សកម្មភាពសេដ្ឋកិច្ចកម្ពុជាបានកើនឡើងក្នុងអំឡុងត្រីមាសទីមួយនៃឆ្នាំ២០២៤ ប៉ុន្តែ វិស័យអប់រំដែលជាស្នូលដ៏សំខាន់នៃការអភិវឌ្ឍ ត្រូវតែពង្រឹងជាចាំបាច់ ។
យោងតាមរបាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជាដែលចេញដោយធនាគារពិភពលោក កំណើននៃសកម្មភាពសេដ្ឋកិច្ចនេះត្រូវបានជំរុញដោយការរើបឡើងវិញនៅក្នុងវិស័យសេវាកម្មនិងការនាំចេញទំនិញ បើទោះបីជាតម្រូវការក្នុងស្រុកមានភាពស្ងប់ស្ងាត់ក្ដី ។
ធនាគារពិភពលោកបានចេញផ្សាយរបាយការណ៍នេះនៅរាជធានីភ្នំពេញ កាលពីថ្ងៃព្រហស្បតិ៍ នៅក្នុងពិធីមួយដែលអមដោយកិច្ចពិភាក្សារបស់វាគ្មិនជំនាញ ។ មន្ត្រីរដ្ឋាភិបាល អង្គការមិនមែនរដ្ឋាភិបាល និងអ្នកសារព័ត៌មាន ក៏បានចូលរួមនៅក្នុងព្រឹត្តិការណ៍នេះដែរ ។
កំណើនសេដ្ឋកិច្ចត្រូវគេរំពឹងថានឹងប្រសើរឡើងជាមុនបន្តិច គឺកើន ៥,៨% នៅឆ្នាំ២០២៤ ខ្ពស់ជាងកំណើននៅឆ្នាំ២០២៣ ដែលសម្រេចបាន ៥,៦% ហើយកំណើននេះនឹងកាន់តែរឹងមាំថែមទៀត ដោយនឹងកើនដល់ ៦,១% នៅឆ្នាំ២០២៥ និង ៦,៤% នៅឆ្នាំ២០២៦ ខណៈដែលការនាំចេញសម្លៀកបំពាក់កាត់ដេរ ទំនិញធ្វើដំណើរ និងស្បែកជើង ព្រមទាំងវិស័យទេសចរណ៍ ជាកត្តារុញច្រានដំណើររើបឡើងវិញរបស់សេដ្ឋកិច្ចដែលកំពុងកើតមាន ។
សកម្មភាពសំណង់នៅតែមានតិចតួចដដែល ដោយសារតែទីផ្សារវិស័យអចលនទ្រព្យនៅតែធ្លាក់ចុះជាបន្ត ។ ជាលទ្ធផល កំណើនឥណទានក្នុងស្រុកបានធ្លាក់ចុះខ្លាំង ដែលបណ្ដាលឱ្យមានការកាត់បន្ថយចំណាយឯកជន និងប៉ះពាល់ដល់ការប្រមូលចំណូលក្នុងស្រុក ។
អាស៊ានក្លាយជាទីផ្សារធំជាងគេបំផុតទីពីរ
លោក លី សូដេត សេដ្ឋកិច្ចវិទូជាន់ខ្ពស់របស់ធនាគារពិភពលោក បាននិយាយថា អាស៊ានបានក្លាយជាទីផ្សារនាំចេញធំបំផុតទីពីរ ដោយមានចំណែកកើនពី ១៤,៧% នៅមុនសម័យកូវីដ-១៩ ឡើងដល់ ២៨% នៅឆ្នាំ២០២៤ ប៉ុន្តែ ទោះជាយ៉ាងនេះក្ដី សហរដ្ឋអាមេរិកនៅតែជាទីផ្សារនាំចេញធំជាងគេបំផុត ដែលមានចំណែកដល់ទៅ ៣១,៤% ។ ទីផ្សារសហភាពអឺរ៉ុបតំណាងឱ្យ ១៤,៣% នៃការនាំចេញ ដោយធ្លាក់ចុះពី ១៨% នៅមុនសម័យកូវីដ ។
លោក លី សូដេត បានបន្ថែមថា៖ «សេដ្ឋកិច្ចកាន់តែរួមបញ្ចូលគ្នាទៅក្នុងសេដ្ឋកិច្ចតំបន់ [ប៉ុន្តែ] សហរដ្ឋអាមេរិកនៅតែជាទីផ្សារលេខ១ដដែល ។ [ការនាំចេញ]ទៅអាស៊ានកើនឡើងយ៉ាងលឿន» ។
លោកស្រី ម៉ារីយ៉ាម សាលីម (Maryam Salim) ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំប្រទេសកម្ពុជា បាននិយាយថា ដើម្បីរក្សាកំណើនសេដ្ឋកិច្ចបន្ត កម្ពុជាត្រូវរក្សាស្ថិរភាពម៉ាក្រូហិរញ្ញវត្ថុ ដោយការស្ដារឡើងវិញនូវលំហសារពើពន្ធ និងការការពារវិស័យហិរញ្ញវត្ថុរបស់ខ្លួន ។
លោកស្រីបានបន្ថែមថា៖ «កម្ពុជាក៏អាចពង្រឹងភាពប្រកួតប្រជែងរបស់ខ្លួនបានផងដែរ តាមរយៈការកែលម្អបរិយាកាសធុរកិច្ច សម្រួលនីតិវិធីពាណិជ្ជកម្មនៅតាមព្រំដែន ធ្វើឱ្យការផ្គត់ផ្គង់ថាមពលកាន់តែអាចទុកចិត្តបាន និងពង្រឹងវិស័យអប់រំ» ។
គោលនយោបាយល្អត្រូវតែដឹកនាំឱ្យបានល្អ
អ្នកជំនាញជាន់ខ្ពស់វិស័យអប់រំរបស់ធនាគារពិភពលោក Lauri Pynnonen បាននិយាយថា វិស័យអប់រំរបស់កម្ពុជាខ្សោយ ដែលរឹតត្បិតការអភិវឌ្ឍនិងកំណើនសេដ្ឋកិច្ច ពីព្រោះការអប់រំដើរតួនាទីសំខាន់នៅក្នុងការជំរុញកំណើនសេដ្ឋកិច្ចក្នុងរយៈពេលវែង ។
អ្នកជំនាញ Pynnonen បានបន្ថែមថា៖ «ទ្រព្យដ៏សំខាន់បំផុតរបស់កម្ពុជាមិនមែនជាធនធានធម្មជាតិរបស់ប្រទេសនេះទេ ហើយក៏មិនមែនទីតាំងភូមិសាស្ត្រអ្វីដែរ គឺប្រជាជនរបស់ប្រទេសនេះ ។ ការអប់រំគឺជាគ្រឿងផ្សំដ៏សំខាន់មួយសម្រាប់ចំណូលខ្ពស់ កំណើន និងការកាត់បន្ថយភាពក្រីក្រ» ។
លោក ឡេង ភិរម្យ អនុប្រធានកិច្ចការសិក្សារបស់សាកលវិទ្យាល័យ CamTech បាននិយាយថា ភាពជាអ្នកដឹកនាំនៅតាមសាលារៀនរបស់រដ្ឋនៅតែជាបញ្ហាចោទដដែល ដោយសារតែគ្រូភាគច្រើនបំផុតមានការងារទីពីរនៅក្នុងវិស័យឯកជន ។ លោកបានបន្តថា៖ «នៅពេលពួកគាត់បំពេញការងារនៅក្នុងសាលារដ្ឋ ហាក់ដូចជាពួកគាត់មិនបានផ្ដល់គុណភាពទេ ពួកគាត់បំពេញការងារមិនបានពេញលេញ ។ នៅពេលពួកគាត់ធ្វើការឱ្យវិស័យឯកជន ពួកគាត់ធ្វើការបានប្រសើរជាងឆ្ងាយ» ។
គ្រូបង្រៀនប្រហែល ៨០ ឬ ៩០% ត្រូវបានបណ្ដុះបណ្ដាលនៅក្នុងអំឡុងទសវត្សរ៍ ៨០ ហើយនៅមានផ្នត់គំនិតបែបប្រពៃណីនៅឡើយ រីឯគ្រូបង្រៀនជំនាន់ក្រោយៗវិញ គឺមានចំនួនតិចតួច ។
លោកបាននិយាយថា៖ «ទីមួយ បណ្ដុះបណ្ដាលពួកគាត់ និងទីពីរ អ្នកត្រូវរង់ចាំរហូតដល់មានអ្នកដឹកនាំគ្រប់គ្រាន់ដើម្បីបំពេញតួនាទីនេះ បើមិនដូច្នេះទេ អ្នកមានគោលនយោបាយដ៏ល្អ ប៉ុន្តែ នៅពេលអនុវត្ត អ្នកនឹងឃើញបញ្ហាដដែលៗម្ដងហើយម្ដងទៀត» ។ ដោយលោកបន្ថែមថា៖ «គោលនយោបាយល្អត្រូវការការដឹកនាំល្អ និងការអនុវត្តប្រកបដោយប្រសិទ្ធភាពជាចាំបាច់» ។
ដំឡើងប្រាក់ខែ កាត់បន្ថយភាពតានតឹងចិត្ត
អ្នកស្រី អ៊ុក ឆាយាវី ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ (CITA) បាននិយាយថា ក្រសួងអប់រំ យុវជន និងកីឡា គួរផ្ដោតការយកចិត្តទុកដាក់ថែមទៀតទៅលើបញ្ហាប្រាក់ខែរបស់គ្រូបង្រៀន មិនមែនធ្វើតែគោលនយោបាយមួយមុខនោះទេ ប្រសិនបើក្រសួងចង់ឱ្យវិស័យនេះល្អប្រសើរ ។
លោកស្រីបាននិយាយថា គ្រូបង្រៀនធ្វើការនៅសាលាឯកជនដោយសារតែប្រាក់ខែនៅសាលារដ្ឋទាបពេក ហើយពួកគាត់ត្រូវការចំណូលបន្ថែមជាចាំបាច់ដើម្បីទ្រទ្រង់គ្រួសាររបស់ពួកគាត់ ។
លោកស្រីបានបន្តថា ការដំឡើងប្រាក់ខែនឹងធ្វើឱ្យគ្រូបង្រៀនលែងសូវបារម្ភពីការរកការងារមួយទៀតធ្វើ ដូច្នេះវានឹងរួមចំណែកដល់ភាពប្រសើរឡើងនៃវិស័យនេះ ។
លោកស្រី ឆាយាវី បានលើកឡើងថា សាលារៀនឯកជនផ្ដោតខ្លាំងទៅលើការធ្វើឱ្យវិស័យអប់រំប្រសើរឡើង និងផ្ដល់ប្រាក់ខែច្រើនដល់គ្រូបង្រៀន ។
អភិវឌ្ឍជំនាញបង្រៀនដើម្បីបំពេញតម្រូវការ
លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ បានប្រាប់ ខេមបូចា ថា រដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ចំពោះគ្រូបង្រៀន ។ ក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ ប្រាក់ខែគ្រូគ្រប់កម្រិតចាប់តាំងពីកម្រិតមហាវិទ្យាល័យដល់កម្រិតបឋមសិក្សា ក៏បានកើនឡើងច្រើនដែរ ។
លោកស្រីអ្នកនាំពាក្យបានបន្តថា៖ «ប្រសិនបើយើងមើលប្រាក់ខែគ្រូបង្រៀនសព្វថ្ងៃ យើងឃើញថា ប្រាក់ខែទាបបំផុតរបស់គ្រូបង្រៀនចាប់ពី[…]កម្រិតបឋមសិក្សា គឺបាន ១,៤លានរៀលក្នុងមួយខែ» ។ លោកស្រីបានបន្ថែមថា ប្រាក់ខែនេះមិនទាន់បូកបញ្ចូលប្រាក់ឧបត្ថម្ភផ្សេងៗពីរដ្ឋាភិបាលនៅឡើយទេ ។
គ្រូបង្រៀនអភិវឌ្ឍជំនាញបង្រៀនរបស់ពួកគាត់ជាប់ជានិច្ច ដើម្បីឆ្លើយតបទៅនឹងតម្រូវការបច្ចុប្បន្ន និងបច្ចេកវិទ្យាដែលកាន់តែរីកចម្រើន ។ ពួកគាត់បានទទួលការបណ្ដុះបណ្ដាលផ្សេងៗជាច្រើនក្នុងពេលកន្លងមក ។ អ្នកខ្លះបានចាប់ផ្ដើមធ្វើការជាគ្រូបង្រៀនតាំងពីថ្នាក់ទី៧ ដោយក្រសួងបានអភិវឌ្ឍនិងកែលម្អស្តង់ដារសម្រាប់គ្រូបង្រៀន ។
លោកស្រី វិច្ឆិកា បាននិយាយថា៖ «គ្រូបង្រៀននៅកម្រិតបឋមសិក្សា យ៉ាងហោចណាស់ ត្រូវមានសញ្ញាបត្របាក់ឌុប និងការបណ្ដុះបណ្ដាលគរុកោសល្យពីរឆ្នាំ ។ គ្រូវិទ្យាល័យត្រូវមានបរិញ្ញាបត្រ បូកនឹងការបណ្ដុះបណ្ដាលគរុកោសល្យ ២ឆ្នាំ» ។
ក្រសួងតែងតែលើកទឹកចិត្តដល់លោកគ្រូអ្នកគ្រូដែលមិនទាន់បានបំពេញលក្ខខណ្ឌតម្រូវនេះ ឱ្យចូលរួមវគ្គបណ្ដុះបណ្ដាលបន្ថែមជានិច្ច ៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Cambodia’s Economic Activity Up But Education Needs Strengthening For Long-Term Growth