បំណុលបរទេសរបស់កម្ពុជាបានកើនដល់ជាង ៩,១៨ពាន់លានដុល្លារអាមេរិក គិតត្រឹមឆមាសទីមួយ ឆ្នាំ២០២១ ហើយត្រូវបានរំពឹងថា នឹងកើនដល់ជាង ១០ពាន់លានដុល្លារអាមេរិក នៅចុងឆ្នាំនេះ ដោយកើនឡើងពីចំនួន ៨,៨ពាន់លានដុល្លារអាមេរិក កាលពីចុងឆ្នាំ២០២០។
សេចក្តីព្រាងច្បាប់លើការគ្រប់គ្រងហិរញ្ញវត្ថុឆ្នាំ២០២២ ដែលត្រូវបានផ្សព្វផ្សាយក្នុងសិក្ខាសាលា កាលពីថ្ងៃទី១៧ ខែសីហា ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បង្ហាញថាក្នុងចំណោមបំណុលបរទេស សរុបរបស់កម្ពុជា គឺចិនមានចំនួន ៤៣,៧៨ភាគរយ ខណៈពហុភាគីមាន ៣០,១៣ភាគរយ។ ហើយបំណុលនៅសេសសល់ពីនេះគឺបានពីប្រភពបណ្តាប្រទេសមួយចំនួនទៀត។
លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានថ្លែងនៅក្នុងសុន្ទរកថា ក្នុងការបង្ហាញសេចក្តីព្រាងនោះថា ប្រាក់ចំណូលជាតិ ជាពិសេសចំណូលមិនមែនពន្ធ ទំនងនឹងប្រឈមការធ្លាក់ចុះក្នុងឆ្នាំ២០២១ ដោយសារវិបត្តិជំងឺកូវីដ១៩ និងការកើនឡើងការចំណាយរបស់រដ្ឋាភិបាល ។
លោកបានថ្លែងថា៖ «ទោះបីយ៉ាងណាក៏ដោយ ឱនភាពថវិកាដ៏ធំនេះមិនមែនជាបញ្ហានោះទេ ដោយសាររដ្ឋាភិបាលមានប្រាក់សន្សំបន្ថែមដើម្បីបំពេញតម្រូវការទាំងនេះ»។
រដ្ឋាភិបាលបានចំណាយថវិកាចំនួន ៨២៩លានដុល្លារអាមេរិក ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ក្នុងឆ្នាំ២០២០ ហើយរំពឹងថា នឹងចំណាយ ១,៤ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២១។ នាពេលបច្ចុប្បន្ន រដ្ឋាភិបាលគ្រោងនឹងចំណាយថវិកាចំនួន ៩១០លានដុល្លារអាមេរិកបន្ថែម ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នៅឆ្នាំក្រោយ។
លោក អូន ព័ន្ធមុនីរ័ត្ន បានលើកឡើងថា នៅឆ្នាំ ២០២២ រដ្ឋាភិបាលនឹងប្រកាន់ខ្ជាប់គោលនយោបាយ «ត្រៀមលក្ខណៈសម្រាប់រឿងអាក្រក់បំផុត និងសង្ឃឹមចំពោះរឿងល្អ» ដើម្បីមានថវិកាគ្រប់គ្រាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ និងគាំទ្រសេដ្ឋកិច្ចនិងសង្គមនៅក្នុងរយៈពេលមធ្យម។
យោងទៅតាមការព្យាករណ៍របស់ក្រសួងសេដ្ឋកិច្ចកម្ពុជានឹងទទួលបានកំណើន ២,៤ភាគរយ ដោយធ្លាក់ចុះពី ៤ភាគរយ ដែលត្រូវបានព្យាករណ៍កាលពីដើមឆ្នាំនេះ។ កំណើនសេដ្ឋកិច្ចត្រូវបានព្យាករណ៍ថា នឹងកើនដល់ ៤,៨ភាគរយនៅឆ្នាំ២០២២។
បើយោងទៅតាមរបាយការណ៍បានឲ្យដឹងថា ចាប់ពីឆ្នាំ១៩៩៣ រហូតដល់ចុងឆ្នាំ២០២០ រដ្ឋាភិបាលកម្ពុជាបានចុះហត្ថលេខាលើកិច្ចសន្យាកម្ចី ជាមួយនឹងដៃគូអភិវឌ្ឍន៍ក្នុងចំនួនសរុប១៥,០៤ពាន់លានដុល្លារ ដែលក្នុងនោះ ៨៤ភាគរយគឺផ្តោតលើហេដ្ឋារចនាសម្ព័ន្ធ។
អង្គការសង្គមស៊ីវិលចំនួន ១៣ត្រូវបានអញ្ជើញឲ្យចូលរួមចែករំលែកយោបល់ផ្សេងៗជាមួយរដ្ឋាភិបាល ហើយរបាយការណ៍បានកត់សម្គាល់ថា ពួកគេបានស្នើឲ្យរដ្ឋាភិបាលប្រើប្រាស់កម្ចី ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល ហើយធានាការចូលរួមពីគ្រប់ភាគី ក៏ដូចជា ពង្រឹងដំណើរការលទ្ធកម្មសាធារណៈ។
អង្គការសង្គមស៊ីវិលបានលើកឡើងថា កម្ចីបរទេសគួរតែត្រូវបានប្រើប្រាស់សម្រាប់ ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ដូចជា ការពង្រឹងជំនាញវិជ្ជាជីវៈសម្រាប់កម្មករ និងពង្រីកសកម្មភាពសេដ្ឋកិច្ច។
លោក ប៉ិច ពិសី នាយកគ្រប់គ្រងអង្គការតម្លាភាពអន្តរជាតិ ដែលបានចូលរួមផ្តល់អនុសាសន៍បានប្រាប់ ខេមបូចា ថាមានតម្រូវការគណនេយ្យភាពបន្ថែមទៀតក្នុងការអនុវត្ត។
លោកបានថ្លែងថា៖ «យើងព្រួយបារម្ភអំពីស្ថានភាពនៅកម្ពុជា ដោយសារតែការវាយតម្លៃជាទូទៅ ពីអំពើពុករលួយ ថាតើកម្ចីនឹងត្រូវគ្រប់គ្រងដោយតម្លា សុចរិតភាព និងអភិបាលកិច្ចល្អឬទេ។ យើងសង្កេតឃើញថា មានភាពមិនប្រក្រតីនៅ ក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធគុណភាពទាប ហើយយើងត្រូវការប្រើប្រាស់កម្ចីដើម្បីសាងសង់ហេដ្ឋរចនាសម្ព័ន្ធប្រកបដោយគុណភាព»។
លោកពិសីបាននិយាយថា ខណៈកម្ពុជាត្រូវការកម្ចីខា្នតធំសម្រាប់គម្រោងអភិវឌ្ឍន៍ ចិនគឺជាប្រភពចម្បង ស្របពេលប្រទេសនិងដៃគូពហុភាគីមួយចំនួនមានការប្រយ័ត្នប្រយែងចំពោះការផ្តល់កម្ចីដល់ប្រទេសកំពុងអភិវឌ្ឍន៍។
លោកមានប្រសាសន៍ថា៖ «ដូច្នេះ កម្ពុជាមិនមានជម្រើសអ្វីក្រៅពីពឹងផ្អែកលើចិន សម្រាប់ប្រភពនៃការផ្តល់ហិរញ្ញប្បទានដែលមានលក្ខខណ្ឌងាយស្រួល ដែលនេះជាតម្រូវការនៅក្នុងយុទ្ធសាស្រ្តសេដ្ឋកិច្ច»។ ដោយលោកបន្ថែមថា៖ «ប៉ុន្តែកម្ពុជាត្រូវតែមានការប្រុងប្រយ័ត្នដើម្បីបញ្ចៀសពីការធ្លាក់ចូលក្នុងអន្ទាក់បំណុល ដែលនាំឲ្យមានការផ្ទេរទ្រព្យសម្បត្តិសាធារណៈ ដូចជា ករណីប្រទេសស្រីលង្កា»។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល បានមានប្រសាសន៍ថា ក្រសួងសេដ្ឋកិច្ច មានយន្តការ ស្រាប់ដើម្បីគ្រប់គ្រងបំណុលសាធារណៈ។
លោកបានថ្លែងថា៖ «ការព្រួយបារម្ភទាំងហ្នឹងគឺជាហេតុផលនយោបាយ មិនមែនបញ្ហាបច្ចេកទេស។ កម្ពុជានៅតែមានលទ្ធភាពសងបំណុលរបស់ខ្លួនជារៀងរាល់ឆ្នាំ សូម្បីនៅក្នុងបរិបទកូវីដ១៩ ក៏ដោយ។ បើប្រៀបជាមួយនឹងប្រាក់ចំណូលរបស់កម្ពុជា យើងនៅតែមានចន្លោះដើម្បីខ្ចីបន្ថែមទៀត ហើយភាសា «អន្ទាក់បំណុល» នេះត្រូវបានគេយកមកនិយាយអស់ជាច្រើនឆ្នាំមកហើយ»។
យោងទៅតាមរបាយការណ៍របស់ក្រសួង នៅឆ្នាំ២០២០ រដ្ឋាភិបាលបានសងកម្ចីទៅកាន់ដៃគូអភិវឌ្ឍន៍ សរុបចំនួន ៣៦០,៣០លានដុល្លារ។ ចាប់ពីឆ្នាំ១៩៩៣ រហូតដល់ចុងឆ្នាំ២០២០ រដ្ឋាភិបាលបានសងបំណុលសរុបចំនួន ២,១១ពាន់លានដុល្លារ។
មូលនិធិរូបិយវត្ថុអន្តរជាតិកាលពីពេលថ្មីៗនេះបានអនុម័តប្រាក់ជំនួយ ២៤០លានដុល្លារអាមេរិក ដល់កម្ពុជា ដើម្បីទ្រទ្រង់សេដ្ឋកិច្ចដែលរងការប៉ះពាល់ដោយការរាតត្បាតជំងឺ។ កាលពីខែមិថុនា ធនាគារពិភពលោកបានអនុម័តប្រាក់ ២០០លានដុល្លារអាមេរិក ក្នុងទម្រង់ឥណទានសមាគម អភិវឌ្ឍអន្តរជាតិសម្រាប់ការប្រយុទ្ធប្រឆាំងរបស់កម្ពុជាទៅនឹងការរាតត្បាតជំងឺ និងការជំរុញ សេដ្ឋកិច្ចតាមបណ្តោយព្រំដែនឡើងវិញ។
សេដ្ឋកិច្ចកម្ពុជាបានរងការប៉ះពាល់ខ្លាំងដោយសារវិបត្តិជំងឺកូវីដ១៩។ ទីភ្នាក់ងារចាត់ចំណាត់ថ្នាក់ឥណទាន Fitch Ratings មានមូលដ្ឋាននៅចក្រភពអង់គ្លេស បានកែប្រែការព្យាករណ៍កំណើន ផលិតផលក្នុងស្រុកពិតប្រាកដ ឆ្នាំ២០២១ សម្រាប់កម្ពុជា មកត្រឹម ២,៥ភាគរយ ដោយធ្លាក់ចុះពីការព្យាករណ៍ពីគ្រាមុនចំនួន ៣,៨ភាគរយ។
លោកឆេង គឹមឡុង អនុប្រធាន និងអ្នកស្រាវជ្រាវផ្នែកធុរកិច្ចនៅវិទ្យាស្ថានទស្សនវិស័យអាស៊ី(AVI) បាននិយាយថា បើប្រៀបជាមួយនឹងផលិតផលក្នុងស្រុកសរុបរបស់កម្ពុជា បំណុលបរទេសមិនទាន់ឈានដល់បន្ទាត់ក្រហមនោះទេ ហើយនៅតែអាចគ្រប់គ្រងបាន។
លោកបានថ្លែងថា៖ «ជាធម្មតា ប្រសិនបើយើងពឹងផ្អែកលើប្រភពកម្ចីតែមួយ វាអាចមានហានិភ័យ។ ប៉ុន្តែខ្ញុំគិតថា កម្ពុជាមានភាពវ័យឆ្លាតគ្រប់គ្រាន់ដើម្បីបញ្ចៀសមិនឲ្យធ្លាក់ចូលក្នុងអន្ទាក់បំណុល។ កម្ពុជានឹងមិនធ្លាក់ចូលក្នុងស្ថានភាពដូចស្រីលង្កានោះទេ»។
លោកបាននិយាយថា អត្រាបំណុលធៀបនឹងផលិតផលក្នុងស្រុកមិនត្រូវឲ្យលើសពី ៦០ភាគរយ នៃ ផលិតផលក្នុងស្រុកសរុបសម្រាប់ប្រទេសចំណូលទាបនិងមធ្យមនោះទេ ខណៈអត្រាសម្រាប់បណ្តា ប្រទេសអភិវឌ្ឍន៍អាចមានរហូតដល់ ៨០ភាគរយ។ ផលិតផលក្នុងស្រុកសរុបនាពេលបច្ចុប្បន្នរបស់កម្ពុជាមានជាង ២០ពាន់លានដុល្លារអាមេរិក៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Cambodia’s foreign debt tops $9 billion, with China accounting for more than 40 percent