សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

កូនៗស្រ្តីដែលស្លាប់ក្រោយសម្រាលកូននៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង អះអាងថា ម្តាយស្លាប់ដោយការធ្វេសប្រហែសរបស់ពេទ្យ

អ្នកស្រីថុងគឹមហេងនិងថុងគឹមហួយ ផ្តល់បទសម្ភាសន៍ជាមួយខេមបូចាបណ្តើរឱ្យ ប្អូនប្រុសទើបកើតបៅទឹកដោះគោបណ្តើរ ពីមុខរបថតម្តាយដែលទើបស្លាប់ថ្មិៗ។ រូបថត ថ្ងៃទី១០ខែឧសភា ឆ្នាំ២០២៤។ (ខេមបូចា/ មាស ភារុណ)
អ្នកស្រីថុងគឹមហេងនិងថុងគឹមហួយ ផ្តល់បទសម្ភាសន៍ជាមួយខេមបូចាបណ្តើរឱ្យ ប្អូនប្រុសទើបកើតបៅទឹកដោះគោបណ្តើរ ពីមុខរបថតម្តាយដែលទើបស្លាប់ថ្មិៗ។ រូបថត ថ្ងៃទី១០ខែឧសភា ឆ្នាំ២០២៤។ (ខេមបូចា/ មាស ភារុណ)

កូនៗស្រ្តីដែលបាត់បង់ជីវិតក្រោយសម្រាលកូននៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបងអះអាងថាម្តាយរបស់ខ្លួនស្លាប់ដោយការធ្វេសប្រហែស និងការមិនយកចិត្តទុកដាក់របស់មន្ទីរពេទ្យ​ទើប​ម្តាយ​របស់ខ្លួនបានស្លាប់យ៉ាងអាណោចអាធ័មចោលប្តី កូន និងចៅៗ មិនមែនមកពីជំងឺ​ធ្ងន់ធ្ងរ​របស់​គាត់នោះទេ។

កូនស្រ្តីរងគ្រោះ៖ «ហេតុអីអ្នកទុកឱ្យម្តាយខ្ញុំឈឺដល់ស្លាប់  ហេតុអីអ្នកមិនយកចិត្តទុកដាក់ អ្នកអាក្រក់ណាស់ អ្នកធ្វើឱ្យក្មេងនាក់កំព្រាម្តាយ ម្តាយខ្ញុំមិនទាន់ទាំងឃើញមុខ​កូនច្បាស់​ផង ហេតុអីអ្នកអាក្រក់ដល់ថ្នាក់នេះ អ្នកសងម្តាយខ្ញុំវិញមក ប្អូនប្រុសខ្ញុំដែលទើប​នឹកើតវា​ត្រូវ​ការ​ម្តាយមើលថែ»

នេះជាសំណេរទួញសោករបស់កូនរបស់ស្រ្តីដែលបានស្លាប់ក្រោយសម្រាលកូននៅមន្ទីរពេទ្យ បង្អែកខេត្តបាត់ដំបងដែលផុសលើគណនីយហ្វេសប៊ុករបស់ខ្លួនឈ្មោះ Zey Leak ll រៀបរាប់​យ៉ាងវែងអន្លាយចាប់តាំងពីម្តាយ​របស់ខ្លួនចូលសម្រាក​ពេទ្យរហូតដល់គាត់បាត់បង់ជីវិត។

អ្នកស្រី ថុង គឹមហេង វ័យ២២ឆ្នាំជាកូនទី៣​ក្នុងចំណោមកូន៦នាក់​របស់សពស្រ្តីឈ្មោះ ចាន់ ស្រីនុច អាយុ៤៤ឆ្នាំ ដែលបានបាត់បង់ជីវិតក្រោយសម្រាលកូននោះនិយាយថា ម្តាយ​របស់​នាងមិនមែនស្លាប់ដោយសារជំងឺធ្ងន់ធ្ងរដូចការអះអាងរបស់មន្ទីរពេទ្យនោះឡើយ គឺគាត់ស្លាប់​ដោយសារតែការធ្វេសប្រហែសរបស់មន្ទីរពេទ្យ។

ទឹកមុខស្រពោនរលីងរលោកទឹកភ្នែកកំពុងបញ្ចុកទឹកដោះគោប្អូនប្រុសដែលទើបអាយុជាង​១០ថ្ងៃ ដែលម្តាយបានស្លាប់ចោលនោះបណ្តើរ គឹមហេង បាននិយាយបន្ថែមថា៖ «ម្តាយរបស់​ខ្ញុំស្លាប់ដោយសារការធ្វេសប្រហែសរបស់មន្ទីរពេទ្យ​ ម្តាយខ្ញុំបង្កើតកូនហើយភ្លាម សុខភាព​គាត់ធម្មតា មិនមែនស្លាប់ដោយសារជំងឺធ្ងន់ធ្ងររបស់គាត់ទេ»

គឹមហេង និយាយបែបនេះក្រោយពីមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបងបានចេញលិខិតចូលរួម​មរណទុក្ខមួយច្បាប់កាល​ពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤។ ខ្លឹមសារលិខិតនោះ​មន្ទីរពេទ្យបាន​សម្តែងនៅ​ក្តីក្តុកក្តួល រន្ធត់ចិត្ត និងសោកស្តាយជាពន់ពេកចំពោះមរណភាពរបស់អ្នកស្រី ចាន់ ស្រីនុច មានទីលំនៅភូមិដាំស្ពៃ សង្កាត់ស្លាកែត ក្រុងបាត់ដំបង ដែលបានទទួល​មរណភាព​​នៅ​ម៉ោង១២និង៣០នាទីថ្ងៃទី៣០ខែមេសាឆ្នាំ២០២៤នៅមន្ទីរពេទ្យបង្អែកខេត្ត​បាត់ដំបង។

លិខិតរបស់មន្ទីរពេទ្យខាងលើបញ្ជាក់ថា លោកស្រី ចាន់ ស្រីនុច បានចូលសម្រាក​ពេទ្យ​បង្អែក​ខេត្តបាត់ដំបង កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង៣និង៤០នាទីរសៀល ដោយមូលហេតុឈឺក្បាល និងថប់ដង្ហើម ហើមជើងទាំងសងខាង និងមានផ្ទៃពោះ៨ខែ (ស្រ្តី​បាន​សម្រាលកូនប្រុសទម្ងន់២,៩គីឡូ ក្រាម)។គ្រូពេទ្យបានពិនិត្យ​ឃើញថាស្រ្តីខាងលើ​ស្ថិត​ក្នុង​សភាពខ្សោយថ្លើមចុងក្រោយ ជំងឺទឹកនោម​ផ្អើមធ្ងន់ធ្ងរ ខ្សោយ​តម្រង់នោម​ចុងក្រោយ និងមានផ្ទៃពោះចំនួន៧ដង(កូនមួយរលូត)។

លិខិតមន្ទីរពេទ្យបន្ថែមថានៅចំពោះមុខបែបនេះ ក្រុមការងារបានខិតខំព្យាបាលដោយ​ឱសថ និងមធ្យោបាយបច្ចេកទេសវិទ្យាសាស្រ្ត ដោយកិច្ចខិតខំប្រឹងប្រែង​សង្គ្រោះជីវិតតែ​អកុសល​ស្រ្តី​​ជាអ្នកជំងឺ​បានទទួលមរណៈភាពនៅបន្ទប់សង្គ្រោះបន្ទាន់ជំងឺទូទៅ​នៃមន្ទីរពេទ្យបង្អែក​ខេត្តបាត់ដំបង​ដោយរោគវិនិច្ឆ័យ ការពុលថ្លើមខ្លាំងខ្លា ដោយបណ្តាលឱ្យពុលដល់ខួរក្បាល និងជំងឺខ្សោយថ្លើមរួមនិងខ្សោយតម្រងនោមចុងក្រោយ។

អ្នកស្រី ថុង​ គឹមហេង បាននិយាយថា គាត់និងបងប្អូនព្រមទាំងឪពុករបស់នាង មិនអាចទទួល​យកការចេញ លិខិតរបស់មន្ទីរពេទ្យបង្អែកបាត់ដំបង​ខាងលើដែលថាម្តាយរបស់នាងស្លាប់​ដោយ​​សារជំងឺធ្ងន់ធ្ងរនោះឡើយ​ គឺគាត់ស្លាប់ដោយសារតែការធ្វេសប្រហែសរបស់មន្ទីរពេទ្យ ។

អ្នកស្រី គឹមហេង បានបន្ថែមថា៖​ «បើសិនជាម្តាយខ្ញុំធ្ងន់ធ្ងរ ហេតុអ្វីគ្រូពេទ្យមិនសង្គ្រោះ​ពី​ដំបូង​​មក សង្គ្រោះអ្វីនៅដង្ហើមចុងក្រោយរបស់គាត់ សង្រ្គោះទាន់ពេល រឺអត់ មិនទាន់ទេ! រយៈ​ពេល​​ពីរថ្ងៃអ្នកជម្ងឺ លែងដឹងខ្លួនហើយ ដល់ដង្ហើមចុងក្រោយហើយទើបមកសង្គ្រោះ​តើបាន​ប្រយោជន៍​អ្វីដល់អ្នកជម្ងឺ វាគ្មានបានប្រយោជន៍អីទាល់តែសោះ! ម្តាយខ្ញុំអស់កម្លាំង​រលីង​ហើយ​​នោះ!»

អ្នកស្រី គឹមហេង និយាយថានៅថ្ងៃទី៨ ខែឧសភា ក្រោយពីគាត់ធ្វើបុណ្យ៧ថ្ងៃម្តាយ​របស់​គាត់​រួចឃើញមានគ្រូពេទ្យប្រុសម្នាក់មកសួរនាំដោយគាត់ប្រាប់ថាមកសាកសួរព័ត៌មានដើម្បីយកទៅចែករំលែកជូនបងប្អូនប្រជាពលរដ្ឋក្រោយៗទៀតនៅពេលខ្លួនមានវ័យចាស់ និងមាន​ជំងឺ​ជាប់​ខ្លួនកុំយកកូនហើយគ្រូពេទ្យនោះបញ្ជាក់ថា គាត់មកមិនមែនមកទទួលខុសត្រូវ​នោះ​ទេ។

ស្រ្តីខាងលើបន្ថែមថាក្រោយពីគ្រូពេទ្យនោះចេញទៅអ្នកស្រីបានបង្ហោះរឿងរ៉ាវនៅពេលដែលម្តាយគាត់ទៅសម្រាកព្យាបាលរហូតដល់ស្លាប់នៅលើគ្រែពេទ្យយ៉ាងលម្អិតលើបណ្តាញសង្គមក៏មានការចាប់អារម្មណ៍យ៉ាងខ្លាំងនិងមានអ្នកស៊ែតៗគ្នាយ៉ាងច្រើន។

អ្នកស្រី គឹមហេង បន្ថែមថា៖ «ក្រោយពេលបង្ហោះនៅថ្ងៃបន្ទាប់ឃើញ​លោកគ្រូពេទ្យ​នោះ​មក​ម្តង​ទៀត ដោយបានស្នើសុំឱ្យគាត់លុបខ្លឹមសារដែលសរសេរលើបណ្តាញសង្គមចេញ​ ប៉ុន្តែខ្ញុំអត់​បាន​លុបទេ ខ្ញុំដាក់ជាPrivat​e បន្ទាប់មកគាត់ប្រាប់ឱ្យខ្ញុំស្នើសុំ​អ្វីជាផលប្រយោជន៍​គ្រួសារ​បើ​ចង់​​ទៅទទួលសេវាពេទ្យនោះទៀត ពេលនោះខ្ញុំស្នើសុំប្រើសេវាពេទ្យសម្រាប់​សមាជិក​គ្រួសារ​របស់ខ្ញុំទាំងអស់លើសេវាណាក៏ដោយ គឺមិនមានការបង់ប្រាក់នោះទេ គាត់​យល់​ព្រម!»

អ្នកស្រីបន្ថែមថា៖ «ក្រោយមកគ្រូពេទ្យនោះឃើញខ្ញុំលប់ខ្លឹមសារដាក់ Privat​​e only​ me ហើយ​គាត់ ប្រាប់ថាពេលថ្ងៃរឺពេលរសៀលនឹងមានគេចុះមក គាត់ចេញទៅមិនដល់៥នាទីផង ស្រាប់​តែ​ឃើញ វត្តមានប្រធានមន្ទីរពេទ្យបង្អែកខេត្តចុះមកដល់ផ្ទះខ្ញុំតែម្តង»។

អ្នកស្រី គឹមហេង បន្តថា លោក កាក់ សិលា ប្រធានមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង​បានសំពះ​រូបថត​ម្តាយ​របស់គាត់ រួចជជែកគ្នាមួយសន្ទុះ គាត់បានដកកញ្ចប់ថវិការ​៤លានរៀលជា​របស់​មន្ទីរ​ពេទ្យ និង១០០ដុល្លារ លោកថាជាលុយផ្ទាល់ខ្លួនរបស់លោក ប្រគល់ឱ្យគាត់រួម​ទាំង​បង​ប្អូន​​នៅ​ជុំគ្នា។

ដោយអ្នកស្រីបន្ថែមថា៖ «លោកប្រធានមន្ទីរពេទ្យបញ្ជាក់ថានេះជាលុយ​ទឹកចិត្តពី​មន្ទីរពេទ្យ​មិន​មែន ជាលុយសំណងអ្វីនោះទេកុំមានការយល់ច្រឡំថាជាលុយសំណងជីវិតអ្វីនោះ»។

ស្រ្តីខាងលើបន្ថែមថា ខណៈពេលនោះបងស្រីរបស់គាត់បានស្នើសុំ​លោកប្រធានមន្ទីរពេទ្យ​ធ្វើការទទួលកំហុសនិងធ្វើការសុំទោសជាសាធារណៈនូវកំហុសមួយនេះដែលធ្វើឱ្យម្តាយ​របស់គាត់ស្លាប់ពេលនោះ លោកគ្រូកាក់សិលាប្រធានមន្ទីរពេទ្យបានយល់ព្រម ប៉ុន្តែមាន​គ្រូ​ពេទ្យ​ម្នាក់ដែលមកសាកសួរព័ត៌មានពីដំបូងបាននិយាយកាត់ថាមិនបាច់ផុសអីទេ សូម​ចប់​ត្រឹមហ្នឹង! ប៉ុន្តែបងស្រីរបស់ខ្លួនមិនព្រម ក្រុមគ្រូពេទ្យនោះក៏ចាកចេញទៅ​។

អ្នកស្រី ថុង គឹមហួយ អាយុ២៤ឆ្នាំ​ដែលជាបងស្រីរបស់ ថុង គឹមងួន បានបន្ថែមថា ខណៈ​ពេល​ដែលគ្រូពេទ្យចាកចេញទៅ ពេលនោះខ្លួននិងប្អូនស្រីបាន​ពិភាក្សាជាមួយឪពុក​ដោយ​ឯកភាព​គ្នាថា មិនព្រមចប់ត្រឹមហ្នឹងនោះទេ​ហើយក៏មិនទៅទទួលសេវាពេទ្យនោះ​ទៀតដែរ គឺត្រូវតែឱ្យប្រធានមន្ទីរពេទ្យសុំទោសនិងទទួលកំហុសជាសាធារណៈ។

ពេលនោះគាត់ក៏បានឱ្យប្អូនប្រុសជិះម៉ូតូទៅតាមរថយន្តរបស់ លោកគ្រូពេទ្យនោះ​រហូតដល់​ស្តុបបាណន់ក្រុងបាត់ដំបងដែលមានចម្ងាយ៣ទៅ៤គីឡូម៉ែត្រពីផ្ទះរបស់គាត់ ដោយប្អូន​ប្រុស​បានប្រាប់គ្រូពេទ្យនោះថា បងនិងឪពុករបស់គាត់ស្នើសុំឱ្យលោកគ្រូពេទ្យត្រូវតែសុំទោស និង​ទទួលកំហុសជាសាធារណៈ។ អ្នកស្រីបន្ថែមថា ពេលនោះ​លោក​ប្រធាន​មន្ទីរពេទ្យសន្យាថា នឹងធ្វើលិខិតសុំទោសជាសាធារណៈនៅម៉ោង៥ល្ងាចថ្ងៃទី៩ឧសភា។

អ្នកស្រី ថុង គឹមហួយ បាននិយាយបន្ថែមថា៖ «តែជាក់ស្តែងមិនឃើញមានសារសុំទោស​ពី​មន្ទីរ​​ពេទ្យបង្អែកខេត្តបាត់ដំបងនោះទេរហូតដល់ម៉ោង១០កន្លះយប់មិត្តភ័ក្រ្ត​របស់ខ្លួន​បាន​ផ្ញើ​លិខិត​ចូលរួមមរណៈទុក្ខដែលចេញដោយមន្ទីរពេទ្យខាងលើឱ្យមើល ខ្ញុំអានទៅខ្ញុំក្តៅចិត្ត​ជា​ខ្លាំង​ដែលមន្ទីរពេទ្យថា ម្តាយខ្ញុំស្លាប់ដោយសារជំងឺធ្ងន់ធ្ងរ តែជាក់ស្តែងមិនមែនអញ្ចឹងទេ គឺ​គាត់​ទុកចោលអ្នកជំងឺ ទៅហៅបួនដប់ដងមិនឃើញគាត់មកផង!»

ក្រោយពីមន្ទីរពេទ្យបង្អែកចេញលិខិតចូលរួមមរណៈទុកខាងលើ កូនស្រីស្រ្តីរងគ្រោះអះអាង​ លោក ប្រធានមន្ទីរពេទ្យបង្អែកមិនបានគោរពតាមពាក្យសន្យាថា នឹងចេញលិខិតសុំទោស​ជា​សារធារណៈនោះទេ។ អ្នកស្រី ថុង គឹមហេង បានសរសេរខ្លឹមសារថ្មីបន្ថែមទៀត​លើគណនី​ហ្វេសប៊ុក​របស់ខ្លួនឈ្មោះ Zey Leak ll ឆ្លើយតបនឹងលិខិតរបស់មន្ទីរពេទ្យ។

ខ្លឹមសារដែលសរសេរនោះអ្នកស្រី គឹមហេង បានបញ្ជាក់ថា៖ «លោកប្រធានខុសសន្យាមុនទេ​ គ្រាន់តែសុំទោសនឹងទទួលកំហុស​ អត់ធ្ងន់ទេលោកគ្រូ​ តែនេះលោកគ្រូកុហកស្រស់ៗ​ ខ្ញុំខ្ពើម​ពាក្យ​ខិតខំនឹងណាស់​ អេកូបើខ្ញុំមិនសុំ​ទេ អស់លោកមានគំនិតនឹកឃើញអេកូអោយម្តាយខ្ញុំទេ​ សុំហើយនៅមិនចង់អេកូឱ្យទៀត​»

សំណេររបស់អ្នកស្រី គឹមហេង​ បន្ថែមថា គាត់នៅមើលម្តាយម្នាក់ឯងលោកគ្រូពេទ្យ​មិនមាន​ទឹក​​ចិត្តជួយលើម្តាយរបស់គាត់ទៅបន្ទប់អេកូនោះទេដោយគ្រាន់តែប្រាប់ថាឱ្យរកបងប្អូនលើ​ក​ម្តាយគាត់ដាក់លើរទេះរុញបានហើយ ចាំយកគាត់ទៅមើលអេកូ។

អ្នកស្រីសរសេរថា៖ «ខិតខំព្យាបាលដោយឱសថ​ចង់តែសើច ឱ្យថ្នាំម្តាយខ្ញុំលេបមិន​បើក​​​ឯកសារ​នឹងមែន​ ឈឺហុចថ្នាំលេប​ ឈឺចាក់ថ្នាំ​ ទាំងដែលមិនមកពិនិត្យ​ដោយយកចិត្ត​ទុក​ដាក់​លើម្តាយខ្ញុំ​ ទុកម្តាយខ្ញុំចោលមិនព្យាបាលរហូតដល់ស្លាប់​»

អ្នកស្រីបានរៀបរាប់ថា ក្នុងកំឡុងពេលសម្រាកព្យាបាលតាំងពីថ្ងៃទី២២ដល់ថ្ងៃទី២៧​ ខែមេសា ​ឆ្នាំ២០២៤ គ្រូពេទ្យ​តេស្តជាតិស្ករម្តាយរបស់គាត់ចុះខ្លាំង​រហូតដល់ខាង​លោកគ្រូ​ហាម​ម្តាយរបស់គាត់មិនឱ្យចាក់ថ្នាំទឹកនោមផ្អែមទៀតដោយខ្លាចជាតិស្ករចុះកាន់តែខ្លាំង​ ហើយវាស់ឈាមក៍ស្ថិតក្នុងកម្រិតធម្មតា​។

អ្នកស្រីបន្ថែមថា៖ «ប្អូនខ្ញុំកើតមកបានតែ2គីឡូ2ខាំ​ អស់លោកដាក់២គីឡូ៩ខាំ​ ពេលកើត​ហើយ​អស់ លោកមិនដែលបានមកតេស្តជាតិស្កឱ្យម្តាយខ្ញុំសូម្បីតែម្តង​ វាស់ឈាម​ប៉ុន្មាន​ក៏អស់លោកមិនប្រាប់​»

អ្នកស្រី គឹមហេង បានបន្ថែមថា៖ «មួយទៀត​ គ្រប់ជំងឺចេញមកម្តាយខ្ញុំសុទ្ធសឹងតែធ្ងន់ធ្ងរ​ ចុះ​​ហេតុអីបានមិនសង្គ្រោះតាំងពីគាត់ចុកពោះដំបូង​ មិចបានទុកម្តាយខ្ញុំដល់លែង​ដឹងខ្លួន​ទើប​បញ្ចូនម្តាយខ្ញុំទៅសង្គ្រោះបន្ទាន់​ រុញម្តាយខ្ញុំដាក់សាលនេះសាលនោះទៅវិញទៅមក​?​ ផុស​លិខិត​មកឆ្កុយ​ មិនមានខ្លឹមសារ សរសេរ​នេះមែនទេ ប្រធានមន្ទីពេទ្យ​សីលធម៌​ខ្សោយ​ដូចគ្នា​ទើបកូនចៅធ្វើតាម»

ទិដ្ឋភាពពីមុខមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបងដែលមានអ្នកជំងឺចេញចូល ដើម្បីពិនិត្យ ព្យាបាលជំងឺ។ រូបថតថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤។ (ខេមបូចា/ មាស ភារុណ)

ទាក់ទងបញ្ហាខាងលើនេះខេមបូចា មិនអាចទំនាក់ទំនងលោក កាក់ សិលា ​ប្រធានមន្ទីរពេទ្យ​បង្អែកខេត្តបាត់ដំបង ដើម្បីសុំបំភ្លឺបាននោះទេដោយបានព្យាយាមទំនាក់ទំនង​តាមលេខ​ទូរសព្ទ​​​របស់លោក ហៅចូលជាប់រវល់រហូត​នៅថ្ងៃទី៩ និង១០ ខែឧសភា និងផ្តល់​សំនួរ​តាម​បណ្តាញតេឡេក្រាមព្រមទាំងហៅចូលផងមិនឃើញមានការឆ្លើយតប។

ទោះបីយ៉ាងណា​លោក ហៀប ធឹង ប្រធានរដ្ឋបាលមន្ទីរពេទ្យបង្អែក​ខេត្តបាត់ដំបង​ បាន​ថ្លែង​កាល​ពីថ្ងៃទី១០ ខែឧសភាថា មន្ទីរពេទ្យបានបកស្រាយរួចរាល់ហើយ  បើសិនគិតតាម​បច្ចេកទេស​ជំងឺរបស់ស្រ្តីខាងលើ ថ្លើម តម្រងនោម គាត់ធ្ងន់ធ្ងរ​ដល់ដំណាក់កាល​ចុង​ក្រោយ​ហើយ។

លោក ហៀប ធឹង ថ្លែងថា៖ «គាត់ចោទប្រកាន់ថាហៅគ្រូពេទ្យឱ្យមកមើល យើងវាយឺតយ៉ាវ​តិចតួចហ្នឹង ណា ជួនកាលគាត់ជាប់ជម្ងឺច្រើនជាប់រវល់ វាយឺតយ៉ាវតិចតួច»។លោកបន្តថា៖ «ស្អែកនឹងមានធ្វើការសាកសួរគាត់(គ្រូពេទ្យ)ពីព័ត៌មាន បើចោទប្រកាន់តែម្នាក់វាមិនមែន​ជា​រឿងមួយពិតទេ យើងយកព័ត៌មានពីខាងនោះ រួចសួរខាងនេះទៀតដើម្បីឱ្យវាជាក់លាក់»។

លោកបានបន្ថែមថា ករណីស្លាប់របស់មាតានិងទារកនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តមិនសូវមាន​ច្រើន​ទេ​លុះត្រាករណីធ្ងន់ធ្ងរទើមានស្លាប់ព្រោះក្រសួងសុខាភិបាលកំពុងយកចិត្តទុកដាក់​លើ​សុខភាពមាតានិងទារក ហើយក្រុមគ្រូពេទ្យក៏មានការប្រុងប្រយ័ត្នដែរ​មិនបណ្តែតបណ្តោយ​ដែល​​នាំឱ្យប៉ះពាល់កិត្តិយសមន្ទីរពេទ្យនោះទេ។

ខេមបូចា មិនអាចទំនាក់ទំនងលោក វឿង ប៊ុនរ៉េត ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាល​ខេត្ត​បាត់ដំបង ​បាន​នោះទេ កាលពីថ្ងៃសុក្រដោយទូរស័ព្ទរបស់លោកហៅចូល​ច្រើនសារ​គ្មាន​អ្នក​ទទួលនិងផ្តល់សំនួរតាមតេឡេក្រាមមិនមានការចូលមើលនិងឆ្លើយតប។

លោក សឿម ប៊ុនរិទ្ធ អភិបាលរងខេត្តនិងជាអ្នកនាំពាក្យរដ្ឋបាលខេត្តបាត់ដំបង​បាន​ឆ្លើយ​តប​សំនួរ​តាមតេឡេក្រាមថា៖ «​ករណីនេះ គឺ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាល​ខេត្ត​បាត់ដំបង​លោកបានមានវិធានការបន្ទាន់តាំងពី​ ពីរថ្ងៃមុនមក ហើយបានបង្កើត ក្រុមការងារ​របស់រដ្ឋបាលខេត្តដើម្បីចុះស្រាវជ្រាវអង្កេត​លើ​ករណីនេះដែលក្នុងនោះបានប្រគល់ភារកិច្ច​ជូន​ឯកឧត្តម ទីន សារ៉ាវុធ អភិបាលរង​​នៃ​គណៈអភិបាល​ខេត្ត​បាត់ដំបង ​ធ្វើការងារនេះនឹង​រាយការណ៍លទ្ធផល​ជូន​ឯកឧត្តមអភិបាល​ខេត្ត»

ជុំវិញសំនួរសួរថាតើមកទល់ពេលនេះតើទទួលបានលទ្ធផលយ៉ាងណាដែរ?បើសិនជារកឃើញថាគ្រូពេទ្យមានកំហុសវិជ្ជាជីវះរឺទ្វេសប្រហែសជាដើម តើខេត្តនិងមានចំណាត់ការ​បន្ត​បែប​ណា? លោក សឿម ប៊ុនរិទ្ធ អ្នកនាំពាក្យខេត្ត​ បានចូលមើលតែ​មិនទាន់ឃើញមាន​ការឆ្លើយ​តប​យ៉ាងណានៅឡើយទេ។

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលបានឆ្លើយតបយ៉ាងខ្លី​នាព្រឹកថ្ងៃទី១៣ ខែឧសភា ថា គាត់ជាប់រវល់ និងបន្តថាគេមានការកែទម្រង់ហើយ។

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន ថ្លែង៖ «សុំទោសក្មួយខ្ញុំជាប់តិច មីងអត់អាចធ្វើអីបានទេ គេមានការកែទម្រង់ហើយក្មួយ គេកែទម្រង់ហើយ!»

ក្រៅពីករណីស្រ្តីខាងលើ ក៏មានគ្រូបង្រៀនម្នាក់បានស្លាប់ជាមួយកូនក្នុងផ្ទៃ​ក្នុងមន្ទីរពេទ្យ បង្អែកខេត្តបាត់ដំបងនេះផងដែរ នេះបើតាមគណនីហ្វេសប៊ុកមួយឈ្មោះ Dalin Voeun បានបង្ហោះកាលពី​ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤។

គណនីយហ្វេសប៊ុកនេះបញ្ជាក់ថា រូបគាត់ជាបងជីដូនមួយគ្រូបង្រៀនថ្នាក់មត្តេយ្យនៅ សាលាបឋមសិក្សាស្វាយធំ ដែលស្លាប់ទាំងម្តាយទាំងកូនក្នុងពោះនៅមន្ទីរពេទ្យបង្អែក​ខេត្តបាត់ដំបង(អតីតមន្ទីរពេទ្យធំ)​។

ស្រ្តីដែលជាម្ចាស់គណនីយហ្វេសប៊ុក Dalin Voeun បានសរសេរបន្ថែមថា៖ «ធ្វើ​ការធ្វេស​ប្រហែស​ យកជីវិតគេមកលែងសើច​ ដឹងទេថាគេឈឺចាប់ប៉ុណ្ណា​ ពេទ្យអើយពេទ្យ​ យក​បេះដូង​មក​ធ្វើការផង អាយុជីវិត​គេ​ណា​ សូមប្អូនស្រីនិងកូនទៅឱ្យបានសុខ​ ជាតិក្រោយ​កុំ​ឱ្យ​អាយុ​ខ្លី​ចឹង​ទៀត»

គណនីហ្វេសប៊ុកមួយទៀតឈ្មោះ Veoun Phally ក៏បានសរសេរបន្ថែមទាក់ទង និងការ​ស្លាប់របស់អ្នក​​គ្រូបង្រៀនសាលាមតេយ្យទាំងកូនក្នុងផ្ទៃខាងលើ​នាថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤ ដែលមានខ្លឹមសារថា៖ «មិនសង្គ្រោះមនុស្សសិនទេ​ តាំងពីម៉ោង៤ភ្លឺ​ស្នើសុំវះ​ ពេទ្យ​ថាចាំបំពេញបែបបទសិន​ រហូតដល់ម៉ោង៨ព្រឹក​ បែបបទបំពេញមិនចេះហើយ ចុងក្រោយ​ស្លាប់ទាំងម្តាយនិងកូនក្នុងពោះ​ ពេទ្យធំបាត់ដំបង​ សូមប្អូនបានទៅកាន់ទីឋានស្ងប់សុខ»។​

បើតាមអ្នកស្រី មុត ចាន់ថង អនុប្រធានផ្នែកបន្តពូជ សុខភាពមាតា ទារក កុមារ និង​អាហារ​រូបត្ថម្ភ​នៃមន្ទីរសុខាភិបាលខេត្តបាត់ដំបង​បានឱ្យដឹងថា តាមការអង្កេតបែប​វិទ្យាសាស្រ្ត​របស់​ក្រសួងសុខាភិបាលនៅឆ្នាំ២០២៣ ស្ថានភាពមរណភាពមាតា និងទារក គឺមានការ​ថយចុះ​ និង​សុខភាពមាតា និងទារកមានភាពល្អប្រសើរ។

លោកស្រីបានលើកឡើងខណៈដែលចូលកម្មវិធីវិទ្យុខេត្តមួយក្នុងថ្ងៃទិវាជាតិសុខភាពមាតា​និង​ទារកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ បន្ថែមឱ្យដឹងថា៖ «ចំនួនមរណភាពមាតានៅកម្ពុជា​ដែល​មានអត្រាស្លាប់ខ្ទង់៤០០នាក់ជាយូរឆ្នាំមកហើយ ធ្លាក់មកនៅត្រឹម១៥៤នាក់​លើ១សែន​កំណើត​រស់»

អ្នកស្រីបន្ថែមថា៖ «ដោយឡែកសម្រាប់ទារក និងកុមារក៏មានការថយចុះ​ច្រើនដែរ​ពី​មុន​ខ្ទង់​មរណភាព១០​ធ្លាក់មកត្រឹម៨ទារកលើ១០០០កំណើតរស់»

អ្នកស្រី មុត ចាន់ថង បញ្ជាក់ថា ដោយឡែកខេត្តបាត់ដំបងតាមការអង្កេតវាស់ស្ទង់ ក៏មាន​តួលេខ​​ប្រហាក់ប្រហែលទូទាំងប្រទេសខាងលើដែរ គឺអត្រាមរណភាពមាតា និង​ទារក​មាន​ការធ្លាក់ចុះច្រើន។

លោកស្រីវេជ្ជបណ្ឌិត មូល វណ្ណា នាយិការអង្គការ AHEAD បានឱ្យដឹងថា អង្គការលោកស្រី​បាន​​ធ្វើការទាក់ទងសុខភាពមាតា និងទារកនៅតាមមណ្ឌលសុខភាព​ក្នុងស្រុកគោលដៅ​មាន​ស្រុកថ្មគោល ស្រុកបវេល ស្រុកភ្នំព្រឹក ស្រុកកំរៀង ស្រុកសំពៅលូន ខេត្តបាត់ដំបង និង​ខេត្ត​ប៉ៃលិន​ផងដែរ។

អ្នកស្រីវេជ្ជបណ្ឌិតបានបញ្ជាក់ថា តាមការអង្កេតនៅតាមស្រុកគោលដៅដែលលោកស្រីធ្វើការ​ក្រោយ​ពីទទួលការបណ្តុះបណ្តាលនិងផ្សព្វផ្សាយឃើញថា ស្រ្តីដែលមានផ្ទៃពោះ​នៅតាម​សហគមន៍នានាបានផ្លាស់ប្តូរឥរិយាបទមកទទួលសេវាសុខភាពនៅតាមមណ្ឌលសុខភាពតាមគោលនយោបាយជាតិ៤ដងយ៉ាងតិច និងបានមកទទួលសេវាសម្រាលបានច្រើនជាងមុន។

លោកស្រីបន្ថែមថា៖ «តំបន់គោលដៅដែលយើងធ្វើការនៅតាមមណ្ឌលសុខភាព​តាមអូឌី​នីមួយៗ ឃើញថាអត្រាកើនឡើងនៃស្រ្តីមកពិនិត្យផ្ទៃពោះនិងការមកពិនិត្យសុខភាពល្អ​មែន​ទែន ទាំងអ្នកមកទទួលសេវា និងអ្នកផ្តល់សេវាតាមមណ្ឌលសុខភាព គឺល្អប្រសើរ​ច្រើន​ជាង​មុន»។

ក្រសួងសុខាភិបាលបានបង្ហាញរបាយការណ៍ក្នុងថ្ងៃទិវាជាតិ«សុខភាពមាតា​ទារក និងកុមារ»​នាថ្ងៃទី២១ ខែកុម្ភៈឆ្នាំ២០២៤ឱ្យដឹងថា អត្រាមរណភាពទារក កុមារ និងកុមារអាយុក្រោម៥ឆ្នាំ បានថយចុះច្រើនជាងពាក់កណ្តាលធៀបនឹងឆ្នាំ២០១៤ មកត្រឹម៨, ១២ និង១៦ ក្នុង ១ ០០០​កំណើត​រស់ នាឆ្នាំ២០២១-២០២២។ នេះមានន័យថាប្រទេសកម្ពុជា​សម្រេចបានរួចហើយ​នូវ​គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅឆ្នាំ២០៣០ ក្នុងការបញ្ចប់ការស្លាប់ដែលអាចបង្ការ​បាន​របស់​ទារក កុមារក្រោម១ឆ្នាំ និងកុមារអាយុក្រោម៥ឆ្នាំ។

ក្រសួងសុខាភិបាលបានបញ្ជាក់លើផេកផ្លូវការរបស់ក្រសួងថា បន្ថែមថាស្ត្រីមានផ្ទៃពោះ​ស្ទើរ​តែ​​ទាំងអស់ទទួលបានការថែទាំផ្ទៃពោះមុនពេលសម្រាលកូន៩៩នាក់ក្នុង១០០នាក់​បាន​រាយការណ៍​បានទទួលការថែទាំពីបុគ្គលិកសុខាភិបាលដែលបានបណ្តុះបណ្តាលក្នុងកំឡុង​ពេលមានផ្ទៃពោះដែលអត្រានេះ ជាការកើនឡើងគួរឱ្យកត់សម្គាល់ពី៣៨%ក្នុងឆ្នាំ២០០០។ ដូច​គ្នានេះដែរ ស្ទើរតែគ្រប់ការសម្រាលទាំងអស់នៅកម្ពុជា គឺដោយបុគ្គលិក​សុខាភិបាល​ដែល​បានបណ្តុះបណ្តាល ដែលបានកើនពី៣២%ក្នុងឆ្នាំ២០០០ ដល់៩៩%ក្នុងឆ្នាំ២០២១-២០២២​។

លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានថ្លែងក្នុងឱកាសទិវាជាតិ​ខាង​លើ​បញ្ជាក់ថា ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តីក្រសួងសុខាភិបាល បានមានប្រសាសន៍ថា នៅពេល​ដែលយើងកំពុងធ្វើដំណើរឆ្ពោះទៅប្រទេសកម្ពុជាមួយដែលមានប្រជាជនមានសុខភាពល្អ​ប្រសើរជាងមុន សូមយើងចូលរួមទាំងអស់គ្នាជាធ្លុងមួយក្នុងការពង្រឹងបន្ថែមទៀតនូវ​គុណភាព​​សេវាសុខភាពមាតា ទារក និងកុមារ និងការសាងប្រព័ន្ធសុខាភិបាលមួយដែល​រឹង​មាំ​ជាងមុន និង​​ផ្តល់​សេវា​សុខភាពទៅដល់ប្រជាជនគ្រប់គ្នាដោយមិនទុកបុគ្គលណាម្នាក់​ចោល​​ឡើយ។

លោក​រដ្ឋមន្រ្តីបន្ថែមថា៖ «ទាំងអស់គ្នា យើងត្រូវតែបន្តកិច្ចខិតខំប្រឹងប្រែងរួមគ្នា​ដើម្បីកសាង​អនាគតមួយដែលម្តាយ ទារក និងកុមារគ្រប់រូបនៅកម្ពុជា ទទួលបានការថែទាំ​សុខភាព​ប្រកបដោយវិជ្ជាជីវៈ ហើយដែលគាត់សមនឹងទទួលបាន»

ងាកមកអ្នកស្រី ថុង គឹមហេង បានបាននិយាយថា ក្រោយពីម្តាយគាត់ស្លាប់ទៅបន្ទុកគ្រួសារ​ធ្លាក់​លើរូប គាត់ដែលត្រូវរ៉ាប់រងគ្រួសារនិងរ៉ាបរងការចិញ្ចឹមប្អូនប្រុស​ដែលទើប​កើតដែល​ត្រូវ​ការ​ទឹកដោះគោបៅ ណាមួយត្រូវ ចំណាយលើការជួលផ្ទះរស់នៅក្នុងមួយ​ខែ​១៥០​ដុល្លារ ​ទៀត​ខណៈដែលឪពុករបស់ខ្លួនធ្វើការបើកបររថយន្តឱ្យអង្គការមួយ។

អ្នកស្រី គឹមហេង បន្ថែមថា៖ «ឥឡូវចៅអត់មានយាយ កូនអត់មានម្តាយ​ហើយខ្ញុំ​ត្រូវ​ទទួល​បន្ទុក​​មើល​ថែប្អូន កាលម្តាយខ្ញុំនៅគាត់មើលថែកូនខ្ញុំ២នាក់ ខ្ញុំចេញទៅធ្វើការដើម្បីជួយរក​លុយ​​ផ្គត់​ផ្គង់​ក្នុងផ្ទះ តែឥឡូវ ម្តាយខ្ញុំអត់នៅមិនមានអ្នកណាជួយមើលថែកូនខ្ញុំហើយ ខ្ញុំអត់​អាច​ចេញ​ទៅ​ធ្វើការ​បាន ការចាយវាយ ក្នុងផ្ទះកាន់តែខ្វះខាតហើយត្រូវទទួលបន្ទុក​ចិញ្ចឹម​ប្អូនដោយ​បៅ​ទឹកដោះគោទៀត បន្ទុកកាន់តែច្រើន ចំណាយសព្វគ្រប់បែបយ៉ាង»

អ្នកស្រី ថុង គឹមហេង និង អ្នកស្រី ថុង គឹមហួយ ដែលជាបង បាននិយាយថា មុនដំបូង​ពួកគាត់​សំណូមពរសុំ ត្រឹមតែចង់ឱ្យ​គ្រូពេទ្យទទួលស្គាល់កំហុស និងធ្វើការសុំទោស​ជា​សាធារណៈ​ដែលគាត់ធ្វេសប្រហែសធ្វើឱ្យម្តាយរបស់គាត់ស្លាប់ប៉ុណ្ណោះ។ ប៉ុន្តែ​ពេល​មន្ទីរ​ពេទ្យ​​ចេញលិខិតមកមិនមែនជាការពិតនិយាយចេញមកបំភ្លើសច្រើនគាត់ គិតថា នឹងមាន​គម្រោងបន្តដាក់ពាក្យ​បណ្តឹងរឺទាមទាសំណងពីខាងមន្ទីរពេទ្យនិងសុំឱ្យក្រសួងសុខាភិបាល​ជួយរកយុត្តិធម៌​ឱ្យគ្រួសាររបស់គាត់ផង។

អ្នកស្រី ថុង គឹមហេង បានសំណូមពរ​ចុងក្រោយថា៖ «សំណូមពរដល់លោកគ្រូអ្នកគ្រូពេទ្យ​ទាំងអស់​ជួយសង្គ្រោះ អ្នកជំងឺមិនថាក្នុងស្ថានភាពបែបណាក៏ដោយអ្នកជំងឺ​ដែលចូល​ទៅ​ដេកពេទ្យ​មិនមានអ្នកណាចង់ចូលទៅដេកទេ គឺសុទ្ធតែឈឺ មិនថាជំងឺធ្ងន់ រឺស្រាលទេ នៅ​ពេល​ដែលអ្នកជំងឺរៀបរាប់ពីអាការៈសូមលោកគ្រូអ្នកគ្រូពេទ្យមេត្តាយកចិត្តទុកដាក់ស្តាប់ បើឆ្ងល់ខ្លាំងសូមពិនិត្យឱ្យបានម៉ត់ចត់ កុំពិនិត្យបែបលេងសើចបែបនេះ សូមតាមដានអ្នកជំងឺ​ឱ្យខ្លាំងបំផុត»៕

802 views

ព័ត៌មានថ្មី

អត្ថបទពេញនិយម