ក្រុមសិក្សាយុទ្ធសាស្រ្តអាមេរិកបានឱ្យដឹងកាលពីថ្ងៃអង្គារ ថាការសាងសង់ដែលទទួលជំនួយពីចិន «កំពុងបន្តប្រែក្លាយ» មូលដ្ឋានកងទ័ពជើងទឹករាមក្នុងក្រុងព្រះសីហនុ«ក្នុងល្បឿនយ៉ាងលឿន» ដោយក្នុងនោះមានការឈូសឆាយដី ការសាង់សង់សំណង់ថ្មីៗ និងការកសាងផែថ្មីមួយ។
ការអភិវឌ្ឍថ្មីទាំងនេះត្រូវបានបញ្ចប់ក្នុងរយៈពេល៣ខែចុងក្រោយ ដែលរូបភាពពីលើអាកាសបង្ហាញពីផ្ទៃដីទំហំជាង១១ហិកតា ដែលត្រូវបានឈូសឆាយនៅក្នុងមជ្ឈមណ្ឌលរបស់មូលដ្ឋានទ័ពចាប់តាំងពីខែកក្កដា ហើយផែថ្មីបានចាប់ផ្តើមសង់ក្នុងខែមិថុនា និងបញ្ចប់នៅខែកញ្ញា។នេះបើយោងតាមគម្រោងតម្លាភាពដែនសមុទ្រអាស៊ីរបស់មជ្ឈមណ្ឌលសិក្សាយុទ្ធសាស្រ្តនិងអន្តរជាតិ(CSIS)ដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតុនឌីស៊ី។
រាមគឺជាចំណុចកណ្តាលនៃភាពចម្រូងចម្រាសភូមិសាស្ត្រនយោបាយក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយមន្ត្រីសហរដ្ឋអាមេរិកបានសម្តែងការព្រួយបារម្ភចាប់តាំងពីឆ្នាំ២០១៩ ដោយចោទថាមានកិច្ចព្រមព្រៀងរវាងកម្ពុជា និងចិន ដែលនឹងផ្តល់សិទ្ធិផ្តាច់ផ្នែកមុខយោធាដល់ចិនក្នុងការទទួលបានផ្នែកមួយនៃមូលដ្ឋានដែលមានទីតាំងនៅឈូងសមុទ្រថៃនេះ។ ទាំងមន្ត្រីកម្ពុជា និងចិនបានបដិសេធម្តងហើយម្តងទៀតចំពោះការចោទប្រកាន់របស់សហរដ្ឋអាមេរិក។
រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ បាននិយាយកាលពីខែមិថុនាថា ការអភិវឌ្ឍមូលដ្ឋានកងទ័ពជើងទឹករាមគោរពតាមរដ្ឋធម្មនុញ្ញរបស់កម្ពុជា ដែលមិនអនុញ្ញាតឱ្យមានមូលដ្ឋានយោធាបរទេសនៅក្នុងទឹកដីរបស់ខ្លួនឡើយ។ លោក ទៀ បាញ់ បានថ្លែងនៅក្នុងពិធីបើកការដ្ឋានសាងសង់ដោយក្នុងពេលនោះលោកបានលើកឡើងពីអត្ថប្រយោជន៍នៃការអភិវឌ្ឍមូលដ្ឋានកងទ័ពជើងទឹករាមដែលក្នុងនោះរួមមានកន្លែងថែទាំនិងជួសជុលនាវា ផែស្ងួតនៅចុងខាងត្បូង ព្រមទាំងរោងជាង និងអគារទទួលភ្ញៀវ។
សំណង់មួយចំនួនក្នុងមូលដ្ឋានកងទ័ពជើងទឹករាមកាលពីមុនទទួលបានជំនួយសាងសង់ពីសហរដ្ឋអាមេរិក ប៉ុន្តែពួកវាត្រូវបានវាយកម្ទេចចោលកាលពីឆ្នាំ២០២០។
រូបភាពផ្កាយរណបកាលពីចុងខែមិថុនា បង្ហាញពីផ្ទៃដីប្រវែងប្រហែល ៨០ម៉ែត្រ លយចូលសមុទ្រនៅឆ្នេរមូលដ្ឋានកងទ័ពជើងទឹករាម។
យោងតាមការចុះផ្សាយរបស់ CSIS កាលពីថ្ងៃអង្គារ គេឃើញមានកប៉ាល់ក្នុងរូបភាពមួយដែលថតកាលពីខែមុន«ដោយថាកប៉ាល់ទាំងនោះត្រូវបានប្រើដើម្បីដឹកសម្ភារៈសំណង់និងឧបករណ៍នានាដើម្បីកុំឱ្យស្ទះផ្លូវគោក»។
ប្រភពដដែលបានឱ្យដឹងថា៖ «សាឡង់បូមខ្សាច់មួយគ្រឿងបន្តប្រតិបត្តិការនៅឈូងសមុទ្រ ដោយធ្វើឱ្យកំពង់ផែកាន់តែជ្រៅ និងបង្ហាញថាការទន្រ្ទានចូលដែនសមុទ្របន្ថែមទៀត»។
កាលពីខែកក្កដា CSIS បានលើកឡើងថាការសាងសង់នៅរាម«ជាពិសេសនៅផ្នែកចុងខាងជើងនៃកន្លែងដែលត្រូវបានសង្ស័យថាត្រូវបានទុកសម្រាប់ការប្រើប្រាស់របស់ប្រទេសចិន» បានកើនឡើងក្នុងប៉ុន្មានខែថ្មីៗនេះ។ CSIS ចាត់ទុកការចាប់ផ្តើមនៃផែថ្មីថាជាការអភិវឌ្ឍចុងក្រោយបង្អស់។
CSIS បានលើកឡើងនៅពេលនោះថា៖ «នៅពាក់កណ្តាលខែមិថុនា មានអ្វីមួយដែលលេចឡើងដូចជាផែថ្មីមួយដែលបង្កើតពីខ្សាច់ត្រូវបានសាងសង់។ នេះហាក់ដូចជាការចាប់ផ្តើមនៃការពង្រីកការសាងសង់ដែលផ្តល់មូលនិធិដោយចិន ដែលក្នុងនោះរួមមាន ផែ និងចំណតកប៉ាល់ជាដើម ដែលរដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា លោក ទៀ បាញ់ ក៏បានលើកឡើងក្នុងពិធីបើកការដ្ឋានសាងសង់កាលពីខែមិថុនា ដោយពេលនោះក៏មានការចូលរួមដោយឯកអគ្គរដ្ឋទូតចិនដែរ»។
សាឡង់បូមខ្សាច់អាចត្រូវបានគេមើលឃើញនៅក្នុងរូបភាពផ្កាយរណបពីខែមិថុនាដល់ខែតុលានៅឆ្នេរសមុទ្រនៃមូលដ្ឋានកងទ័ពជើងទឹករាម។
កាលពីខែមករា CSIS បាននិយាយថា ការបូមខ្សាច់កំពង់ផែកាន់តែជ្រៅ«នឹងផ្តល់ប្រយោជន៍សម្រាប់ការចតកប៉ាល់យោធាធំៗនៅរាម ហើយជាផ្នែកមួយនៃកិច្ចព្រមព្រៀងសម្ងាត់រវាងចិន និងកម្ពុជា ដែលមន្ត្រីអាមេរិកបានរាយការណ៍ថាបានឃើញនៅឆ្នាំ២០១៩»។

អ្នកនាំពាក្យក្រសួងការពារជាតិ លោក ឈុំ សុជាតិ មិនអាចទាក់ទងបានទេនៅថ្ងៃពុធនេះ ខណៈឧត្តមនាវីឯក អ៊ុក សីហា មេបញ្ជាការរងកងទ័ពជើងទឹករាម បដិសេធមិនធ្វើអត្ថាធិប្បាយលើកិច្ចការការពារជាតិ។
ប៉ុន្តែ អ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន មានប្រសាសន៍ថា ក្រសួងការពារជាតិធ្លាប់បានថ្លែងថា ការបូមខ្សាច់នៅតំបន់នោះ គឺដើម្បីអភិវឌ្ឍន៍កំពង់ផែឱ្យកាន់តែជ្រៅ ដើម្បីសម្រួលដល់ការចតនាវាធំៗពីគ្រប់បណ្តាប្រទេស។
លោក ស៊ីផាន បានថ្លែងថា៖ «ការធ្វើទំនើបកម្មកំពង់ផែរាម គឺសម្រាប់បំពេញតម្រូវការមូលដ្ឋានទ័ពជើងទឹក [កម្ពុជា] មិនមែនសម្រាប់ចិនតែមួយទេ ប៉ុន្តែសម្រាប់ប្រទេសទាំងអស់ ហើយទាក់ទងនឹងការអភិវឌ្ឍនៅផ្នែកខាងជើងនៃកំពង់ផែ មិនចាំបាច់រាយការណ៍ទៅនរណាម្នាក់ទេ»។
ស្ថានទូតអាមេរិក និងចិននៅភ្នំពេញ មិនបានឆ្លើយតបនឹងសំណួរតាមអ៊ីម៉ែលទេ។
CSIS ក៏បាននិយាយផងដែរថា អគារដែលទើបនឹងសាងសង់ថ្មីចំនួនពីរ និងគ្រឹះចំនួនប្រាំបីបន្ថែមទៀត អាចមើលឃើញនៅផ្នែកខាងជើងនៃមូលដ្ឋាននេះ ដែលនៅទីនោះមានការឈូសឆាយដីនៅដើមឆ្នាំនេះ។ ប្រភពដដែលបានឱ្យដឹងទៀតថាការសាងសង់អគារជាច្រើនក៏កំពុងបន្តនៅចុងខាងត្បូងនៃមូលដ្ឋាននេះ។
អ្នកវិភាគគោលនយោបាយ លោក អៀ សុផល មានប្រសាសន៍ថា ប្រទេសចិនហាក់បីដូចជាចង់បង្កើតនូវអ្វីដែលពួកគេចាត់ទុកថាជាមូលដ្ឋានទ័ពជើងទឹករបស់ពួកគេ ដោយទាញយកផលប្រយោជន៍ពីចម្ងាយរបស់កម្ពុជាទៅកាន់សមុទ្រចិនខាងត្បូង។
លោកបានបន្តថា៖ «រាមនឹងបង្ហាញពីឥទ្ធិពលអំណាចនៅសមុទ្រចិនខាងត្បូងរបស់ចិន ហើយវាក៏ជាគ្រាប់គុជមួយទៀតក្នុងដៃដែលចិនកំពុងកសាង»៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ China-Funded Ream Base Construction Includes New Pier, US Think Tank Says