កម្ពុជាមើលទៅហាក់ដូចជាប្រទេសមួយដែលមានការនិយមគ្រឿងស្រវឹង។ ក្នុងរយៈពេលពីរឆ្នាំនេះ មានក្រុមហ៊ុនផលិតស្រាបៀរក្នុងស្រុកថ្មីពីរបន្ថែមទៀតបានលេចចេញជារូបរាង ហើយអ្នកអាចឃើញផ្ទាំងផ្សព្វផ្សាយស្ទើរគ្រប់កន្លែងនៅក្នុងប្រទេស។
ប៉ុន្តែអ្នកជំនាញបារម្ភថា រដ្ឋាភិបាលហាក់កំពុងតែលើកទឹកចិត្តឲ្យមានការប្រើប្រាស់គ្រឿងស្រវឹង ព្រោះថាវាអាចជាប្រយោជន៍ដល់សេដ្ឋកិច្ច តែកំពុងព្រងើយកន្តើយទៅនឹងផលប៉ះពាល់អវិជ្ជមានដល់សង្គមពីការប្រើប្រាស់គ្រឿងស្រវឹងនេះ ខណៈច្បាប់ស្ដីពីការគ្រប់គ្រងគ្រឿងស្រវឹងកំពុងស្ថិតនៅក្នុងដំណាក់កាលសេចក្ដីព្រាងនៅឡើយ។
តែក្នុងរយៈពីរឆ្នាំប៉ុណ្ណោះ ក្រុមហ៊ុនផលិតស្រាបៀរក្នុងស្រុកចំនួនពីរគឺ Vattanac Brewery និង Hanuman Beverages បានហក់ចូលក្នុងទីផ្សារប្រកួតប្រជែងជាមួយក្រុមហ៊ុនធំៗបួនទៀតដែលកំពុងមានវត្តមានស្រាប់ គឺ Cambrew, Khmer Beverages, Cambodia Brewery Ltd និង Ganzberg Brewery។
ក្រុមហ៊ុនថ្មីពីរនេះបានវិនិយោគសរុបជាង ៣០០លានដុល្លារ។
ក្រុមហ៊ុន Vattanac Brewery Ltd គឺជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Vattanac Group ដែលវិនិយោគលើអាជីវកម្មជាច្រើន ចាប់វិស័យអចលនទ្រព្យ រហូតដល់វិស័យហិរញ្ញវត្ថុ។ ក្រុមហ៊ុន គឺជាម្ចាស់អគារវឌ្ឍនៈ និងធនាគារវឌ្ឍនៈ ផងដែរ។ លោក វឌ្ឍនៈ សំអាង ដែលមានងារជាឧកញ៉ា និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Vattanac Brewery Ltd មិនបានឆ្លើយតបសំណួរអ្នកសារព័ត៌មានដែលបានសួរតាមរយៈអ៊ីម៉ែលនោះទេ ទាក់ទងនឹងយីហោស្រាបៀថ្មីនេះ។
Hanuman Beverages ជាក្រុមហ៊ុនស្រាបៀរថ្មីមួយទៀតទើបបង្កើតឡើង និងបានយកតារារ៉េប ដ៏ពេញនិយម គឺលោក វ៉ាន់ដា ធ្វើជាអ្នកផ្សព្វផ្សាយផលិតផលរបស់ខ្លួនទៅកាន់យុវវ័យ។
ខេមបូចា មិនអាចទាក់ទងសុំការអត្ថាធិប្បាយណាមួយពីភាគីក្រុមហ៊ុនបានទេ ប៉ុន្តែបើតាមផែនការចែកចាយផលិតផលស្រាបៀររបស់ខ្លួន ក្រុមហ៊ុនហនុមានលើកឡើងថា៖ «យើងបានរៀបចំកន្លែងចែកចាយជាច្រើននៅក្នុងទីប្រជុំជននានា ហើយយើងនឹងធ្វើជាដៃគូជាមួយអាជីវករដែលអាចទុកចិត្តបានដើម្បីធានាថានឹងមានអ្នកចែកចាយនៅជិតលោកអ្នកបំផុត»។
កាលពីឆ្នាំ២០១៥ ទីផ្សារស្រាបៀរនៅកម្ពុជាមានតម្លៃមាន ១,០៣ពាន់លានដុល្លារ ហើយគេរំពឹងថានឹងកើនដល់ ២,២០ពាន់លានដុល្លារនៅឆ្នាំ២០២៥។ នេះបើតាមទិន្នន័យរបស់ក្រុមហ៊ុនស្រាវជ្រាវផ្នែកទីផ្សារ។ របាយការណ៍បង្ហាញថា ជាមធ្យមអ្នកផឹកគ្រឿងស្រវឹងម្នាក់អាចចំណាយគិតជាប្រាក់ដល់ ៦៧,៤២ដុល្លារ ក្នុងឆ្នាំ២០១៥។
លោក យ៉ង់ គឹមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្តិភាព មានប្រសាសន៍ថារដ្ឋាភិបាលហាក់ដូចជាបានលើកទឹកចិត្តដល់ការប្រើប្រាស់គ្រឿងស្រវឹង ដែលវាផ្ទុយទៅនឹងគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព។
លោកបន្ថែមថា៖ «រដ្ឋាភិបាលគួរតែមានការប្រុងប្រយ័ត្ន ខណៈដែលច្បាប់ស្ដីពីការគ្រប់គ្រងគ្រឿងស្រវឹងកំពុងស្ថិតក្នុងដំណាក់កាលពិភាក្សានៅឡើយ»។ លោកបន្តថា៖ «បើសិនជាយើងគិតពីចំណូលសម្រាប់សេដ្ឋកិច្ចវាច្រើនមែន ប៉ុន្តែបើគិតលើផលប៉ះពាល់សង្គមវាកាន់តែសំខាន់ទៅទៀត ហើយរដ្ឋគឺជាអ្នកខាតបង់ពេលមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង (ករណីជាច្រើនបង្កដោយសារបើកបរពេលស្រវឹង) ដែលចំណាយអស់រាប់រយលានដុល្លារក្នុងមួយឆ្នាំៗ»។
លោក គឹមអេង បន្តទៀតថា រដ្ឋាភិបាលបានរៀបចំសេចក្ដីព្រាងច្បាប់គ្រប់គ្រងគ្រឿងស្រវឹងតាំងពីឆ្នាំ២០១៥ ប៉ុន្តែសេចក្ដីព្រាងនេះនៅជាប់គាំងនៅក្រសួងពាក់ព័ន្ធមានដូចជាក្រសួងអប់រំ ក្រសួងសុខាភិបាល និងក្រសួងសាធារណការ។ លោកជឿថាការយឺតយ៉ាវលើសេចក្ដីព្រាងច្បាប់នេះអាចមកពីទំនាស់ផលប្រយោជន៍របស់អ្នកនយោបាយមានអំណាច និងវិស័យឯកជន។
ជារើយៗរាល់ការសម្ពោធបើកឲ្យដំណើរការក្រុមហ៊ុនផលិតស្រាបៀរតែងតែមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ និងមានឥទ្ធិពលរបស់រដ្ឋាភិបាល រួមមានទាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផងដែរ។
លោក គឹមអេង បន្ថែមថា៖ «អ្នកវិនិយោគមានទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកនយោបាយមានអំណាច។ ពួកគេ [អ្នកវិនិយោគ] អាចបញ្ចុះបញ្ចូលឲ្យមន្ត្រីកុំឲ្យច្បាប់នេះឆាប់ចេញ ព្រោះវាក៏ដើម្បីប្រយោជន៍ដល់បុគ្គលផងដែរ។ ដូចនេះហើយវាត្រូវពន្យារពេលមកដល់ពេលនេះ»។
លោកជឿងថាច្បាប់គួរតែផ្ដោតសំខាន់លើចំណុចចំនួនបួន មានការដំឡើងពន្ធលើគ្រឿងស្រវឹង រឹតបន្តឹងភាពដែលអាចរកបាននៃគ្រឿងស្រវឹង កម្រិតអាយុអ្នកប្រើប្រាស់ និងរឹតបន្តឹងលើការផ្សព្វផ្សាយពាណិជ្ជកម្ម។
រាល់ការផ្សព្វាផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងទាំងអស់គឺស្ថិតនៅក្រោមក្រសួងព័ត៌មាន និងរដ្ឋបាលខេត្ត និងរាជធានីភ្នំពេញ។
លោក លឹម ណូរ៉ា អនុប្រធានការិយាល័យផ្សព្វផ្សាយពាណិជ្ជកម្មសាលាក្រុងភ្នំពេញបដិសេដធ្វើអត្ថាធិប្បាយលើរឿងនេះ ដោយលោកបានបង្វែរសំណួររបស់ខេមបូចា ទៅថ្នាក់ដឹកនាំសាលាក្រុងវិញ។ លោក ម៉េត មាសភក្ដី អ្នកនាំពាក្យសាលាក្រុងភ្នំពេញ មានប្រសាសន៍ថាអាជ្ញាធរធ្វើតាមតែច្បាប់ ហើយគ្មានសិទ្ធិទៅកំណត់វិសាលភាពការផ្សព្វផ្សាយរបស់ក្រុមហ៊ុនគ្រឿងស្រវឹងនោះទេ។
លោកបន្ថែមថា៖ «លោកគួរតែសួរទៅកាន់ក្រសួងពាក់ព័ន្ធដែលបានចេញលិខិតអនុញ្ញាតឲ្យមានការផ្សព្វផ្សាយគ្រឿងស្រវឹង។ បើសិនជាវា[ការផ្សព្វផ្សាយ] ស្របទៅតាមច្បាប់ និងមានការអនុញ្ញាតពីក្រសួង នោះមិនមានអ្វីដែលយើងត្រូវចាត់វិធានការនោះទេ»។
អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោក ប៉ែន សុវិជាតិ មានប្រសាសន៍ថា អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ បានតាមដានរាល់ការផ្សព្វផ្សាយទាំងអស់ដើម្បីការពារប្រយោជន៍អ្នកប្រើប្រាស់។
លោកបន្ថែមថា៖ «យើងមិនទាន់មានច្បាប់ហាមឃាត់ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងនៅឡើយ ប៉ុន្តែយើងបានព្យាយាមរឹតបន្តឹងការផ្សាយណាដែលមានលក្ខណៈទាក់ទាញមនុស្ស ដូចជាការផ្តល់រង្វាន់ ដែលនេះក៏ជាការរួមចំណែកក្នុងការដាក់កម្រិតនៃការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងផងដែរ»។
បញ្ហាធំមួយនៃការប្រើប្រាស់គ្រឿងស្រវឹងលើសកម្រិត គឺការបើកបរទាំងស្រវឹង។ កាលពីឆ្នាំកន្លងទៅ UNDP បានចេញរបាយការណ៍មួយដោយបានបញ្ជាក់ថា ជាមធ្យមមនុស្ស ៥,៤នាក់ស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ក្នុងមួយថ្ងៃនៅកម្ពុជា និងថានៅឆ្នាំ២០១៩ មានអ្នករបួសដល់ទៅ១៣ ៧០០នាក់ និងមានអ្នកស្លាប់ជាង ២ ០០០នាក់ និងបានធ្វើឲ្យខាតបង់សេដ្ឋកិច្ចយ៉ាងខ្លាំង ដែលតាមការប៉ាន់ស្មានមានរហូតដល់ ៤៦៦,៨លានដុល្លារក្នុងមួយឆ្នាំ។
លោក គង់ រតនៈ នាយកវិទ្យាស្ថានសុវត្ថិភាពចរាចរណ៍ផ្លូវគោក មានប្រសាសន៍ថា ដោយសារតែមិនទាន់មានច្បាប់ គ្រឿងស្រវឹងគឺជាផ្នែកមួយនៃបញ្ហា។
លោកបន្ថែមថា៖ «យើងជំរុញឲ្យរដ្ឋាភិបាលពន្លឿនការធ្វើច្បាប់ ពីព្រោះថាការកើនឡើងនៃការចែកចាយគ្រឿងស្រវឹងជាហានិភ័យខ្ពស់មួយសម្រាប់សុខភាពសាធារណៈ ជាពិសេសយុវជនជំនាន់ក្រោយ»៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Cambodia’s growing alcohol industry raises concerns, as liquor law remains stalled