ពលករខ្មែរជាច្រើននាក់បន្តធ្វើដំណើរត្រឡប់ពីប្រទេសថៃចូលទឹកដីកម្ពុជាវិញ បន្ទាប់ពីកម្ពុជាបានបើកច្រកព្រំដែនឡើងវិញ ដោយគ្រាន់តែនៅថ្ងៃអាទិត្យកន្លងទៅមានពលកររហូតដល់ជាង ១៤០០នាក់បានមកដល់ខេត្តបន្ទាយមានជ័យ។
លោក សេក សុខុម ប្រធានមន្ទីរព័ត៌មានខេត្តមន្ទាយមានជ័យបានប្រាប់ខេមបូចា នៅថ្ងៃចន្ទថា ពលករខ្មែរជាច្រើនដែលត្រឡប់មកស្រុកវិញនេះដោយសារតែកន្លែងការងារបានផ្អាកដំណើរការ និងខ្លះទៀតគេចចេញពីការផ្ទុះរាលដាលខ្លាំងនៃជំងឺកូវីដ-១៩ នៅក្នុងប្រទេសថៃ។
លោកមានប្រសាសន៍ថា៖ «ពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃមានចំនួនកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃតាំងពីមានការបើកព្រំដែនឡើងវិញ»។
លោក ឲ្យដឹងទៀតថា បើសិនចំនួននេះនៅតែបន្តកើនឡើង អាជ្ញាធរខេត្តអាចនឹងមានការពិបាកក្នុងការផ្ទត់ផ្គង់ស្បៀងអាហារ និងសម្ភារៈផ្សេងៗឲ្យបានគ្រប់គ្រាន់។
ពលករត្រឡប់មកពីប្រទេសថៃត្រូវធ្វើតេស្តរកកូវីដ-១៩ ហើយអ្នកដែលតេស្តអវិជ្ជមាននឹងត្រូវដាក់ឲ្យធ្វើចត្តាឡីស័កចំនួន២១ថ្ងៃ ចំនួននេះកើនឡើងពី ១៤ថ្ងៃ ដោយចាប់ពីពេលមានវត្តមានវីរុសបំប្លែងថ្មីដែលតា(Delta) ដែលមានសម្ថភាពចម្លងខ្លាំង។ បើសិនជាចំនួននៃ ពលករវិលត្រឡប់មកវិញនៅតែបន្តកើនឡើងនៅខេត្តជាប់ព្រំដែន រដ្ឋាភិបាលបានរៀបចំឲ្យពួកគេទៅធ្វើចត្តាឡីស័កនៅស្រុកកំណើត បន្ទាប់ពីបានធ្វើចត្តាឡីស័កមួយសប្ដាហ៍នៅព្រំដែនរួច។
លោក សុខុម ឲ្យដឹងទៀតថា មណ្ឌលធ្វើចត្តាឡីស័កមានចំនួន២០ក្នុងខេត្តបន្ទាយមានជ័យ ហើយម្ហូបអាហារសម្រាប់ផ្គត់ផ្គង់បានពីជំនួយរបស់រដ្ឋាភិបាល ឧកញ៉ា និងសម្បុរសជនផ្សេងៗ។
លោក រឿន សុធី អនុប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យមានប្រសាសន៍ថា នៅថ្ងៃទី១៣ ខែសីហា មានពលករចំនួន៨៤០នាក់បានត្រឡប់មកពីប្រទេសថៃ ក្នុងនោះមាន ១២៨នាក់តេស្តវិជ្ជមានកូវីដ-១៩។ នៅថ្ងៃទី១៤ ខែសីហា លោកថាមានពលករចំនួន ១១៤៦នាក់បានត្រឡប់មកវិញ និងមានចំនួន ១២៤នាក់តេស្តវិជ្ជមានកូវីដ-១៩ និងនៅថ្ងៃទី១៥ ខែសីហា មានពលករត្រឡប់មកវិញចំនួន ១៤៧២នាក់ ក្នុងនោះតេស្តវិជ្ជមានកូវីដ-១៩ ចំនួន ២៦៣ករណី។
លោកឲ្យដឹងថាជាសរុបមានអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ១៤៤៤៣ករណីគិតតាំងពីផ្ទុះព្រឹត្តិការណ៍២០ កុម្ភៈ និងមាន ១១៤៨៣នាក់បានជាសះស្បើយ និង ១១៦នាក់បានស្លាប់។
បើតាម លោក សុធី គិតតាំងពីព្រំដែនបានបើកជាថ្មី ករណីឆ្លងភាគច្រើន ជាវីរុសកូវីដ-១៩ បំប្លែងថ្មីដែលតា។
អ្នកស្រី រ៉េន ស្រីណា វ័យ២៩ឆ្នាំ ជាពលករទើបត្រឡប់ពីប្រទេសថៃកាលដើមខែនេះ និងបានបោះតង់នៅតាមព្រំដែនរង់ចាំការបើកព្រំដែនឡើងវិញនោះ បានឲ្យដឹងថាអ្នកស្រីតេស្តវិជ្ជមានកូវីដ-១៩ ហើយត្រូវបានបញ្ជូនទៅព្យាបាលជាមួយកូនស្រីអាយុបីខែនៅកន្លែងព្យាបាលក្នុងខេត្តបន្ទាយមានជ័យ។
អ្នកស្រីបន្តថា៖ «ខ្ញុំបានមកព្យាបាលចំនួនប្រាំពីថ្ងៃហើយ និងពេលនេះបានធូរស្បើយគ្រាន់បើហើយ ចំណែកកូនស្រីរបស់ខ្ញុំមិនបានឆ្លងនោះទេ នាងមានសុខភាពធម្មតា»។ អ្នកស្រី បន្ថែមថា៖ «ក្រុមរបស់ខ្ញុំ[ពលករ] មានគ្នាចំនួន២៣នាក់ រួមទាំងកូនតូចពីរនាក់ផង ដែលក្នុងនោះមានបីនាក់មានវិជ្ជមានកូវីដ-១៩»។
អ្នកស្រីឲ្យដឹងទៀតថា ពួកអ្នកស្រីបានទទួលបាយបីពេលក្នុងមួយថ្ងៃ និងមានហូបគ្រប់គ្រាន់ ប៉ុន្តែថាបញ្ហាអនាម័យ និងបន្ទប់ទឹកនៅខ្វះខាតដោយសារតែមានមនុស្សច្រើននៅក្នុងមណ្ឌល។
លោក ឌី រ៉ាដូ អភិបាលរង និងជាអ្នកនាំពាក្យខេត្តឧត្តរមានជ័យ មានប្រសាសន៍ថា ក្នុងខេត្តលោកមានអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៥៥០០ករណី អ្នកជាសះស្បើយមានចំនួន ២៣០០នាក់ និងមានអ្នកស្លាប់ចំនួនប្រាំបួននាក់។ គិតមកដល់ពេលនេះ លោកថាមានអ្នកវិជ្ជមានវីរុសបំប្លែងថ្មីចំនួន ១០០ករណី ដែលអ្នកទាំងនោះរកឃើញក្នុងចំណោមពលរដ្ឋក្នុងសហគមន៍ និងពលករត្រឡប់ពីប្រទេសថៃ។
លោកបន្ថែមថា៖ «គិតមកដល់ពេលនេះ ច្រកទ្វារព្រំដែនបានបើកចំនួនបួនថ្ងៃហើយ ប៉ុន្តែនៅថ្ងៃទីមួយ និងទីពីរមិនសូវមានពលករឆ្លងកាត់ច្រើនទេ មានប្រហែល៧០ ទៅ ៨០នាក់ ប៉ុន្តែកាលពីម្សិលមិញចំនួនពលករត្រឡប់មកវិញបានឡើងដល់ជាង៦០០នាក់»។
លោកបញ្ជាក់ថា អាជ្ញាធរខេត្តបានរៀបចំធ្វើមណ្ឌលចត្តាឡីស័ក និងបានរៀបចំស្បៀងអាហារ សម្ភារសម្អាតខ្លួន និងសម្ភារសម្រាប់គេង ក៏ដូចជាបានរៀបចំឲ្យមានការដឹកជញ្ជូនអ្នកទាំងនោះទៅធ្វើចត្តាឡីស័កនៅស្រុកកំណើត និងនៅមណ្ឌលចត្តាឡីស័កតាមខេត្តផ្សេងៗ។
លោក សឿម ប៊ុនរិទ្ធិ អ្នកនាំពាក្យសាលាខេត្តបាត់ដំបង មានប្រសាសន៍ថាចំនួនពលករត្រឡប់មកវិញមានចំនួនកើនឡើងច្រើន តែលោកថាលោកកំពុងជាប់រវល់មិនអាចផ្ដល់ទិន្ន័យបានទេ។
លោក ឡឹង សុផុន មន្ត្រីគម្រោងរបស់អង្គការសង់ត្រាល់ប្រចាំនៅប្រទេសថៃ មានប្រសាសន៍ថា ចំនួនទំនងជានឹងនៅបន្តកើនឡើងទៀត។
លោកនិយាយថា៖ «ចំនួនករណីឆ្លងកូវីដ-១៩ នៅតែកើនឡើង ដូចនេះហើយជាហេតុផលពលករខ្មែរភាគច្រើនសម្រេចត្រឡប់មកស្រុកកំណើតវិញ»។
ក្នុងរោងចក្រមួយនៅស្រុកណងយ៉ៃ ខេត្តឈុនបុរី រោងចក្រកែច្នៃសាច់មាត់GFN មានពលករខ្មែរជាង១ ០០០នាក់បានតេស្តវិជ្ជមានកូវីដ-១៩។
លោក សុផុន បន្តថា៖ «ពលករខ្មែរធ្វើការនៅរោងចក្រGFN ចំនួនបីនាក់បានស្លាប់ដោយសារកូវីដ-១៩ និងជាច្រើននាក់ទៀតត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់»។ លោកបន្ថែមថា៖ «ពលករខ្មែរផ្សេងទៀតបានស្លាប់នៅខេត្តឆាក់ឆឹងសៅ ប្រទេសថៃ ពេលដែលគាត់កំពុងធ្វើចត្តាឡីស័កនៅក្នុងបន្ទប់ជួល»។
បើតាមលោក សុផុន ពលករខ្មែរនៅរោងចក្រGFN ជាង ២០០០នាក់កំពុងរៀបចំឯកសារវិលត្រឡប់មកកម្ពុជាវិញ។
លោកលើកឡើងទៀតថា ស្ថានភាពកូវីដ-១៩ នៅថៃធ្វើឲ្យម្ចាស់រោងចក្រមិនអាចផ្ដល់ការថែទាំដល់កម្មករបានត្រឹមត្រូវ និងមិនបានរាយការណ៍ទៅកាន់មន្ត្រីសុខាភិបាលថៃឲ្យបានទាន់ពេល។
លោកបញ្ជាក់ថា៖ «ពលករខ្មែរភាគច្រើនចង់ត្រឡប់មកកម្ពុជាវិញ ពីព្រោះ[កន្លែងធ្វើការរបស់ពួកគេ]មិនមានភាពកក់ក្តៅ[អ្នកផ្សេងទៀត]ពេលពួកគាត់តេស្តវិជ្ជមានកូវីដ-១៩ ហើយពួកគាត់មិនអាចស្វែងរកសេវាព្យាបាលបាន»។
លោកថារដ្ឋាភិបាលកម្ពុជាគួរតែធ្វើការជាមួយរដ្ឋាភិបាលថៃ ដើម្បីជួយបញ្ជូនពលករខ្មែរឲ្យមកដល់ព្រំដែនវិញ ជាជាងទុកឲ្យពួកគេពឹងលើមេខ្យល់មិនស្មោះត្រង់ទាំងនោះ។
លោកនិយាយថា៖ «ខ្ញុំគិតថារដ្ឋាភិបាលកម្ពុជាគួរតែធ្វើការជាមួយអាជ្ញាធរថៃដើម្បីរកដំណោះស្រាយសម្រាប់ការធ្វើដំណើររបស់ពួកគាត់ វាប្រសើរជាងទុកឲ្យពួកគាត់ត្រឡប់មកវិញដោយខុសច្បាប់ និងពេលខ្លះត្រូវចាប់ខ្លួន»។
លោក ស៊ុំ ចាន់គា មន្ត្រីសម្របសម្រួលរបស់សមាគមសិទ្ធិមនុស្សអាដហុកប្រចាំខេត្តបន្ទាយមានជ័យ មានប្រសាសន៍ថា ដោយសារតែចំនួនពលករវិលមកវិញកើនឡើងច្រើន មណ្ឌលធ្វើចត្តាឡីស័កកំពុងប្រឈមនឹងបញ្ហាអនាម័យ។
លោក និយាយថា៖ «មនុស្សរាប់ពាន់នាក់ប្រើបន្ទប់ទឹករួមគ្នា បើសិនជាមានម្នាក់ក្នុងចំណោមពួកគេ[ឈឺ] អ្នកផ្សេងទៀតនឹងឆ្លងវីរុសនោះដែរ»។
របាយការណ៍របស់ក្រសួងសុខាភិបាលបានបង្ហាញថា ចាប់ពីថ្ងៃទី៣១ ខែមីនា ដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ កម្ពុជាបានរកឃើញអ្នកផ្ទុកវីរុសបំប្លែងថ្មីដែលតា ចំនួន៤៩៤ករណី ហើយគ្រប់ខេត្តទាំងអស់បានរាការណ៍ពីវត្តមានវីរុសនេះ លើកលែងតែខេត្តកែប តាកែវ និងក្រចេះ។
នៅថ្ងៃចន្ទ ក្រសួងសុខាភិបាលឲ្យដឹងថាចំនួនអ្នកឆ្លងកូវីដ-១៩ មានចំនួន៥៩៣ករណីថ្មី ក្នុងនោះមាន២៣៦ករណី ជាករណីនាំចូល នាំឲ្យចំនួនអ្នកឆ្លងឡើងដល់ ៨៦០៤១ករណី ដែលក្នុងនោះករណីនាំចូលមាន ១៣១១៨ករណី គិតតាំងពីមានការផ្ទុះរាលដាលកូវីដ-១៩ តាំងពីដើមឆ្នាំ២០២០ មក។ ចំនួននៃករណីឆ្លងភាគច្រើន កើតមានក្រោយព្រឹត្តិការណ៍២០ កុម្ភៈ ជាពេលកម្ពុជាផ្ទុះការឆ្លងរាលដាលក្នុងសគមន៍។ ក្រសួងក៏ឲ្យដឹងដែរថាអ្នកជាសះស្បើយមានចំនួន ៨១២០២នាក់ និងអ្នកស្លាប់មានចំនួនសរុប ១៧០៤នាក់៕ (រាយការណ៍បន្ថែមដោយ ជា សុខនី)
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Cambodian migrant workers return from Thailand continue to raise