សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

រដ្ឋាភិបាលអំពាវនាវឲ្យមានការប្រុងប្រយ័ត្ន ខណៈមានករណីឆ្លងជំងឺកូវីដ១៩ បន្តកើនឡើង ក្នុងចំណោមពលករ

មន្រ្តីយកសំណាកពីពលករចំណាកស្រុកវិលត្រឡប់ពីប្រទេសនៅក្នុងរូបថតមួយបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់មន្ទីរសុខាភិបាលខេត្តបាត់ដំបង។
មន្រ្តីយកសំណាកពីពលករចំណាកស្រុកវិលត្រឡប់ពីប្រទេសនៅក្នុងរូបថតមួយបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់មន្ទីរសុខាភិបាលខេត្តបាត់ដំបង។

ក្រសួង​សុខាភិបាល​កម្ពុជា​និយាយ​ថា ពលរដ្ឋ​កម្ពុជា​ចំនួន ២៣​នាក់​ ដែល​វិលត្រឡប់​មក​ពី​ប្រទេស​ថៃ​ ត្រូវ​បាន​​រក​ឃើញ​ជំងឺ​កូវីដ១៩ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ និង​ថ្ងៃ​សុក្រ។ ការណ៍​នេះ​ធ្វើ​ឲ្យ​ចំនួន​ករណី​ឆ្លង​សរុប​នៅ​តំបន់​ព្រំដែន​កើនដល់​ ៥៦​ករណី ចាប់តាំង​ពី​ការ​ផ្ទុះ​ជំងឺ​កូវីដ១៩ ដ៏​ធ្ងន់ធ្ងរ​នៅ​ប្រទេស​ថៃ​បាន​ជំរុញ​ឲ្យ​ពលករ​ធ្វើ​មាតុភូមិនិវត្តន៍។ ​

មន្រ្តី​ក្រសួង​សុខាភិបាល​បាន​លើកឡើង​​ថា មាន​ករណី​វិជ្ជមាន​ធ្វើ​តេស្ត​រក​ឃើញ​ចំនួន ០៨ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ និង​១៥​ករណី​ថែម​ទៀត​កាល​ពី​ថ្ងៃ​សុក្រ ខណៈ​ពលរដ្ឋ​ចំនួន ១.០០០​នាក់​បាន​បញ្ចប់​ការ​ធ្វើ​ចត្តាឡីស័ក និង​បាន​វិលត្រឡប់​មក​ស្រុក​កំណើត​វិញ​ក្នុង​ចំណោម​ពលរដ្ឋ ១២.០០០​នាក់ ចាប់​តាំង​ពី​ចុង​ខែ​ធ្នូ​មក។​

​អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល​លោកស្រី ឱ វណ្ណឌីន បាន​ជំរុញ​ឲ្យ​មាន​ការ​ប្រុងប្រយ័ត្ន​ពាក់ព័ន្ធ​នឹង​ការ​កើនឡើង​ករណី​ឆ្លង​ជំងឺ​កូវីដ១៩​ថ្មី ខណៈ​មន្រ្តី​នៅ​តាម​ព្រំដែន​បាន​រាយការណ៍​ថា ត្រូវ​យក​គ្រួសារ​ពលករ​ទាំងមូល​មក​ធ្វើ​ចត្តាឡីស័ក បន្ទាប់​ពី​ពលករ​បាន​គេចវេស​ពី​អាជ្ញាធរ និង​បាន​វិល​ត្រឡប់​ទៅ​ភូមិ​របស់​ខ្លួន។

​​អ្នកស្រី​ វណ្ណឌីន​ បាន​ថ្លែង​កាល​ពី​ថ្ងៃ​សុក្រ​ថា៖ «ព្រឹត្តិការណ៍​២៨​វិច្ឆិកា​បាន​បញ្ចប់ ប៉ុន្តែ​ជំងឺ​កូវីដ១៩ មិន​ទាន់​ចប់​នៅ​ឡើយ​ទេ»

កម្ពុជា​មាន​ករណី​ជំងឺ​កូវីដ១៩ ចំនួន ៤២៦ គិត​ត្រឹម​យប់​ថ្ងៃ​សុក្រ ដោយ​មិនមាន​មនុស្ស​ស្លាប់ និង​អ្នក​ជា​សះស្បើយ​ចំនួន ៣៨១​នាក់ ប៉ុន្តែ​ការ​វិលត្រឡប់​របស់​ពលករ​ចំណាកស្រុក​ ដោយសារ​ការងារ​ខ្សត់ខ្សោយ​ជាង​មុន​នៅ​ប្រទេស​ថៃ បាន​បង្ក​ឲ្យ​មាន​ការ​កើនឡើង​នូវ​ករណី​ឆ្លង​ច្រើន​បំផុត​ចាប់តាំង​ពី​ខែ​សីហា​មក។

​​លោក​ លី សារី​ អ្នកនាំពាក្យ​រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ បាន​និយាយ​ថា ពលរដ្ឋ​បាន​ឆ្លង​ព្រំដែន​ជា​បន្តបន្ទាប់ និង​ចូល​ទៅ​សាលារៀន​ដែល​ត្រូវ​បាន​ប្រែផ្លាស់​ជា​មណ្ឌល​ចត្តាឡីស័ក។

លោក​បាន​ថ្លែង​ថា៖ «ពលករ​ចំណាកស្រុក​បន្ត​វិលត្រឡប់​មក​ស្រុក​កំណើត​វិញ ពីព្រោះ​ពួកគេ​ព្រួយបារម្ភ​ពី​ការ​ឆ្លង​ ហើយ​ពីព្រោះ​រោងចក្រ​មួយ​ចំនួន​បាន​បិទ ដោយ​ធ្វើ​ឲ្យ​ពួកគេ​គ្មាន​ការងារ​ធ្វើ»

​​លោក​បាន​បន្ត​ថា ពលករ​ចំណាកស្រុក​សរុប​ ៣.០០០​នាក់ ដែល​បាន​វិលត្រឡប់​ដោយ​ឆ្លង​កាត់​ខេត្ត​បន្ទាយ​មាន​ជ័យ ចាប់តាំង​ពី​ថ្ងៃ​ទី២០ ខែ​ធ្នូ​មក​ ត្រូវ​បាន​ធ្វើ​តេស្ត​រក​ជំងឺ​កូវីដ១៩ ដោយ​មាន​ជាង​៥០០​នាក់​បាន​បញ្ចប់​ការ​ធ្វើ​ចត្តាឡីស័ក និង​វិលត្រឡប់​ទៅ​ផ្ទះ​វិញ។

លោក ឌី រ៉ាដូ អ្នក​នាំពាក្យ​រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ​ និយាយ​ថា នៅ​ខេត្ត​បន្ទាយមានជ័យ ពលករ​មាតុភូមិនិវត្តន៍​ចំនួន ២.៣០០​នាក់​ក្នុង​ចំណោម ៣.៦០០​នាក់ ត្រូវ​បាន​ធ្វើ​តេស្ត ដោយ​ ៤៥០​នាក់​បាន​បញ្ចប់​ការ​ធ្វើ​ចត្តាឡីស័ក និង​វិលត្រឡប់​ទៅ​ផ្ទះ​វិញ។

លោក​បាន​បន្ថែម​ថា ​​ពលករ​ចំណាកស្រុក​ចន្លោះ ១០០ ទៅ​២០០​នាក់ វិលត្រឡប់​មក​ស្រុក​កំណើត​វិញ​ជា​រៀងរាល់ថ្ងៃ​កាល​ពី​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ ប៉ុន្តែ​មាន​តែ ៤៨​នាក់​ប៉ុណ្ណោះ​ដែល​បាន​ឆ្លង​ព្រំដែន​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍។

​​​អ្នកនាំពាក្យ​រដ្ឋបាល​ខេត្តបាត់ដំបង ​លោក សឹម ប៊ុនរិទ្ធ មានប្រសាសន៍ថា​ នៅ​ខេត្ត​បាត់ដំបង មាន​ករណី​ពលករ​ចំណាកស្រុក​រត់​ចេញ​ពី​មណ្ឌល​ចត្តាឡីស័ក ករណី​លោត​ចេញ​ពី​រថយន្ត​​យោធា​ដែល​ដឹកជញ្ជូន​ពលករ​ពី​ព្រំដែន និង​ករណី​គេចវេស​ពី​ការ​ធ្វើ​ចត្តាឡីស័ក និង​ច្រក​ព្រំដែន

លោក​បាន​ថ្លែង​ថា៖ «ទោះ​បី​យ៉ាងណាក៏ដោយ អាជ្ញាធរ​យើង​បាន​រកឃើញ​ពួកគាត់​ទាំងអស់ និង​នាំ​ពួកគាត់​ និង​គ្រួសារ​មក​ធ្វើ​ចត្តាឡីស័ក។ យើង​បាន​អំប់រំ​ពួកគាត់ ហើយ​ឥឡូវ​នេះ ពួកគាត់​យល់​អំពី​ការ​ធ្វើ​ចត្តាឡីស័ក»

លោក​បាន​បន្ត​ថា ពលរដ្ឋ​ជាង​ ២.៦០០​នាក់​បាន​វិលត្រឡប់​មក​ខេត្ត​បាត់ដំបង ត្រូវ​បាន​ឲ្យ​ធ្វើ​ចត្តាឡីស័ក និង​ធ្វើ​តេស្ត​រក​ជំងឺ​កូវីដ១៩ ដោយ​រដ្ឋាភិបាល​បាន​ផ្តល់​ប្រាក់​ប្រមាណ ១៨០.០០០​ដុល្លារ​សម្រាប់​ប្រតិបត្តិការ​ចត្តាឡីស័ក។

ក្រសួង​សុខាភិបាល​ថៃ​បាន​រាយការណ៍​ថា ពលរដ្ឋ​កម្ពុជា​ចំនួន ១៥៧​នាក់​ត្រូវ​បាន​ធ្វើ​តេស្ត​រក​ឃើញ​ជំងឺ​កូវីដ១៩ នៅ​ប្រទេស​ថៃ៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Caution urged as 23 new Covid cases found among returning migrants

88 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម