សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

លីកាដូ៖ ប្រព័ន្ធយុត្តិធម៌កម្ពុជាបរាជ័យក្នុងការផ្ដល់យុត្តិធម៌ជូនជនរងគ្រោះរំលោភសេពសន្ថវៈពីសមាជិកគ្រួសារ

អ្នកឃ្លាំមើលសិទ្ធិមនុស្សនិយាយទៅកាន់ក្មេងស្រី ដែលរងការប៉ុនប៉ងរំលោភ។ លីកាដូ បានចេញរបាយការណ៍មួយថ្ងៃព្រហស្បតិ៍នេះ មានករណីរំលោភសេពសន្ថវៈមួយភាគបីដែលបានស៊ើបអង្កេតមានជនសង្ស័យជាសមាជិកគ្រួសារ។ លីកាដូ
អ្នកឃ្លាំមើលសិទ្ធិមនុស្សនិយាយទៅកាន់ក្មេងស្រី ដែលរងការប៉ុនប៉ងរំលោភ។ លីកាដូ បានចេញរបាយការណ៍មួយថ្ងៃព្រហស្បតិ៍នេះ មានករណីរំលោភសេពសន្ថវៈមួយភាគបីដែលបានស៊ើបអង្កេតមានជនសង្ស័យជាសមាជិកគ្រួសារ។ លីកាដូ

ក្នុង​របារការណ៍​មួយ​របស់​អង្គការ​សិទ្ធិ​មនស្ស​លីកាដូ ដែល​បាន​សិក្សា​លើ​យុត្តិធម៌​ករណី​រំលោភផ្លូវ​ភេទ​នៅ​កម្ពុជា បាន​រក​ឃើញ​ថា​មួយ​ភាគ​បី​នៃ​ករណី​រំលោភ​ផ្លូវភេទគឺមាន​ជនសង្ស័យជា​សាច់ញាតិ​ក្នុង​គ្រួសារ​​។​​

របារការណ៍​របស់​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូនេះ​​ បាន​ចេញ​ផ្សាយ​នៅ​ព្រឹក​ថ្ងៃទី​១០ ខែធ្នូ មាន​ចំណង​ជើង​ថា​ «​ទម្លាយ​ភាព​ស្ងៀម​ស្ងាត់»។ របាយការណ៍​នេះ​បាន​​ពិនិត្យ​លើ​ករណីរំលោភ និង​ប៉ុន​ប៉ង​រំលោភ​ចំនួន​៤៤៦​ករណី ដោយ​អង្គការ​លីកាដូ បាន​ធ្វើការ​ស៊ើប​អង្កេត​តាំងពី​​ខែ​មករា ឆ្នាំ​២០១៧ ដល់​ខែ​ធ្នូ ឆ្នាំ​២០១៩។ តាម​រយៈ​ការ​ស៊ើប​អង្កេត​នេះ​បាន​រក​ឃើញ​ថា​ មួយ​ភាគបី ឬ​១៣៧​ករណី ​មាន​ជាប់ពាក់ព័ន្ធ​នឹងជនសង្ស័យជា​សមាជិក​គ្រួសារ ជាមួយ​គ្នា​នោះដែរមាន​១២៦​ករណី​ជាកុមារ​។​​

លោក អំ សំអាត នាយក​រង​អង្គការ​លីកាដូ មាន​ប្រ​សាសន៍ថា៖ «គ្រោះ​ថ្នាក់​នៃ​អំពើរំលោភ​​សេពសន្ថវៈក្នុង​រង្វង់គ្រួសារ គឺកើត​មាន​ច្រើន​ ប៉ុន្តែ​អាជ្ញាធរ​នៅ​មិន​ទាន់ចាត់វិធានការគ្រប់គ្រាន់​ ដើម្បី​ឲ្យ​ប្រាកដ​ថា​ ជនល្មើស​ត្រូវ​បាន​នាំ​មក​ផ្ដន្ទាទោស​»។​

ក្នុង​ករណី​ទាំងនោះ លីកាដូ​បាន​សិក្សា​ឃើញ​ថា​មាន​ប្រហែល​៥៣​ភាគ​រយ ដែល​បាន​ឈាន​ដល់​ការ​ជំនុំ​ជម្រះ​ក្ដី ដោយ​ជន​ល្មើស​ត្រូវ​បាន​ផ្ដន្ទាទោស​ដាក់ពន្ធនាគារ ប៉ុន្តែ​១៧​ ភាគ​រយ​ផ្សេង​ទៀត​ ជនល្មើស​បានទទួល​ទោស​ស្រាល ឬ​ជាប់ពន្ធនាគារ​ក្នុង​រយៈពេល​ខ្លី។​

បើ​តាម​អង្គការ​លីកាដូ យុត្តិធម៌​សម្រាប់ជនរងគ្រោះ​ដែល​ត្រូវ​គេ​រំលោភសេពសន្ថវៈ ជា​ញឹកញាប់​មាន​ការ​លំបាក ដោយ​ហេតុ​ផល​ចំនួន​ពីរ គឺ​ស្រ្តី ឬ​ក្មេង​ស្រី ត្រូវ​សមាជិក​គ្រួសារ​ផ្សេង​ទៀត​បង្ខំ​ឲ្យ​ដកពាក្យ​បណ្ដឹង ឬ​ដោយសារតែអ្ន​កទាំង​នោះ​រស់នៅ​ដោយ​ពឹង​ផ្អែក​លើ​ជន​ល្មើស​។​

ករណី​រំលោភ​សេពសន្ថវៈតែង​តែ​មាន​ការ​ដោះស្រាយ​តាម​ប្រព័ន្ធ​យុត្តិ​ធម៌​ដោយ​លំបាក និង​យឺត​យ៉ាវ ដោយ​អ្នក​ខ្លះ​ត្រូវ​រង​សម្ពាធ​ឲ្យ​ដក​ពាក្យ​បណ្ដឹង​ ដោះស្រាយ​បញ្ចប់​រឿង​ក្រៅប្រព័ន្ធ​តុលាការ មន្ត្រី​ពុករលួយ ការ​ស៊ើប​អង្កេត ឬ​ដំណើរ​ការ​ជំនុំជម្រះ​យឺត​យ៉ាវ​។​

«ប៉ូលិស​មិន​សូវ​ខ្នះខ្នែង បាន​ខ្នះខ្នែង​តែ​មួយ​ពេល​ ដែល​កើត​ហេតុ​ហ្នឹង»​ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​ឪ​ពុក​កុមារី​រង​គ្រោះ​ម្នាក់​ដែល​ត្រូវ​ជីតា​របស់​នាង​រំលោភ។ ម្ដាយ និង​ឪ​ពុក​ជន​រង​គ្រោះ បាន​និយាយ​ជាមួយ​អង្គការ​លីកាដូ​ក្នុង​វីដេអូ​មួយ​ដែល​ចេញ​ដំណាល​គ្នា​នឹង​របាយការណ៍​។​

លោក​បន្ថែម​ថា៖ «ក្រៅពី​ហ្នឹង​មក​អត់​មាន​រវីរវល់អីទៀត​ផង​»

កត្តា​មួយ​ចំនួន​ផ្សេងទៀត​ ដូច​ជាការ​បន្ទោស​លើ​ជន​រងគ្រោះ ទម្លាប់យ៉េនឌ័រដ៏គ្រោះថ្នាក់​ និង​កង្វះ​ការគាំពារ​ផ្នែក​សុខភាព និង​សង្គមលើ​ជន​រងគ្រោះ​ត្រូវ​គេ​រំលោភសេពសន្ថវៈ កាន់​​តែធ្វើ​ឲ្យ​រំខាន​ដល់​ប្រព័ន្ធ​យុត្តិ​ធម៌​។​

អ្នកនាំពាក្យ​​អគ្គស្នងការ​​នគរបាលជាតិ លោក ឆាយ គឹមឃឿន បដិសេធ​ធ្វើ​អត្ថាធិប្បាយ​លើ​របាយការណ៍​នេះ ដោយថា​លោក​មិន​បាន​អាន​របាយការណ៍ និង​ថា​កំពុង​ធ្វើ​ចត្តាឡីស័ក។​

ដូចគ្នានេះ​ដែរ​ អ្នក​នាំ​ពាក្យ​ក្រ​សួង​យុត្តិ​ធម៌ លោក ជិន ម៉ាលីន មា​នប្រ​សាសន៍​ថា​លោក​មិន​ទាន់​បាន​អាន​របាយការណ៍នេះទេ តែ​លោក​ចង់​ដឹង​ថា​តើ​ករណី​ដែល​អង្គការ​លីកាដូ បាន​រាយការណ៍​ថា​មាន​ការ​ដក​ពាក្យ​បណ្ដឹង និង​បញ្ឈប់​ដំណើរ​ការ​នីតិវិធី​តុលាការ​កើតមាននៅទីណា​។

លោកមានប្រសាសន៍​ថា៖ «​សម្រាប់​ករណី​រំលោភសេពសន្ថវៈ មិន​អាច​មាន​ការ​សម្របសម្រួលទេ ការ​ធ្វើ​ដូច​នេះវាខុសច្បាប់ សូម​រាយការណ៍​មក​យើង យើង​មិន​អាច​លើក​លែង​ចំពោះករណី​បែប​នេះទេ»។​

លោក ជិន ម៉ាលីន ក៏​បាន​ដាក់​ជា​ចម្ងល់ថា អង្គការលីកាដូ​មាន​ចេតនា​អ្វី​នៅពីក្រោយ​ការបញ្ចេញ​របាយការណ៍​នេះ ហើយ​ថាតើ​របាយការណ៍​ធ្វើ​ឡើង​ដើម្បី​ «​ប្រយោជន៍​នៃការ​ធ្វើ​វា» ឬ​ «​សម្រាប់​ម្ចាស់ជំនួយ» ប៉ុន្តែ​លោក​ថា​លោក​នឹង​ពិនិត្យ​របាយការណ៍​នេះ។​

របាយការណ៍​​អង្គការ​លីការ​ដូ បញ្ជាក់ថា សម្ពាធគ្រួសារ និង​ការ​រស់​ពឹង​លើ​ជន​ល្មើស អាច​ធ្វើ​ឲ្យ​មានការ​ពិបាក​ក្នុង​ការរាយការណ៍ពីករណី​រំលោភសេពសន្ថវៈ ឬធ្វើ​ឲ្យ​ជនរងគ្រោះ​ដក​ពាក្យ​បណ្ដឹង​។​

«អាជ្ញាធរ​តែង​តែ​ប្រើ​ហេតុ​ផង​នៃការ​ដក​ពាក្យ​បណ្ដឹងនេះ ជា​សំអាងហេតុ​ក្នុង​ការ​ទម្លាក់ចោល ឬ​ទុក​ចោល​នីតិវិធីព្រហ្មទណ្ឌ ឬ​ធ្វើ​ឲ្យ​ទោស​​នៅ​ស្រាល» នេះបើតាម​របាយការណ៍​។​​

​អង្គការលីកាដូ បាន​ស្នើ​ដល់​រដ្ឋាភិបាល​ជួយ​សម្រួល​ឲ្យ​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​រាយការណ៍​ពី​ករណី​រំលោភ​សេពសន្ថវៈ និង​ធានា​ថា​មិន​មាន​សម្ពាធ​លើ​ជនរងគ្រោះ​ឲ្យ​ដកពាក្យ​បណ្ដឹង។ ទាំងនេះ​ក៏​រួម​បញ្ចូលទាំងការ​លុប​ចោលនូវ​ទម្លាប់​យ៉េនឌ័រ​ដ៏​គ្រោះ​ថ្នាក់ បញ្ចប់​វប្បធម៌​​ស្ដី​បន្ទោសលើជន​រងគ្រោះ​ ហើយ​ត្រូវ​ផ្ដល់​ជំនួយផ្នែក​​សេវាសុខាភិបាល និង​ច្បាប់ ​ដល់​ជន​រងគ្រោះ​ដោយ​ការ​រំលោភសេពសន្ថវៈ​ត្រូវ​ការ​។​

​ក្រៅពីនេះ​អង្គការ​លីកាដូ ក៏​ស្នើ​ឲ្យ​មាន​វគ្គ​បណ្ដុះ​បណ្ដាល​ដល់មន្ត្រីយុត្តិធម៌ និង​មន្ត្រីអនុវត្ត​ច្បាប់​ មាន​ចៅក្រម​ជា​ស្រ្តីកាន់តែ​ច្រើន មេធាវី មន្ត្រី​នគរបាល និង​ចាត់​វិធានការភ្លាមៗលើករណី​រំលោភ​សេពសន្ថវៈ និង​ត្រូវ​ទាមទារប្រាក់​សំណង​ជូន​ជនរងគ្រោះ។​

អ្នកគ្រប់គ្រង​កម្មវិធីគាំពារកុមារ​របស់​អង្គការ​យូនីសេហ្វ(UNICEF) ប្រចាំកម្ពុជា លោក​ស្រី Lucia Soleti មានប្រ​សាសន៍ថា​កុមារ​ប្រហែល​១៥ ០០០​នាក់​ ដែល​រងអំពើបៀតបៀន​ផ្លូវភេទ​ត្រូវ​បាន​ទទួលការគាំពារ និង​ការ​ពារជា​ពិសេស និង​បាន​លើក​ពី​តម្រូវការជា​ចាំ​បាច់​នូវ​បុគ្គលិក​សង្គម​កិច្ច​ដើម្បី​ជួយ​កុមារ​ទាំង​នេះ។​

លោក​ស្រី​បន្ថែមថា៖ «​ក្នុង​ឆ្នាំ​២០២០ យូនីសេហ្វ បានធ្វើការ​តស៊ូមតិ និង​គាំទ្រ​ដក់​ក្រ​សួង​សង្គមកិច្ច ឲ្យ​ពង្រាយ​បុគ្គលិកសង្គមកិច្ច​ទៅ​កាន់​២៥​រាធានី​-ខេត្ត រួមទាំង​ភ្នំពេញ និង​ពង្រឹង​សមត្ថភាព​គ្រប់គ្រង​សំណុំ​រឿង និង​ការ​ផ្ដល់​ការ​សង្គ្រោះ​បឋម​ទាំងផ្នែក​ផ្លូវចិត្ត និង​ចិត្តសាស្រ្ត»។​​

លោក តូច ចាន់នី អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកទេស ក្រសួងសង្គមកិច្ច មាន​ប្រ​សាសន៍ថា​​បច្ចុប្បន្ន​នេះ​មាន​បុគ្គ​លិក​សង្គម​កិច្ច​ម្នាក់​នៅតាម​ខេត្ត​នីមួយៗ ដែលគាំទ្រ​ដោយ​អង្គការ​យូនីសេហ្វ ប៉ុន្តែ​អ្នក​ទាំង​នោះ​ទទួល​សំណុំ​រឿង​ច្រើន​លើស​លុប​។​

លោក​មានប្រសាសន៍ថា៖ «​យើង​ចង់​ឲ្យ​មាន​បុគ្គ​លិក​សង្គម​កិច្ច​ពី​បួនទៅប្រាំ​នាក់​សម្រាប់​ខេត្ត​នីមួយៗ ប៉ុន្តែ​នេះជា​អ្វីដែល​ពួកគេអាច​ជួយ​យើង​បាន។ ពួកគេមាន​ថវិកា​ចំនួន​៣០០​ដុល្លារ​សម្រាប់​បុគ្គលិក​សង្គម​កិច្ច​ម្នាក់ ហើយ​យើង​​មិន​មាន​ថវិកា​រដ្ឋាភិបាល​សម្រាប់ចំណាយ​បន្ថែម​ទេ»។​

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ CamboJA News

279 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម