ការនាំចេញផលិតផលកសិកម្មរបស់កម្ពុជាបានរងផលប៉ះពាល់ដោយសារបញ្ហាដឹកជញ្ជូនសកល ពិសេសមិនមានកុងទីន័រគ្រប់គ្រាន់សម្រាប់ដឹកជញ្ជូន។
សហព័ន្ធស្រូវអង្ករកម្ពុជាបានអះអាងថា កង្វះទូរកុងទីន័រ ដោយសារតែវិបត្តិកូវីដ១៩ បានធ្វើឲ្យប៉ះពាល់ដល់ការនាំចេញរបស់ខ្លួន ទោះបីជាតម្រូវការទីផ្សារអង្ករកម្ពុជាមានខ្ពស់ក៏ដោយ។ អង្ករជាផលិតផលនាំចេញដ៏សំខាន់មួយរបស់កម្ពុជា ជាមួយនឹងផលិតផលសម្លៀកបំពាក់ និងស្បែកជើងផងដែរ។
អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា លោក លន់ យ៉េង មានប្រសាសន៍ថាបញ្ហាប្រឈមនេះកើតចេញពីការខ្វះខាតមធ្យោបាយដឹកជញ្ជូនសកល។
លោកឲ្យដឹងថា៖ «យើងមានអង្ករគ្រប់គ្រាន់សម្រាប់នាំចេញ។ យើងបានត្រៀមអង្ករចំនួន១០ម៉ឺនតោន សម្រាប់នាំចេញទៅប្រទេសចិន ប៉ុន្តែជាប់គាំង ដោយសារតែខ្វះទូរកុងទីន័រសម្រាប់ដឹក ខណ:តម្លៃក៏កើនឡើងថែមទៀត»។
ទោះបីយ៉ាងណា លោកបានបង្ហាញក្ដីសង្ឃឹមថាការនាំអង្ករចេញរបស់កម្ពុជានឹងអាចកើនឡើងវិញនៅចុងឆ្នាំនេះ ព្រោះថាមានតម្រូវការខ្ពស់នៅលើទីផ្សារអន្តរជាតិ។
លោកបន្ថែមថា៖ «យើងមិនទានអាចវាយតម្លៃបាននៅឡើយថាតើវិបត្តិកូវីដ១៩ នឹងប៉ះពាល់គោលដៅនាំអង្ករចេញ១លានតោនរបស់យើងឬយ៉ាងណានោះទេ។ យើងចាំមើលស្ថានភាពជាក់ស្ដែង ព្រោះអង្ករនាំចេញច្រើននៅរដូវប្រមូលផល»។
បើតាមសហព័ន្ធស្រូវអង្ករកម្ពុជា កម្ពុជាបាននាំអង្កចេញបានប្រហែល៧៦ ២០០តោន ឬគិតជាទឹកប្រាក់៦៤,៥លានដុល្លារ នៅពីរខែដំបូងនៃឆ្នាំ២០២១ ដែលចំនួននេះធ្លាក់ចុះ៤៤ភាគរយបើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ចិននៅតែជាប្រទេសធំបំផុតមួយរបស់ទីផ្សារអង្ករកម្ពុជា ដែលចំនួននាំទៅចិនមានរហូតដល់៤៩,៣ភាគរយ ខណៈសហភាពអឺរ៉ុបនៅលំដាប់ទីពីរមានប្រហែល២៥ភាគរយ។
លោក ស៊ីន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជា (CLA) បានឲ្យដឹងថាសមាជិកក្នុងផ្នែកដឹកជញ្ជូនបានជួបបញ្ហាធ្លាក់ចុះចំណូល៤០ភាគរយកាលពីឆ្នាំមុន។ ដោយសារតែប្រទេសមួយចំនួនបានបិទប្រទេស នាំឲ្យសកម្មភាពដឹកជញ្ជូនក៏បានកាត់បន្ថយ ហើយចំនួនកុងទីន័រក៏នៅជាប់គាំងនៅតាមប្រទេសមួយចំនួន ពិសេសនៅតំបន់អឺរ៉ុប និងសហរដ្ឋអាមេរិក។
លោកបន្ថែមថា៖ «សម្រាប់ទំនិញវិស័យកាត់ដេរ យើងប្រើកុងទីន័រប្រវែងប្រហែល ៤០ហ្វីត ដែលនេះមិនជាបញ្ហាទេ ប៉ុន្តែ សម្រាប់អង្ករយើងប្រើកុងទីន័រប្រវែងប្រហែល២០ហ្វីត ដែលប្រភេទនេះកំពុងខ្វះខាត»។
បើតាតាមទិន្ន័យរបស់ក្រសួងកសិកម្មបានឲ្យដឹងថា កម្ពុជាបាននាំអង្ករចេញ៦៩០ ០០០តោនក្នុងឆ្នាំ២០២០ កើនឡើង១១,៤ភាគរយបើធៀបនឹងឆ្នាំ២០១៩។
ផលិតផលកសិកម្មសំខាន់ៗផ្សេងទៀតរបស់កម្ពុជាមានដូចជាដំឡូងមី គ្រាប់ស្វាយចន្ទី ចេកអំបូងលឿង និងកៅស៊ូ។
លោក ហ៊ុន ឡាក់ នាយកក្រុមហ៊ុន Longmate Agriculture Co Ltd មានប្រសាសន៍ថា ក្រុមហ៊ុនរបស់លោកបានកាត់បន្ថយការនាំចេញព្រោះតែខ្វះកុងទីន័រ និងថ្លៃនាំចេញកើនឡើង២០ភាគរយ។
ក្រុមហ៊ុន Longmate Agriculture Co Ltd មានដី១.០០០ហិកតា ដាំចេកនៅខេត្តកំពត និងបាននាំទៅកាន់ប្រទេសចិន។
លោកបន្ថែមថា៖ «ពីមុនយើងបាននាំចេញរាល់ថ្ងៃ ប៉ុន្តែដោយសារវិបត្តិកូវីដ១៩ ក្រុមហ៊ុនបានប្ដូរមកនាំចេញមួយសប្ដាហ៍ម្ដងវិញ ដើម្បីសន្សំលើថ្លៃដឹកជញ្ជូន»។
លោក ស៊ុយ កុកធៀន នាយកអាជីវកម្មនៃសមាគមស្វាយចន្ទីកម្ពុជាប្រចាំខេត្តកំពង់ធំ មានប្រសាសន៍ថាកសិករពឹងលើការនាំចេញតាមផ្លូវគោកទៅប្រទេសវៀតណាម ដូចនេះហើយ ខាងលោកមិនប៉ះពាល់ដោយការបញ្ហាដឹកជញ្ជូនតាមផ្លូវទឹកទេ។
ប៉ុន្តែ លោកបន្តថាទីផ្សារតែមួយមិនអាចជួយកសិករឲ្យលក់បានតម្លៃល្អទេ ដោយថាកសិករលក់បានតម្លៃប្រហែល៥ ០០០រៀលក្នុងមួយគីឡូក្រាម។
លោកបន្តទៀតថា៖ «បើសិនជាមិនមានកូវីដ១៩ តម្លៃអាចថ្លៃជាង[៥ ០០០រៀល] ព្រោះយើងនឹងមានអ្នកទិញមកពីឥណ្ឌា និងជប៉ុន ដែលអ្នកទាំងនោះបានទាក់ទងយើងដើម្បីទិញគ្រាប់ស្វាយចន្ទីរួចហើយ…ប៉ុន្តែ កូវីដ១៩ បានធ្វើឲ្យពួកគេខកខានមកកម្ពុជា»។
លោកបន្ថែមថា មានប្រជាពលរដ្ឋជាង៣ ០០០គ្រួសារនៅទូទាំងប្រទេសនបានចុះឈ្មោះជាមួយសមាគម និងមានផ្ទៃដៃដាំស្វាយចន្ទីប្រហែល៥សែនហិកតា។
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Cambodia’s export-reliant agriproducts hit by shipping woes