ក្រុមកម្មកររោងចក្រកាត់ដេរសំលៀកបំពាក់ ឃែនធើរេន អឹបភែរឹល(ខេមបូឌា) ប្រមូលគ្នាទៅយាមទាំងពេលយប់និងពេលថ្ងៃក្នុងបរិវេណរោងចក្រចាប់ពីថ្ងៃអង្គារនេះកុំឱ្យមានការដឹកជញ្ជូនសម្ភារៈចេញពីរោងចក្រស្ងាត់ៗ បន្ទាប់ពីរោងចក្របានបិទទ្វាកាលពីថ្ងៃចន្ទ។
អ្នកស្រី សុខ ម៉ាលី អាយុ៤០ឆ្នាំ ជាមេសហជីពដើម្បីសិទ្ធិការងារ និងតំណាងកម្មករនៅរោងចក្រកាត់ដេរសំលៀកបំពាក់ ឃែនធើរេន អឹបភែរឹល(ខេមបូឌា) មានប្រសាសន៍ថា ព្រឹកថ្ងៃចន្ទ ថៅកែរោងចក្របានបិទទ្វារមិនឱ្យកម្មករចូលធ្វើការ នាំឱ្យពួកគេធ្វើការបិទផ្លូវប្រហែល១ម៉ោងដើម្បីតវ៉ា រហូតទាល់តែអាជ្ញាធរចុះអន្តរាគមន៍ឱ្យបើកទ្វាររោងចក្រវិញ ទើបក្រុមកម្មករអាចទៅអង្គុយនៅបរិវេណខាងក្នុងរោងចក្រ។
បើតាមតំណាងកម្មកររូបនេះ ឱ្យដឹងថា នៅព្រឹកថ្ងៃចន្ទក៏មានការចរចាគ្នារវាងភាគីកម្មករជាមួយអាជ្ញាធរប៉ុន្តែនៅពុំទាន់មានដំណោះស្រាយណាមួយឡើយ និងរងចាំការចរចាបន្តនៅថ្ងៃព្រហស្បតិ៍។
អ្នកស្រីនិយាយថា៖ «ដល់ម៉ោងចេញសិន គេមិនឱ្យអង្គុយរហូតទេ ផុតម៉ោងគេបិទទ្វារហើយ ប៉ុន្តែពួកខ្ញុំ មានតែនៅយាមមុខរោងចក្រ ព្រោះខ្លាចគេដឹកម៉ាស៊ីន យប់នេះមានបងប្អូននៅយាមមុខរោងចក្រ»។
អ្នកស្រី ម៉ាលី បានឱ្យដឹងកាលពីថ្ងៃអង្គារនេះថា កម្មកររោងចក្រចាប់ផ្តើមមកដេកយាមនៅយប់ថ្ងៃអង្គារនេះទៅ ពីព្រោះពួកគាត់បារម្ភក្រែងម្ចាស់រោងដឹកសម្ភារៈពីរោងចក្រដោយស្ងាត់ៗ ដោយសារតែកម្មករមិនទាន់បានទទួលសំណងពីថៅរោងចក្រជនជាតិម៉ាឡេស៊ីកាត់ចិននៅឡើយទេ។
អ្នកស្រី ណុប បូផាន អាយុ៣៩ឆ្នាំ ដែលធ្វើការរោងចក្រនេះអស់រយៈពេល២២ឆ្នាំ បាននិយាយថា អ្នកស្រីនឹងនៅដេកយាមពីមុខរោងចក្រ ដោយមិនកំណត់ថារយៈពេលប៉ុន្មានថ្ងៃឡើយ លុះត្រាតែមានដំណោះស្រាយ។
អ្នកស្រី បូផាន បន្តថា ក្នុងករណីរោងចក្របិទទ្វារសូមឱ្យទូទាត់ប្រាក់តាមច្បាប់ការងារឱ្យបានឆាប់ ដើម្បីងាយស្រួលឱ្យអ្នកស្រីស្វែងរកការងារថ្មី។
អ្នកស្រី បូផាន បន្ថែមថា៖«រកការងារធ្វើប៉ុន្តែចាំឱ្យចប់នៅនេះសិន ខ្ញុំអត់ទាន់ដឹងថាបានលុយនេះមកយកធ្វើអីដែរ ដោយសារអត់ដឹងថាលុយនេះបានប៉ុណ្ណា ហើយក៏អត់ដឹងថាបាននៅក្នុងពេលណាចឹង អត់ទាន់គិតសំខាន់គិតតែបច្ចុប្បន្នឥលូវនេះទេ អត់ដឹងថាបានប៉ុន្មានទេ»។

អ្នកស្រី ព្រួន សុផល អាយុ ៦២ ឆ្នាំ ជាកម្មករផ្នែកតុកាត់ ដែលធ្វើការអស់រយៈពេល២១ឆ្នាំ និយាយថា បន្ទាប់ពីឈប់សម្រាកពីការងារនៅរោងចក្រនេះ អ្នកស្រីនឹងមិនរកការងារធ្វើទៀតឡើយ ហើយសម្រេចចិត្តប្រកបរបរលក់ឥវ៉ាន់ចាបហួយជំនួសវិញ នៅពេលទទួលបានប្រាក់សំណងដែលរោងចក្រផ្ដល់ឱ្យ។
អ្នកស្រី ឱ្យដឹងថា៖«លក់ដូរអីមុខផ្ទះចិញ្ចឹមជីវិតខ្លួនឯងទៀតព្រោះអីខ្ញុំអត់មានកូនទេ»។
លោក ឌាវ គឹមប៊ូ បុគ្គលិករដ្ឋបាលនៃរោងចក្រឃែនធើរេន អឹបភែរឹល(ខេមបូឌា) បានប្រាប់សារព័ត៌មានខេមបូចាថា លោកបានឈប់ធ្វើការតាំងពីដើមខែឧសភាមក។
លោក ខេន លូ អគ្គលេខាធិការនៃសមាគមរោងចក្រកាត់ដេរនៅកម្ពុជា ហៅកាត់ថា (GMAC) មានប្រសាសន៍ថា រាល់ការបិទរោងចក្រ ថៅកែពុំដែលជូនដំណឹងដល់ខាងសមាគមឡើយ។
លោក លូ បានផ្ដល់យោបល់ថា ក្នុងករណីរោងចក្របិទ អាជ្ញាធរអាចរឹបអូសទ្រព្យសម្បត្តិយកទៅលក់ ដើម្បីបើកប្រាក់ឱ្យទៅក្រុមកម្មករ។
លោក លូ ថ្លែងថា៖«យកទ្រព្យសម្បត្តិក្រុមហ៊ុនទៅលក់បានលុយប៉ុន្មានបើកឱ្យកម្មករទៅ គ្រប់ រឺអត់គ្រប់រឿងផ្សេងទៀត»។
លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ មានប្រសាសន៍ថា អាជ្ញាធរបាននឹងកំពុងដោះស្រាយលើវិវាទការងារមួយនេះ ព្រមទាំងមិនអនុញ្ញាតឱ្យមានការដឹកសម្ភារៈចេញពីរោងចក្រឡើយ។
លោកបានលើកឡើងថា៖ «ដំណោះស្រាយយើងបានពិភាក្សាគ្នាហើយ សំណើរសុំធ្វើយ៉ាងម៉េចកុំឱ្យម្ចាស់ដីចាក់សោរ និងបើកទ្វាដើម្បីឱ្យកម្មករចូលទៅរោងចក្រជួយមើលការដឹកឥវ៉ាន់ចេញផង។ យើងមិនឱ្យដឹកឥវ៉ាន់ចេញទេ ទុកឱ្យគាត់ចរចាគ្នារកដំណោះស្រាយ អ្វីដែលបានគោរពក្នុងការចរចា។
សារព័ត៌មានខេមបូចាពុំអាចទាក់ទងលោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទេ ដោយខលពុំមានអ្នកលើកទូរសព្ទ។
កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ កម្មកររោងចក្រកាត់ដេរសំលៀកបំពាក់ ឃែនធើរេន អឹបភែរឹល(ខេមបូឌា) បានធ្វើការបិទផ្លូវ បន្ទាប់ពីពួកគេត្រលប់មកពីពិធីបុណ្យចូលឆ្នាំខ្មែរវិញ ហើយមិនឃើញសម្ភារៈមួយចំនួនក្នុងរោងចក្រ។រោងចក្រនេះមានកម្មករសរុបចំនួនជាង១ពាន់នាក់ ប៉ុន្តែបច្ចុប្បន្ននៅសល់ជាង៣០០នាក់ប៉ុណ្ណោះក្នុងនោះប្រមាណ២០០នាក់ជាកម្មករដែលធ្វើការច្រើនឆ្នាំ៕