សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ពលករចំណាកស្រុកដែលជាប់គាំងនៅជំរំបណ្តោះអាសន្នតាមព្រំដែនប្រឈមបញ្ហាជាច្រើន

ពលករមួយក្រុមរៀបចំជម្រករបស់ពួកគេនៅជំរំបណ្តោះអាសន្នក្បែរព្រំដែន ថៃ-កម្ពុជា។ រូបភាពផ្តល់ឲ្យ
ពលករមួយក្រុមរៀបចំជម្រករបស់ពួកគេនៅជំរំបណ្តោះអាសន្នក្បែរព្រំដែន ថៃ-កម្ពុជា។ រូបភាពផ្តល់ឲ្យ

ខណៈពលករចំណាកស្រុកកម្ពុជាបន្តវិលត្រឡប់មកព្រំដែនដែលត្រូវបានបិទចំពេលមានការរីករាលដាលជំងឺកូវីដខ្លាំងឡើងនៅប្រទេសថៃ ជំរំប្រក់តង់នៅក្នុងព្រៃកំពុងកើនឡើង ដែលធ្វើឱ្យមានការព្រួយបារម្ភចំពោះបញ្ហាសុខភាពនិងសុវត្ថិភាពរបស់កម្មករ ដែលអ្នកខ្លះបានធ្វើ ដំណើរដោយមានទារកផងដែរ។

នៅក្បែរច្រកព្រំដែនបឹងត្រកួនក្នុងខេត្តបន្ទាយមានជ័យ ជនជាតិខ្មែរមួយក្រុមមានគ្នា២៣ នាក់ក្នុងនោះមានទារកពីរនាក់ផងបានបោះតង់តាំងពីថ្ងៃពុធ បន្ទាប់ពីការធ្វើដំណើរដ៏លំបាកនិងចំណាយច្រើនពីខេត្តសុងក្លាប្រទេសថៃ។

រ៉េន ស្រីណា អាយុ២៩ឆ្នាំបាននិយាយថា៖ «ខ្ញុំអស់កំលាំងខ្លាំងណាស់ ព្រោះខ្ញុំបានដើរផ្លូវឆ្ងាយហើយខ្ញុំបីកូនតូចអាយុ៣ខែ ប្តីខ្ញុំលីខោអាវនិងកញ្ចប់អីវ៉ាន់របស់យើង។ ខ្ញុំគិតថា យើងដើរនិងរត់ ដើម្បីគេចពីអាជ្ញាធរថៃដូចនៅក្នុងសម័យសង្រ្គាមអញ្ចឹង»។

ស្រីណា បាននិយាយថា ក្រុមមនុស្សដែលភាគច្រើនធ្វើការនៅរោងចក្រផលិតប្រហិតត្រីជា មួយគ្នានៅក្នុងប្រទេសថៃបានចាកចេញកាលពីថ្ងៃចន្ទ ដោយខ្លាចការរីករាលដាលជំងឺកូវីដ។ អ្នកខ្លះផុតកំណត់ទិដ្ឋាការដែលពួកគេមិនអាចបន្តបានដោយសារការរីករាលដាល។ បុរសជនជាតិខ្មែរម្នាក់បានមកជួបជាមួយក្រុមពលករខ្មែរស្នើរៀបចំឡានដឹកទៅដល់ព្រំដែន ដោយត្រូវធ្វើដំណើរប្រហែល២០ម៉ោងក្នុងតម្លៃ៧០០០បាត (២១០ដុល្លារ) ក្នុងមនុស្សម្នាក់។

នៅតាមផ្លូវ គាត់ទាមទារប្រាក់បន្ថែមម្តងហើយម្តងទៀត ជាដំបូងទារថែម២០០០បាត ពី​ក្រុមពលករម្នាក់ៗ បន្ទាប់មកទារម្នាក់៥០០បាត បន្ថែមទៀតនៅពេលទៅដល់ទីក្រុងបាងកក។ នៅពេលអ្នក បើកបរថ្មីទទួលបន្ត គាត់យកប្រាក់៣៥០បាតទៀតសម្រាប់មនុស្សម្នាក់។

ស្រីណា បាននិយាយថា ទោះបីត្រូវបង់ប្រាក់រាប់ពាន់បាត ក៏ដោយ ក៏ក្រុមពលករមិនត្រូវបាននាំមកដល់ព្រំដែនដែរ។

ស្រីណា បាននិយាយថា៖ «អ្នកបើកបរនិងមេខ្យល់បានទម្លាក់យើងចុះនៅជិតភ្នំមួយហើយយើងបានដើរពីម៉ោង៧យប់ដល់ម៉ោង១១យប់ ដើម្បីទៅដល់ព្រំដែនកម្ពុជា-ថៃ។ ដោយបន្ថែមថា៖ «យើងដើរផងរត់ផង កាត់ព្រៃ ចំការដំឡូងមី និងវាលស្រែ ព្រោះយើងខ្លាចអាជ្ញាធរថៃចាប់ពួកយើង»។

កាលពីថ្ងៃព្រហស្បតិ៍ អាជ្ញាធរព្រំដែនកម្ពុជាបានជួបក្រុមពលករនេះ ហើយបានឲ្យតង់ មុង​ភួយ កន្ទេលនិងខ្នើយដល់ពួកគេ។

ស្រីណា បាននិយាយថា៖ «ខ្ញុំដេកមិនលក់ទេ ព្រោះយើងដេកលើកន្ទេលក្រាលផ្ទាល់នឹងដីហើយខ្ញុំទើបតែសំរាលកូន ហើយរាងកាយរបស់ខ្ញុំមិនទាន់រឹងមាំនៅឡើយ» ។

រ៉េន ស្រីណា ងូតទឹកឱ្យកូនរបស់នាងនៅជំរំព្រំដែនបណ្តោះអាសន្នទីដែលពលករចំណាកស្រុកកំពុងស្នាក់នៅរហូតដល់ច្រកទ្វារព្រំដែនបើកឡើងវិញ។ រូបភាពផ្តល់ឲ្យ
រ៉េន ស្រីណា ងូតទឹកឱ្យកូនរបស់នាងនៅជំរំព្រំដែនបណ្តោះអាសន្នទីដែលពលករចំណាកស្រុកកំពុងស្នាក់នៅរហូតដល់ច្រកទ្វារព្រំដែនបើកឡើងវិញ។ រូបភាពផ្តល់ឲ្យ

ស្រីណា បាននិយាយថា ក្រុមមន្រ្តីបានសាកសួរក្រុមពលករនេះថា ហេតុអ្វីបានជាពួកគេ​ត្រលប់​មកវិញនៅពេលព្រំដែនត្រូវបានបិទ ដោយនាងបានពន្យល់ថា គ្មាននរណាម្នាក់បាន ដឹងពីព័ត៌មានេះទេ។ ពលករចំណាកស្រុករាប់រយនាក់បាន​វិលត្រឡប់​មកព្រំដែនវិញ​ក្នុងរយៈ​ពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ទោះបីជាព្រំដែន ត្រូវបានប្រកាសបិទនៅថ្ងៃទី២៩ខែកក្កដា​សម្រាប់រយៈពេលពីរសប្តាហ៍ ដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសកូវីដ-១៩ បំប្លែងថ្មីឈ្មោះ Deltaដែលមានការរីករាលដាលលឿនជាងមុន ។

ស្រីណា បានលើឡើងថា៖ «ឥឡូវនេះ អាជ្ញាធរកម្ពុជាបានផ្តល់អាហារបីពេលក្នុងមួយថ្ងៃហើយពួកគេបាននិយាយថា ពួកគេនឹងអនុញ្ញាតឱ្យពលករចំណាកស្រុកចូលប្រទេសកម្ពុជានៅ ពេលព្រំដែនបើកឡើងវិញ»។ ដោយនាងបន្ថែមថា៖ «ខ្ញុំស្នើសុំអាជ្ញាធរឲ្យផ្តល់អាហារគ្រប់គ្រាន់ដល់យើង ជាពិសេសស្ត្រីដែលមានកូន ព្រោះយើងត្រូវការបំបៅកូនដោយទឹកដោះ»។

លោក ប៊ុត សារី ជាប្តីរបស់អ្នកស្រី ស្រីណា បាននិយាយថា ក្រុមពលករនេះក៏មានបំណងចង់សុំបង្គន់ដែរ ដោយសារខ្លាចមានគ្រោះថ្នាក់ពេលដើរចូលព្រៃពេលយប់។

លោក សារី បាននិយាយថា៖ «យើងខ្លាចសត្វឬពស់ចឹកឬគ្រាប់មីនផងដែរ»។

លោក ពេជ្រ វណ្ណា មេបញ្ជាការទំនាក់ទំនងព្រំដែនកម្ពុជា-ថៃបានមានប្រសាសន៍កាលពីថ្ងៃព្រហស្បតិ៍ថា អាជ្ញាធរកម្ពុជាបានបញ្ជាឱ្យពលករចំណាកស្រុកបន្តនៅទីនោះរយៈពេលពីរសប្តាហ៍ហើយថា អាជ្ញាធរកំពុងផ្តល់អាហារដល់ពួកគេ។

លោក វណ្ណា បានមានប្រសាសន៍ថា៖ «យើងបានសុំពួកគេឱ្យធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ហើយយើងផ្តល់អាហារដល់ពួកគេបីពេលក្នុងមួយថ្ងៃ»  ដោយលោកបដិសេធមិនឆ្លើយសំ ណួរបន្ថែម។

នៅក្នុងខ្សែអាត់សំឡេងមួយ ដែលបានចេញផ្សាយនៅល្ងាចថ្ងៃសុក្រ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាឱ្យអភិបាលខេត្តបញ្ជូនអ្នកដែលស្នាក់នៅតាមព្រំដែនទៅមណ្ឌលចត្តាឡីស័ក។ ចំណែក អ្នកដែលបានធ្វើចត្តាឡីស័ករយៈពេល៧ថ្ងៃ ត្រូវបញ្ជូនទៅខេត្តរបស់ពួកគេ និងបន្តធ្វើចត្តាឡីស័កនៅទីនោះ។

លោក ហ៊ុន សែន បានមានប្រសាសន៍ថា៖ «ដូច្នេះសូមឯកឧត្តមលោកជំទាវអភិបាលខេត្តរាជធានីនៅបណ្តាលខេត្តសូមរៀបចំបន្ថែមទីកន្លែងធ្វើចត្តាឡីស័កសម្រាប់ទទួលប្រជាពលរដ្ឋដែលវិលត្រឡប់មកពីព្រំដែនកម្ពុជា-ថៃ»។

លោក ហ៊ុន សែន បានថ្លែងថា មន្រ្តីកងយោធពលខេមរភូមិន្ទ​ត្រូវតែបញ្ជូនរថយន្តចំនួន ២០០គ្រឿងបន្ថែម ដើម្បីដឹកពលករចំណាកស្រុកដែលបានធ្វើចត្តាឡីស័រយៈពេល៧ថ្ងៃរួចហើយ​នៅតាមបណ្តាខេត្តជាប់ព្រំដែនចូលមកឲ្យបន្តធ្វើចត្តាឡីស័កខាងក្នុង ធ្វើយ៉ាងនេះ ដើម្បីមានកន្លែងទំនេរសម្រាប់បងប្អូនដែល៼កំពុងធ្វើចត្តាឡីស័កនៅតាមព្រំដែនកម្ពុជា​-ថៃ។

លោក ហ៊ុន សែន មានប្រសាសន៍ថា៖ «ក្នុងករណីដែលបងប្អូនមកលើសការកំណត់គឺត្រូវតែអនុវត្តរបៀបមកដល់ធ្វើតេស្តភ្លាមហើយដឹកជញ្ជូនបងប្អូនទាំងនោះចូលមកកាន់ខេត្តខាងក្នុងតែម្តង ដើម្បីយកមកធ្វើចត្តាឡីស័កនៅខាងក្នុង»។

លោកបានមានប្រសាសន៍ថា មនុស្សជាង១០.០០០នាក់ត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័ក​នៅតាមព្រំដែនហើយនឹងត្រូវបានអនុញ្ញាតឱ្យដឹកទៅមណ្ឌលចត្តាឡីស័កនៅខាងក្នុងប្រទេសកម្ពុជា។

លោកនាយករដ្ឋមន្រ្តីក៏បានបញ្ជាឱ្យលោកស្រី ឱ វណ្ណឌីន ប្រធានគណៈកម្មាធិការចាក់វ៉ាក់ សាំងបញ្ជូនវ៉ាក់សាំង AstraZeneca ដើម្បីចាក់ដូសទី៣ដល់គ្រូពេទ្យ កងកម្លាំងប្រដាប់អាវុធនិងមន្រ្តីរាជការប្រមាណ ៣០.០០០នាក់ដែលកំពុងធ្វើការនៅព្រំដែន។

លោក ហ៊ុន សែន មានប្រសាសន៍ថា៖ «ដូច្នេះ សូមលោកជំទាវ ឱ វណ្ណឌីន ដាក់ពង្រាយវ៉ាក់សាំង AstraZeneca ដល់តំបន់នោះជាបន្ទាន់»។

លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសបានថ្លែងតាមរយៈបណ្តាញតេឡេក្រាម​នៅ​ថ្ងៃ​ព្រហស្បតិ៍ថា តំណាងកម្ពុជាប្រចាំនៅប្រទេសថៃបាននិងកំពុងចែកសម្ភារប្រើប្រាស់ដល់ពលករចំណាកស្រុកដែលស្នាក់នៅប្រទេសថៃនិងអ្នកដែលកំពុងស្នាក់នៅតាមព្រំដែន។

លោកបានមានប្រសាសន៍ថា កាលពីថ្ងៃទី៣ និងទី៥ ខែសីហា ក្រុមការងារមកពីអគ្គកុងស៊ុលកម្ពុជាប្រចាំនៅខេត្តស្រះកែវ ដែលមានព្រំដែនទល់មុខនឹងខេត្តបន្ទាយមានជ័យបាន​បញ្ជូន​អាហារនិងសម្ភារ រួមមានអង្ករ ត្រីខកំប៉ុង ទឹកត្រី ទឹកស៊ីអ៊ីវ មីកញ្ចប់ ថ្នាំគ្រុនក្តៅ ថ្នាំបំបាត់ការឈឺចាប់ ស៊ីរ៉ូក្អក ទឹកដោះគោទារក បង់រុំរបួស អាល់កុល តង់និងអ្វីៗជាច្រើនទៀតដល់ពលករខ្មែរដែលបោះជំរំនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។

លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានបដិសេធមិនធ្វើអត្ថាធិប្បាយ ប៉ុន្តែ​លោកឯម សុខា អភិបាលស្រុកថ្មពួក ខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ កាលពី​ថ្ងៃ​ព្រហស្ប តិ៍ថា មន្រ្តីស្រុកបានសហការជាមួយអាជ្ញាធរថ្នាក់ខេត្តនិងថ្នាក់ជាតិ ដើម្បី​ផ្តល់អាហារបីពេលក្នុង​មួយថ្ងៃ ដល់ពលករចំណាកស្រុករាប់រយនាក់ដែលវិលត្រឡប់​មកវិញ​ហើយបានចែក មុង ភួយនិងតង់។ គាត់ក៏បានមានប្រសាសន៍ផងដែរថា ពួកគេកំពុង​រៀប​​ចំ​បង្គន់អនាម័យចល័តសម្រាប់ពលករទាំងនោះ។

លោក សុខា បាននិយាយថា៖ «យើងដាក់ពួកគាត់ឱ្យធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃរហូតដល់​ព្រំដែន​បើក​ឡើងវិញ» ដោយលោកបន្ថែមថា ពួកគាត់ក៏កំពុងធ្វើតេស្តលើកម្មករហើយអ្នក​ដែល​តេស្ត​វិជ្ជមាន​ត្រូវនាំទៅមណ្ឌលព្យាបាល។

ពលករចំណាកស្រុកវិលត្រឡប់មកស្រុកវិញបានសាងសង់ជម្រកបណ្តោះអាសន្នពីតង់កៅស៊ូនៅក្នុងព្រៃក្បែរព្រំដែនថៃ-កម្ពុជា។ រូបភាពផ្តល់ឲ្យ
ពលករចំណាកស្រុកវិលត្រឡប់មកស្រុកវិញបានសាងសង់ជម្រកបណ្តោះអាសន្នពីតង់កៅស៊ូនៅក្នុងព្រៃក្បែរព្រំដែនថៃ-កម្ពុជា។ រូបភាពផ្តល់ឲ្យ

លោក ផុន ឈិន អ្នកសម្របសម្រួលអង្គការសិទ្ធិមនុស្សលីកាដូប្រចាំខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា អត្រាឆ្លងជំងឺកូវីដ-១៩ច្រើននៅប្រទេសថៃបានធ្វើឱ្យប្រជាពលរដ្ឋកម្ពុជា ជាច្រើន​ភ័យខ្លាច​ហើយវិលត្រឡប់មកផ្ទះវិញ ប៉ុន្តែមនុស្សជាច្រើនមិនដឹងថា ព្រំដែនត្រូវបានបិទនោះទេ។

លោកបានមានប្រសាសន៍ថា៖ «ខ្ញុំគិតថា អាជ្ញាធរកម្ពុជាគួរតែ…យកពួកគេទៅដាក់នៅកន្លែង​ណា​មួយ​នៅ​ក្នុងប្រទេសកម្ពុជា វាប្រសើរជាងបណ្តោយឱ្យពួកគាត់ស្នាក់នៅតាមព្រំដែនថៃ-កម្ពុជា ដែលបណ្តាលឲ្យពួកគាត់ខ្វះស្បៀងអាហារ ទីជម្រកនិងថ្នាំពេទ្យ»។

លោក ឡឹង សុផុន មន្រ្តីគម្រោងប្រចាំនៅប្រទេសថៃនៃអង្គការសិទិ្ធការងារកម្ពុជា​សង់ត្រាល់ បានមានប្រសាសន៍ កាលពីថ្ងៃព្រហស្បតិ៍ថា ពលករចំណាកស្រុកកម្ពុជាវិលត្រឡប់មកវិញ ដោយបារម្ភថា ប្រសិនបើពួកគាត់ធ្លាក់ខ្លួនឈឺ ពួកគាត់ទំនងជាមិនទទួល​បានការព្យាបាលនៅប្រទេសថៃទេ។

លោក សុផុន បានមានប្រសាសន៍ថា៖ «មូលហេតុដែលពួកគេចង់វិលត្រឡប់មកកម្ពុជាវិញដោយសារតែ ប្រសិនបើពួកគាត់ធ្វើតេស្តឃើញវិជ្ជមានជំងឺកូវីដ-១៩ ពួកគាត់គ្មានគ្រែគ្រប់គ្រាន់សម្រាប់ព្យាបាលទេ»។

លោក សុផុន បានបន្ថែមថា ក្នុងចំណោមពលករខ្មែរប្រហែល៣០០នាក់ដែលធ្វើការនៅក្នុង​រោងចក្រមួយនៅខេត្តឈុនបុរី ប្រទេសថៃ ស្ទើរតែទាំងអស់ត្រូវបានធ្វើតេស្តរកឃើញ​វិជ្ជមាន​ជំងឺកូវីដ-១៩ ប៉ុន្តែមិនអាចទទួលបានការព្យាបាល។

លោកបានមានប្រសាសន៍ថា៖ «ជាជម្រើសចុងក្រោយ ពួកគាត់ប្រើឱសថបុរាណដើម្បីឆ្ពង់​ហើយពួកគាត់បានធូរស្បើយ ប៉ុន្តែពីរបីថ្ងៃក្រោយមក ពួកគាត់នៅតែមានរោគសញ្ញា​ដដែល»។

នៅថ្ងៃសុក្រ ក្រសួងសុខាភិបាលបានរាយការណ៍ករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ ចំនួន ៥៨៨ករណី ក្នុងនោះមានករណីនាំចូលពីក្រៅប្រទេសចំនួន ១៦៥ករណី ដែលធ្វើឱ្យករណីឆ្លង​សរុបកើនដល់ ៨០.៨១៣ករណី រួមទាំងករណីនាំចូល ១១.៧០០ករណី ចាប់តាំងពីមានការ​ឆ្លងរាលដាលកាលពីដើមឆ្នាំ២០២០។ ភាគច្រើននៃករណីឆ្លងទាំងនេះត្រូវបានកត់ត្រាតាំងពីថ្ងៃទី២០ ខែកុម្ភៈនៅពេលមានការឆ្លងសហគមន៍នៅកម្ពុជា។ ក្រសួងក៏បានរាយការណ៍ករណីសះស្បើយចំនួន ៧៤.០៤៥ករណី និងករណីស្លាប់ចំនួន ១.៥២៦នាក់ដោយសារវីរុសនេះផងដែរ៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖  Challenges for migrants trapped at makeshift border camps

522 views

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម