុមកីឡាករ កីឡាការិនីហាប់គីដូកម្ពុជា បានរួមគ្នា​បង្កើត​ប្រវត្តិសាស្រ្តដ៏​ត្រចះត្រចង់​ដែល​គ្រប់​គ្នាស្ទើរ​តែមិនចង់​ជឿ គឺ​ការ​ដណ្តើម​បាន​មេដាយ​សរុបចំនួន​៤០ ពីការប្រកួតកីឡាហាប់គីដូ​ជ្រើស​រើសជើងឯកពិភពលោក (World I.H.F Hapkido Championship 2024) នៅប្រទេសថៃ ហើយ​ពួក​គេ​បាន​នាំ​យក​មេដាយដ៏​មាន​តម្លៃ​ទាំង​នេះ មក​ដល់​មាតុ​ប្រទេស​វិញ កាលពី​ថ្ងៃ​ទី៦ ខែសីហា។

បើ​ទោះ​បី​​ជា​ក្រុម​កីឡាហាប់គីដូ​កម្ពុជា ទើប​ទទួល​បានឱកាស​ចេញ​ទៅ​ប្រកួត​នៅលើ​ឆាក​អន្តរជាតិ ជា​លើកដំបូង ក្រោយ​រង់ចាំ​អស់​រយៈពេល​ជាង​៥០​ឆ្នាំ ធ្វើ​ឱ្យ​ពួក​គេ​​មាន​ការ​បារម្ភ​ទៅ​​លើបែបបទ និង​បទបញ្ជានៃ​ការ​ប្រកួត ប៉ុន្តែជាលទ្ធផល​ក្រុម​​នេះ បាន​បង្កើត​ឱ្យមានការ​ភ្ញាក់ផ្អើល​ខ្លាំង ដោយ​បាន​ឈ្នះ​មេដាយសរុប​៤០ ក្នុង​នោះ​មាន​មេដាយមាស​១២ ប្រាក់​១៣ និងសំរឹទ្ធ​១៥។

តាម​រយៈការ​ប្រកួត​ World I.H.F Hapkido Championship 2024 ដោយ​បានចាប់​ផ្តើម​ពី​ថ្ងៃទី​២ និង​បានបញ្ចប់​កាលពី​​ថ្ងៃទី​៤ ខែសីហា គឺ​ក្រុម​អត្តពលិក​​​ទាំង​១៩​នាក់ (ស្រី​៨នាក់) បាន​ឈ្នះមេដាយ​គ្រប់ៗ​គ្នា​​សរុបចំនួន​៤០ ដើម្បី​​ឈរ​នៅលេខ​២ បន្ទាប់ពី​ម្ចាស់​ផ្ទះ​ថៃ ខណៈ​ការ​ប្រកួតនេះ មាន​អត្តពលិក​ចូល​រួម​៦៤៩នាក់ មក​ពី​១២​ប្រទេស​ រួម​មាន​​សហរដ្ឋអាមេរិក ប្រេស៊ីល អូស្រ្តាលី អាល្លឺម៉ង់ អ៊ីរ៉ង់ ឥណ្ឌា កូឡុំប៊ី កម្ពុជា មីយ៉ាន់ម៉ា ឡាវ នេប៉ាល់ និង​ម្ចាស់​ផ្ទះ​ថៃ ដែល​មាន​ក្រុមអត្តពលិក​ច្រើនជាង​គេ។

ក្រុម​​​អត្តពលិក​ហាប់គីដូ​​កម្ពុជា ​ភាគ​ច្រើន​ឈ្នះ​បាន​មេដាយ​ចន្លោះ​ពី​២ដល់​៤គ្រឿង និងមាន​កីឡាករ​វ័យ​ក្មេង​ម្នាក់ ឈ្នះ​មេដាយ​៥​តែម្នាក់ឯង។ ជាមួយ​លទ្ធផល​ដ៏​ល្អ​នេះ បាន​ធ្វើ​ឱ្យ​គ្រប់​​គ្នា មានការ​ភ្ញាក់ផ្អើល និងបានអបអរសាទរ​យ៉ាង​ក្លៀវក្លា នៅពេល​ក្រុម​ហាប់គីដី បាន​នាំ​យក​មេដាយ​ទាំង​៤០ និងពាន​កិត្តិយស មក​ដល់ពហុកីឡដ្ឋានជាតិ​អូឡាំពិក កាលពី​ល្ងាច​ថ្ងៃ​អង្គារ​។

លោក គង់់ ចាន់ធីណា គ្រូ​បង្វឹក​សហព័ន្ធ​ខ្មែរ​កីឡាហាប់គីដូ បាន​និយាយ​ថា៖​ «មុនការ​ប្រកួត យើង​សង្ឃឹម​ក្នុង​ចិត្ត​ថា ឱ្យ​តែ​បាន​មេដាយមាស​២ ឬ​៣ គឺ​យើង​គ្រាន់​បើ​​ហើយ ព្រោះនេះជា​លើកដំបូង ដែល​យើង​​បាន​ប្រកួត​លើ​ឆាក​អន្តរជាតិ ប៉ុន្តែ​លទ្ធផលជាក់​ស្តែង​ក្នុងពេល​ប្រកួត យើង​ដណ្តើម​បានមេដាយ​រហូត​ដល់​៤០»

តាម​រយៈការ​ប្រកួតនេះ លោក គង់ ចាន់ធីណា មើល​ឃើញ​ថា ក្រុម​កីឡាហាប់គីដូ​កម្ពុជា មាន​សមត្ថ​ភាព​ប្រកួតប្រជែងខ្ពស់​មិនចាញ់​គេ​​ទេ។ បើទោះបីជា​ក្រុម​នេះ ទើប​ទទួល​បាន​ឱកាស​ចូលរួម​ប្រកួត នៅលើ​ឆាក​អន្តរជាតិ លើក​ដំបូង ប៉ុន្តែ លោក ចាន់ធីណា ថា ​ក្រុម​កម្ពុជា ធ្វើ​បាន​ល្អ នៅលើ​វិញ្ញាសា​លោត​កម្ពស់ និង​លោត​ចម្ងាយ​ ហើយ​អ្វី​ដែល​ធ្វើ​ឱ្យ​បរទេស​ភ្ញាក់ផ្អើល​នោះ គឺ​សមត្ថភាព​ប្រកួត​របស់​​ក្រុម​កីឡាករ កីឡាការិនី​ក្មេងៗរបស់​កម្ពុជា។

លោក​បានបញ្ជាក់​ថា៖​ «ប្រទេស​ជាច្រើន ​មានការ​ស្ងើច​សរសើរពី​កម្ពុជា​យើង ដែល​មានក្មេងតូចៗ​ចូល​រួម​ច្រើន ហើយ​លក្ខណៈ​បច្ចេក​ទេស​ប្រកួត គឺពួកគាត់​ធ្វើ​បាន​ក្នុង​លទ្ធផល​ល្អ​ ហើយ​​អ្វី​ដែល​កាន់តែ​ពិសេស​នោះ គឺ​កីឡាករ​វ័យ​១២​ឆ្នាំ​របស់យើង​ម្នាក់ បាន​ឈ្នះ​មេដាយ​៥តែ​ម្នាក់ឯង និង​ទទួល​បាន​ពាន​សរសើរ​ជា​កីឡាករ​ឆ្នើម និង​មានក្រមសីលធម៌​ល្អ​»

ការ​លើក​ឡើង​បែបនេះ​របស់​លោក គង់ ចាន់ធីណា គឺ​សំដៅ​ទៅ​លើ​​​កីឡាករ​វ័យ​ក្មេង សុខុន សីហនុត ដែលដណ្តើម​បានមេដាយមាស​៤ និងសំរឹទ្ធ​១ ពីការ​ប្រកួត​ទាំង​៥​វិញ្ញាសា​របស់​ខ្លួន ចំណែក សីហនុត ​ក៏មានការ​ភ្ញាក់ផ្អើល​ចំពោះ​ខ្លួនឯង ដែល​ធ្វើ​បាន​យ៉ាង​ល្អបំផុត ទោះទើប​ចូល​ហ្វឹកហាត់កីឡាហាប់គីដូ​បាន​២ឆ្នាំ។

សីហនុត ដែល​ឈ្នះ​បាន​មេដាយមាស​លើ​វិញ្ញាសា​លោត​ចម្ងាយ លោតកម្ពស់ ប្រយុទ្ធ និង​ស្នៀតការពារ​ខ្លួន (ស្រី​១​ ប្រុស​១) និងបានមេដាយសំរឹទ្ធ​លើ​វិញ្ញាសា​ស្នៀតការពារ​ខ្លួន (ប្រុស២នាក់) បាន​និយាយ​ថា៖ «ខ្ញុំ​មិនសង្ឃឹម​ថា ខ្លួនឯង​ទទួលបានមេដាយ​ច្រើន​ដល់​ថ្នាក់ហ្នឹង​ទេ ប៉ុន្តែ​ខ្ញុំ​បាន​ប្រឹងប្រែង​​ហ្វឹក​ហាត់​ខ្លាំង និង​តាំង​ចិត្ត​ថា គេ​មិនខ្លាំង​ជាង​យើងទេ គឺ​មានតែ​យើងខ្លាំង​ជាងគេ»

ជាមួយគ្នានេះ សុខុន សីហនុត ដែល​​ទើប​ហាត់​បាន​ខ្សែ​ក្រវាត់​ក្រហមនោះ បានរំឭក​ទៅដល់​ការ​ប្រកួត​វិញ្ញាសាប្រយុទ្ធ ដែល​រូបគេ​បាន​យក​ឈ្នះ​កីឡាករ​ថៃ​ចំនួន​២នាក់ ជាពិសេស​បាន​យក​ឈ្នះ​កីឡាករ​ខ្សែ​ក្រវាត់​ខ្មៅ​៣​ដាន់​របស់​ម្ចាស់​ផ្ទះ នៅ​វគ្គ​​ផ្តាច់​ព្រ័ត្រ ដើម្បី​ឈ្នះ​បានមេដាយមាស។

កីឡាករ​វ័យ​១២​ឆ្នាំ​រូបនេះ បាន​បញ្ជាក់​ថា៖​ «​​ខ្ញុំបានវ៉ៃ​ឈ្នះ​កីឡាករ​ខ្សែ​ក្រវាត់​ខ្មៅ​របស់​ថៃ ព្រោះ​​គាត់​តូចជាង​ខ្ញុំ​បន្តិច ដល់អ៊ីចឹង​ខ្ញុំ​មាន​ប្រៀប​វាយគាត់ចូលច្រើន ហើយ​​ការឈ្នះមេដាយ​ចំនួន​៥លើក​នេះ ធ្វើ​ឱ្យ​ខ្ញុំ​កាន់តែ​មានទឹក​ចិត្តហ្វឹក​ហាត់។ បើមាន​ការ​ប្រកួត​ក្រោយៗ​ទៀត ខ្ញុំរំពឹង​ថា ខ្ញុំ​នឹងដណ្តើម​បានមេដាយ​ច្រើនជាង​នេះ​ទៀត»

ចំណែក​​កីឡាការិនីវ័យ​ក្មេង​ជាបងប្អូនបង្កើត រិទ្ធ ដាយអ៊ែណា និង រិទ្ធ ច័ន្ទធើរីហ្សា ក៏បាន​បង្ហាញ​ពី​មោទនភាព ដែល​អ្នកទាំង​២ ដណ្តើម​បាន​មេដាយមាស ពីការ​ប្រកួតជើងឯកពិភព​លោក​លើក​នេះ ក្នុង​នោះ ដាយអ៊ែណា ជា​បងស្រី បានឈ្នះមេដាយ​មាស១ និង ច័ន្ទធើរីហ្សា ឈ្នះ​បាន​មេដាយ​មាស​២ ហើយ​អ្នកទាំង​២នេះ បាន​​ប្រកួត​៣វិញ្ញាសា​ដូចគ្នា។

លោក ឃីម ណារិទ្ធ ជាប្រតិភូ​រង និងជាឪពុក​របស់​អ្នកទាំង​២នេះ បាន​និយាយ​ថា៖ «ខ្ញុំ​បានប្រាប់កូនខ្ញុំ​ថា ការ​ប្រកួតនេះ យើងមិនរំពឹង​បានមេដាយ​មាស​អ្វី​ទេ គឺទៅមើល​គេ​ ថាតើ​នៅ​ខាង​ក្រៅ​មានការ​រៀបចំបែប​ម៉េច ដើម្បី​យើង​រៀន​ពី​គេ ប៉ុន្តែជា​ប្រវត្តិសាស្រ្ត​ ​យើងធ្វើ​​បាន​ល្អ ហើយ​បានមេដាយ​មាស​ច្រើន​។ ​ខ្ញុំ​មាន​អារម្មណ៍​ថា កូន​ខ្ញុំ និង​អត្តពលិក​របស់​យើង​ផ្សេង​ទៀត ធ្វើ​បាន​ល្អ​ជាងអត្តពលិកមកពី​បណ្តា​​ប្រទេស​នានា​»

ក្រុមប្រតិភូកីឡាហាប់គីដូកម្ពុជា បានបង្ហាញមេដាយ និងពានកិត្តិយស ដែលទទួលបានពីការប្រកួតជើងឯកពិភពលោក នៅពេលថត ជុំ​គ្នា​ជាមួយថ្នាក់ដឹកនាំសហព័ន្ធខ្មែរកីឡាហាប់គីដូ កាលពីល្ងាចថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤។ (ខេមបូចា/ ស៊ា បញ្ញា)

តែទោះបីជា​យ៉ា​ណា ការ​ទៅ​ចូល​រួម​ការ​ប្រកួត​ World I.H.F Hapkido Championship 2024 នៅ​ប្រទេស​ថៃ​នេះ សហព័ន្ធខ្មែរ​កីឡាហាប់គីដូ មិនទទួល​បាន​លិខិតឧទ្ទេស​នាមជាផ្លូវការ​ពី​ក្រសួងអប់រំ យុវជន និង​កីឡា​នោះ​ទេ ហេតុ​នេះការ​ប្រឹង​ប្រែង​ដោយ​ចំណាយ​​ទាំង​កម្លាំង​កាយ​ចិត្ត ពេល​វេលា និងថវិកា​ផ្ទាល់ខ្លួន ​ដើម្បី​​រួមគ្នា​ជ្រោងទង់ជាតិ​កម្ពុជា តាម​រយៈ​ការ​ឈ្នះ​មេដាយសរុប​៤០ នៅលើ​ឆាក​អន្តរជាតិ​របស់​​ក្រុមហាប់គីដូ នឹងមិនទទួល​បាន​ប្រាក់​រង្វាន់​ពីក្រសួងអប់រំ​ ដូច​ប្រភេទកីឡាផ្សេងៗ​​នោះ​ទេ។

យ៉ាង​ណាក៏ដោយលោក គួច ហុងជៀក អនុ​ប្រធានសហព័ន្ធ​ខ្មែរ​កីឡាហាប់គីដូ បានទទួលស្គាល់​ថា ផ្នែក​រដ្ឋបាល​របស់​សហព័ន្ធ​ នៅមាន​កម្រិត និងមាន​ធនធាន​តិច ​ធ្វើ​ឱ្យ​ការ​ទំនាក់ទំនង និងការបំពេញ​បែបបទ​មួយចំនួន​នៅមិនទាន់​បាន​ល្អ និង​​យឺត​យ៉ាវខ្លះ​ ដែល​សុំ​​ឱ្យ​​ក្រសួងអប់រំ យុវជន និង​កីឡា ក៏​ដូចជា​នាយក​ដ្ឋានអប់រំ​កីឡា​ មានការអធ្យាស្រ័យផង។ ប៉ុន្តែ​លោក​អះអាង​ថា សហព័ន្ធ​នឹង​ប្រឹង​ប្រែង​ពង្រឹង​​ផ្នែក​រដ្ឋបាលឡើង​វិញ ដើម្បី​ធ្វើ​ការ​ងារជាមួយ​ខាង​ក្រសួងអប់រំ ឱ្យបានជិតស្និទ្ធ ព្រោះ​ការ​ព្យាយាម​​របស់​កីឡាហាប់គីដូមក​ដល់​ពេលនេះ គឺដើម្បី​មុខមាត់ជាតិ​។

លោក​បាន​ថ្លែង​ថា៖ ​«ទោះបីជា​យើង​មានការខិតខំ និង​ជឿជាក់​លើ​ខ្លួន​ឯង ប៉ុន្តែអ្វីៗជា​ទី​សង្ឃឹម​ គឺ​ថ្នាក់ជាតិ​ ព្រោះ​អ្វី​ដែល​ពួក​យើង​ខំប្រឹង​ធ្វើ មិនមែន​សម្រាប់​​តែ​ពួក​យើងខ្ញុំ​​ជាកីឡាករ កីឡាការិនី គ្រូ​បង្វឹក និង​ថ្នាក់ដឹកនាំសហព័ន្ធ​ទេ ប៉ុន្តែ​​យើង​សង្ឃឹម​ថា យើង​នឹង​នាំ​កិត្តិយស និងលើក​ទង់ជាតិ​របស់​យើងទៅអន្តរជាតិ ហើយពេលនេះ​យើង​ធ្វើបាន​ហើយ ដោយ​ក្រុមអត្តពលិក​​យើងបាននាំយក​មេដាយដ៏ប្រសើរជូនជាតិ»

ជាមួយគ្នា​នេះ ហុងជៀក ​បានប្តេជ្ញាចិត្តខ្ពស់ ក្នុងការ​ជម្នះ​ការពិបាក​ជាបន្ត​ទៀត ដើម្បី​រុញ​ឱ្យ​​សហព័ន្ធ​ខ្មែរ​កីឡាហាប់គីដូ ក្លាយជា​សហព័ន្ធ​មួយ ដែល​នឹងអាច​​ទទួលបានកញ្ចប់ថវិកា​ប្រចាំ​ឆ្នាំ​ពី​ក្រសួងអប់រំ ដូចសហព័ន្ធ​កីឡាជាតិ​ចំនួន​៤៨​ទៀត។ លោកបានចាត់​ទុក​ការ​បង្ហោះ​សារ​អបអរសាទរ​ពីសំណាក់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ចំពោះ​ការ​ឈ្នះ​មេដាយ​ចំនួន​៤០​របស់​​ក្រុមហាប់គីដូ កាលពី​ថ្ងៃអង្គារ ជាសញ្ញា​ដ៏​ល្អ​មួយ ដែលនឹងជួយ​ឱ្យ​ប្រជនជន​កម្ពុជា ស្គាល់​កីឡាហាប់គីដូ​កាន់តែ​ច្រើន ហើយ​ក្រសួងអប់រំ ក៏នឹង​មើលឃើញពីការ​ប្រឹង​ប្រែង​​របស់​ក្រុមហាប់គីដូ។

លោក​បញ្ជាក់​ថា៖ ​«​យើង​មានឆន្ទៈ​​យ៉ាងមោះមុត ​ចូលរួម​កម្មវិធី​​ជាតិ និង​អន្តរជាតិ​ផ្សេងៗ​ទៀត ហើយ​យើងសង្ឃឹម​ថា ក្រសួង​នឹង​មើល​ឃើញពីការ​ព្យាយាម​របស់​យើង បន្ទាប់ពី​យើង​ទទួល​បានផ្លែ​ផ្កាជាមេដាយ​យ៉ាងច្រើន​នេះ ដោយមានការ​ផ្សព្វ​ផ្សាយ​យ៉ាងទូលំ​ទូលាយ​ ពិសេស​យើង​បាន​ទទួល​សារ​អបអរសាទរ​ពី​សម្តេចមហា​​បវរធិប​តី អ៊ីចឹងសារ​នេះ​បាន​ធ្វើ​ឱ្យ​ប្រជាជន​យើង​បាន​មើលឃើញច្រើន​ហើយ ហេតុនេះ​មិនថា (យើងនឹងទទួលបានការឧបត្ថម្ភ​ពីក្រសួង)យូរ ឬឆាប់​ទេ ប៉ុន្តែ​ពន្លឺបានដុះហើយ»

ជុំវិញ​ការ​មិនទាន់ទទួល​បានការគាំទ្រពីក្រសួងអប់រំនេះ​ដែរ លោក គង់ ចាន់ធីណា បាន​បញ្ជាក់​​​ថា៖ «សហព័ន្ធ​ខ្មែរ​កីឡាហាប់គីដូ បានតស៊ូ​អស់​រយៈពេលជា​ច្រើន​ឆ្នាំ​ហើយ អ៊ីចឹង​ការ​មិនទាន់​ទទួលបានការឧបត្ថម្ភពី​ក្រសួងអប់រំ វា​មិន​ប៉ះពាល់​ដល់​អារម្មណ៍កីឡាករ កីឡាការិនី​​​យើង​ទេ ប៉ុន្តែ​បើ​មានការជួយឧបត្ថម្ភ និងគាំ​ទ្រ​ខ្លះ វានឹង​ធ្វើ​ឱ្យ​ការ​អភិវឌ្ឍ​វិស័យ​កីឡាហាប់គីដូ មានដំណើរ​ការលឿនជាង​ហ្នឹងបន្តិច»។ 

ចំណែក​កីឡាករ ធៀង សុចិត្រា ដែលបាន​ចូលហាត់​កីឡាហាប់គីដូ តាំងពី​ឆ្នាំ​២០០៧​មក​នោះ ក៏មិន​បានបង្ហាញ​អារម្មណ៍​ឈឺចាប់ ឬបាក់​ទឹក​ចិត្ត ទោះមិនមាន​តម្រុយ​ ក្នុងការ​ទទួល​បានប្រាក់​រង្វាន់​ពីក្រសួងអប់រំ ចំពោះ​​ការ​ឈ្នះ​មេដាយមាស​​១ នា​​ការ​ចេញ​ទៅ​ប្រកួត​កីឡាហាប់គីដូ​ជើងឯក​ពិភពលោក​ លើក​ដំបូងនេះ។

កីឡាករខ្សែ​ក្រវាត់​ខ្មៅ​២ដាន់​រូបនេះ ​និយាយ​ថា៖ «ចំពោះ​បញ្ហា​នេះ ខ្ញុំ​ក៏ដូចជា​អត្តពលិក​ផ្សេង​ទៀត​ បាន​ត្រៀម​ចិត្ត​ទុកជាមុនរួច​​ហើយ។ ទោះបីជា​យើង​មិនទទួល​បានការជួយពី​ស្ថាប័ន​ណា​មួយ ប៉ុន្តែ​ពួក​យើង​បានប្រឹង​ប្រែ​ងធ្វើ​អស់ពីសមត្ថភាព ចេញពី​ទឹក​ចិត្ត​របស់ពួក​យើង ដើម្បី​ចង់​លើក​ទង់ជាតិ​ប្រទេសនៅលើ​ឆាក​អន្តរជាតិ»

ប៉ុន្តែ​កំលោះ​វ័យ​៣០​ឆ្នាំ សុចិត្រា ​បន្ថែម​ថា៖ ​«តាម​រយៈ​លទ្ធផល​ដ៏​​ល្អ ដែល​យើង​ទទួល​បានពេល​​នេះ ខ្ញុំគិត​ថា ក្រសួងអប់រំ ក៏ដូច​​​ថ្នាក់ដឹកនាំ​ ​នឹង​មើល​ឃើញ​ពីការ​ខិតខំ​​របស់​ពួក​យើង​ ដែល​បាន​ប្រឹង​ប្រែង​អស់ពីកម្លាំង​កាយ​ចិត្ត និង​ថវិកា​ផ្ទាល់​ខ្លួន ដើម្បី​កាន់ទង់ជាតិ​​កម្ពុជា​បង្ហាញ​ឱ្យ​បរទេស​បាន​ឃើញ​ ហេតុ​នេះ​ខ្ញុំ​សង្ឃឹម​ថា ពួកគាត់ នឹង​ផ្តល់នូវកញ្ចប់​ថវិកាណាមួយ​ដល់​ក្រុមហាប់គីដូ​យើង ដើម្បី​ពង្រឹង​ការហ្វឹក​ហាត់ត្រៀម​ប្រកួត​លើក​មុខមាត់ជាតិជាបន្ត​ទៀត»

ជាមួយ​គ្នា​នេះ លោក ឃីម ណារិទ្ធ បាន​ឱ្យ​ដឹង​ថា ការ​ប្រកួត World I.H.F Hapkido Championship ប្រចាំ​ឆ្នាំ​២០២៥ នឹង​ធ្វើ​នៅប្រទេស​កូរ៉េ ដែល​លោក​ជឿថា នឹង​មាន​ប្រទេស​ចូល​រួមច្រើនជាង​ការធ្វើ​នៅប្រទេស​ថៃ ហើយ​វា​ក៏ជា​ឱកាសសម្រាប់​ក្រុមហាប់គីដូ​កម្ពុជា អាច​មាន​ឱកាស​បាន​សាងល្បង​ជាមួយ​ក្រុមអត្តពលិកមកពី​អឺរ៉ុប ដើម្បី​ទទួល​បាន​បទពិសោធន៍​ថ្មីៗ​បន្ថែម​ទៀត។

ប៉ុន្តែ​លោក​បង្ហើប​​ថា ការចេញ​ទៅប្រកួត​នៅកូរ៉េ អាចនឹង​មានការ​ចំណាយ​ច្រើនជាង​ការ​ចេញ​ទៅ​ប្រកួត​នៅ​ថៃ​ ហេតុនេះ​លោក​បានដាក់​ក្តី​សង្ឃឹម​ថា រាជរដ្ឋាភិបាល​កម្ពុជា ក៏ដូចជា​ក្រសួងអប់រំ នឹងរួមចំណែក​ជួយគាំ​ទ្រ​ដល់​ក្រុម​ហាប់គីដូ ដើម្បីឱ្យក្រុមនេះ​មានការ​ហ្វឹកហាត់ត្រៀមបាន​ពេញ​លេញ ​ឈាន​ទៅ​ដណ្តើម​យក​មេដាយជូនជាតិកាន់តែ​ច្រើន ព្រោះ​ក្រុមហាប់គីដូ​កម្ពុជា មានសមត្ថភាព​មិនចាញ់​គេ​​ទេ។

លោក​បញ្ជាក់​ថា៖ «តាមពិតការ​ប្រកួត​នៅថៃ យើង​ធ្វើបាន​ល្អ​ហើយ គ្រាន់តែពេល​ខ្លះវាខុស​ទៅនឹង​បទបញ្ជា និង​វិន័យ​​ប្រកួត​របស់​គេ អ៊ីចឹងបើ​​យើងដឹងមុន​ថា មានការឧបត្ថម្ភ​ពីរាជរដ្ឋាភិបាល យើង​នឹង​ចាប់​ផ្តើម​ហាត់ត្រៀម​ពី​ពេលនេះ​ទៅ ដោយ​ត្រូវពង្រឹង​បន្ថែមទាំង​លើសមត្ថ​ភាព និង​​ការងារបច្ចេក​ទេស ហើយ​​​ខ្ញុំ​ជឿ​ថា ​យើងនឹង​ទទួលបាន​លទ្ធផល​កាន់តែ​ល្អ ព្រោះទាំងកូន​ខ្ញុំ និង​អត្តពលិក​ផ្សេងៗ​ទៀត នឹង​​ប្រឹង​ប្រែង​កាន់តែ​ខ្លាំង ក្នុងការឈាន​ទៅដណ្តើម​យក​មេដាយមាស​ជូនជាតិ នៅកូរ៉េ»

66 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម