ព្រះមហាក្សត្រកម្ពុជា បានទទួលការព្យាបាលព្រះរោគដោយវះកាត់ ពីក្រុមវេជ្ជបណ្ឌិតចំណានៗ នៅមន្ទីរពេទ្យប៉េកាំង ប្រទេសចិន នៅវេលាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងព្រះបរមរាជវាំង ។
សេចក្តីប្រកាសព័ត៌មានបានចេញផ្សាយថា ព្រះមហាក្សត្រកម្ពុជា ព្រះបាទ នរោត្តម សីហមុនី បានយាងចាកចេញពីបន្ទប់វះកាត់រួចហើយនាថ្ងៃដដែល ក្រោមការយកចិត្តទុកដាក់ខ្ពស់បំផុត ពីក្រុមវេជ្ជបណ្ឌិតនៅក្នុងមន្ទីរពេទ្យប៉េកាំង ប្រទេសចិន ។
ទន្ទឹមនេះដែរ ក្រុមវេជ្ជបណ្ឌិតនៅមន្ទីរពេទ្យប៉េកាំង បានក្រាបបង្គំទូលថ្វាយ ព្រះករុណា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គគង់ប្រថាប់មួយរយៈពេលទៀត ក្រោយវះកាត់ដើម្បីពិនិត្យតាមដាន និងថែទាំព្រះរាជសុខភាពបន្ដនៅក្នុងមន្ទីរពេទ្យប៉េកាំង ។
ព្រះអង្គ និង សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសូមថ្លែងអំណរព្រះគុណ និងអរគុណ ថ្វាយសម្តេចព្រះសង្ឃរាជទាំងពីរគណៈ ប្រគេនព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ ព្រមទាំងបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានថ្វាយព្រះពរ និងបួងសួងសូមឱ្យព្រះអង្គ បានឆាប់ជាសះស្បើយពីព្រះរោគ ៕










