សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

បក្សភ្លើងទៀននឹងរកមធ្យោបាយតាមផ្លូវច្បាប់ជំរុញឱ្យមានការដោះលែងអ្នកទោសនយោបាយមុនបោះឆ្នោត២០២៣

លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀនថ្លែងមុខពន្ធនាគារព្រៃស បន្ទាប់សួរសុខទុក្ខអ្នកទោសអតីតបក្សសង្រ្គោះជាតិចំនួន២៣នាក់។ រូបថតនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២។ ខេមបូថា/ សុវណ្ណ ស្រីពេជ្រ
លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀនថ្លែងមុខពន្ធនាគារព្រៃស បន្ទាប់សួរសុខទុក្ខអ្នកទោសអតីតបក្សសង្រ្គោះជាតិចំនួន២៣នាក់។ រូបថតនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២។ ខេមបូថា/ សុវណ្ណ ស្រីពេជ្រ

អនុប្រធានគណបក្សភ្លើងទៀន លោក សុន ឆ័យ អះអាងថានឹងសិក្សាលើលទ្ធភាពផ្លូវច្បាប់​ដើម្បីធានាអ្នកទោសនយោបាយចំនួន ២៣នាក់បាននៅក្រៅឃុំ ខណៈអ្នកទោសទាំងនោះ​ទទូច​ឱ្យរដ្ឋាភិបាលដោះលែងពួកគេនៅក្រៅឃុំ ឬអាចព្យួរទោសរបស់ពួកគេដែលនៅសល់ ដើម្បីធានានូវបរិយាកាសល្អសម្រាប់ការបោះឆ្នោតនាពេលខាងមុខ។

បន្ទាប់ពីបញ្ចប់ការសួរសុខទុក្ខអ្នកទោសនយោបាយនៅមណ្ឌលកែប្រែទី១នៃពន្ធនាគារព្រៃស លោក សុន ឆ័យ បានលើកឡើងថា ក្នុងនាមលោកជាអ្នកនយោបាយមានការបារម្ភអំពីបញ្ហា អ្នកទោសនយោបាយដែលកំពុងអនុវត្តទោសក្នុងពន្ធនាគារ ខណៈអ្នកទាំង២៣រូបនោះបាន​ស្នើ​ឱ្យរដ្ឋាភិបាលដោះលែងពួកគេឱ្យនៅក្រៅឃុំ ឬអនុវត្តសិទ្ធិព្យូរទោស ដើម្បីបង្ហាញនូវ​ការ​គោរព​សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងបង្កបរិយាកាសល្អដល់ការបោះឆ្នោតជ្រើសរើស​តំណាងរាស្រ្តនាឆ្នាំខាងមុខ។

លោកថ្លែងថា៖ «យើងខ្ញុំជាអ្នកនយោបាយមានការព្រួយបារម្ភ ដោយសារយើងចង់ឃើញ​ប្រទេស​កម្ពុជាយើងអនុវត្តលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សបានត្រឹមត្រូវ»។ 

នៅចំពោះមុខអ្នកសារព័ត៌មាន អនុប្រធានគណបក្សភ្លើងទៀនរូបនេះ អះអាងថា មេធាវី​គណបក្សភ្លើងទៀននឹងបន្តការងារទៅតាមនីតិវិធីច្បាប់ ដើម្បីឱ្យអ្នកទោស​នយោបាយ​អាច​រស់នៅក្រៅឃុំបាននៅពេលខាងមុខនេះ។

លោកបន្តថា៖ «យើងចង់មកស្ដាប់ថាអាចធ្វើអីបាន ខ្ញុំនឹងទៅសួរនាំគេដែរ តើមាននីតិវិធីអ្វីខ្លះ ដើម្បីជួយគាត់បាននៅក្រៅឃុំ ព្រោះករណីនយោបាយ វាគួរតែមានសិទ្ធិព្យួរទោសដូចករណី​៩វិច្ឆិកាទោសដូចគ្នាបន្ថយមក៥ឆ្នាំហើយព្យូរទោសបាននៅក្រៅឃុំ»។

លោក សុន ឆ័យ រំពឹងថា រដ្ឋាភិបាលនឹងយកចិត្តទុកដាក់ទ្រទ្រង់លទ្ធិប្រជាធិបតេយ្យ ហើយ​មាន​​ឆន្ទៈដើម្បីសម្រួលដល់អ្នកនយោបាយ បន្ទាប់ពីមានការស្នើសុំឱ្យ​អ្នកទោស​នយោបាយ​បាននៅក្រៅឃុំ ត្បិតថាកន្លងមករដ្ឋាភិបាលធ្លាប់បានឈឺឆ្អាលបញ្ហានយោបាយប្រទេសភូមា ដូច្នេះលោកចង់ឃើញរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់បញ្ហាអ្នកទោសនយោបាយ​ក្នុង​ប្រទេស​ខ្លួនដូចប្រទេសភូមាដែរ ដើម្បីឱ្យបរិយាកាសនៅក្នុងការបោះឆ្នោតឆ្នាំ២០២៣ មាន​ភាពល្អប្រសើរ។

លោកឱ្យដឹងថា៖ «ក្នុងមួយឆ្នាំកន្លងមកនេះ រដ្ឋាភិបាលបានធ្វើការងារ​ច្រើនក្នុងការជួយ​ប្រទេសជិតខាង ក្នុងការរកសន្តិភាព​ដោះស្រាយជម្លោះនយោបាយនៅភូមា លោកបាន​អំពាវនាវតាំងពីរឿងកាត់ទោសប្រហារជីវិត លោកប្រឆាំងការសម្រេចចិត្តរដ្ឋបាល​យោធា​ភូមា។ វាជាកត្តាមួយដើម្បីធ្វើម៉េចឱ្យមានបរិយាកាសល្អនៅក្នុងប្រទេសយើង ដើម្បីទៅជួយ​គេបានយើងក្នុងប្រទេសគួរមានបរិយាកាសល្អ»។

លោកបញ្ជាក់ថា នៅថ្ងៃអាទិត្យនេះ លោកនឹងទៅជួយជាមួយអ្នករាយការណ៍ពិសេស​របស់​អង្គការសហប្រជាជាតិ ហើយក្នុងនាមលោកជាអ្នកនយោបាយមួយរូប​ លោកមិនចង់ឃើញ​អ្នកទោសអ្នកនោះស្លាប់ក្នុងមន្ទីរឃុំឃាំងឡើយ ត្បិតថាពួកគាត់បានអនុវត្តទោស​បានច្រើន​ឆ្នាំហើយ ម្យ៉ាងសុខភាពពួកគាត់ក៏ទ្រុឌទ្រោមផងនោះ​ ហើយពួកគាត់មិនបានបង្កគ្រោះថ្នាក់​អ្វីដល់សង្គមឡើយ។

លោកបន្ថែមថា៖ «គួរតែមានការយោគយល់ ខ្ញុំឃើញម្នាក់ៗដែលខ្ញុំបានជួបសុខភាព​គាត់អត់​ស្រួលទេ យើងមិនចង់ឱ្យគាត់ស្លាប់ក្នុងមន្ទីរឃុំឃាំងទេ»។

ចំណែកលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជន មានប្រសាសន៍ថា កម្ពុជា​មិនមាន​អ្នកទោសនយោបាយឡើយ មានតែអ្នកនយោបាយដែលជាប់ទោស ព្រោះបានប្រព្រឹត្តខុស។ លោកបន្តថា  ចំពោះប្រទេសដែលប្រកាន់ច្បាប់ជាធំ គេមិនអាចយក​សំណូមពរមកដោះ​ស្រាយ​បញ្ហានោះឡើយ។

លោកថ្លែងថា៖ «សំខាន់នៅកម្ពុជាអត់មានអ្នកជាប់គុកនយោបាយទេ មានអ្នកនយោបាយ​ជាប់​គុក ដោយសារអ្នកនយោបាយហ្នឹងបានល្មើសច្បាប់»។

លោក ឥសាន ចាត់ទុកថា ការលើកឡើងរបស់គណបក្សភ្លើងទៀន គ្រាន់តែជាសិទ្ធិបញ្ចេញ​មតិ​តែ​ប៉ុណ្ណោះ ប្រសិនបើពិនិត្យទៅលើទិដ្ឋភាពច្បាប់របស់កម្ពុជា គឺមិនអាចទៅរួចឡើយ។

លោកបញ្ជាក់ទៀតថា៖ «ការសំណូមពរ ការលើកឡើងជាមតិ អាហ្នឹងយើងចាត់ទុកថា​ជាសិទ្ធិ​បញ្ចេញមតិ ក៏ប៉ុន្តែសិទ្ធិបញ្ចេញមតិវាមិនអាចគ្រប់ដណ្ដប់ទៅលើច្បាប់បានទេ»។

លោកបន្ថែមថា បរិយាកាសនយោបាយល្អ ឬមិនល្អមិនអាស្រ័យទៅលើ​បក្សប្រឆាំងជា​អ្នក​និយាយ​ទេ ព្រោះបក្សប្រឆាំងមិនដែលនិយាយអ្វីល្អ និងត្រឹមត្រូវទៅតាមស្ថានភាព​ជាក់ស្ដែង​ឡើយ។

ជុំវិញបញ្ហានេះ លោកអំ សំអាត នាយកចាត់ការទូទៅនៃអង្គការ លីកាដូ យល់ឃើញថា ការ​អនុវត្ត​ទោសទៅលើអតីតសមាជិកគណបក្សសង្រ្គោះជាតិជុំវិញព្រឹត្តិការណ៍៩វិច្ឆិកា គឺជារឿង​នយោបាយច្រើនជាងការអនុវត្តន៍ច្បាប់ ហើយលោកចង់ឃើញមានការជជែក​ចរចាគ្នាឡើង​វិញ​ជុំវិញបញ្ហានេះ។

លោកឱ្យដឹងថា៖ «យើងជាអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិចាត់ទុកថាជារឿង​នយោបាយ​​ជាងការអនុវត្តច្បាប់ ហើយយើងទទូចឱ្យអ្នកនយោបាយជើងចាស់​បន្តនូវ​វប្បធម៌​ចរចាសន្ទនាគ្នាដើម្បីរកដំណោះស្រាយ »។

លោក សំអាត អះអាងថា ក្នុងនាមជាអង្គការសង្គមស៊ីវិល លោកចង់ឃើញអ្នកទោស​នយោបាយ​ទាំងនោះមានសេរីភាពឡើងវិញ ដើម្បីបង្កជាបរិយាកាសល្អ មុននឹងការ​បោះ​ឆ្នោត​ឆ្នាំ២០២៣ខាងមុននេះ។

លោកបន្តទៀតថា៖ «ការបោះឆ្នោតជាតិឆ្នាំ២០២៣ក៏ជិតចូលមកដល់ដែរ ចឹងទៅដើម្បី​ឱ្យ​មាន​បរិយាកាសនៃការបោះឆ្នោតវាល្អប្រសើរ ខ្ញុំគិតថាអ្នកនយោបាយទាំងអស់​គួរតែគិតគូរ​ទៅលើ​អតីតគណបក្សប្រឆាំងអាចនឹងត្រូវបានដោះលែងដូចការអនុវត្តនៃវប្បធម៌កន្លងមក»។​

យ៉ាងណាមិញកាលពីថ្ងៃម្សិលមិញ សាលាឧទ្ធរណ៍រាជធានីភ្នំពេញ បានបើកសវនាការជំនុំ​ជម្រះ​លើបណ្ដឹងឧទ្ធរណ៍របស់សកម្មជនបក្សសង្រ្គោះជាតិ ដែលបានប្ដឹងប្រឆាំងទៅនឹង​សេចក្ដី​សម្រេច​របស់សាលាដំបូងរាជធានីភ្នំពេញ។ អ្នកទាំងនោះ ត្រូវវបានតុលាការ​កាត់​ទោស​ឱ្យពួកគេជាប់ពន្ធនាគារម្នាក់ៗ៥ឆ្នាំ​ ក្រោមបទចោទប្រកាន់ «រួមគំនិតក្បត់ និងញុះញង់​បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»

ចំណែកកាលពីថ្ងៃទី១៧ ខែមីនា កន្លងទៅ សាលាដំបូងរាជធានីភ្នំពេញបានផ្ដន្ទាទោសថ្នាក់​ដឹកនាំ​គណបក្សសង្រ្គោះជាតិ ចំនួន ១០ឆ្នាំក្រោមបទចោទប្រកាន់ «ញុះញង់ឱ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋជាអាទិ៍ ញុះញង់ឱ្យយោធិនមិនស្ដាប់បញ្ជា និង​រួមគំនិតក្បត់»

គួរជម្រាបជូនថា សកម្មជនបក្សប្រឆាំងចំនួន១២នាក់ និងអតីតមន្ត្រីក្រសួងមហាផ្ទៃម្នាក់ រួមមាន លោក ថៃ សុគន្ធា, ឡុង ផារី, ឃឹម ភាណា, សុខ ចន្ថា, កែវ  ថៃ, ជុំ ចាន់, ស៊ុន ធន់, ហ៊ិន ឆាន, យឹម សារ៉េត, ពាប ម៉ាប់, ឃុត ច្រឹក, ងិន ឃាន និងអតីតមន្ត្រីក្រសួងមហាផ្ទៃ លោក ឈុន ប៊ុនឆាត ត្រូវបានដាក់ពន្ធនាគារម្នាក់ៗ៥ឆ្នាំ ក្រោមបទ«រួមគំនិតក្បត់ និងញុះ​ញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ប៉ុន្តែអនុវត្តទោសក្នុងពន្ធនាគារ ចំនួន៣ឆ្នាំ៨ខែ។

ចំណែកថ្នាក់ដឹកនាំគណ​បក្សសង្គ្រោះជាតិ ចំនួន៧នាក់ រួមមាន លោក សម រង្សី, លោកស្រី ជូឡុង សូមូរ៉ា, លោកស្រី មូរ សុខហួរ, លោក តុប វណ្ណចាន់, លោក នុត រំដួល, លោក ហូរ វ៉ាន់, លោក អេង ឆៃអ៊ាង  ត្រូវបានតុលាការប្រកាសឱ្យជាប់ទោស ក្នុងម្នាក់ៗ១០ឆ្នាំ ក្រោមបទ​ចោទ«ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ញុះញង់ឱ្យយោធិនមិនស្ដាប់បញ្ជា និង​រួមគំនិត​ក្បត់»៕

452 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម