ព្រះករុណាព្រះបាទ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានសព្វព្រះរាជហឬទ័យថ្វាយព្រះភ្លើងចំពោះព្រះសព សម្ដេចក្រុមព្រះ នរោត្តម រណឬទ្ធិ ជាអតីតនាយករដ្ឋមន្ត្រីទី១ និងព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច កាលពីព្រឹកថ្ងៃទី៨ ខែធ្នូ ២០២១ នៅព្រះមេរុមុខវត្តបទុមវត្តី រាជធានីភ្នំពេញ អមដោយថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកំពូលៗនៅក្នុងពិធីថ្វាយព្រះភ្លើង។
នៅក្នុងពិធីថ្វាយព្រះភ្លើងសម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ ជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជានេះ ព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះអង្គក៍បានយាងចូលរួមផងដែរ។
ក្នុងពិធីនេះក៏មានការចូលរួមពីខ្សែរាជវង្សជាច្រើន និងថ្នាក់ដឹកនាំកំពូលៗនៃព្រះរាជាណាចក្រកម្ពុជា និងបណ្ដាលទូតមួយចំនួនផងដែរ។ ថ្នាក់ដឹកនាំកំពូលៗរួមមាន សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងមន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធផ្សេងៗទៀត។
ព្រះសពសម្ដេចក្រុមព្រះនរោត្តមរណឬទ្ធិបានរំកិលឡើងលើទីនាំងរថយន្តបុស្បុកដង្ហែចេញពីព្រះរាជដំណាក់ផ្លូវសម្ដេចប៉ាន ឆ្ពោះទៅកាន់ព្រះមេរុនៅខាងមុខវត្តបទុមវតី។
សម្ដេចក្រុមព្រះនរោត្តមរណឬទ្ធិបានប្រសូត្រក្នុងខត្តិយត្រកូលនៅថ្ងៃទី ០២ ខែ មករា ឆ្នាំ ១៩៤៤ ជាព្រះរាជបុត្រនៃ ព្រះករុណាព្រះបាទនរោត្តម សីហនុ និងអ្នកម្នាង ផាត់ កាញ៉ុល។ សម្ដេចក្រុមព្រះ បានអភិសេកជាមួយអ្នកម្នាង អេង ម៉ារី (បច្ចុប្បន្នជាព្រះអង្គម្ចាស់ក្សត្រី នរោត្តម ម៉ារី រណឬទ្ធិ)។ ព្រះអង្គមានបុត្រា បុត្រីសរុប ០៥ ព្រះអង្គ និងព្រះនត្តោ ព្រះនត្តា ចំនួន ០៥ ព្រះអង្គ។
ក្នុងឆ្នាំ ១៩៩៣ សម្ដេចក្រុមព្រះនរោត្តមរណឬទ្ធិ ជាប្រធានគណបក្សហ៊្វុនស៊ុនប៉ិចបានឈ្នះការបោះឆ្នោតសកលដែលរៀបចំដោយ UNTAC ប្រកបដោយសេរី និងយុត្តិធម៌ ក្លាយជានាយករដ្ឋមន្រ្តីទី១ នៃព្រះរាជាណាចក្រកម្ពុជា។ ឆ្នាំ១៩៩៨ដល់២០០៦ ព្រះអង្គជាប្រធានរដ្ឋសភា។
ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ បានលើកឡើងថា ពិតជាមានការសោកស្ដាយដែលបាត់បង់ សម្ដេចក្រុមព្រះនរោត្តមរណឬទ្ធិដោយសារតែព្រះអង្គគឺជាព្រះរាមរបស់ព្រះអង្គម្ចាស់ ធម្មិកោ និងមានអនុស្សាវរិយ៍ច្រើនដែលធ្លាប់ដង្ហែចូលនយោបាយ តស៊ូជាមួយគ្នា។
ព្រះអង្គ ធម្មិកោ បានឲ្យដឹងថា៖«កំឡុងពេលដឹកនាំប្រទេសជាតិឆ្នាំ ១៩៩៣-១៩៩៧ លោកជានាយករដ្ឋមន្រី្តទី១ បានបង្ហាញផ្លូវដឹកនាំតាមបែបប្រជាធិបតេយ្យ ដែលប្រទេសយើងទើបចេញពីសង្គ្រាមថ្មីៗ លោកបានរៀបចំច្បាប់ និងបន្សល់ស្នាដៃជាច្រើន»។
ព្រះអង្គបានបន្ថែមថា ប្រទេសកម្ពុជាជាប្រទេសរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញនិងសុំផ្ញើសារទៅកាន់អ្នករាជានិយមថា៖«ប្រទេសកម្ពុជាជាប្រទេសរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ អ្នកដែលតាំងខ្លួនជារាជានិយម ត្រូវចាំថា រាជានិយមគឺ ផ្សះផ្សារជាតិ បង្រួបបង្រួមជាតិ និងត្រូវខិតខំធ្វើសកម្មភាពក្នុងគោលដៅផ្សះផ្សារជាតិស្របតាមបណ្ដាំព្រះកូណាព្រះបរមរតនៈកោដដែលបានឆ្លាក់នៅមុខព្រះបរមរាជវាំង»។
លោក ចែម រិន អាយុ ៦០ឆ្នាំ ប្រជាពលរដ្ឋមកពីភូមិ ព្រែកស្លែង ស្រុក ស្អាង ខេត្តកណ្ដាល ក៏ជាសមាជិកគណបក្សរាជានិយមហ៊ុនស៊ីនប៉ិក បានបា្រប់ខេមបូចាថា សម្ដេចក្រុមព្រះជាអ្នកនយោបាយដែលយកចិត្តទុកដាក់ខ្ពស់ចំពោះប្រជាជាតិ និងប្រជារាស្រ្តក្រោមការបន្តរាជកិច្ចពីរាជបិតារបស់ព្រះអង្គ។
លោក រិន ឲ្យដឹងថា៖«សម្ដេចក្រុមព្រះបានគិតគូរអំពីប្រជាពលរដ្ឋដឹកនាំពលរដ្ឋឲ្យមានមុខរបរការងារ និងសុខសន្តិភាពក្នុងសង្គមដែលជាម្លប់នៃរបបរាជានិយមបន្តរាជកិច្ចពីព្រះរាជបិតារបស់ព្រះអង្គ។»
ពួកខ្ញុំឡើងមកតាំងពីម៉ោង ៤ទាបភ្លឺដើម្បីចូលរួមដង្ហែរព្រះសពនៃសម្ដេចក្រុមព្រះ ដោយទឹកចិត្តខ្លួនឯង គ្មាននរណាបង្ខិតបង្ខំឲ្យមកនោះទេ ជាទឹកចិត្តសុទ្ធសាធ សុខចិត្តជួលតុកតុកគេជិះមក។
លោក រិន បានបន្ថែមថា៖ «ខ្ញុំពិតជាក្ដុកក្ដួលនិងសង្វេគយ៉ាងខ្លាំងដែលព្រះអង្គជាបណ្ឌិតច្បាប់បានសោយទីវង្គត់ យើងពិតជាមានការសោកស្ដាយយ៉ាងខ្លាំង។ ពួកខ្ញុំមកដង្ហែព្រះសពដោយសុទ្ធចិត្ត សុខចិត្តជួលតុកតុកគេ ដោយគ្មានការបង្ខិតបង្ខំពីនរណាឡើយ»។
យោងតាមវិយោគកថាដែលអានដោយអ្នកនាំពាក្យគណបក្សហ៊្វុនស៊ុនប៉ិច ញឿន រ៉ាដែន ក្នុងព្រះរាជពិធីថ្វាយព្រះភ្លើងដោយភាពក្ដុកក្ដួលនិងសង្វេគយ៉ាងក្រៃលែងនៃការបាត់បង់នៃសម្ដេចក្រុមព្រះ។
វិយោគកថាអានដោយ លោក រ៉ាដែន ថា ៖«ព្រះភ្លើងនឹងឆាបឆេះព្រះសពព្រះអង្គឲ្យសូន្យទៅហើយ តែអ្វីដែលនៅសល់គឺ ព្រះកិត្តិនាម ព្រះកិត្តិសព្ទ និងស្នាព្រះហស្តដ៏ខ្ពង់ខ្ពស់ឧត្តង្គឧត្តមថ្លៃថ្លា ក្នុងការតស៊ូរំដោះជាតិមាតុភូមិ ការពារអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា ដក់ជាប់ក្នុងដួងចិត្តប្រជារាស្ត្រខ្មែរ និងសមាជិកសមាជិកាមិនអាចបំភ្លេចបាន»។
គេហទំព័រហេ្វសប៊ុកផ្លូវការសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបង្ហោះនៅថ្ងៃទី ០៨ ខែធ្នូ អំពីវីរៈភាពរបស់ព្រះរាជឥស្សរជនដ៏ឆ្នើមមួយរូប «នេះគឺជាការបាត់បង់ព្រះរាជឥស្សរជនក្នុងព្រះរាជវង្សដ៏ឆ្នើមមួយព្រះអង្គ ដែលទ្រង់ពេញព្រះទ័យ ស្នេហាជាតិ សាសនា ព្រះមហាក្សត្រប្រកបដោយឆន្ទៈមនសិការមុះមុត និងវាងវៃជាអតិបរមា។»
រាជរដ្ឋាភិបាលបានកំណត់ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១នេះ ជាថ្ងៃកាន់ព្រះមរណទុក្ខនៅទូទាំងប្រទេសផងដែរ ដើម្បីជាការថ្វាយនូវព្រះកិត្តិយសថ្វាយព្រះអង្គ ចំពោះស្នាព្រះហស្ថផ្សេងដែលព្រះអង្គបានសាងចំពោះជាតិមាតុភូមិ។
ពិធីកាន់ព្រះមរណទុក្ខនេះ រាជរដ្ឋាភិបាលបានកំណត់ឲ្យបង្ហូតទង់ជាតិត្រឹមពាក់កណ្តាលដង នៅតាមស្ថាប័នរដ្ឋ និងឯកជន ហាមឃាត់ស្ថានីយវិទ្យុ ទូរទស្សន៍ និងប្រព័ន្ធផ្សព្វផ្សាយផ្សេងៗចាក់កម្មវិធីកម្សាន្តសប្បាយ។ ក្នុងក្លឹបកម្សាន្ត រង្គសាល ខារ៉ាអូខេ ក៏ត្រូវផ្អាកសកម្មភាពផងដែរ៕