ភាពប្រសើរឡើងក្នុងការអនុវត្តប្រព័ន្ធយុត្តិធម៌ត្រូវបានមើលឃើញមាននៅក្នុងសាលាឧទ្ធរណ៍ចំនួន៤ កាលពីឆ្នាំមុន ប៉ុន្តែភាពខ្វះចន្លោះនៅតែមានក្នុងស្តង់ដារនៃការជំនុំជម្រះដោយយុត្តិធម៌ ជាពិសេសសិទ្ធិមិនត្រូវបានបង្ខិតបង្ខំឱ្យសារភាពអំពីពិរុទ្ធភាព សិទ្ធិមានមេធាវី និងសិទ្ធិទទួលបានសេចក្តីសម្រេចមានសំអាងហេតុជាដើម។ នេះបើយោងតាមរបាយការណ៍ប្រចាំឆ្នាំស្តីពីសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌នៅកម្ពុជាឆ្នាំ២០២៤ របស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ដែលបានសង្កេតការអនុវត្តសវនាការនៅសាលាឧទ្ធរណ៍ថ្នាក់តំបន់។
របាយការណ៍នេះផ្អែកលើការសង្កេតសវនាការសំណុំរឿងព្រហ្មទណ្ឌចំនួន ៥៨២ ដែលពាក់ព័ន្ធនឹងជនជាប់ចោទចំនួន ៨២២ នាក់ ដែលត្រូវបានសង្កេតនៅក្នុងសវនាការនៃសាលាឧទ្ធរណ៍ភ្នំពេញ បាត់ដំបង ត្បូងឃ្មុំ និងព្រះសីហនុ ដោយត្រូវពិនិត្យថាតើតុលាការអនុវត្តន៍តាមសិទ្ធិក្នុងការជំនុំជម្រះដោយយុត្តិធម៌ជាមូលដ្ឋានចំនួន១៤ ដែរឬទេ ចាប់ពីខែមករា ដល់ខែធ្នូ ឆ្នាំមុន។ សិទ្ធិទាំងនោះរួមមានសិទ្ធិទទួលបានមេធាវី សិទ្ធិទទួលបានការសន្មតទុកជាមុនថាគ្មាន សិទ្ធិទទួលបានការជំនុំជម្រះជាសាធារណៈ សិទ្ធិទទួលបានការជំនុំជម្រះដោយគ្មានការពន្យារពេល និងសិទ្ធិមានសេរីភាព។
សិទ្ធិចំនួនបីត្រូវបានគោរពដោយតុលាការសាលាឧទ្ធណ៍ទាំងបួនដែលក្នុងនោះមានសិទ្ធិជួបនិយាយជាមួយមេធាវីមុនការជំនុំជម្រះ សិទ្ធិមានពេលវេលា និងមធ្យោបាយគ្រប់គ្រាន់ដើម្បីរៀបចំការពារក្តី សិទ្ធិទទួលបានសេចក្តីសម្រេចជាសាធារណៈ និងសិទ្ធិយល់ដឹងពីប្រភេទនិងមូលដ្ឋាននៃការចោទប្រកាន់។
ទោះជាយ៉ាងណាក៏ដោយ សិទ្ធិសំខាន់ៗផ្សេងទៀតចំនួន៤ មិនត្រូវបានគោរពបានពេញលេញដោយតុលាការទេ ដែលក្នុងនោះរួមមានសិទ្ធិទទួលបានសេចក្តីសម្រេចមានសំអាងហេតុ សិទ្ធិមានសេរីភាព សិទ្ធិបង្ហាញភស្តុតាង និងសិទ្ធិមានមេធាវី។
របាយការណ៍ដដែលនេះក៏បានលើកឡើងផងដែរពីករណីចំនួន១៥នៅសាលាឧទ្ធរណ៍ចំនួន៣នាឆ្នាំ២០២៤ ដែល«ជនជាប់ចោទបានលើកឡើងថាមានការប្រើអំពើហិង្សា ឬការធ្វើទារុណកម្មបង្ខំឱ្យពួកគាត់សារភាពនៅដំណាក់កាលនគរបាលយុត្តិធម៌»។
ក្នុងចំណោមសាលាឧទ្ធរណ៍ទាំងនោះ សាលាឧទ្ធរណ៍ត្បូងឃ្មុំបានបង្ហាញពីការរីកចម្រើនច្រើនជាងគេ ដោយតុលាការបានគោរពសិទ្ធិចំនួន៧ ក្នុងចំណោមសិទ្ធិចំនួន១៤ ហើយជាតុលាការតែមួយគត់ដែលគោរពយ៉ាងពេញលេញនូវសិទ្ធិ«មិនត្រូវបានបង្ខិតបង្ខំឱ្យសារភាព ឬផ្តល់សក្ខីកម្មប្រឆាំងនឹងខ្លួនឯង»។
ក្នុងអំឡុងពេលសង្កេតសវនាការកាលពីឆ្នាំមុន មិនមានរបាយការណ៍អំពីការគំរាមកំហែង ការធ្វើទារុណកម្ម ឬអំពើហិង្សាលើជនជាប់ចោទត្រូវបានកត់ត្រានៅក្នុងតុលាការខេត្តត្បូងឃ្មុំនោះទេ ដែលជាការកែលម្អពីឆ្នាំមុន ដែលពេលនោះមានមួយករណីត្រូវបានកត់ត្រា។ CCHR បានកោតសរសើរតុលាការចំពោះការអនុវត្តកាន់តែប្រសើររបស់ខ្លួន ហើយបានលើកទឹកចិត្តឱ្យបន្តធានាការជំនុំជម្រះដោយយុត្តិធម៌បែបនេះទៀត។
ខណៈពេលដែលសាលាឧទ្ធរណ៍ភ្នំពេញបានគោរពសិទ្ធិចំនួន៧ ដែលក្នុងនោះសិទ្ធិទទួលបានការសន្មតទុកជាមុនថាគ្មានទោសត្រូវបានរាយការណ៍ថាប្រសើរជាងឆ្នាំមុន ក៏តុលាការនេះនៅតែទទួលរងនូវការចោទប្រកាន់ច្រើនជាងគេពីការប្រើប្រាស់ទារុណកម្ម និងអំពើហិង្សាលើអ្នកជាប់ឃុំនៅក្នុងមន្ទីរឃុំឃាំងរបស់នគរបាល។
សាលាឧទ្ធរណ៍ខេត្តព្រះសីហនុបានគោរពសិទ្ធិចំនួន៦ ប៉ុន្តែរបាយការណ៍នេះក៏បានកត់សម្គាល់ផងដែរថាសិទ្ធិមានមេធាវីបើប្រៀបធៀបនឹងឆ្នាំមុន មិនទាន់មានលក្ខណៈល្អប្រសើរទេ។ តុលាការក៏បានគោរពសិទ្ធិរបស់ជនជាប់ចោទដោយពួកគេ«មិនមានអារម្មណ៍ថាត្រូវបង្ខំឱ្យសារភាព»។ មិនមានករណីគំរាមកំហែងណាមួយលើជនជាប់ចោទត្រូវបានកត់ត្រាទេ។
សិទ្ធិចំនួន៥ ត្រូវបានគោរពដោយសាលាឧទ្ធរណ៍ខេត្តបាត់ដំបង ដែលក្នុងនោះរួមមានភាពប្រសើរឡើងនៃការគោរពសិទ្ធិទទួលបានការជំនុំជម្រះជាសាធារណៈ ក៏ដូចជាគ្មានការគំរាមកំហែងលើជនជាប់ចោទផងដែរ។
លោក សេង សុវឌ្ឍនា នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានថ្លែងថា ការរកឃើញនេះបង្ហាញពីការរីកចម្រើនគួរឱ្យកត់សម្គាល់ និងបានកោតសរសើរដល់តុលាការចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេក្នុងការពង្រឹងប្រព័ន្ធយុត្តិធម៌។ ទោះជាយ៉ាងណាក៏ដោយ ការរកឃើញមួយចំនួនទាមទារឱ្យមានការកែលម្អ និងការយកចិត្តទុកដាក់បន្ថែមទៀត ដើម្បីធានាថាពួកវាស្របតាមស្តង់ដារយុត្តិធម៌។
លោកបានបន្តថា៖ «យើងសង្ឃឹមថានឹងមានការរីកចម្រើនទាក់ទងនឹងសិទ្ធិមានសេរីភាព សិទ្ធិទទួលបានមេធាវី សិទ្ធិទទួលបានសេចក្តីសម្រេចមានសំអាងហេតុ សិទ្ធិបង្ហាញភស្តុតាង ក៏ដូចជាសិទ្ធិកុមារទំនាស់នឹងច្បាប់ ដែលគ្មានសិទ្ធិណាមួយត្រូវបានគោរពដោយតុលាការឧទ្ធរណ៍ចំនួន៣ នៅក្នុងឆ្នាំ២០២៤»។
អតីតមេដឹកនាំគណបក្សប្រឆាំង លោក កឹម សុខា ដែលការជំនុំជម្រះក្តីរបស់លោកធ្វើឡើងនៅសាលាឧទ្ធរណ៍ភ្នំពេញបានចាប់ផ្តើមនៅក្នុងខែមករា ឆ្នាំ២០២៤ កំពុងស្ថិតក្នុងភាពមិនច្បាស់លាស់នៅពេលនេះ ខណៈដែលកាលបរិច្ឆេទសវនាការបន្ទាប់មិនត្រូវបានកំណត់ពេលនោះទេ។
កាលពីមួយឆ្នាំមុន អតីតមេដឹកនាំបក្សប្រឆាំងវ័យ ៧១ ឆ្នាំ រូបនេះ ត្រូវបានតុលាការរាជធានីភ្នំពេញកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល២៧ឆ្នាំ និងហាមឃាត់មិនឱ្យធ្វើនយោបាយអស់មួយជីវិត។ តុលាការបានរកឃើញថាលោកបានប្រព្រឹត្តបទក្បត់ជាតិកាលពីខែកញ្ញា ឆ្នាំ២០១៧ ដោយចោទប្រកាន់ថាបានគប់គិតជាមួយសហរដ្ឋអាមេរិក ដែលគេចោទថាជាអ្នកនៅពីក្រោយអ្វីដែលគេហៅថាបដិវត្តពណ៌ ដើម្បីផ្តួលរំលំរដ្ឋាភិបាល។
មេធាវីរបស់លោក សុខា គឺលោក ផែង ហេង បានលើកឡើងថា វាពិតជាលំបាកសម្រាប់កូនក្តីរបស់លោកក្នុងការទទួលបានការជំនុំជម្រះដោយយុត្តិធម៌ ដោយកត់សម្គាល់ថា ករណីនេះបានអូសបន្លាយអស់រយៈពេល៨ឆ្នាំហើយ ខណៈដែលសាលាឧទ្ធរណ៍បានពន្យារពេលសវនាការម្តងហើយម្តងទៀតដោយគ្មានហេតុផលច្បាស់លាស់។
លោកបានបន្តថា៖«ខ្ញុំគិតថាករណីរបស់លោក កឹម សុខា នឹងនៅតែមិនអាចដោះស្រាយបានទេ លុះត្រាតែមានការសម្រេចចិត្តផ្នែកនយោបាយដើម្បីពន្លឿនដំណើរការលើមូលដ្ឋាននីតិវិធីផ្លូវច្បាប់។ សម្រាប់ពេលនេះ មិនទាន់មានសញ្ញាណណាមួយបង្ហាញថាការកាត់ក្តីកំពុងដំណើរការទៅមុខនោះទេ»។
យោងតាមមេធាវីរូបនេះ ក្រុមការពារក្តីបានត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើសេចក្តីសន្និដ្ឋានបញ្ចប់ របស់ខ្លួន ប៉ុន្តែសាលាឧទ្ធរណ៍បានពន្យារពេលការដាក់ស្នើនោះចំនួនពីរដងនៅក្នុងខែកក្កដា ឆ្នាំ២០២៥។
ទន្ទឹមនឹងនេះ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានជំរុញឱ្យក្រសួងយុត្តិធម៌ធ្វើកិច្ចប្រជុំជាប្រចាំជាមួយចៅក្រមសាលាឧទ្ធរណ៍ស្តីពីការអនុវត្តជាក់ស្តែងនៃសិទ្ធិក្នុងការជំនុំជម្រះដោយយុត្តិធម៌ដោយផ្អែកលើស្តង់ដារជាតិ និងអន្តរជាតិ។
ក្រសួងយុត្តិធម៌គួរបង្កើតទម្រង់ និងបញ្ជូនបទដ្ឋានសេចក្តីសម្រេចដែលមានព័ត៌មានលម្អិតសំខាន់ៗ ពាក់ព័ន្ធបទចោទ និងច្បាប់ពាក់ព័ន្ធ ទៅគ្រប់តុលាការទាំងអស់ ដើម្បីរំលឹកពួកគេពីសិទ្ធិរបស់ជនជាប់ចោទក្នុងការទទួលបានការសន្មតទុកជាមុនថាគ្មានទោសរហូតដល់សេចក្តីសម្រេចជាស្ថាពរ។
អ្នកនាំពាក្យសាលាឧទ្ធរណ៍ភ្នំពេញ លោក ឃុន លាងម៉េង និងលោក ទុំ សោភ័ណ អ្នកនាំពាក្យសាលាឧទ្ធរណ៍ត្បូងឃ្មុំ មិនអាចទាក់ទងដើម្បីសុំការអត្ថាធិប្បាយបានទេ ខណៈដែលលោកស្រី ទៀង សំបូរ អ្នកនាំពាក្យសាលាឧទ្ធណ៍បាត់ដំបងបាននិយាយថាលោកស្រីមិនអាចធ្វើអត្ថាធិប្បាយបានទេ ដោយសារលោកស្រីកំពុងជាប់រវល់ប្រជុំ។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក សេង ឌីណា មិនបានឆ្លើយតបភ្លាមៗលើសំណើសុំអត្ថាធិប្បាយជុំវិញរបាយការណ៍នេះទេ៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ CCHR Report Shows Progress in Appeal Courts Upholding Rights, Gaps Remain in Standards of Fair Trial












