ថ្មីៗពីដំណើរទស្សនកិច្ចនៅប្រទេសចិន ប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែន និងមេដឹកនាំចិន លោក ស៊ី ជីនពីង បានអះអាងសារជាថ្មីអំពីទំនាក់ទំនង «រឹងមាំ» របស់ពួកគេ ដោយបានសន្យាកិច្ចសហប្រតិបត្តិការ និងការគាំទ្រសម្រាប់គម្រោងអភិវឌ្ឍន៍សំខាន់ៗ។
ចម្ងល់នៅតែមានចំពោះការគាំទ្រផ្នែកហិរញ្ញវត្ថុពីទីក្រុងប៉េកាំងសម្រាប់ព្រែកជីកហ្វូណនតេជោដែលកំពុងជាប់គាំង ដោយគ្មានការបញ្ជាក់ផ្លូវការអំពីការផ្តល់មូលនិធិជាផ្លូវការបើទោះបីជាមានការធានាខាងការទូតក៏ដោយ។
បន្ទាប់ពីទស្សនកិច្ចនៅដើមខែធ្នូនេះ លោក ហ៊ុន សែន បានបង្ហោះសេចក្តីសង្ខេបនៃជំនួបជាមួយលោកប្រធានាធិបតី ជីនពីង នៅលើហ្វេសប៊ុក ដោយថ្លែងអំណរគុណចំពោះលោកដែលបានគាំទ្រគម្រោងព្រែកជីក ប៉ុន្តែលោកមិនបានផ្តល់ព័ត៌មានលម្អិតថាតើជំនួយនោះរួមបញ្ចូលថវិកាសាងសង់ដែរឬទេ។
គម្រោងតម្លៃ១,៧ពាន់លានដុល្លារ ដែលមានបំណងតភ្ជាប់ទន្លេមេគង្គទៅកាន់ឈូងសមុទ្រថៃ និងកាត់បន្ថយការពឹងផ្អែករបស់កម្ពុជាលើវៀតណាមសម្រាប់ការដឹកជញ្ជូន គឺជាមូលដ្ឋានគ្រឹះនៃចក្ខុវិស័យរបស់មេដឹកនាំកាន់អំណាចសម្រាប់ការអភិវឌ្ឍកម្ពុជា និងជាសញ្ញាសម្គាល់នៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវរបស់ប្រទេសចិន។ ប៉ុន្តែឥឡូវនេះវាប្រឈមមុខនឹងការពន្យារពេល ភាពមិនច្បាស់លាស់ និងការរិះគន់ជុំវិញសក្តានុពលរបស់វាក្នុងការផ្លាស់ទីលំនៅប្រជាជន និងផលប៉ះពាល់បរិស្ថានដែលរំពឹងទុករបស់វា។
សេចក្តីថ្លែងការណ៍របស់ប្រទេសចិនលើកិច្ចពិភាក្សាបានសង្កត់ធ្ងន់លើការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច សន្តិសុខ និងការជំរុញគម្រោងសំខាន់ៗក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវរបស់ខ្លួន ក្នុងគោលបំណង «រួមចំណែកដល់ការរួមផ្សំគ្នាប្រកបដោយគុណភាពខ្ពស់» ជាមួយនឹងគោលដៅអភិវឌ្ឍន៍ជាតិរបស់កម្ពុជា។ ទោះជាយ៉ាងណាវាមិនបានផ្តល់ភាពច្បាស់លាស់លើការផ្តល់ថវិកាសម្រាប់ព្រែកជីកដែលជាប់គាំងនោះទេ។
ករណីស្រដៀងគ្នានៃមេដឹកនាំកម្ពុជាម្នាក់ទៀតបានលើកឡើងពីគាំការទ្រចិនចំពោះព្រែកជីកកាលពីចុងខែវិច្ឆិកា នៅពេលដែលក្រសួងការបរទេសបានលើកឡើងថា ឯកអគ្គរដ្ឋទូតចិនលោក Wang Wenbin បានរំលឹកឡើងវិញនូវ «ការគាំទ្រឥតឈប់ឈរ» សម្រាប់ព្រែកជីកហ្វូណនតេជោ កំឡុងពេលជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេស លោក ប្រាក់ សុខុន – ការអះអាងមិនត្រូវបានបញ្ជាក់ដោយឯកអគ្គរដ្ឋទូត។ ដែលជំនួសមកវិញនូវការប្តេជ្ញាចិត្តដែលបានធ្វើឡើងក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោក ហ៊ុន សែន នៅទីក្រុងប៉េកាំង។
ឆ្ងាយពីការខ្ជះខ្ជាយថវិកាដែលត្រូវការច្រើនសម្រាប់ព្រែកជីក អតីតនាយករដ្ឋមន្រ្ដីក៏បានអំពាវនាវឱ្យប្រទេសចិនបន្តផ្តល់ជំនួយ កម្ចី និងការលើកទឹកចិត្តក្នុងការវិនិយោគ ដោយលើកឡើងពីសារៈសំខាន់របស់ពួកគេក្នុងការជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា និងជំរុញឯករាជ្យភាពនយោបាយរបស់ខ្លួន។
ព្រឹទ្ធសភាបានថ្លែងក្នុងសេចក្តីប្រកាសព័ត៌មានថា៖ «ចិនសន្យាបន្តផ្តល់ជំនួយ កម្ចីសម្បទាន បង្កើនការវិនិយោគ និងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឱ្យកាន់តែរឹងមាំជាមួយប្រទេសកម្ពុជា»។
បំណុលសាធារណៈរបស់កម្ពុជាបានកើនឡើងដល់ ១១,១៦ពាន់លានដុល្លារនៅចុងត្រីមាសទី ២ ក្នុងឆ្នាំ២០២៤ ដែលមាន៣៦ភាគរយ ជំពាក់ចិន នេះបើយោងតាមព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈ។
ទោះជាយ៉ាងណាក៏ដោយ ជំនួយអភិវឌ្ឍន៍របស់ចិនហាក់ដូចជាបានជាប់គាំង ដោយមិនមានប្រាក់កម្ចីថ្មីដែលផ្តល់ឱ្យរាជធានីភ្នំពេញនៅក្នុងឆមាសទីមួយនៃឆ្នាំនេះ គឺធ្លាក់ចុះពី ៥៦៧លានដុល្លារក្នុងឆ្នាំ២០២២ និង៣០២លានដុល្លារកាលពីឆ្នាំមុន នេះបើយោងតាមទិន្នន័យផ្លូវការរបស់កម្ពុជាដែលដកស្រង់ដោយ Reuters ។
ខណៈពេលដែលប្រទេសចិននៅតែសាងសង់ផ្លូវថ្នល់ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត វាបានដកខ្លួនចេញពីការសាងសង់អាកាសយានដ្ឋានភ្នំពេញថ្មី ដែលកាលពីដំបូង ខ្លួនបានចំណាយប្រាក់ចំនួន១,១ពាន់លានដុល្លារ។
ការស្ទាក់ស្ទើរជាក់ស្តែងនៃជំនួយរបស់ចិនមកកម្ពុជា ឆ្លុះបញ្ចាំងពីនិន្នាការពិភពលោក ខណៈដែលប្រទេសចិនកំពុងជួបវិបត្តិសេដ្ឋកិច្ចនៅផ្ទះ។
លោក ឯម សុវណ្ណារ៉ា អ្នកវិភាគនយោបាយមានមូលដ្ឋាននៅទីក្រុងភ្នំពេញបានថ្លែងថា៖ «ទំនាក់ទំនងកម្ពុជា-ចិននៅតែមានសារសំខាន់ ប៉ុន្តែភាពច្បាស់លាស់ និងភាពប្រាកដនៃការគាំទ្រផ្នែកហិរញ្ញវត្ថុពីភាគីចិនមិនមានភាពរឹងមាំដូចពីមុនទេ ដោយសារប្រទេសចិនកំពុងប្រឈមមុខនឹងបញ្ហាខាងផ្នែកសេដ្ឋកិច្ចរបស់ខ្លួន»។
សុវណ្ណារ៉ា ជឿជាក់ថា ដំណើរទស្សនកិច្ចរបស់លោក ហ៊ុន សែន ទៅកាន់ប្រទេសចិន ជាចម្បងដើម្បីបញ្ជាក់ឡើងវិញនូវភាពជាដៃគូយុទ្ធសាស្ត្ររបស់ប្រទេសនានា ចំពេលមានការកើនឡើងនៃជម្លោះអំណាចសកល និងទង្វើតុល្យភាពការទូតរវាងសហរដ្ឋអាមេរិក និងចិន។ លោកក៏បានលើកឡើងពីតម្រូវការសម្រាប់គណៈប្រតិភូកម្ពុជា ក្នុងការទទួលបានមូលនិធិពីប្រទេសចិនសម្រាប់ព្រែកជីក។
ដើមឡើយ ប្រទេសចិនត្រូវបានគេជឿថា ជាអ្នកផ្តល់មូលនិធិតែម្នាក់គត់សម្រាប់គម្រោងនេះ ប៉ុន្តែលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្រោយមកបានធានាដល់អ្នកចូលរួមនៅក្នុងពិធីបើកការដ្ឋានសាងសង់ព្រែកជីកនេះថា ប្រទេសចិននឹងគ្របដណ្តប់លើការចំណាយចំនួន៤៩ភាគរយនៃតម្លៃ ហើយក្រុមហ៊ុនកម្ពុជាផ្តល់ហិរញ្ញប្បទានសម្រាប់ផ្នែកដែលនៅសល់។
លោក Brian Eyler អ្នកសង្កេតការណ៍នៃតំបន់មេគង្គ និងជានាយកមជ្ឈមណ្ឌលស្ទីមសុន ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានកត់សម្គាល់ថា អ្នកវិនិយោគចិន និងសហគ្រាសគ្រប់គ្រងដោយរដ្ឋមានការស្ទាក់ស្ទើរក្នុងការផ្តល់ហិរញ្ញប្បទានដល់ព្រែកជីកនេះ ដោយសារតែមានការព្រួយបារម្ភអំពីលទ្ធភាពសេដ្ឋកិច្ចមានកម្រិត ការចំណាយលើការថែទាំរយៈពេលវែង និងផលប៉ះពាល់បរិស្ថានដែលអាចកើតមាន។
ទោះយ៉ាងនេះក្តី កាលពីសប្តាហ៍មុន លោក ស៊ុន ចាន់ថុល អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានធានាថា៖ «ព្រែកជីកហ្វូណន នឹងត្រូវបញ្ចប់តាមការគ្រោងទុក ឬមុនកាលកំណត់»។
ស្ថានទូតចិនប្រចាំទីក្រុងភ្នំពេញ លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងលោក ហឿន សំនៀង អគ្គលេខាធិការរង CDC មិនបានឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយលើដំណើរទស្សនៈកិច្ចការទូត ឬស្ថានភាពនៃការផ្តល់មូលនិធិរបស់ចិននោះទេ៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ China Pledges Stronger Support for Cambodia, but Canal Funding Still Unclear