សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ស្នងការនគរបាលជាតិ៖ ឧក្រិដ្ឋជនជនជាតិចិន កែច្នៃ និងជួញដូរគ្រឿងញៀនប្រឈមនឹងជាប់ទោសមួយជីវិត

អគ្គស្នងការនគរបាលជាតិធ្វើសន្និសីទកាសែតស្តីពីករណីគ្រឿងញៀនទ្រង់ទ្រាយធំនៅរាជធានីភ្នំពេញ។ រូបថតកាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១។ ខេមបូចា/ បញ្ញា ឆព័ណ្ណ
អគ្គស្នងការនគរបាលជាតិធ្វើសន្និសីទកាសែតស្តីពីករណីគ្រឿងញៀនទ្រង់ទ្រាយធំនៅរាជធានីភ្នំពេញ។ រូបថតកាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១។ ខេមបូចា/ បញ្ញា ឆព័ណ្ណ

ឧក្រិដ្ឋជនជនជាតិចិនដីគោក និងចិនតៃវ៉ាន់ ៣នាក់​(ស្លាប់ម្នាក់)​ ដែលជាមេក្លោងធំនៅពី​ក្រោយ​ការ​កែច្នៃ និងជួញដូរគ្រឿងញៀន ត្រូវបានចាប់ខ្លួនបន្ទាប់ពីអាជ្ញាធរបានបង្ក្រាប ហើយ​ករណីនេះធ្វើឲ្យ​សាធារណជនយល់​ច្រឡំថា ពាក់ព័ន្ធនឹងក្រុមហ៊ុន​ផលិតផលកសិកម្ម​មួយដ៏​ធំ​ក្នុង​ប្រទេសកម្ពុជា។​ ការបង្ក្រាបនេះ សមត្ថកិច្ចរឹបអូសបានគ្រឿងញៀនចំនួន១,៤តោន ស្ថិត​ក្នុងស្រុក​ឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។

ទីតាំងកែច្នៃគ្រឿងញៀនទ្រង់ទ្រាយធំមិនធ្លាប់មាននេះ ត្រូវបានគេដឹងថា ស្ថិតនៅខាងក្រោយ​រោងចក្រផលិតដំណាប់ស្វាយមួយកន្លែងស្ថិតក្នុងភូមិដំបងវេញ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

អគ្គស្នងការរងនៃអគ្គស្នងការនគរបាលជាតិ និងជាអគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ​ បានថ្លែងប្រាប់ខេមបូចា ថា មកទល់ពេលនេះ ជនជាតិចិន ដែលចាប់បានគឺនៅនឹងដៃក្រុមបូលិសនៅឡើយទេ ហើយ​កំពុង​កសាងឯកសារ និងនិតិវិធីដើម្បីបញ្ជូនជនល្មើសទៅកាន់​តុលាការ។   

លោក ម៉ក់ ជីតូ មានប្រសាសន៍ថា៖«ការដាក់ទោសគឺអាស្រ័យទៅលើប្រភេទ​គ្រឿងញៀន បរិមាណ​គ្រឿងញៀន និងភាពសុទ្ធ តែបើតាមករណីនេះជាប់ទោស​មួយ​ជីវិត​ហើយនៅ​ស្រុកយើង ហើយបើស្រុកគេវិញគេយកទៅប្រហារជីវិតហើយ»។  ដោយលោក​បន្តថា៖ «ជនជាតិណា​ក៏ដោយ  ឱ្យតែនៅលើដីខ្មែរ ត្រូវតែគោរពតាមច្បាប់ស្រុកខ្មែរទាំងអស់​ហ្នឹង មិនគិត​រឿង​​ជនជាតិ​នោះ​​ទេ»

លោកបន្ថែមថា ទោសធ្ងន់នៅកម្ពុជាដាក់ទោសមួយជីវិត បន្ទាប់មក៣០ឆ្នាំ ទោស២០ឆ្នាំ តែករណីកែច្នៃនិងជួញដូរគ្រឿងញៀននេះ ទោសពីរបីជីវិតឯណោះ ព្រោះជាការកែច្នៃ និងជួញដូរទ្រង់ទ្រាយធំ។

ក្នុងប្រតិបត្តិការបង្រ្កាបនេះ លោក ម៉ក់ ជីតូ បញ្ជាក់ឱ្យដឹងថា ចាប់បានជនជាតិចិន និងខ្មែរចំនួន១០នាក់ ដែលក្នុងនោះមានជនជាតិចិនដីគោក​ និងចិនតៃវ៉ាន់៣នាក់ជាមេខ្លោងធំ ប៉ុន្តែក្នុងចំណោមបីនាក់​ មាន​ម្នាក់បានស្លាប់ដោយសារការបាញ់តទល់គ្នារវាងជនល្មើស​និងសមត្ថកិច្ច​ប៉ូលិស និងអ្នកឯទៀតជាជនជាតិខ្មែរត្រឹមជាកម្មករតែប៉ុណ្ណោះ។

លោកថា គ្រឿងញៀនដែលរឹបអូសបាន នឹងរក្សាទុក នឹងប្រគល់ឱ្យតុលាការ ចំពោះគ្រឿងញៀនណាដែលគ្រោះថ្នាក់ដល់សង្គមគេនឹងកម្ទេចចោលដោយប្រើវិធីពីរយ៉ាង គឺដុតចោលធម្មតា និងកម្ទេចដោយប្រើសារធាតុគីមី។

យ៉ាងណាមិញលោកអះអាងថា៖ «គ្រឿងញៀនដែលរឹបអូសបានទាំងនោះ មិនមែនជាការផលិតទាំងស្រុងនៅកម្ពុជាទេ តែជាការកែច្នែគ្រឿងញៀន ដោយផ្សំឡើងពីសារធាតុពាក់កណ្ដាលសម្រេចមកលាយថែមថយបរិមាណបញ្ចូលគ្នាបង្កើតបានជាគ្រឿងញៀនតែម្ដង»។

ចំពោះការជួញដូរវិញ លោក ម៉ក់ ជីតូ បន្ថែមថា ក្រុមឧក្រិដ្ឋជនទាំងនោះទំនងជាដឹកទៅ​កំពង់ផែ​ហើយបញ្ជូនទៅក្រៅប្រទេសអាចជាប្រទេស អូស្រ្តាលី ជប៉ុន ឬតៃវ៉ាន់ជាដើម។

សមត្ថកិច្ចប៉ូលិសឲ្យដឹងថា ករណីបង្រ្កាបគ្រឿងញៀនកាលពីថ្ងៃទី១២ កន្លងទៅនេះមានការ​ផ្ទុះអាវុធដែលបណ្ដាលឱ្យមានជនជាតិចិនម្នាក់បានស្លាប់នៅនឹងកន្លែង​នៅផ្លូវ​ជាតិលេខ ៤ ស្ថិតក្នុងភូមិ​សាស្ត្រ​ស្រុកកំពង់សិលា ខេត្តព្រះសីហនុ​ ខណៈដែល​ជនល្មើសបានបាញ់ទៅលើ​សមត្ថកិច្ច ហើយសមត្ថកិច្ចបានបាញ់តបវិញ ដូច្នេះពួកគេបានបាញ់តទល់គ្នាទៅវិញទៅមក។

អគ្គស្នងការនគរបាលជាតិធ្វើសន្និសីទកាសែតស្តីពីករណីគ្រឿងញៀន​ទ្រង់ទ្រាយធំនៅ​រាជធានីភ្នំពេញ។​ រូបថតកាលពីថ្ងៃទី១៤​ ខែធ្នូ ឆ្នាំ២០២១។ ខេមបូចា/ បញ្ញា ឆព័ណ្ណ​
អគ្គស្នងការនគរបាលជាតិធ្វើសន្និសីទកាសែតស្តីពីករណីគ្រឿងញៀន​ទ្រង់ទ្រាយធំនៅ​រាជធានីភ្នំពេញ។​ រូបថតកាលពីថ្ងៃទី១៤​ ខែធ្នូ ឆ្នាំ២០២១។ ខេមបូចា/ បញ្ញា ឆព័ណ្ណ​

ចំណែក នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំងគ្រឿងញៀនវិញ ក៏បានបញ្ជាក់ដែរថា គ្រឿងញៀនដែលបង្ក្រាបបាន​គឺជា​ប្រភេទ​​​កេតាមីន ដែលមានក្នុងច្បាប់ស្ដីពីការត្រួតពិនិតគ្រឿងញៀន ​ដោយដកហូត និងចាប់បានចំនួន ១៤០០ គីឡូក្រាម។

លោកមានប្រសាសន៍ថា៖«ករណីផលិត និងជួញដូរគ្រឿងញៀននេះ បើនិយាយពីច្បាប់នៅកម្ពុជាទោសធ្ងន់បំផុត នឹងជាប់ពន្ធធនាគារអស់មួយជីវិត»។

លោក មាស វីរិទ្ធ បានបន្តថា ការបង្រ្កាបគ្រឿងញៀននេះ ចាប់បានជនជាតិចិនដីគោក និងជនជាតិចិនដីកោះ។ ហើយលោកបន្ថែមថា មិនមានពាក់ព័ន្ធនឹងជនជាតិខ្មែរនោះទេ ចំពោះការបង្រ្កាបគ្រឿងញៀនដ៏ធំដែលមិនធ្លាប់មានពីមុនមកនេះ។

លោកអះអាងថា មន្ទីរប្រឆាំងគ្រឿងញៀនកំពុងបន្តនិតិវិធីបន្ថែមទៀត ដើម្បីស្រាវជ្រាវជន​ដែលជាប់ពាក់ព័ន្ធ ដោយសារតែជាប់ទាក់ទងនឹងបណ្ដាញក្រុមឧក្រិដ្ឋជន។

យ៉ាងណាមិញ លោកមាស វីរិទ្ធ បន្ថែមថា៖ «ក្រុមឧក្រិដ្ឋជនចិនដីគោក និងដីកោះនេះ​ ផលិត​គ្រឿងញៀន​ប្រភេទ​កេតាមីន ដោយប្រើប្រាស់រោងចក្រកែច្នៃផលិតផលកសិកម្មធ្វើជារបាំង ដើម្បីធ្វើសកម្មភានៅពីក្រោយ»។ តែតាមការសាកសួរថា តើក្រុមហ៊ុននេះជារបស់អ្នកណា នឹងមានអ្នកណានៅពីក្រោយ លោកមាស វីរិទ្ធមិនទាន់អាចបញ្ជាក់នៅពេលនេះបានទេ។

យោងតាមការអះអាងរបស់អភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម ​វ៉ី​ ​សំណាង​ បញ្ជាក់ថា ទីតាំងក្រុមហ៊ុន​ រីចហ្វាម អេស៊ា ​មិនជាប់ទាក់ទងនឹងករណី​ផលិត​គ្រឿងញៀន​នេះទេ។

លោកអភិបាលខេត្ត មានប្រសាសន៍ថា៖ «មិនមែនទាក់ទងនឹងរោងចក្រទេ! វាទៅធ្វើនៅពី​ក្រោយ​រោងចក្រហ្នឹង គ្រាន់តែយើងមើលពីមុខទៅឃើញរោងចក្រកែច្នៃស្វាយ»។

ទន្ទឹមនឹងនេះ ខាងក្រុមហ៊ុន រីចហ្វាម អេស៊ា កាលពីថ្ងៃម្សិលមិញ បានចេញសេចក្ដីប្រកាស​ទាក់ទងនឹងករណីខាងលើនេះថា មិនជាប់ទាក់ទងនឹងរោងចក្រកែច្នៃផលិតផលកសិកម្ម​របស់​ខ្លួនទេ។

ក្រុមហ៊ុនបានឱ្យដឹងថា​៖ «វាជារឿងអកុសល ឬចៃដន្យតែប៉ុណ្ណោះ ដែលទីតាំង​រោងចក្រ​របស់យើងមានទីតាំងនៅក្បែរទីតាំងកែច្នៃគ្រឿងញៀននោះ»។ ខាងក្រុមហ៊ុនបន្តថា៖ «ទាំងក្រុមហ៊ុន​របស់យើង និងអ្នកម៉ៅការរបស់យើងមិនមានមធ្យោបាយ ឬទម្រង់ណាមួយទៅទាក់ទងនឹងសកម្មភាពខុសច្បាប់ទាំងនេះទេ»។

យ៉ាងណាមិញ ខាងក្រុមហ៊ុនកសិកម្មដ៏ធំមួយនេះ សម្ដែងការសោកស្តាយ ខណៈដែលការ​ផ្សព្វផ្សាយជាសាធារណៈ និងព័ត៌មានមួយចំនួនបង្កឱ្យមាន​ការយល់ច្រឡំជាសាធារណៈ ធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុន។

បើតាមរបាយការណ៍ពីអគ្គស្នងការនគរបាលជាតិ បានឱ្យដឹងថា យុទ្ធនាការប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ខុសច្បាប់ លើកទី៦ ប្រចាំថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ២០២១ បង្ក្រាបបាន១៨ករណី ឃាត់ខ្លួនបាន៤៥នាក់ ក្នុងនោះមានការជួញដូរ ១១ករណី ប្រើប្រាស់៧ករណី  ដីកាកោះ១ករណី និងបញ្ចូនទៅមណ្ឌលបន្សាបមាន៤លើក។  រីឯលទ្ធផលបង្ក្រាបចាប់ពីថ្ងៃ ០១ មករា ដល់ថ្ងៃ ១៣ ធ្នូ ឆ្នាំ២០២១ បង្ក្រាបរួម ៥៩០៤ករណី ឃាត់ខ្លួនបាន១២៩៤៦នាក់ និងដកហូតសារធាតុញៀនគ្រប់ប្រភេទចំនួន១​៩២៥គីឡូ  ៣៨៨២ក្រាម និង៤៥៤កញ្ចប់៕  

428 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម