គណបក្សភ្លើងទៀនចាត់ទុកការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់កាលពីថ្ងៃអាទិត្យថាជាការបោះឆ្នោតដ៏អាក្រក់ដែលពោរពេញដោយការគាបសង្កត់ គំរាមកំហែង មិនប្រកបដោយសេរី និងយុត្តិធម៌។ ស្របពេលដែលគណបក្សមួយចំនួនទៀតចេញសេចក្ដីថ្លែងការណ៍ទទួលស្គាល់ការបោះឆ្នោតដោយតម្លាភាព និងយុត្តិធម៌។
បើតាមសេចក្ដីថ្លែងការណ៍របស់គណបក្សភ្លើងទៀន បានឱ្យដឹងថា គណបក្សខ្លួនបានរកឃើញមានភាពមិនប្រក្រតីមួយចំនួនទាំងមុន និងអំឡុងពេលដំណើរការបោះឆ្នោត ដូចជាការិយាល័យបោះឆ្នោតបិទនៅពេលរាប់សន្លឹកឆ្នោត ភ្នាក់ងារគណបក្សនយោបាយមិនត្រូវបានអនុញ្ញាតឱ្យចូលទៅជិតមណ្ឌលបោះឆ្នោត និងបង្ខំឱ្យចេញក្រៅជាដើម។
សេចក្ដីថ្លែងការណ៍បានថ្លែងថា៖ «វាជាការរំលោភបំពាន ហើយទាំងនេះបង្ហាញពីការក្លែងបន្លំសន្លឹកឆ្នោត»។
អនុប្រធានគណបក្សភ្លើងទៀនគឺលោក សុន ឆ័យ ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃចន្ទនេះថា ដំណើរការនៃការបោះឆ្នោតនេះ ប្រព្រឹត្តទៅដោយភាពអយុត្តិធម៌ និងត្រូវបានគំរាមកំហែង។
លោកបានមានប្រសាសន៍ថា៖ «យើងមិនទទួលស្គាល់លទ្ធផលទេ លទ្ធផលមិនឆ្លុះបញ្ចាំងពីឆន្ទៈរបស់ប្រជាជនទេ»។ លោកបន្តថា៖ «ទោះជាយ៉ាងនេះក្តី បើយើងទទួលយកកៅអីទាំងនោះ យើងទទួលយកអ្វីដែលជារបស់យើង ប៉ុន្តែយើងទទួលយកទាំងមិនសប្បាយចិត្ត»។
ចំណែកលោក សាម អ៊ីន អគ្គលេខាធិការគណបក្សប្រជាធិបតេយ្យមូលដ្ឋានបានឱ្យដឹងថា ការបោះឆ្នោតនៅក្នុងអាណត្តិនេះគឺមិនសូវជាខុសពីអាណត្តិមុននោះទេ គឺតែងតែមានវត្តមានអាជ្ញាធរមូលដ្ឋាននៅមុខការិយាល័យបោះឆ្នោត ដែលវាជាការបង្ហាញពីភាពមិនប្រក្រតី និងការបំភិតបំភ័យទៅដល់ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត។
លោក សាម អ៊ីន ថ្លែងថា៖ «យើងចង់ឱ្យគាត់យកចិត្តទុកដាក់ពីរឿងវត្តមានរបស់អាជ្ញាធរដែនដី ជាពិសេសប្រធានភូមិ អនុប្រធានភូមិ មេឃុំ ក្រុមប្រឹក្សាឃុំរបស់គណបក្សកាន់អំណាចហ្នឹង គឺកុំឱ្យគាត់មានវត្តមានក្បែរការិយាល័យបោះឆ្នោត ក្រោយពីគាត់បោះឆ្នោតរួច អ៊ីចឹង គជប គួរតែពិនិត្យរឿងនេះឡើងវិញសម្រាប់ការបោះឆ្នោតលើកក្រោយទៀត»។
ប៉ុន្តែលោក សុខ ឥសាន្ដ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានថ្លែងយ៉ាងដូច្នេះថា ការរៀបចំការបោះឆ្នោតរបស់គណៈកម្មាធិការជាតិ គឺជារឿងត្រឹមត្រូវ និងយុត្តិធម៌ហើយសម្រាប់គណបក្សចាញ់ឆ្នោត តែងតែនិយាយថាការបោះឆ្នោតវាមិនត្រឹមត្រូវនិងអាក្រក់បំផុត។
លោក ឥសាន្ត បន្ថែមថា ប្រសិនបើគណបក្សប្រឆាំងមើលឃើញថាមានភាពមិនប្រក្រតី ហេតុអ្វីមិនដាក់ពាក្យបណ្ដឹងទៅ គជប ដើម្បីដោះស្រាយ តែបែរជាមកឡាំប៉ាដូច្នេះទៅវិញ។
លោក ឥសាន្ត អះអាងថា៖ «ខាងគណបក្សប្រឆាំងគាត់មិនទទួលស្គាល់អាហីទៅ អ្នកចាញ់តែងតែបដិសេធចឹង បញ្ហាសំខាន់គឺប្រជាជនកម្ពុជាជាអ្នកទទួលស្គាល់ឬមិនទទួលស្គាល់ទេ»។
ជុំវិញករណីនេះ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ថ្លែងប្រាប់ខេមបូចាថា ការបោះឆ្នោតអាណត្តិទី៥នេះ គឺប្រព្រឹត្តទៅដោយរលូន និងមិនមានការគំរាមកំហែង ឬប៉ះពាល់ទៅដល់ការបោះឆ្នោតឡើយ ពោលគឺប្រកបទៅដោយបរិយាកាសរីករាយ ខណៈពលរដ្ឋប្រមាណ៨០%បានអញ្ជើញទៅបោះឆ្នោត។
លោកបន្ថែមថា៖ «បរិយាកាសក្នុងថ្ងៃបោះឆ្នោតគឺរលូន គ្មានអំពើហិង្សា ហើយមានការយោគយល់និងសហការគ្នាគ្រប់ភាគីពាក់ព័ន្ធ ហើយប្រជាពលរដ្ឋក៏មានស្នាមញញឹមក្នុងការចេញទៅបោះឆ្នោតផងដែរ»។
លោកបន្ថែមទៀតថា ថ្វីបើដំណើរការនៃការបោះឆ្នោតប្រព្រឹត្តទៅដោយរលូន តែក្នុងកំឡុងពេលបោះឆ្នោត គណៈកម្មាធិការរៀបចំការបោះឆ្នោតឃុំសង្កាត់ បានទទួលពាក្យបណ្ដឹងចំនួន៩ ហើយកំពុងតែបន្តនីតិវិធីស៊ើបអង្កេត និងដោះស្រាយ។ តែលោកចាត់ទុកថា បញ្ហានេះមិនបានគំរាមកំហែង ឬធ្វើឱ្យប៉ះពាល់ទៅដល់ដំណើរការបោះឆ្នោត ឬរាប់សន្លឹកឆ្នោតឡើយ។
លោក ពុទ្ធា អះអាងថា៖ «រាល់ខ្លឹមសារនេះ[ពាក្យបណ្ដឹង] មិនបានធ្វើឱ្យប៉ះពាល់ទៅដល់ការបោះឆ្នោតទេដោយសារតែចំនួនហ្នឹងអាចនិយាយបានថា តិចតួចហើយមិនមែនជារឿងធំដុំនោះទេ»។
តែយ៉ាងណាមិញ លោកឆ័យ បានបញ្ជាក់ដែរថា គណបក្សភ្លើងទៀន កំពុងប្រមូលសំណុំរឿងមិនប្រក្រតីដែលកើតឡើងក្នុងពេលបោះឆ្នោត ហើយដាក់ទៅ គជប។ ហើយគណបក្សប្រជាធិបតេយ្យមូលដ្ឋាន កំពុងពិចារណាថានឹងដាក់ពាក្យបណ្ដឹង០២ករណីនៅខេត្តសៀមរាបនិងខេត្តកំពតផងដែរ។
សូមជម្រាបជូនថា ប្រជាពលរដ្ឋជាង៧លានក្នុងចំណោមជាង៩លាននាក់បានចេញទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ នៅថ្ងៃអាទិត្យទី៥ ខែមិថុនា ឆ្នាំ២០២២។
យោងតាមលទ្ធផលបណ្តោះអាសន្ន ដែលចេញផ្សាយដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បង្ហាញថា គណបក្សប្រជាជនកម្ពុជា (CPP) ហាក់ដូចជាទទួលជ័យជម្នះ ភ្លូកទឹកភ្លូកដីនៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នៅថ្ងៃទី៥ ខែមិថុនា បន្ទាប់មកគណបក្សភ្លើងទៀន។
បើតាមលទ្ធផលដដែលបង្ហាញថា ក្នុងចំណោមគណបក្សនយោបាយចំនួន១៧ ដែលបានចូលរួមការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំសង្កាត់កាលពីថ្ងៃទី៥ ខែមិថុនា មានតែគណបក្សប្រជាជនកម្ពុជា និងគណបក្សភ្លើងទៀនប៉ុណ្ណោះដែលគ្រងតំណែងជាមេឃុំ។
ក្នុងចំណោមឃុំសង្កាត់សរុបចំនួន ១ ៦៥២ ទូទាំងប្រទេស គណបក្សប្រជាជនកម្ពុជាទទួលបានតំណែងមេឃុំ-ចៅសង្កាត់ចំនួន ១ ៦៤៨ បន្ទាប់មកគណបក្សភ្លើងទៀនទទួលបានតែ៤ ប៉ុណ្ណោះ។
ចំណែកលោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន បានប្រាប់ឱ្យដឹងថា គណបក្សខ្លួនបានឈ្នះក្រុមប្រឹក្សាឃុំសង្កាត់ចំនួនជាង ២ពាន់អាសនៈ។ ដែលជាលទ្ធផលបង្ហាញថា គណបក្សភ្លើងទៀនឈ្នះឃុំចំនួន៣ក្នុងខេត្តកំពង់ធំ និងឃុំមួយទៀតនៅខេត្តកំពង់ចាម។
លោក អំ សំអាត នាយកចាត់ការទូទៅ នៃអង្គការលីកាដូ ដែលបានតាមដាន និងឃ្លាំមើលចំពោះការបោះឆ្នោត បានមានប្រសាសន៍ថា ខាងមន្រ្តលីកាដូ ដែលមានស្នាក់ការនៅតាមខេត្តក្រុងទាំង១៦ បានសង្កេតឃើញថា មានភាពមិនប្រក្រតីមួយចំនួនកំឡុងពេលបោះឆ្នោត អាណត្តិទី៥នេះ ដូចជាសកម្មភាពអាជ្ញាធរដើរកត់ឈ្មោះពលរដ្ឋ វត្តមានសមត្ថកិច្ចនៅការិយាល័យបោះឆ្នោតជាដើម។
លោក សំអាត ថ្លែងថា៖ «មានអាជ្ញាធរភូមិឃុំ អាជ្ញាធរសង្កាត់ឈរចាំកត់ឈ្មោះក្នុងបរិវេណ និងជាប់បរិវេណចឹងទៅ ហើយការិយាល័យមួយពីរ ក៏មានកងកម្លាំងប្រដាប់អាវុធតែអត់មានតួនាទី រហូតដល់គណៈកម្មាធិការជាតិគេឱ្យចេញចឹងទៅ»។
ចំពោះសកម្មភាពទាំងនេះ ខាងអង្គការលីកាដូ បានចាត់ទុកថាបានរំលោភបំពានទៅលើសិទ្ធិ និងប៉ះពាល់ទៅលើការសម្រេចចិត្តរបស់ប្រជាពលរដ្ឋ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់។
លោកបន្តថា៖ «មានបុគ្គលខ្លះទៀតដើរសួរប្រជាពលរដ្ឋតាមផ្ទះថាបោះឆ្នោតឱ្យអ្នកណា អាហ្នឹងយើងចាត់ទុកថាប៉ះពាល់ទៅលើសិទ្ធិ និងស្មារតីរបស់អ្នកបោះឆ្នោត ឬក៏ទាក់ទងនឹងសិទ្ធិការសម្រេចចិត្ត ឆន្ទៈរបស់គាត់»។
ចំណែកលោក កន សាវាង្ស អ្នកសម្របសម្រួលផ្នែកអង្កេត និងតស៊ូមតិនៃអង្គការខុមហ្វ្រែល បានថ្លែងប្រាប់ខេមបូចាថា តាមរយៈការសង្កេតរបស់លោកកំឡុងពេលបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥នេះ គឺឃើញថាមានភាពមិនប្រក្រតីទាក់ទងនឹងការមិនគោរពគោលការណ៍នៃច្បាប់ នៅតាមមណ្ឌលបោះឆ្នោតមួយចំនួន ដែលភាគច្រើនអាជ្ញាធរមូលដ្ឋាន ហាក់មិនទាន់យល់ពីគោលការណ៍ច្បាប់ និងគោរពបទបញ្ញតិឱ្យបានត្រឹមត្រូវ ។ លោកបន្តថា បញ្ហានេះ គឺកើតឡើងដដែលៗ មិនខុសពីការបោះឆ្នោតអាណត្តិមុនៗឡើយ។
លោក សាវាង្ស ថ្លែថា៖ «អ្វីដែលខ្ញុំពិនិត្យមើលឃើញ អំពីស្ថានភាពមិនប្រក្រតី គឺរឿងសំខាន់ជាងគេ គឺការគោរពគោលការណ៍ច្បាប់ មានដំណើរការសកម្មភាពដដែលៗមិនខុសពីឆ្នាំកន្លងមកទេ»។
លោក សាវាង្ស បានសង្កេតឃើញថា មានភាពមិនប្រក្រតីផ្សេងទៀត របស់អាជ្ញាធរ រួមមានវត្តមានសមត្ថកិច្ច ក្រុមប្រឹក្សាឃុំសង្កាត់ មេឃុំ សមាជិកឃុំ ភាគច្រើនបង្ហាញខ្លួននៅកន្លែងបោះឆ្នោត ហើយមានការកត់ឈ្មោះអ្នកមកចូលរួមបោះឆ្នោតជាដើម។
លោកបន្ថែមទៀតថា៖ «រឿងសំខាន់ទាំងអាជ្ញាធរទាំងក្រុមការងារមន្រ្តីការិយាល័យបោះឆ្នោត ហាក់ដូចទទួលការយល់ដឹងពីបទបញ្ជា និងនីតិវិធីមិនទាន់ច្បាស់លាស់ក្នុងដំណើរការហ្នឹង។ ទន្ទឹមនឹងនេះ វាកើតឡើងនូវភាពមិនប្រក្រតីមួយចំនួន ដែលជាចំណុចមួយជះឥទ្ធិពលដល់ការសម្រេចចិត្ត ការចូលរួមរបស់ពលរដ្ឋក្នុងការបោះឆ្នោតនេះផងដែរ»។
ថ្វីបើគណបក្សប្រជាជនមានសម្លេងគាំទ្រឈ្នះលើសលប់ ហើយបក្សភ្លើងទៀនជាប់ត្រឹមតែ៤ឃុំក៏ពិតមែន ប៉ុន្តែលោក សាវាង្ស រំពឹងថា បេក្ខជនជាមេឃុំថ្មីរបស់បក្សភ្លើងទៀន នឹងមិនមានការគំរាមកំហែង ឬការរឹតត្បិតណាមួយឡើយ ពិសេសគឺការទំលាក់កញ្ចប់ថវិកាក្នុងការអភិវឌ្ឍឃុំសង្កាត់។
លោកបន្ថែមថា៖ «យើងចាំមើលនៅក្នុងការអនុវត្តផ្ទាល់ជាក់ស្ដែងថាតើវាមានការជះឥទ្ធិពលយ៉ាងណាសម្រាប់បេក្ខជន ដែលគាត់ទៅកាន់ជាមេឃុំហ្នឹង តែជាបទពិសោធន៍កាលពី២០១៧ ឃុំទាំងឡាយដែលមានបក្សនយោបាយប្រកៀកប្រកិតគ្នាអ៊ីចឹងច្រើនតែមានការប្រែប្រួល ក្រកួតប្រជែងគ្នាសម្រាប់ការអភិវឌ្ឍនៅក្នុងឃុំហ្នឹង»។
យ៉ាងណាមិញ ជុំវិញបញ្ហានេះ លោក សាវាង្ស បានទទូចស្នើសុំឱ្យអ្នកពាក់ព័ន្ធនានា ពិសេសរដ្ឋាភិបាល ធ្វើការពិនិត្យមើលអំពីគោលការណ៍ទាំង៦ចំណុចជាអប្បបរមានៃការបោះឆ្នោត ដើម្បីពិនិត្យមើលឡើងវិញនូវចំណុចអវិជ្ជមានមួយចំនួននៅក្នុងដំណើរការបោះឆ្នោតដោយសេរី និងយុត្តិធម៌៕