របាយការណ៍របស់រដ្ឋាភិបាលបង្ហាញថា ចិនកំពុងជំរុញកំណើនគម្រោងវិនិយោគនៅកម្ពុជានាឆ្នាំនេះ លើវិស័យកសិកម្ម ទេសចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធ ប៉ុន្តែអ្នកជំនាញបានព្រមានអំពីហានិភ័យរយៈវែង ពីការពឹងផ្អែកលើរដ្ឋាភិបាលទីក្រុងប៉េកាំង និងការថយចុះនៃការទទួលបានអត្ថប្រយោជន៍សម្រាប់កម្មករ និងសង្គមស៊ីវិល។
យោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ឱ្យដឹងថា រយៈពេល៨ខែដំបូងឆ្នាំ២០២៥នេះ គម្រោងវិនិយោគបរទេសចំនួន ៤៩១ ដែលមានតម្លៃប្រមាណ ៧,២ ពាន់លានដុល្លារត្រូវបានអនុម័ត ដោយកើនឡើង ៥០ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។
ចំនួននេះបានឈរលំដាប់កំពូលសម្រាប់គម្រោងអភិវឌ្ឍន៍ និងពាណិជ្ជកម្មបរទេសទាំងអស់ដែលបានអនុម័តកាលពីឆ្នាំមុន។
គ្រាន់តែនៅខែសីហា គណៈកម្មាធិការវិនិយោគកម្ពុជាបានសម្រេចគម្រោងចំនួន៥១ ដែលមានតម្លៃ ៦០៨លានដុល្លារ ដែល CDC បាននិយាយថាអាចបង្កើតការងារបានប្រមាណ២៧,០០០កន្លែង។
ចាប់តាំងពីដើមឆ្នាំមក ប្រទេសចិនបាននាំមុខគេជិត ៥៣ភាគរយ នៃការវិនិយោគសរុប លើវិស័យកសិកម្មឧស្សាហកម្ម ហេដ្ឋារចនាសម្ព័ន្ធ និងទេសចរណ៍ បន្ទាប់មកគឺមូលនិធិសាធារណៈកម្ពុជាមានប្រមាណ ៣១ ភាគរយ និងតាមពីក្រោយដោយប្រទេសសិង្ហបុរីចំនួន ៧ ភាគរយ។
ការវិនិយោគរបស់សហរដ្ឋអាមេរិកនៅតែស្ថិតនៅក្រោម ១ ភាគរយ គិតមកត្រឹមពេលដែលរដ្ឋបាល លោកត្រាំ បានកាត់បន្ថយជំនួយបរទេសភាគច្រើនរបស់ខ្លួន ដល់ប្រទេសកម្ពុជាកាលពីដើមឆ្នាំនេះ។
គម្រោងថ្មីរួមមានរោងចក្រកែច្នៃផ្លែឈើតម្លៃ ២៧លានដុល្លារនៅខេត្តបាត់ដំបង ដែល CDC រំពឹងថានឹងបន្ថែមការងារចំនួន ១,១៦០កន្លែង រោងចក្រកៅស៊ូតម្លៃ ៨៧ លានដុល្លារនៅខេត្តត្បូងឃ្មុំ រោងចក្រផលិតដែកតម្លៃ ១៧លានដុល្លារនៅខេត្តស្វាយរៀង ដែលអាចបង្កើតការងារបាន ៣៦៣កន្លែង និងរោងចក្រផលិតទឹកស្អាតនិងអគ្គិសនីតម្លៃ ១១ លានដុល្លារនៅតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ។

គួរឱ្យដឹងថា ប្រទេសចិនជាម្ចាស់បំណុលធំជាងគេរបស់កម្ពុជាជាយូរមកហើយ ដែលកាន់កាប់បំណុលច្រើនជាងមួយភាគបី នៃបំណុលសរុបរបស់កម្ពុជា។ ដោយទីក្រុងប៉េកាំង និងទីក្រុងភ្នំពេញ រក្សាបាននូវទំនាក់ទំនងសេដ្ឋកិច្ច និងការទូត «ដែកថែប»។ ប៉ុន្តែការបញ្ឈប់ការផ្តល់ប្រាក់កម្ចីរបស់ចិនកាលពីឆ្នាំមុន បាននាំឱ្យមានការចោទសួរអំពីការប្រុងប្រយ័ត្នជាក់ស្តែងរបស់ទីក្រុងប៉េកាំង ចំពោះគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅកម្ពុជា។
រដ្ឋាភិបាលកម្ពុជានៅតែសង្ឃឹមថាការវិនិយោគរបស់ចិននឹងជំរុញកំណើនការងារ ខណៈដែលពលករចំណាកស្រុកជិតមួយលាននាក់ បានត្រឡប់មកពីប្រទេសថៃវិញ បន្ទាប់ពីមានជម្លោះប្រដាប់អាវុធនៅព្រំដែនកាលពីខែកក្កដា ហើយជាង ៨៨ភាគរយ នៃការងារនៅក្នុងស្រុក នៅតែជាការងារក្រៅផ្លូវការ ដែលអត្ថប្រយោជន៍នៅមានកម្រិត។
អ្នកនាំពាក្យក្រសួងការងារ លោក ស៊ុន មេសា បានអះអាងដោយភ្ជាប់នឹងតួលេខរបស់ CDC ថាការហូរចូលនៃគម្រោងឧស្សាហកម្មធំៗនៅឆ្នាំនេះ នឹងបង្កើតការងារបានជិត ៣៤ម៉ឺនកន្លែង។
ជាមួយគ្នា លោកក៏បានអំពាវនាវឱ្យក្រុមហ៊ុនទាំងនោះគោរពច្បាប់ការងារផងដែរ។
លោកមានប្រសាសន៍ថា៖ «រោងចក្រ និងសហគ្រាសទាំងអស់ត្រូវតែយល់អំពីច្បាប់កម្ពុជា មុននឹងធ្វើការវិនិយោគ។ បន្ទាប់ពីបញ្ចប់ការសាងសង់ ក្រសួងនឹងណែនាំពួកគេឱ្យគោរព និងការពារផលប្រយោជន៍កម្មករ»។
ប្រធានសហព័ន្ធសហជីពកម្ពុជា លោកស្រី យ៉ាង សុភ័ណ្ឌ មានប្រសាសន៍ថា ក្រុមហ៊ុនចិនមានភាពលេចធ្លោនៅកម្ពុជា ប៉ុន្តែវិនិយោគិនត្រូវតែគោរពសិទ្ធិមនុស្ស និងផ្តល់អត្ថប្រយោជន៍រយៈពេលវែងជូនកម្មករ។
លោកស្រីបានមានប្រសាសន៍ថា៖ «យើងចង់បានអ្នកវិនិយោគដែលយកចិត្តទុកដាក់ចំពោះកម្មករ និងសិទ្ធិមនុស្ស ដោយមិនមែនជាអ្នកដែលព្រងើយកន្តើយនឹងលក្ខខណ្ឌសង្គមនោះទេ»។ ដោយបានយោងលើបទប្បញ្ញត្តិដែលបានអនុវត្តតាមទម្លាប់របស់បរទេស និងការវិនិយោគរបស់វិស័យឯកជនពីប្រទេសប្រជាធិបតេយ្យ។
អ្នកវិភាគផ្សេងទៀតនិយាយថា ការជំរុញសេដ្ឋកិច្ចកើតឡើងជាមួយនឹងដែនកំណត់។
លោក Stephen Higgins ជាដៃគូគ្រប់គ្រងក្រុមហ៊ុន Mekong Strategic Capital ដែលមានមូលដ្ឋាននៅទីក្រុងភ្នំពេញ បានប្រាប់ ខេមបូចាព័ត៌មានតាមរយៈអ៊ីមែលថា ទោះបីជាមានការប៉ះពាល់ផ្នែកសេដ្ឋកិច្ចពីជម្លោះព្រំដែននៅខែកក្កដាក៏ដោយ ប៉ុន្តែការបន្តវិនិយោគលើការផលិត និងហេដ្ឋារចនាសម្ព័ន្ធនឹង «ផ្តល់ឱ្យកម្ពុជានូវទំនុកចិត្តច្រើននាពេលអនាគត»។
ទោះជាយ៉ាងណា លោកបានក្រើនរំលឹកថា វិនិយោគិនជាភាគីដែលគិតពីប្រាក់ចំណេញជាចម្បង ដែលទូទៅមិនបានផ្សាភ្ជាប់នឹងអាទិភាពសង្គម។ លោកបន្តថា៖ «វិស័យដូចជាសុខភាព និងការអប់រំជាធម្មតាត្រូវការ ហើយសមនឹងទទួលបានការវិនិយោគរបស់រដ្ឋាភិបាល ច្រើនជាងការវិនិយោគឯកជនទៅទៀត»។
យ៉ាងណាមិញ លោកក៏បានកត់សម្គាល់ផងដែរពីការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការកាត់បន្ថយការពឹងផ្អែកលើប្រភពដើមទុនតែមួយ។
លោកមានប្រសាសន៍ថា៖ «រដ្ឋាភិបាលកម្ពុជាមិនចង់ពឹងផ្អែកខ្លាំងលើប្រទេសណាមួយទេ ហើយចង់បានវិនិយោគិនចម្រុះ។ ដើម្បីសម្រេចបាន ពួកគេកំពុងធ្វើការដើម្បីលើកទឹកចិត្តឱ្យមានការវិនិយោគកាន់តែច្រើនពីប្រទេសផ្សេងទៀត ជាជាងនិយាយថា «ទេ» ចំពោះការវិនិយោគថ្មីពីប្រទេសចិន ដែលនៅតែមានតម្លៃសម្រាប់កម្ពុជា»៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ China Tops Cambodia Investment; Officials Eye Jobs, Experts Flag Risks








