ប្រទេសចិននឹងផ្ដល់ជំនួយដល់ការអភិវឌ្ឍដំណាក់កាលទីពីរនៃគម្រោងផ្គត់ផ្គង់ទឹកស្អាតនៅជនបទនិងផែនការមេវិស័យកសិកម្មរបស់ប្រទេសកម្ពុជា នៅក្រោយការចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្នុងអំឡុងដំណើរទស្សនកិច្ចបីថ្ងៃរបស់រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី ។
កិច្ចព្រមព្រៀងដែលបានចុះហត្ថលេខា រួមមាន ជំនួយឥតសំណងរបស់ចិនសម្រាប់ដំណាក់កាលទីពីរនៃគម្រោងផ្គត់ផ្គង់ទឹកស្អាតនៅតំបន់ជនបទ ការប្រគល់ផែនការមេសម្រាប់ការអភិវឌ្ឍវិស័យកសិកម្មកម្ពុជា និងកិច្ចព្រមព្រៀងរួមស្ដីពីពិធីសារសម្រាប់លក្ខខណ្ឌតម្រូវផ្នែកផលិតកម្មនិងអនាម័យសម្រាប់ផលិតផលចំណីសុនខពាក់កណ្ដាលសម្រេចដែលធ្វើពីស្បែកគោសម្រាប់ការនាំចេញទៅកាន់ប្រទេសចិន។
លោក វ៉ាង យី ដែលបានមកដល់កម្ពុជាកាលពីថ្ងៃអាទិត្យ បានជួបពិភាក្សាទ្វេភាគីជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងលោក សុខ ចិន្ដាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ ក្រៅពីនេះ ទាំងលោក វ៉ាង យី និងឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានធ្វើជាសហប្រធាននៃកិច្ចប្រជុំលើកទី៧របស់គណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិនផងដែរ។
នៅមុននោះ លោកត្រូវបានអនុញ្ញាតឱ្យចូលគាល់សម្ដែងការគួរសមជាមួយព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហមុនី ។ បន្ទាប់មក លោកបានជួយជាមួយប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន ។
លោក ហ៊ុន សែន បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោកថា លោក វ៉ាង យី បានប្រាប់លោក ហ៊ុន សែន ពីសកម្មភាពនានានៃដំណើរទស្សនកិច្ចរបស់លោកនៅ កម្ពុជា ជាពិសេស លទ្ធផលល្អដែលសម្រេចបានក្នុងអំឡុងកិច្ចប្រជុំគណៈកម្មាធិការអន្តររដ្ឋាភិបាល។ លោកក៏បាននិយាយផងដែរថា ប្រជាជាតិទាំងពីរបានឈានដល់ដំណាក់កាលថ្មីមួយទៀតហើយ។
លោក ហ៊ុន សែន បាននិយាយថា លោក វ៉ាង យី បានកោតសរសើររូបលោកចំពោះទស្សនវិស័យវែងឆ្ងាយរបស់លោក និងចំពោះការផ្ទេរអំណាចដោយរលូនពីជំនាន់ចាស់ទៅជំនាន់ថ្មី ។
នៅក្នុងសេចក្ដីថ្លែងការណ៍រួមមួយ ដែលបានផ្សាយដោយក្រសួងព័ត៌មាន ភាគីចិនបានគូសបញ្ជាក់សាជាថ្មីនូវការគាំទ្ររបស់ខ្លួនចំពោះជម្រើសរបស់កម្ពុជាលើមាគ៌ាអភិវឌ្ឍន៍ដែលស្របនឹងលក្ខខណ្ឌជាតិ ។
សេចក្ដីថ្លែងការណ៍បានសរសេរថា ភាគីចិនគាំទ្រកិច្ចប្រឹងប្រែងរបស់កម្ពុជាក្នុងការការពារអធិបតេយ្យជាតិ សន្តិសុខ និងផលប្រយោជន៍អភិវឌ្ឍន៍ ព្រមទាំងប្រឆាំងដាច់ខាតចំពោះការជ្រៀតជ្រែកពីផ្នែកខាងក្រៅក្នុងកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ។
សេចក្តីថ្លែងការណ៍បន្តថា៖ «ភាគីកម្ពុជាបានបញ្ជាក់ឡើងវិញពីការប្ដេជ្ញាចិត្តរបស់ខ្លួនចំពោះគោលនយោបាយចិនតែមួយ និងទទួលស្គាល់ថាសាធារណរដ្ឋប្រជាមានិតចិនគឺជារដ្ឋាភិបាលស្របច្បាប់តែមួយគត់តំណាងឱ្យប្រទេសចិនទាំងមូល ហើយតៃវ៉ាន់ គឺជាផ្នែកដែលមិនអាចកាត់ផ្ដាច់បានពីទឹកដីរបស់ប្រទេសចិន»។
សេចក្ដីថ្លែងការណ៍បានបន្ថែមថា៖ «កម្ពុជាប្រឆាំងរាល់ការប៉ុនប៉ងប្រើប្រាស់បញ្ហានានារបស់តៃវ៉ាន់ដើម្បីជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន [និង]ប្រឆាំងគ្រប់ទម្រង់នៃឯករាជ្យភាពរបស់តៃវ៉ាន់»។
ភាគីទាំងពីរក៏បានឯកភាពគ្នាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ បន្តធ្វើសមយុទ្ធនិងការហ្វឹកហ្វឺនរួមគ្នា ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យនានាជាអាទិ៍សេវាសុខាភិបាល និងភស្តុភារកម្ម ការបណ្ដុះបណ្ដាលបុគ្គលិក និងការបោសសម្អាតមីន ព្រមទាំងរួមគ្នាប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ដូចជា ល្បែងស៊ីសងតាមប្រព័ន្ធអ៊ីនធឺណែត ការក្លែងបន្លំតាមទូរគមនាគមន៍ និងការជួញដូរគ្រឿងញៀន ។
សេចក្ដីថ្លែងការណ៍រួមដដែលបានសរសេរថា៖ «ភាគីកម្ពុជានិងចិននឹងបន្ស៊ីគំនិតផ្ដួចផ្ដើមខ្សែក្រវាត់និងផ្លូវ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ឱ្យកាន់តែស៊ីជម្រៅ ពន្លឿនការបង្កើតផែនការសហប្រតិបត្តិការសម្រាប់ច្រករបៀងឧស្សាហកម្មនិងបច្ចេកវិទ្យា»។
ការរៀបផែនការគោលនិងការរៀបចំផ្លូវដែកកម្ពុជា-ចិននឹងត្រូវជំរុញរួមជាមួយនឹងការផ្ដល់មជ្ឈមណ្ឌលធ្វើនិទស្សន៍កសិកម្មចិន និងគម្រោងប្រមូលផលដើមដៃដទៃទៀតនៃច្រករបៀងមច្ឆានិងអង្ករ។
សេចក្ដីថ្លែងការណ៍ក៏បានលើកឡើងផងដែរថា កិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ចិន នឹងត្រូវធ្វើឱ្យកាន់តែស៊ីជម្រៅថែមទៀត។
លើសពីនេះ ការនាំចេញផលិតផលកសិកម្មកម្ពុជាទៅកាន់ប្រទេសចិន នឹងត្រូវជំរុញបន្ថែមទៀត រីឯវិនិយោគទុនចិនក៏នឹងត្រូវពង្រីកផងដែរនៅក្នុងប្រទេសកម្ពុជា។
ស្របពេលជាមួយគ្នានេះដែរ រដ្ឋមន្ត្រីការបរទេស លោក សុខ ចិន្ដាសោភា បាននិយាយថា លោកមានជំនួបប្រជុំដ៏ផ្លែផ្កាមួយជាមួយលោក វ៉ាង យី ដោយក្នុងជំនួបនោះ ភាគីទាំងពីរបានទទួលស្គាល់ពីសារសំខាន់នៃការផ្លាស់ប្ដូរនិងការប្រាស្រ័យទាក់ទងគ្នាជាញឹកញាប់និងសកម្ម រវាងមេដឹកនាំនៃប្រទេសទាំងពីរ។ នេះបង្ហាញពីទំនុកចិត្តផ្នែកនយោបាយដ៏ខ្លាំងក្លា និងមិត្តភាពដែកថែបរវាងប្រទេសទាំងពីរ និងសហប្រតិបត្តិការនៅក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ថាមពល សេដ្ឋកិច្ច និងពាណិជ្ជកម្ម ។
លោក ស៊ុន ចាន់ថុល ដែលជាអនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាផងដែរនោះ មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ ដោយសារលោកជាប់រវល់ប្រជុំ ចំណែកឯអ្នកពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឃឹម ហ្វីណង់ បាននិយាយថា លោកមិនទាន់ទទួលបានព័ត៌មានលម្អិតពីកិច្ចប្រជុំនៅឡើយទេ។
លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស បានពន្យល់ថា កិច្ចសហប្រតិបត្តិការត្បូងពេជ្រដែលបង្កើតឡើងដោយអតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន និងប្រធានាធិបតីចិន លោក ស៊ី ជិនភីង គឺជាផែនទីចង្អុលផ្លូវមួយសម្រាប់ការកសាងវាសនារួមគ្នាសម្រាប់ប្រជាជននៃប្រទេសទាំងពីរ។
លោក សុន្ទរី បានប្រាប់ ខេមបូចា ថា ច្រករបៀងមច្ឆា និងអង្ករ និងច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា គឺជាក្របខ័ណ្ឌដ៏សំខាន់ដែលប្រទេសទាំងពីរបានព្រមព្រៀងគ្នា ដើម្បីបង្កើនវិស័យពាណិជ្ជកម្ម វិនិយោគ និងការនាំចេញ ។
លោកបានបដិសេធមិនផ្ដល់អត្ថាធិប្បាយជុំវិញយុទ្ធសាស្ត្រដែលកម្ពុជានឹងអនុវត្តដើម្បីលើកកម្ពស់ការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែនទេ ។
ស្ថានទូតចិនប្រចាំរាជធានីភ្នំពេញមិនបានឆ្លើយតបសំណួរតាមអ៊ីមែលពីអ្នកសារព័ត៌មានឡើយ ។
លោក ពិត ករុណា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងអភិវឌ្ឍន៍ជនបទ បានប្រាប់ ខេមបូចា ថា ប្រទេសចិនបានគាំទ្រគម្រោងផ្គត់ផ្គង់ទឹកស្អាតនៅតំបន់ជនបទកាលពីពេលកន្លងមក ហើយគេរំពឹងថា ចិននឹងបន្តជួយទៀតនៅក្នុងដំណាក់កាលទីពីរ ។
កន្លងមក ការផ្គត់ផ្គង់ទឹកស្អាតបានធ្វើឡើងទៅដល់ខេត្តកំពង់ស្ពឺ កំពង់ឆ្នាំង កំពង់ធំ កណ្ដាល ត្បូងឃ្មុំ និងស្វាយរៀង តាមរយៈការខួងអណ្ដូង ៨៤៦អណ្ដូង និងការជីកស្រះសហគមន៍ចំនួន ៧៣ស្រះ ។
លើសពីនេះទៀតមានខេត្តចំនួន១០ ដូចជា ខេត្តសៀមរាប បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ស្ពឺ កំពត ព្រៃវែង ស្វាយរៀង និងកំពង់ចាម ក៏ទទួលបានការផ្គត់ផ្គង់ទឹកស្អាតផងដែរ ។ ទន្ទឹមនឹងនេះ ក៏មានការខួងអណ្ដូងស្នប់ចំនួន ៩៦៤អណ្តូង។
លោក ករុណា បានថ្លែងថា ជំនួយចិនគឺជាជំនួយឥតសំណងសម្រាប់គម្រោងផ្គត់ផ្គង់ទឹកស្អាត។ លោកបានបន្ថែមថា គម្រោងថ្មីដែលបានចុះហត្ថលេខាកាលពីថ្ងៃចន្ទ នឹងតភ្ជាប់ទឹកស្អាតទៅកាន់តំបន់ជនបទ នៅខេត្តសៀមរាប ប៉ៃលិន ឧត្ដរមានជ័យ ព្រះវិហារ ស្ទឹងត្រែង ក្រចេះ រតនគិរី និងមណ្ឌលគិរី ។
នៅក្នុងជំហាននេះ អណ្ដូងចំនួន ១ ១៧៤អណ្ដូងនឹងត្រូវជីក រួមជាមួយនឹងការជីកស្រះទឹកសហគមន៍ចំនួន ២៤ស្រះ បូករួមទាំងសំណង់ការពារច្រាំងស្រះ និងបន្ទប់បន្សុតទឹកចំនួន៨។ យោងតាមលោក ករុណា ថវិកាសម្រាប់គម្រោងនេះគឺប្រហាក់ប្រហែល ៩៧,៥៧លានយ័ន (ប្រាក់ចិន) ឬ(ស្មើនឹង១៣,៥លានដុល្លារអាមេរិក) ដែលក្នុងនោះសេវាកម្មបច្ចេកទេសប្រឹក្សាយោបល់ត្រូវចំណាយអស់៥,៩៣លានយ័ន និងថ្លៃសាងសង់អស់ ៩១,៦៤លានយ័ន៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ China To Aid Development of Rural Water Supply, Among Three Agreements Signed During Wang Yi’s Visit