អង្គការភាពជាដៃគូថវិកាអន្តរជាតិ (IBP) ដែលជាអង្គការមិនមែនរដ្ឋាភិបាលនាំមុខគេក្នុងការលើកកម្ពស់ទំនួលខុសត្រូវផ្នែកហិរញ្ញវត្ថុសាធារណៈ បានដំឡើងពិន្ទុរបស់កម្ពុជានៅលើសន្ទស្សន៍តម្លាភាពថវិកាជាតិរបស់ខ្លួន ប៉ុន្តែ នៅមានការងារជាច្រើនទៀតដែលត្រូវធ្វើដើម្បីសម្រេចបានគណនេយ្យភាពពេញលេញ ។
កាលពីថ្ងៃទី១៥ ខែសីហា វេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា និងអង្គការ IBP បានរៀបចំវេទិកាមួយនៅរាជធានីភ្នំពេញ ជាមួយអង្គការមិនមែនរដ្ឋាភិបាល និងស្ថាប័នជាច្រើនផ្សេងទៀត ដើម្បីបង្ហាញលទ្ធផលតម្លាភាពថវិការបស់កម្ពុជា ដែលទទួលបានពិន្ទុ ៤៣ លើ ១០០ នៅក្នុងការអង្កេតការបើកចំហថវិកា (OBS) ដែលធ្វើឡើងរៀងរាល់ពីរឆ្នាំម្ដង ដែលកើនឡើងបាន ១០ពិន្ទុ បើធៀបនឹងពិន្ទុកាលពីឆ្នាំ២០២១ ប៉ុន្តែ នៅទាបជាងពិន្ទុមធ្យមភាគពិភពលោកនៅឡើយ ។
OBS ដែលគ្រប់គ្រោងដោយ IBP គឺជាឧបករណ៍ស្រាវជ្រាវមួយដែលប្រើលក្ខណវិនិច្ឆ័យទទួលស្គាល់ជាអន្តរជាតិ ដើម្បីវាយតម្លៃការទទួលបានជាសាធារណៈនូវផែនការចំណាយរបស់រដ្ឋាភិបាល ឱកាសចូលរួមរបស់សង្គមស៊ីវិលនៅក្នុងដំណើរការថវិកា និងអំណាចរបស់ស្ថាប័នត្រួតពិនិត្យ ។
បោះពុម្ពផ្សាយនៅខែឧសភា ឆ្នាំ២០២៤ ពិន្ទុរបស់កម្ពុជាសម្រាប់ឆ្នាំសារពើពន្ធ ២០២៣ បង្ហាញពីភាពប្រសើរជាងមុន ប៉ុន្តែ នៅតែមិនទាន់គ្រប់គ្រាន់នៅឡើយ បើគិតតាមស្តង់ដារនៃការអង្កេតនោះ ។
ទន្ទឹមនឹងទទួលស្គាល់វឌ្ឍនភាពនៅក្នុងកំណែទម្រង់ថវិកាសាធារណៈ សំឡេងរួមរបស់អង្គការមិនមែនរដ្ឋាភិបាលនិងស្ថាប័នសង្គមស៊ីវិលបានទទូចស្នើសុំឱ្យរដ្ឋាភិបាលពង្រីកឱកាសឱ្យកាន់តែទូលាយថែមទៀតសម្រាប់ការចូលរួមជាសាធារណៈនៅក្នុងផែនការចំណាយរបស់ប្រទេស ដែលជាប្រភេទនៃ OBS មួយដែលប្រទេសកម្ពុជាស្ទើរតែមិនជាប់ពិន្ទុនៅលើសន្ទស្សន៍ផងទេ ។
ពិន្ទុតម្លាភាពថវិកាថ្មីរបស់កម្ពុជា គឺជាពិន្ទុខ្ពស់បំផុតគិតមកដល់ពេលនេះ ដោយមានចំណាត់ថ្នាក់ខ្ពស់ជាងប្រទេសតែពីរប៉ុណ្ណោះនៅក្នុងតំបន់គឺទីម័រ (ពិន្ទុ ៣៧) និងមីយ៉ាន់ម៉ាដែលខ្ទេចខ្ទាំដោយសង្គ្រាម (ពិន្ទុ ៣) និងមានចំណាត់ថ្នាក់ទី៧២ ក្នុងចំណោម ១២៥ ប្រទេសដែលបានអង្កេត ។
ក្រៅតែពីចំណាត់ថ្នាក់តម្លាភាពទូទៅរបស់ខ្លួន កម្ពុជាទទួលបានពិន្ទុតែ ២ លើ ១០០ ប៉ុណ្ណោះ សម្រាប់ចំណាត់ប្រភេទការចូលរួមជាសាធារណៈ ជាសន្ទស្សន៍ដែលវាយតម្លៃទៅលើឱកាសផ្លូវការដែលបានផ្ដល់ទៅឱ្យសាធារណជនសម្រាប់ការចូលរួមប្រកបដោយអត្ថន័យនៅក្នុងដំណាក់កាលនានានៃដំណើរការធ្វើថវិកា ។
លើសពីនេះទៀត ការត្រួតពិនិត្យពីសំណាក់ស្ថាប័ននីតិបញ្ញត្តិនិងស្ថាប័នសវនកម្មកំពូលរបស់កម្ពុជានៅមានកម្រិតទាបនៅឡើយ បើយោងតាមការអង្កេត ដោយទទួលបានពិន្ទុ ៤១ នៅក្នុងចំណាត់ប្រភេទនៃការត្រួតពិនិត្យថវិកា ដែលពិន្ទុនេះពុំមានការប្រែប្រួលឡើងគិតតាំងពីឆ្នាំ២០២១មក ។
ទោះបីមានពិន្ទុក្រោមស្តង់ដារទាំងនេះក្ដី ស្ថាប័នរដ្ឋាភិបាលបានបង្កើនតែបន្តិចប៉ុណ្ណោះនូវការផ្សព្វផ្សាយឯកសារថវិកាទៅដល់ប្រជាជនកម្ពុជាក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ ។
ពិន្ទុតម្លាភាព ៦១ ពិន្ទុ ឬខ្ពស់ជាងនេះ បង្ហាញថា ប្រទេសមួយទំនងជាកំពុងផ្សព្វផ្សាយឯកសារគ្រប់គ្រាន់ដើម្បីគាំទ្រដល់ការពិភាក្សាជាសាធារណៈផ្អែកលើការទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយ អំពីការបែងចែកថវិកាជាតិ នេះបើយោងតាម IBP ។ ប៉ុន្តែ ពិន្ទុការចូលរួមជាសាធារណៈទាបមានន័យថា ការពិភាក្សាក្លាយជាឥតអំពើ ប្រសិនបើគ្មានយន្តការប្រកបដោយខ្លឹមសារនានាសម្រាប់ការចូលរួមជាសាធារណៈនៅក្នុងដំណើរការធ្វើសេចក្ដីសម្រេចចិត្តទេនោះ ។
លោក Bryan Fornari ប្រធានកិច្ចសហប្រតិបត្តិការ នៃប្រតិភូតំណាងសហភាពអឺរ៉ុបនៅកម្ពុជា បានលើកឡើងនៅឯវេទិកាខាងលើ ថា សហភាពអឺរ៉ុបបានចូលរួមជាមួយប្រទេសកម្ពុជានៅលើផ្នែកនៃការចូលរួមរបស់ប្រជាជននៅក្នុងការធ្វើផែនការហិរញ្ញវត្ថុអស់រយៈពេលជិត១ទសវត្សរ៍មកហើយ ។
នៅក្រោយការអនុម័តដាក់ឱ្យប្រើប្រាស់ច្បាប់ស្ដីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈរបស់កម្ពុជានៅឆ្នាំ២០២៣មក លោក Fornari បានកត់សម្គាល់ថា បច្ចុប្បន្ន ប្រទេសកម្ពុជាមានគ្រឹះរឹងមាំមួយដើម្បីលើកកម្ពស់ការយល់ដឹងរបស់ប្រជាជនអំពីការបែងចែកថវិកាសាធារណៈ និងផលប៉ះពាល់ទៅលើជីវភាពប្រចាំថ្ងៃរបស់ពួកគេ ។
ប៉ុន្តែ លោកបានសង្កត់ធ្ងន់អំពីកង្វះធាតុចូលពីសង្គមស៊ីវិលនាពេលបច្ចុប្បន្ន និងការចាំបាច់ត្រូវផ្លាស់ប្ដូរវប្បធម៌ដើម្បីធ្វើយ៉ាងណាឱ្យប្រជាជនចូលរួមដោយផ្ទាល់ច្រើនថែមទៀតនៅក្នុងការសម្រេចចិត្តនិងការជ្រើសរើសគម្រោង ។
លោកបាននិយាយទៅកាន់អ្នកចូលរួមដែលរួមមានមន្ត្រីរដ្ឋាភិបាលនិងអង្គការសង្គមស៊ីវិល យ៉ាងដូច្នេះថា៖ «លំហមិនមានច្រើនទេសម្រាប់ការចូលរួមចំណែកក្នុងការរៀបចំថវិកាពីសំណាក់សាធារណជន ។ ការរៀបចំថវិកាដែលមានការចូលរួម គឺទាមទារនូវការធ្វើទំនើបកម្មវប្បធម៌និងអាកប្បកិរិយារបស់រដ្ឋាភិបាល» ។
IBP បានផ្ដល់អនុសាសន៍មួយចំនួនដល់រដ្ឋាភិបាលសម្រាប់ការពង្រីកការចូលរួមរបស់ប្រជាពលរដ្ឋ និងតម្លាភាព ។
IBP បានលើកឡើងនៅក្នុងរបាយការណ៍ OBS ថា កម្ពុជាគួរកែលម្អការចងក្រងឯកសារថវិកាឱ្យបានប្រសើរជាងមុន ដោយបញ្ចូលនូវទិន្នន័យហិរញ្ញវត្ថុលម្អិត និងការព្យាករច្រើនឆ្នាំ ពង្រឹងការត្រួតពិនិត្យរបស់ស្ថាប័ននីតិបញ្ញត្តិនិងការអនុវត្តសវនកម្ម និងឱ្យសាធារណជនចូលរួមសកម្ម ក្នុងនោះរាប់ទាំងសហគមន៍ដែលងាយរងគ្រោះ នៅក្នុងទាំងដំណើរការរៀបចំថវិកា និងទាំងដំណើរការសវនកម្ម ។
លោក Fornari និងមន្ត្រីប្រតិភូសហភាពអឺរ៉ុបដទៃទៀត បានគូសបញ្ជាក់ថា ការធ្វើឱ្យប្រសើរឡើងនូវតម្លាភាពនិងគណនេយ្យភាពគឺសំខាន់ណាស់សម្រាប់បរិយាកាសវិនិយោគរបស់កម្ពុជា ។
IBP និងអង្គការមិនមែនរដ្ឋាភិបាលផ្សេងទៀតដែលបានចូលរួមនៅក្នុងវេទិកាកាលពីថ្ងៃព្រហស្បតិ៍ ដែលថ្លែងក្នុងនាមសង្គមស៊ីវិល បានស្នើសុំឱ្យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុផ្ដល់ឱកាសច្រើនថែមទៀតដល់ប្រជាជនកម្ពុជាដើម្បីចូលរួមនៅក្នុងដំណើរការរៀបចំថវិកានៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ។
លោក សឿង សារឿន នាយកប្រតិបត្តិ វេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា បានស្នើសុំជាផ្លូវការទៅកាន់រដ្ឋលេខាធិការក្រសួង [លោក មាស សុខសេនសាន្ត] ឱ្យពិចារណាផ្ដល់ឋានៈសមាជិកពេញលេញដល់អង្គការសង្គមស៊ីវិល នៅក្នុងគណៈកម្មាធិការដឹកនាំកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជាក្រុមការងារដែលទទួលបន្ទុកធ្វើសេចក្ដីព្រាងគោលនយោបាយសម្រាប់ការរៀបចំថវិកាសាធារណៈ ។
លោក សារឿន បានលើកហេតុផលថា ឋានៈសមាជិកពេញសិទ្ធិសម្រាប់អង្គការសង្គមស៊ីវិលនឹង«ជួយពាំនាំសំឡេងរបស់ប្រជាជនមកកាន់កិច្ចពិភាក្សាស្ដីពីកំណែទម្រង់ហិរញ្ញវត្ថុ» ។
ក្នុងអំឡុងថ្លែងនៅលើវេទិកា លោក សុខសេនសាន្ត បានកត់សម្គាល់ថា រដ្ឋាភិបាលនឹងធ្វើការងារជាបន្តទៀតលើការកែលម្អតម្លាភាពថវិកា ការត្រួតពិនិត្យនិងការចូលរួមជាសាធារណៈ ។
លោកបាននិយាយថា៖ «យើងនិយាយតែចំណុចវាស់វែងពិន្ទុប៉ុណ្ណោះ ប៉ុន្តែ រឿងសំខាន់គឺថា ខ្ញុំចង់ឱ្យប្រជាជនងាកមកមើលរដ្ឋាភិបាល និងយល់ថា កិច្ចប្រឹងប្រែងទាំងឡាយគឺសម្រាប់ប្រជាជនទាំងអស់គ្នា» ៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Cambodia’s Budget Is More Transparent, Yet Civil Input Remains Negligible