សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

កសិករ ​និងសិប្បករកែច្នៃ​ស្វាយចន្ទី​នៅ​តែជួបការលំបាក​ដោយ​សារ​​ឈ្មួញ​នៅ​តែ​គ្រលុកតម្លៃ​ជីថ្នាំកសិកម្ម​​និង​ខ្វះ​ទុន

ទិដ្ឋភាពចម្ការស្វាយចន្ទីនៅក្នុងខេត្តកំពង់ធំដែលផុសក្នុងផេកមន្ទីរកសិកម្មខេត្តកំពង់ធំកាលពីខែឧសភា ឆ្នាំ២០២៣។
ទិដ្ឋភាពចម្ការស្វាយចន្ទីនៅក្នុងខេត្តកំពង់ធំដែលផុសក្នុងផេកមន្ទីរកសិកម្មខេត្តកំពង់ធំកាលពីខែឧសភា ឆ្នាំ២០២៣។

កសិករ​ និង​សិប្បករត្អូញត្អែរថា បើទោះបីជាគ្រាប់​ស្វាយចន្ទី​​​មាន​បរិមាណ​នាំចេញ​រហូត​ដល់​១ភាគ៣​នៃ​កសិផល​សរុប​របស់​កម្ពុជាក្តី​​តែការអភិវឌ្ឍ​វិស័យ​នេះ​នៅមាន​កម្រិតដោយ​សារ​​​នៅ​​តែ​មាន​​បញ្ហាប្រឈម​​ជាច្រើន​ក្នុង​នោះ​មាន​ទាំង​ឈ្មួញ​គ្រលុក​តម្លៃជីថ្នាំកសិកម្មមាន​តម្លៃ​​​ថ្លៃ និង​​ការ​ខ្វះ​ទុន សម្រាប់​​ទិញ​គ្រាប់​ស្វាយ​ចន្ទីទុក​កែច្នៃ ខណៈ​គ្រាប់​ស្វាយ​ចន្ទីឆៅ​រហូត​ដល់​៩០​ភាគ​រយ​ត្រូវ​បាន​នាំ​ចេញទៅក្រៅប្រទេស។

បើ​តាម​សមាគម​ស្វាយចន្ទីកម្ពុជា ដំណាំស្វាយចន្ទីបាន​ជួយអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទ​ដែល​មាន​ប្រជាពលរដ្ឋ​​ចំនួន​ ២៥ ០០០គ្រួសារ​(កម្ពុជា​មាន​ពលរដ្ឋ​៦លានកន្លះគ្រួសារ​)​ប្រកបរបរ​ដាំដំណាំ​ស្វាយចន្ទី។ លើសពីនេះ​វិស័យ​ស្វាយចន្ទី​​អាច​បង្កើត​ការងារ​តាម​រដូវ​សម្រាប់​ពល​រដ្ឋ​​ប្រហែល​១២ម៉ឺននាក់។ ​ប៉ុន្តែទោះ​យ៉ាង​នេះក្តី​ការអភិវឌ្ឍលើវិស័យនេះ​នៅ​មានកម្រិតនៅ​ឡើយ​ដោយហេតុថា កម្ពុជានៅខ្វះហេដ្ឋា​រចនាសម្ព័ន្ធ​ក្រោយ​ប្រមូល​ផល​ធ្វើ​ឱ្យ​រំហូរគ្រាប់​ស្វាយចន្ទីឆៅ​ភាគ​ច្រើន​លើសលប់ ត្រូវ​នាំចេញទៅក្រៅប្រទេស​នាំឱ្យកសិករ​បាត់​បង់តម្លៃ​បន្ថែម​និង​មិនអាច​បង្កើតការងារ​អចិន្ត្រៃយ៍​ដល់​ពលករក្នុង​សហគមន៍​បាន​។

លោក អួន ស៊ីឡុត ប្រធានសមាគម​ស្វាយចន្ទីកម្ពុជា(សសក)បាន​ប្រាប់​ខេមបូចា​កាល​ពីថ្ងៃ​ទី១៨ខែ​កក្កដា​ថា បញ្ហា​ប្រឈម​របស់​វិស័យ​ស្វាយចន្ទីបច្ចុប្បន្ន​គឺ​បញ្ហា​ទុនបង្វិលសម្រាប់​ទិញ​គ្រាប់​ស្វាយ​ចន្ទីឆៅសម្រាប់​កែច្នៃក្នុងចង្វាក់ផលិតកម្មពេញ១ឆ្នាំគឺអត់ទាន់​មានទេ​រហូត​មកដល់​ពេលនេះ​​បើទោះបីជាធនាគាររដ្ឋ (SME Bank) ​បាន​​ប្រកាស​ផ្តល់​ប្រាក់​​១០០​លាន​ដុល្លារ​សម្រាប់​ជួយដល់សហគ្រាសក្នុង​ស្រុក​ក្នុងការ​ប្រកួត​ប្រជែងទិញគ្រាប់​ស្វាយ​ចន្ទី​​នៅ​​រដូវ​​​ប្រមូលផល​(រដូវជន់)​ដើម្បីជួយកសិករក្តី។

ប៉ុន្តែ​លោកថ្លែងថា៖ «សំខាន់សហគ្រាសរបស់​យើង​គាត់អត់មានលក្ខខណ្ឌគ្រប់​គ្រាន់​ក្នុង​ការ​ទទួល​កម្ចីហ្នឹង។ អ៊ីចឹង​កំហុសនេះ​វាអាច២ ទី១គឺដោយ​សារ​តែសហគ្រាសហ្នឹង​ពុំទាន់​ចេះ​រៀបចំរបាយការណ៍ហិរញ្ញវត្ថុ​តាមស្តង់ដា​រដែល​អាចទុកចិត្ត​បាន ហីទី២​ធនាគារ​មាន​លក្ខខណ្ឌមួយ​ចំនួន​ដែល​យើង​ពិបាក​ក្នុងការ​ទទួលយក»។

លោក អួន ស៊ីឡុត ​បានឱ្យដឹង​ថា នៅក្នុង​ឆ្នាំ២០២៤​នេះ​ផ្ទៃ​ដីដាំដុះស្វាយចន្ទីមានសរុប​​៧០​ម៉ឺនហិកតា​ក្នុង​នោះ​៥២ម៉ឺន​ហិកតាកំពុង​ប្រមូលផល ឯ១៨ម៉ឺនហិកតាទៀត​មិនទាន់​អាច​ប្រមូលផល​បាន​(នៅដើម​តូចៗ)​នៅ​ឡើយ។ ចំណែកសហគ្រាសកែច្នៃគ្រាប់ស្វាយ​ចន្ទីកាល​ពីឆ្នាំ២០២៣​មាន​ចំនួន៤១ ហើយ​នៅ​ក្នុង​ឆ្នាំ២០២៤នេះ​បានកើនដល់៤៦សហគ្រាស​ដោយ​ក្នុង​នោះ​៣៨​សហគ្រាស​​ជា​សមាជិកសមាគម​ស្វាយចន្ទីកម្ពុជា។

ប្រធានសមាគ​ម​ស្វាយ​ចន្ទី​​កម្ពុជា​លើកឡើង​ទៀត​ថា៖ «បើសិនមិនមានការ​ផ្តល់ទុនបង្វិល​ណាមួយ​ដើម្បី​បន្ធូរបន្ថយ​លក្ខខណ្ឌដល់សហគ្រាស​ទេ​យើង​មិនអាចមានលទ្ធភាពក្នុងការ​ទិញគ្រាប់​​សម្រាប់​កែច្នៃ​បាន​ទេ។ សហគ្រាសជាច្រើនជាសហគ្រាសលក្ខណៈគ្រួសារដែល​គាត់​អាច​ផលិតបាន​ក្រោម១០០​តោន​ក្នុង​១ឆ្នាំ​ អ៊ីចឹង​១០០​តោនហ្នឹង​គាត់​ធ្វើតែ១ខែ២ខែអស់​បាត់​ហើយ»​

យ៉ាងណាក្តី​លោក អួន ស៊ីឡុត បាន​លើកឡើង​ថា រដ្ឋាភិបាល​ក៏បាន​ជួយ​ដល់​វិស័យ​កសិកម្ម​​មួយ​ចំនួនធំ​ផងដែរ តាម​រយៈ​ការ​លើកលែងពន្ធ ប៉ុន្តែនៅមិន​ទាន់​បាន​ជួយ​លើ​ទុនបង្វិល​ដែល​​ត្រូវឱ្យ​ធនាគារ​ទាំង​ឡាយ​បង្កើតគោល​នយោបាយ​ថ្មីចំពោះវិស័យ​​ស្វាយចន្ទី​ក្នុងការ​បន្ធូរបន្ថយ​លក្ខខណ្ឌ​មួយចំនួន​ទើបសហគ្រាសអាច​ទទួល​យកកម្ចី​យកទៅប្រើប្រាស់​និង​ការ​ទិញ​គ្រាប់​​ស្វាយ​ចន្ទី​ឆៅ​ពីកសិករ។

លោក ឃឹម ហ្វីណង់ អ្នក​នាំ​ពាក្យ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ថ្លែង​ប្រាប់​ខេមបូចា ​កាលពីថ្ងៃទី១៨ ខែកក្កដា ​ថា គិត​ត្រឹម​ឆ្នាំ​២០២៤​នេះ​កម្ពុជា​មានផ្ទៃ​ដី​​ស្វាយចន្ទី​កំពុង​ប្រមូល​ផល​ប្រមាណជាង៥០ម៉ឺនហិកតាហើយ​ទទួល​បាន​ទិន្នផល​សរុប​ប្រហែល​៧០​ម៉ឺន​តោនក្នុង​១ឆ្នាំ។

លោកថ្លែងថា៖ «តាំងពីពេល​កន្លង​មក​ក្រសួងកសិកម្ម​បាន​ធ្វើការ​ជួយ​ជំរុញវិស័យ​នេះ​តាម​រយៈការលើក​ទឹក​ចិត្ត​ឱ្យ​កសិករចងក្រងគ្នា​ជាសហគមន៍​កសិកម្ម​ទំនើប​ដើម្បីធ្វើ​យ៉ាង​ណា​ឱ្យ​ថ្លៃដើមផលិត​ធ្លាក់​ចុះ ​គុណភាពមានស្តង់ដានិង​ក៏ដើម្បី​ធ្វើឱ្យ​បរិមាណ​ផ្គត់​ផ្គង់​​មាន​ទំហំធំ​ផង​ដែរ ដើម្បី​លើក​ទឹកចិត្តឱ្យអ្នកវិនិយោគ​ធ្វើការ​កែច្នៃក្នុង​ស្រុកនិងធ្វើការ​នាំចេញ»។​

គោល​នយោបាយ​ជាតិ​ស្តីពី​ស្វាយ​ចន្ទី​រយៈ​ពេល​៥​ឆ្នាំ(​២០២២-២០២៧)​ ដែល​ដាក់​ចេញ​​ដោយ​ក្រសួង​ពាណិជ្ជកម្ម មាន​គោល​បំណង​ដំណើរការ​កែច្នៃក្នុង​ស្រុក​ឱ្យ​បាន​​យ៉ាង​តិច២៥​ភាគរយ​ នៃ​ទិន្នផល​គ្រាប់ស្វាយចន្ទី​របស់​ប្រទេស​នៅត្រឹម​ឆ្នាំ​២០២៧​​។​

បើតាម​ក្រសួង​ពាណិជ្ជកម្ម ការ​វិនិយោគ​សំខាន់ៗ​កំពុង​ត្រូវ​បាន​ធ្វើឡើង​ដើម្បី​គាំទ្រ​ដល់​ការ​ផ្លាស់ប្តូរ​នេះ រួម​ទាំង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ក្រុមហ៊ុន​ជប៉ុន​ដូចជា Mirarth Holdings Inc និង Top Planning Japan Co Ltd ដើម្បី​បង្កើន​សមត្ថភាព​កែច្នៃ​នៅក្នុង​ខេត្តកំពង់ធំ​។​

បើតាម សសក កម្ពុជាត្រូវការ​មូលធន​សរុប​ប្រមាណ៣២៩លានដុល្លារដើម្បី​អភិវឌ្ឍ​ន៍​លើការ​កែច្នៃហេដ្ឋា​រចនាសម្ព័ន្ធ​ស្វាយចន្ទីក្នុង​រយៈ​ពេល​៥ឆ្នាំ​ស្រប​តាម​គោល​នយោ​បាយ​ជាតិ​ស្តីពី​ស្វាយចន្ទីឆ្នាំ២០២២-២០២៧។

ប្រធាន​សមាគមស្វាយចន្ទីកម្ពុជា​បាន​​លើក​ឡើង​​ថា បច្ចុប្បន្ន​កម្ពុជា​មាន​សហគ្រាស​ធុន​តូច​តែ៤២​និង​មធ្យម​៦​ប៉ុណ្ណោះ​​ហើយ​បើ​ចង់​ឱ្យមានការ​កែច្នៃឱ្យ​បាន​២៥ភាគ​​រយ(១៧៥ ០០០​តោន​)ក្នុង​រយៈ​ពេល​៥​ឆ្នាំ​ស្របតាមគោល​នយោបាយ​ជាតិ​ស្តីពីស្វាយ​ចន្ទី កម្ពុជា​ត្រូវការ​រោង​ចក្រ​ខ្នាត​មធ្យម​ចំនួន​៣៥លើ​ទុន​វិនិយោគ​២៦,២៥លាន​ដុល្លារ ត្រូវការ​ទុន​បង្វិល​២៦៥,៥​លាន​ដុល្លារ និង​ហេដ្ឋារចនាសម្ព័ន្ធ​គ្រប់​គ្រង​ក្រោយ​ប្រមូលផល​មាន​ដូចជាឃ្លាំងស្តុកគ្រាប់​២២,៧៥លាន​ដុល្លារ​និង​ទីលានហាលគ្រាប់​១៧,៥លាន​ដុល្លារ។

លោក អួន ស៊ីឡុត ​មានប្រសាសន៍ថា៖ «ការបង្កើនការវិនិយោគលើស្វាយចន្ទី​មិនមែនជាការ​ប្រថុយប្រថានឡើយ ដ្បិតកម្ពុជា​ជាប់​លេខ៣នៅលើពិភពលោក​ដែល​អាចផលិត​ស្វាយចន្ទី​ចន្លោះ​ពី៦០ម៉ឺនតោនទៅ​៨០ម៉ឺន​តោន​ក្នុង​១ឆ្នាំ។ម្យ៉ាង​ទៀតគ្រាប់ស្វាយចន្ទីពូជអ៊ឹម២៣​ជា​ប្រភេទ​ចន្ទីដែល​មានគ្រាប់ធំរសជាតិឆ្ងាញ់និង​មានសារធាតុចិញ្ចឹម​ច្រើនជាង​គេកំពុង​តែល្បី​លើទីផ្សារ​អន្តរជាតិ»

សមាគម​ស្វាយចន្ទីកម្ពុជា​ជាដៃគូសហការ​ជាមួយសហគមន៍កសិកម្មចំនួន៤៤​នៅក្នុង​ខេត្ត​ចំនួន៨​រួមមាន​ខេត្ត​កំពង់ធំ១៣សហគមន៍ ព្រះវិហារ​១៤សហគមន៍​ក្រចេះ៦សហគមន៍ ស្ទឹង​ត្រែង​៥​សហគមន៍ ត្បូងឃ្មុំ២សហគមន៍ កំពង់ឆ្នាំង១សហគមន៍​ ឧត្តរមានជ័យ១សហគ​មន៍ និងខេត្ត​រតនគិរី​២សហគមន៍។

កសិករក្នុង​ខេត្ត​កំពង់ធំបេះផ្លែស្វាយចន្ទីនៅក្នុងចម្ការដែលផុសក្នុងផេកមន្ទីរកសិកម្ម​ខេត្ត​កំពង់ធំ កាលពីខែឧសភា ឆ្នាំ២០២៣។

បញ្ហា​ប្រឈម​របស់កសិករដាំស្វាយចន្ទី

បញ្ហា​ទីផ្សារដែល​ឈ្មួញ​តែង​តែ​បញ្ចុះ​តម្លៃ​​នៅ​រដូវប្រមូលផល ​និង​ការ​ចំណាយថ្លៃដើម​ផលិត​​ខ្ពស់​ខណៈ​ជី​ថ្នាំ​កសិកម្ម ​និង​គ្រឿងយន្ត​កសិកម្ម​មាន​តម្លៃថ្លៃ​ នៅ​តែ​​ជាបញ្ហា​ប្រឈម​សម្រាប់​កសិករដាំស្វាយចន្ទី។

កសិករ​ឈ្មោះ ​ខឿង ដារ៉ា អាយុ៣៤ឆ្នាំ​រស់​នៅភូមិអូរអន្ត្រែង ឃុំ​រលួសមានជ័យ ស្រុកអូរ​គ្រៀងសែន​ជ័យ ខេត្តក្រចេះ ដែល​មាន​ចម្ការ​ស្វាយ​ចន្ទី៥ហិកតា និងកំពុងរៀបចំដាំថែម២​ហិកតាបាន​ប្រាប់ ​ខេមបូចា ថា ​សម្រាប់ការដាំដុះ និងថែទាំស្វាយចន្ទី​លោកមិនសូវជាមាន​បញ្ហា​​ប្រឈម​នោះ​ទេដោយសារលោក​បានរៀនសូត្របច្ចេកទេសពី​សមាគម ស្វាយចន្ទី​​កម្ពុជា​​។

លោកបញ្ជាក់​ថា៖ «តែចំពោះការលក់នៅតែជាបញ្ហាដោយសារពេលផលិតបាន​ហើយតម្លៃអាចធ្លាក់​ចុះពិសេសពេលពេញប្រមូលផល»

លោក ខឿង ដារ៉ា បានឱ្យដឹង​ទៀតថា នៅក្នុង​រដូវកាលប្រមូលផលក្នុង​​ឆ្នាំ២០២៤​នេះ​ចម្ការ​ស្វាយ​ចន្ទី​របស់​លោកប្រមូលបានជាង១២តោន លក់បានជាង៥០លាន​រៀល​កាត់ថ្លៃកម្មករ​រើស​ប្រមូល​ស្វាយ​ចន្ទី​អស់​១២លាន​រៀល​(១គ.ក១០០០រៀល) និងថ្លៃថែទាំអស់​១៥លាន​រៀល​​នៅ​សល់ប្រាក់ចំណេញបាន​តែជាង២០លានរៀល​ប៉ុណ្ណោះ​​។

បើតាម​លោក ​ខឿង ដារ៉ា ​កាលពី​ឆ្នាំមុនលោក​លក់ស្វាយ​ចន្ទី​ចន្លោះពី​៤៧០០ទៅ៥៥០០​រៀល​​​ក្នុង​១គីឡូក្រាម។ ​តែឆ្នាំនេះលក់បានតម្លៃតែពី៤២០០ទៅ​៤៧០០​រៀល​តែប៉ុណ្ណោះ​ក្នុង​១គីឡូក្រាមគឺធ្លាក់ថ្លៃ​អស់៨០០​រៀល​ក្នុង​១គីឡូក្រាម។​

កសិករ​ដាំស្វាយចន្ទី​រូប​នេះ​លើកឡើង​ថា៖ «ប្រាក់ចំណេញជាង២០លាន​រៀល​ស្តាប់ទៅដូច​គួរ​សម តែបើផាត់ថ្លៃហូបចុកចំណាយក្នុងគ្រួសារ១ខែ១,៥លានរៀល​ឃើញថាអាចរួចខ្លួន​និងសល់តិចតួចតែនៅបង់កាប្រាក់ដែល​ជំពាក់​ធនាគារសរុប​១៧ ០០០ ដុល្លារដោយត្រូវ​បង់​ក្នុង១ខែជិត២០០ដុល្លារឃើញថាមិនអាចផ្គត់ផ្គង់គ្រប់ទេ»

លោក ខឿង ដារ៉ា ដែល​ក៏ជាគ្រូបង្រៀន​ផងដែរនោះ ក្រៅពីដាំដំណាំស្វាយចន្ទី ​លោក​ក៏ដាំ​ដំឡូង​មី ហើយ​ភរិយា​លោក​ក៏លក់ដូរបន្តិចបន្តួចនៅផ្ទះផង​ដែរ។

លោកនិយាយ​ថា៖ «សម្រាប់​ខ្ញុំ​ទាល់​តែ​មានមុខរបរបន្ថែមទើបអាចរត់រួច តែបើកសិករ​សុទ្ធសាត​ខ្នាតតូចហើយពឹងតែ​លើស្វាយចន្ទី​មួយ​មុខ​អាចពិបាក។​អ្វីដែលចង់បានគឺការ​ជួយបង្កើតសហគមន៍និងឃ្លាំង​សម្រាប់ជួយកសិករក្នុងតំបន់ឱ្យចេះហាលគ្រាប់​ស្វាយចន្ទី​ទុកលក់ពេលតម្លៃល្អ»

ចំណែក​​កសិករ​ដាំស្វាយ​ចន្ទីម្នាក់​ទៀត​ គឺ​លោក ទ្រី គឹមស្រ៊ាង អាយុ៣៤ឆ្នាំ នៅភូមិអង្គរ​សែន​ជ័យ(តំបន់អូរកូដ) ឃុំក្លែង ស្រុកសណ្តាន់ ខេត្តកំពង់ធំ ដែល​មាន​ចម្ការ​ស្វាយ​ចន្ទីទំហំ​១៤​ហិកតា (ដើមអាយុ១០ឆ្នាំ)​បាន​ថ្លែង​ថា បញ្ហា​ដែល​កសិករ​កំពុង​ជួប​ប្រឈម​គឺធាតុចូល​កសិកម្ម (ជី ថ្នាំ គ្រឿងយន្តកសិកម្ម) ដែល​មានតម្លៃថ្លៃ ថែមទាំង​សំបូរជីថ្នាំកសិកម្ម​ក្លែង​ក្លាយ បន្លំគុណភាព​​។

​លោក ​គឹមស្រ៊ាង ​​បាន​លើក​លើកពី​បញ្ហា​ប្រឈម​ផ្សេង​ទៀត​​ថា៖ «ការប្រែប្រួលអាកាស​ធាតុ​តម្លៃចន្ទី​នៅ​ទាប និងឈ្មួញគ្រលុកតម្លៃតាមចិត្ត ព្រោះមិនសូវមានតម្រូវការក្នុងស្រុកដោយ​សារបច្ចុប្បន្ន​សិប្បកម្ម សហគ្រាសកែច្នៃក្នុងស្រុកមានតិចតួចបំផុតនៅឡើយ»

កសិករ​ដាំស្វាយ​ចន្ទី​ និង​ដាំដំឡូង​មី​រូប​នេះ​បាន​ឱ្យដឹង​ថា ឆ្នាំនេះចម្ការ​ស្វាយ​ចន្ទី​ចំនួន​១៤​ហិក​តា​របស់​លោក​ប្រមូលផលបាន៤២​តោន លក់បានប្រាក់​សរុប២០០លានរៀល (ប្រហែល ៥១ ០០០$)។​​​

លោក​បន្ថែមថា៖ «សម្រាប់តម្លៃ បើគិតជាមធ្យមគឺល្អជាងឆ្នាំមុន ប៉ុន្តែបើគិតពីដើម​ដៃ​មក គឺតម្លៃទាបជាងឆ្នាំកន្លងទៅ (ប្រសិនបើឆ្នាំនេះមិនមានករណី​ឡើង​ថ្លៃ​អំឡុងពាក់​ណ្តាលខែ៣ដល់ខែ៥ទេ នោះតម្លៃគឺទាបជាងឆ្នាំ២០២២និង២០២៣)»។

លោក ទ្រី គឹមស្រ៊ាង ​​ដែល​ក៏ជាអនុប្រធានក្រុមប្រឹក្សាភិបាលសហគមន៍កសិកម្មទំនើប ទំរីង​​កំពង់ធំ ដែលទើបបង្កើតឡើងមុនគេកាលពីពេល​ថ្មីៗនេះផងនោះ​បាន​អំពាវ​នាវ​ឱ្យរដ្ឋា​ភិបាលសម្រួលតម្លៃជីថ្នាំ គ្រឿងយន្ត​កសិកម្ម ឱ្យមានតម្លៃទាបសមរម្យ​ត្រួតពិនិត្យ និង​ពង្រឹង​គុណភាព​ជីថ្នាំ​កសិកម្ម ធ្វើការផ្សព្វផ្សាយទាក់ទាញនិងលើកទឹកចិត្តវិនិយោគិន​លើ​វិស័យស្វាយចន្ទីដើម្បីបង្កើនការប្រកួតប្រជែងតម្លៃជាមួយប្រទេសជិតខាង។

លោកថ្លែង​ទៀតថា៖ «ខ្ញុំ​សូម​អំពាវនាវឱ្យរដ្ឋាភិបាលជំរុញ​ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ​(ផ្លូវស្ពាន) នៅ​តំបន់ដែលមានស្វាយចន្ទីច្រើនព្រោះបច្ចុប្បន្ន​ផ្លូវពិបាក ធ្វើឱ្យ​ឈ្មួញបន្ទាបតម្លៃ​ស្វាយចន្ទី»

ប៉ុន្តែ​លោក អែល ប្រាហ៊ីម វ័យ៤៤​ឆ្នាំ រស់នៅ​ភូមិត្រពាំងផ្អេ ឃុំស្រែខ្ទុំ ស្រុកកែវសីម៉ា ខេត្ត​មណ្ឌលគិរី​ជាកសិករ​ស្ថិតនៅក្នុងក្រុមអ្នក​ផលិត​ស្វាយ​ចន្ទី​គ្មាន​ការ​កាប់​បំផ្លាញ​ព្រៃឈើបាន​ឱ្យដឹង​​ថា ឆ្នាំនេះ​តម្លៃ​ស្វាយចន្ទី គឺល្អ​ជាង​ឆ្នាំមុន ​មិនមាន​ឈ្មួញគ្រលុកបញ្ចុះថ្លៃ​ដូចកាលពី​ឆ្នាំមុនៗ​ទៀតទេ។ មាន​តម្លៃល្អជាង​ឆ្នាំ​មុន​ គឺ​ដោយសារ​តែមាន​ការ​ជួយពី​USAID មរត​កបៃ​តង​ និង​ដៃគូសហការ​ដែល​បាន​ធ្វើការ​បណ្តុះ​បណ្តាល​អ្នក​ភូមិ​ពីបច្ចេកទេស​ក្នុង​ការ​ដាំ និង​ថែទាំស្វាយ​ចន្ទីឱ្យ​ទទួលបាន​ទិន្នផលល្អ និង​មាន​ក្រុម​ហ៊ុន​សហការ​ទទួល​ទិញ​ក្នុង​តម្លៃ​សមរម្យ​​។

លោក ប្រាហ៊ីម ដែលមានដីចម្ការស្វាយ​ចន្ទី៨ហិក​តា ​និង​កៅស៊ូ៣ហិកតា​ស្ថិត​នៅ​ខាងក្រៅ​ដែន​ជម្រកសត្វ​ព្រៃកែវ​សីមា​និយាយ​ថា៖ «ខ្ញុំសូមអំពាវនាវឱ្យ USAID មរត​កបៃ​តង​ និង​ដៃគូសហការ​បន្ត​ជួយអ្នក​ភូមិ​យើង​ក្នុងការ​រកទីផ្សារ​ក៏ដូចជាបន្តបណ្តុះបណ្តាលជំនាញ ធ្វើ​យ៉ាងណា​កុំឱ្យឈ្មួញ​គ្រលុកធ្វើឱ្យតម្លៃ​ស្វាយចន្ទីធ្លាក់ថ្លៃដូចកាលពីឆ្នាំមុនៗទៀត»

នៅក្នុង​ឆ្នាំ​២០២៤​នេះ លោក ប្រាហ៊ីម ប្រមូលផលស្វាយ​ចន្ទីបាន​ប្រមាណ៨តោន​ដោយ​លោក​ថា លក់​បាន​​ប្រាក់ច្រើនគួរសម​សម្រាប់ផ្គត់ផ្គង់គ្រួសារ ​និង​សម្រាប់ផ្គត់ផ្គង់​កូនរៀន​សូត្រ​ព្រមទាំង​សម្រាប់​ថែ​ទាំចម្ការទៅមុខទៀត។ លោកបន្តថា កាលពីឆ្នាំមុនៗ​នៅពេល​ស្វាយចន្ទីធ្លាក់ថ្លៃ​អ្នក​ភូមិ​ខ្លះ​បាន​កាប់ដើមស្វាយចន្ទី​ចោល ប៉ុន្តែនៅ​ឆ្នាំនេះ​នៅពេល​តម្លៃ​ស្វាយចន្ទីល្អ អ្នក​ភូមិ​ខ្លះ​បានចាប់ផ្តើម​ដាំស្វាយចន្ទី​ឡើង​​​វិញ។

ស្វាយចន្ទី​របស់កសិករនៅខេត្ត​កំពង់ដែលផុសក្នុងផេកមន្ទីរកសិកម្ម​ខេត្ត​កំពង់ធំ កាលពីខែឧសភា ឆ្នាំ២០២៣។

កាលពីថ្ងៃទី​២៦-២៧​ខែមិថុនា​ឆ្នាំ២០២៤ USAID មរត​កបៃ​តង​ បាន​បើកឱ្យដំណើរការ​​សិប្បកម្ម​កែច្នៃគ្រាប់ស្វាយចន្ទីពាក់កណ្តាល​សម្រេច​ចំនួន​២​ទីតាំង​នៅក្នុង​ខេត្ត​មណ្ឌល​គិរី និងរតនគិរី សម្រាប់​ក្រុម​អ្នក​ផលិតគ្រាប់ស្វាយចន្ទី​គ្មាន​ការ​កាប់​បំផ្លាញព្រៃឈើ។

សិប្បកម្ម​​កែច្នៃគ្រាប់​ស្វាយចន្ទីពាក់កណ្តាល​សម្រេចនេះ​ជាគំនិត​ផ្តួច​ផ្តើម​របស់​ USAID​មាន​គោល​បំណង​ផ្តល់​ឱ្យក្រុម​អ្នក​ផលិត​គ្រាប់​ស្វាយចន្ទី​ខ្នាតតូច​នូវ​ជំនាញ​ និង​មធ្យោបាយ​ចាំបាច់​​សម្រាប់​ដំណើរការ​កែច្នៃគ្រាប់​ស្វាយចន្ទី​​ដែល​អាច​ឱ្យពួកគេ​លក់គ្រាប់​ស្វាយ​ចន្ទី​ពាក់​​កណ្តាល​សម្រេចក្នុង​តម្លៃ​ខ្ពស់​ជាង​គ្រាប់​ស្វាយ​ចន្ទីស្រស់​។

លោក ឃឹម ហ្វីណង់ ​បាន​ថ្លែង​ថា បច្ចុប្បន្ន​នេះ​ក្រសួង​កសិកម្ម​​បាន​ត្រៀម​រៀបចំសហគមន៍​ចំនួន៣នៅឯខេត្ត​កំពង់ធំ​ដើម្បី​ត្រៀមប្រែក្លាយ​ទៅ​ជាសហគមន៍ទំនើប៖ «ហើយ​សង្ឃឹមថា នៅពេល​ដែល​សហគមន៍​ទំនើប​មាន​ការ​រៀបចំរួចហើយវានឹងលើកទឹកចិត្ត​ឱ្យអ្នក​វិនិយោគ​​ដែលត្រូវការ​គ្រាប់ស្វាយចន្ទីយក​មកកែច្នៃ​ដើម្បីធ្វើការ​នាំចេញ​វានឹងកើនឡើង​ផងដែរ»

បើតាមអ្នក​នាំពាក្យ​ក្រសួង​កសិកម្មសហគមន៍​កសិកម្ម​ទំនើប​នឹងផ្តល់ប្រភេទ​ស្វាយចន្ទី​ដែល​​​មាន​ថ្លៃដើមទាប​គុណភាព​មានស្តង់ដារ និង​មាន​បរិមាណ​ច្រើន​ដែល​អាច​ធ្វើការ​ផ្គត់ផ្គង់​​ទៅ​តាម​តម្រូវការ​របស់ក្រុម​ហ៊ុនធំៗ​បាន​។

ទាក់​ទង​នឹងការ​កែច្នៃគ្រាប់​ស្វាយចន្ទី​ដើម្បី​នាំចេញលោក ​ហ្វីណង់ ​បាន​បញ្ជាក់​​ថា​​ គឺជា​អាទិភាព​សំខាន់​របស់​ក្រសួង​ ដើម្បី​អាច​បន្ថែម​តម្លៃ​មុនពេល​ត្រូវ​បាន​នាំ​ចេញ។ ការ​ងារ​នេះ​ទាម​ទារ​​ឱ្យមាន​ការ​រៀបចំ ត្រៀម​ខ្លួន តាំង​ពី​ហេដ្ឋារចនា​សម្ព័ន្ធ​កែច្នៃ ផ្លូវ​ដឹក​ជញ្ជូន​ក៏​ដូចជា​មធ្យោបាយ​​ផ្សេងៗ។ ​លោក​សង្ឃឹមថា ទៅថ្ងៃខាងមុខកម្ពុជា​នឹង​អាច​ជំរុញ​ឱ្យ​កាន់​តែ​ទូលំ​ទូលាយ​ធ្វើ​យ៉ាង​ណា​ដើម្បី​ឱ្យ​មានការ​រក្សា​តម្លៃ​ទីផ្សារ​គ្រាប់​ស្វាយចន្ទី​នៅ​ក្នុង​ស្រុក។

កាល​ពី​ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ លោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំបានដឹកនាំមន្ត្រីជំនាញចុះ​ជួបសហគមន៍​កសិកម្មទំនើប​ទំរីង​កំពង់ធំ ដើម្បី​ពង្រឹងសហគមន៍ពី​ការ​រៀបចំផែនការ​អាជីវកម្ម ការវិភាគ​​ពីផែនការចំណូល​ចំណាយ​និងប្រាក់ចំណេញនិងការពិនិត្យផ្ទៀងផ្ទាត់​លក្ខណៈបច្ចេកទេសនៃផែនការផលិតកម្មស្វាយ​ចន្ទីរបស់សហគមន៍។ ខេត្តកំពង់ធំជាខេត្តដែលមានសក្តានុពលដីដាំដុះ​ស្វាយចន្ទីធំជាងគេ​ក្នុង​​ចំណោមខេត្តផ្សេងទៀតនៃប្រទេសកម្ពុជា។ ​ជាមួយគ្នា​នេះ​​ ​លោក ​វណ្ណ​រិទ្ធ​ បាន​អំពាវនាវ​​ដល់ដៃគូអភិវឌ្ឍន៍​ឱ្យចូលមកធ្វើការវិនិយោគ​ដើម្បីជំរុញផលិតផល​ស្វាយចន្ទី​នាំចេញទៅ​ក្រៅប្រទេសឱ្យបាន​ច្រើន។

ស្វាយចន្ទីជាដំណាំឧហ្សាហកម្មរយៈពេលវែង ដែលមិនរើសដី ងាយស្រួលដាំដុះ ធន់នឹង​អាកាសធាតុ ដែលត្រូវ​បាន​គេដាំភាគ​ច្រើន​នៅតំបន់ខ្ពង់រាប ដូចជា​ខេត្តមណ្ឌលគិរី រតនៈគិរី ស្ទឹងត្រែង ក្រចេះ ព្រះវិហារ ឧត្តរមានជ័យ កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ កោះកុង និង​ក៏មាន​ដាំ​​នៅតំបន់​ទំនាប​ក្នុង​​ខេត្ត​កំពង់​ឆ្នាំង ពោធិ៍សាត់ ព្រៃវែង បន្ទាយមានជ័យ និងខេត្ត​សៀម​រាបផង​ដែរ។

បើតាម​ក្រសួង​កសិកម្ម​បច្ចុប្បន្នស្វាយចន្ទីជាប់ចំណាត់ថ្នាក់លេខ៣ ជាកសិផលនាំចេញ​ទៅ​ក្រៅប្រទេស​ច្រើន​ជាង​គេ បន្ទាប់ពីដំណាំស្រូវ និងដំណាំដំឡូងមី។គ្រាប់ស្វាយ​ចន្ទី​ឆៅ​របស់​កម្ពុជា​ត្រូវ​បាន​នាំ​ចេញ​​ក្នុង​​ឆមាស​ទី១ ឆ្នាំ២០២៤​ ​មាន​តម្លៃ​ជិត១ពាន់​លាន​ដុល្លារ​ គឺ​​លើស​តម្លៃ​សរុប​សម្រាប់​ឆ្នាំ២០២៣ ។

អ្នក​នាំពាក្យ​ក្រសួង​កសិកម្ម​បាន​អះអាង​ថា គិត​ត្រឹម​៦​ខែ​ដំបូង​នៃ​ឆ្នាំ​២០២៤ បរិមាណ​នាំ​ចេញ​​កសិផល​ពី​កម្ពុជា​កើនឡើង​៥៧ភាគរយ​ ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០២៣ ដែល​ភាគច្រើន ​គឺមាន​កំណើនក្នុង​​ការ​នាំ​ចេញ​ដំឡូង​មី គ្រាប់ស្វាយចន្ទី និង​ស្រូវ​។​

គួរបញ្ជាក់​ផងដែរថា កាលពីចុង​ខែមីនា ឆ្នាំ២០២៣ ក្នុងកម្មវិធីបិទសន្និបាតបូកសរុបការងារ​ឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងកសិកម្ម អតីត​នាយក​រដ្ឋមន្ត្រី​លោក ហ៊ុន សែន បាន​ផ្តល់អនុសាសន៍​ឱ្យរួមគ្នាអនុវត្ត​គោល​នយោបាយ​ជាតិស្តីពីស្វាយ​ចន្ទី ដើម្បីប្រែក្លាយកម្ពុជាទៅជា«អធិរាជស្វាយចន្ទី»

​យោងតាម​ទីភ្នាក់ងារ USAID បើ​ទោះបី​កម្ពុជា​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ផលិត​គ្រាប់​ស្វាយ​ចន្ទី​លំដាប់​កំពូល​ទាំង១០ នៅលើ​ពិភពលោក​​ក៏​ដោយ ក៏​ប្រទេស​កម្ពុជា​បច្ចុប្បន្ន​កែច្នៃ​គ្រាប់​ស្វាយ​ចន្ទី​បាន​តែ១០​ភាគរយ​ប៉ុណ្ណោះ​នៅសល់៩០​ភាគរយ​ត្រូវ​បាន​នាំ​ចេញ​ឆៅជា​ចម្បង​ទៅ​ប្រទេស​វៀតណាម​។​

ចំពោះ​ការ​នាំចេញគ្រាប់​ស្វាយចន្ទីកែច្នៃវិញក្នុងរយៈពេល៦ខែដើមឆ្នាំ២០២៤ គឺនាំចេញ​បាន​តែ​៨៨តោន​ប៉ុណ្ណោះ​ គឺ​ថយចុះ៨៧% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ នេះ​បើតាម​លោក អួន ស៊ីឡុង៕

471 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម