សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

រដ្ឋមន្ត្រីការបរទេសចិនប្រគល់ពហុកីឡាដ្ឋានតម្លៃ១៥០លានដុល្លារដល់កម្ពុជា ហើយសន្យាផ្ដល់ជំនួយបន្ថែម២៧០លានដុល្លារ

លោកនាកយករដ្ឋមន្ត្រីហ៊ុន សែន ដើរក្បែរលោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន ពេលចូលរួមកម្មវិធីប្រគល់-ទទួលពហុកីឡាដ្ឋានជាតិមរតកតេជោ នៅភ្នំពេញ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១។ Tang Chhin Sothy/Pool
លោកនាកយករដ្ឋមន្ត្រីហ៊ុន សែន ដើរក្បែរលោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន ពេលចូលរួមកម្មវិធីប្រគល់-ទទួលពហុកីឡាដ្ឋានជាតិមរតកតេជោ នៅភ្នំពេញ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១។ Tang Chhin Sothy/Pool

រដ្ឋមន្ត្រីការបរទេស​ចិន លោក វ៉ាង យី កាល​ពី​ថ្ងៃអាទិត្យ បាន​សន្យា​​ផ្ដល់​ជំនួយ​២៧០​លាន​ដុល្លារ និង​វ៉ាក់សាំង​បង្ការ​កូវីដ-១៩ ចំនួន​បី​លាន​ដូស​ បន្ថែម​ទៀត​ដល់​កម្ពុជា​។ លោក ក៏បាន​ចូលរួម​ប្រគល់​ពហុកីឡាដ្ឋាន​ជាតិ​មរតកតេជោ ទើប​សាង​សង់​រួច មាន​តម្លៃ​ប្រមាណ​១៥០​លាន​ដុល្លារ ដែល​នេះ​ជា​ជំនួយ​ផ្នែក​ហេដ្ឋារចនា​សម្ព័ន្ធ​ធំបំផុត​របស់​ចិន​សម្រាប់​កម្ពុជា​។​

ថ្លែង​ក្នុង​ពិធី​ចុះ​ហត្ថលេខា​​កាល​ពី​ថ្ងៃ​អាទិត្យ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍​ថា ​ការ​ប្រគល់​ពហុកីឡាដ្ឋាន​នេះ ជា​និម្មិត​​រូប​ជា​ប្រវត្តិសាស្រ្ត​នៃ​ «មិត្ត​ដែក​ថែប» រវាង​កម្ពុជានិង​ចិន ដែល​កម្ពុជា​មិន​អាច​សូម្បី​នឹកស្មាន​ថា មាន​ពហុកីឡាដ្ឋានជាតិ​ដ៏​ទំនើប​បែប​នេះ បើ​គ្មាន​ជំនួយរបស់​​ប្រទេស​ចិន។​

លោក​នាយក​រដ្ឋមន្ត្រី មាន​ប្រ​សាសន៍​ទៀត​ថា ភាគី​ចិន​បាន​ជួយ​កសាង​ផ្លូវ​រាប់ពាន់គីឡូម៉ែត្រ​​ និង​ស្ពាន​ជា​ច្រើន​នៅទូទាំង​ប្រទេស​កម្ពុជា និង​ថា​កម្ពុជា «បើ​គ្មាន​ការជួយពីប្រទេសចិន តើ​មាន​អ្ន​ណា​ជួយ?»។​

លោក​ លើក​ឡើង​បន្តថា៖ «ឥឡូវ​នេះ​កម្ពុជ​នៅមាន​២៤ ខេត្ត​ក្រុង ដែលអាច​សាង​សង់​ពហុកីឡាដ្ឋាន​បាន ដូច​នេះប្រទេស​ផ្សេង​ទៀត​ចង់​មក​ជួយ​កសាង​ កម្ពុជា​ស្វាគមន៍»។ លោក​បន្ត​ថា៖ «ចិន​បាន​ផ្ដល់​ជំនួយ​សម្រាប់​កសាង​ស្ពាន​ចំនួន​ប្រាំពីររួច​​ហើយ​ ហើយ​ពេល​នេះ​ចិន​កំពុង​តែ​រៀប​ចំជួយ​សាងសង់​ស្ពាន​ទី​ប្រាំបី​នៅ​កម្ពុជា ឥឡូវ​នេះ​​កម្ពុជា​កំពុង​ខ្វះ​ខាត​ស្ពាន​ច្រើនណាស់ ដូច​នេះ​សូម​ប្រទេស​ផ្សេង​ទៀត​​ជួយ​កសាង​»។​​

បើតាម​ការ​ផ្សាយ​លើ​ទំព័រ​ហ្វេស​ប៊ុក​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន​ សែន​ បានឲ្យដឹងថា

គម្រោង​​ជំនួយ​ផ្សេង​ទៀតដែល​ចុះ​ហត្ថលេខា​កាល​ពី​ថ្ងៃអាទិត្យ ​រួម​មាន​លិខិត- ប្រគល់​ទទួល​សម្ភារៈមនុស្សធម៌​បោសម្អាតមីន​នៅកម្ពុជា កិច្ច​សហប្រតិបត្តិការស្ដីអំពី​ការគាំទ្រ​ដល់​មន្ទីរ​ពេទ្យ​ជា​ដៃគូ​ ផ្ដល់​ជំនួយ​សម្រាប់ប្រយុទ្ធប្រឆាំង​​ជំងឺ​រាល​ត្បាត កិច្ចព្រមព្រៀងសហប្រតិបត្តិការ​សេដ្ឋកិច្ច និងបច្ចេកទេសស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណងប្រមាណ ២៧០លានដុល្លារ ជំនួយសម្រាប់ការងារបោសសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនៅកម្ពុជា និង​កិច្ចព្រមព្រៀង​ស្ដី​​ពី​គម្រោងកិច្ចសហប្រតិបត្តិការរបស់មូលនិធិពិសេសមេគង្គ-ឡានឆាង។

លោក នាយក​រដ្ឋ​មន្ត្រី​ មាន​ប្រសាសន៍​ថា អតីត​ព្រះ​មហារីរៈក្សត្រ​ នរោត្តម សីហនុ ជាអ្នក​ផ្តួច​ផ្ដើម​ឲ្យ​មាន​ចំណង​មេត្រី​ភាព​ស៊ីជម្រៅ​រវាង​ប្រទេស​ទាំង​ពីរ​ ដូច្នេះ​កម្ពុជានឹង​បន្ត​រក្សា​ចំណង​មិត្ត​ភាពដ៏​ជិត​ស្និទ្ធ​មួយ​នេះ​។​

លោក ចោទ​ជា​សំណួរ​ថា៖ «​ទោះបីជាមក​ដល់​ពេល​នេះ បើ​សិន​ជា​ចិន​មិន​ជួយ​[កម្ពុជា] អ្នក​ទាំង​អស់​គ្នា​អាច​​ចាក់​វ៉ាក់សាំង​បានទេ?»​

លោក​ នាយករដ្ឋមន្ត្រី បញ្ជាក់ថា បើ​គ្មាន​ប្រទេស​ចិន​ផ្ដល់​ជា​វ៉ាក់សាំង​មក​កម្ពុជា នោះកម្ពុ​ជា​អាច​​ចាក់​វ៉ាក់សាំង​បង្ការ​កូវីដ-១៩ ជូន​ប្រ​ជា​ពល​រដ្ឋ​យ៉ាង​ច្រើន​ពីរ​លាន​នាក់​។ លោក​ឲ្យ​ដឹង​ទៀត​ថា៖ «ប៉ុន្តែ​ត្រឹម​យប់​នេះ [យប់ថ្ងៃអាទិត្យ​] ចំនួន​ប្រ​ជា​ពល​រដ្ឋ​បាន​ចាក់​វ៉ាក់សាំង​បាន​ឡើង​ដល់​១១,៥លាន​នាក់ ក្នុង​នោះ​មាន​៨០០ ០០០​នាក់​បាន​ចាក់​វ៉ាក់សាំង​ដូសទី​៣ ជា​ដូស​ជំរុញ និង​១,៦​លាន​នាក់​ផ្សេង​ទៀត ជា​កុមារ​មាន​អាយុ​ចន្លោះពី​១២​ឆ្នាំ​ទៅ​១៧​ឆ្នាំ​»។​

លោក​ បានបន្ថែមថា៖ «​នៅ​ជុំវិញ​ពិភព​លោក មាន​តែ​កម្ពុជា​ទេ​ដែលមាន​វ៉ាក់សាំង​​​ចាក់​ជូន​ប្រ​ជា​ពល​រដ្ឋ​នៅ​ទី​ក្រុង​បាន​ច្រើន​។ សូម្បី​តែ​នៅ​ប៉េកាំង ប្រហែល​ជាមិន​បាន​ចាក់​ប្រ​ជា​ជនបាន​៩៩ភាគ​រយផង​ ប៉ុន្តែ​នៅ​ភ្នំពេញ​ត្រូវបានស្រោចដោយ​វ៉ាក់សាំង»។ លោក​បន្ថែម​ថាគិត​មក​​ដល់​ពេល​នេះ​កម្ពុជា​បាន​ទទួល​វ៉ាក់សាំង​ទាំង​ការ​បញ្ជា​ទិញ និង​ជំនួយ​ពី​ប្រទេស​ចិន​​ចំនួន​២៦,៨​លាន​ដូស​។

ចំណែកលោក វ៉ាង យី រដ្ឋ​មន្ត្រីការបរទេស​ចិន ថ្លែង​ក្នុង​ពិធី​ប្រគល់-ទទួល​ពហុកីឡាដ្ឋាន​ជាតិ​នោះ​ដែរថា ពហុកីឡាដ្ឋាននេះ ជា​គម្រោង​ជំនួយធំ​បំផុត​របស់​ចិន​មក​កាន់​កម្ពុជា និង​ថា​​សំណង់​នេះ​តំណាង​ឲ្យ​មិត្ត​ភាព​រវាង​ប្រទេស​ទាំងពីរ​។​

លោក​​មាន​ប្រសាសន៍​តាម​រយៈ​អ្នក​បក​ប្រែ​ថា៖ «ខ្ញុំ​សង្ឃឹម​ថា​កម្ពុជា​នឹង​បាន​ហ្វឹក​ហាត់​ផ្នែក​កីឡាច្រើន​នៅ​ក្នុង​ពុហុកីឡាដ្ឋានជាតិមរតកតេជោ​នេះ។ ខ្ញុំ​ជឿ​ថា​កីឡាករ​កម្ពុជា​នឹង​ឈ្នះ​មេដាយ​មាស​ច្រើន​នៅក្នុង​កីឡាស៊ីហ្គេម​ឆ្នាំ​២០២៣»។​

លោក​បន្ថែម​ទៀត​ថា​ចិន​ និង​កម្ពុជា ជា​ប្រទេស​កំពុង​អភិវឌ្ឍ ហើយ​ប្រទេស​ទាំង​ពីរ​នឹង​អនុវត្ត​ការ​ឯកភាព​គ្នា​រវាង​ប្រទេស​ទាំងពីរ ដើម្បី​ជួយ​ដល់​កម្ពុជា និង​ប្រជា​ជន​កម្ពុជា ហើយលោក​សង្ឃឹម​ថា​កម្ពុជា​នឹង​មានការរីកចម្រើន​ទៅថ្ងៃអនាគត​។​

ដំណើរ​ទស្សនកិច្ច​ផ្លូវ​ការ​របស់​លោក វ៉ាង យី នៅកម្ពុជាមាន​រយៈពេល​ពីរ​ថ្ងៃ ចាប់ពី​ថ្ងៃទី​១២ ដល់​១៣ ខែកញ្ញា ឆ្នាំ២០២១​។​

លោក ថោង ខុន រដ្ឋ​មន្ត្រី​ក្រ​សួង​ទេសចរណ៍ និង​ជា​អនុប្រធាន​គណៈកម្មការរៀប​ចំកីឡាស៊ីហ្គេម​កម្ពុជា​ បាន​ថ្លែងក្នុងពិធី​​បើក​កម្មវិធីថា ​ពហុកីឡាដ្ឋានជាតិ​មរតក​តេជោ បាន​កសាង​ឡើង​ដោយ​ជំនួយ​ថវិកា​ពី​ប្រទេស​ចិន​ចំនួន​១៥០​លាន​ដុល្លារ​។

លោក ​ឲ្យដឹង​ថា ពហុកីឡាដ្ឋាន​នេះ​សាង​សង់​លើ​ផ្ទៃដី​ចំនួន​១៦,៤​ហិកតា អាចផ្ទុក​មនុស្ស​បាន​ចំនួន​៦០ ០០០​នាក់​។ ពហុកីឡាដ្ឋាននេះ​ចំណាយ​ពេល​សាង​សង់​ចំនួន​៤៨​ខែ ដោយ​គិត​តាំងពី​ឆ្នាំ​២០១៧​ មក។ លោក​បញ្ជាក់ថា ក្នុង​ករណី​មាន​ហេតុការណ៍​អាសន្ន ពហុកីឡាដ្ឋា​ន​នេះអាច​ជម្លៀស​មនុស្ស​អស់​ត្រឹម​តែ​ប្រាំពីរ​នាទី​។​

លោក​ ខុន បានបន្ថែមថា៖ «សមិទ្ធផល​ដ៏​អស្ចារ្យ​នេះ គឺជា​ជំនួយ​ដ៏​ធំបំផុត​របស់​មិត្ត​ចិន​យើង​ក្នុង​តំបន់​អាស៊ី​សម្រាប់​ពេល​នេះ។ វា​ជា​ចំណង​មិត្ត​ភាព​រវាង​ប្រធានាធិបតីចិន លោក ស៊ី ជីងពីង និង​ប្រ​ជា​ជន​ចិន ដែល​បាន​ផ្ដល់​ពហុកីឡាដ្ឋាន​នេះ​មក​សម្តេចតេជោ នាយក​រដ្ឋ​មន្ត្រី​នៃ​ប្រទេស​កម្ពុជា ដើម្បី​រៀប​ចំ​កីឡាស៊ីហ្គេម និង​អាស៊ាន​ប៉ារ៉ាហ្គេមក្នុងឆ្នាំ ២០២៣»។​

លោក វ៉ាង យី ក៏​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ក្នុងកិច្ចពិភាក្សាទ្វេភាគីជាមួយ នាយករដ្ឋមន្ត្រី​កម្ពុជា​ ថាចិន​នឹង​បើក​ផ្សារ​សេរី​សម្រាប់​កសិ​ផល​កម្ពុជា ហើយ​ចិន​នឹង​គាំទ្រ​កសិកម្ម​កម្ពុជា និងនាំចូល​ផលិត​ផលកសិកម្ម​ពី​កម្ពុជា។​

លោក បន្ថែម​ថា៖ «ការ​លំបាក​របស់​កម្ពុជា គឺ​ជា​ការ​លំបាក​របស់​ចិន ដូច​នេះ​យើង​នឹង​ពួតដៃ​គ្នា​​ដើម្បី​ជួយ​កម្ពុជា​ឲ្យរីកចម្រើន»។​

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​រដ្ឋ​មន្ត្រី​ការបរទេស​ចិន លោក វ៉ាង យី បាន​ចូល​រួម​ក្នុងពិធី​ចុះ​ហត្ថលេខា​នៅ​វិមាន​សន្តិភាព ក្នុង​រាជធានី​ភ្នំពេញ ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ២០២១។ រូបភាពបង្ហោះលើទំព័រ​ហ្វេស​ប៊ុក លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។​
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​រដ្ឋ​មន្ត្រី​ការបរទេស​ចិន លោក វ៉ាង យី បាន​ចូល​រួម​ក្នុងពិធី​ចុះ​ហត្ថលេខា​នៅ​វិមាន​សន្តិភាព ក្នុង​រាជធានី​ភ្នំពេញ ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ២០២១។ រូបភាពបង្ហោះលើទំព័រ​ហ្វេស​ប៊ុក លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។​

លោក ហ៊ុន សែន ក៏​បាន​ឲ្យ​ដឹង​ដែរថា លោក​បាន​ពិភាក្សា​ជាមួយ​លោក វ៉ាង យី អំពី​ផលិត​ផល​កសិកម្ម រួម​មាន​ទាំង​ផ្លែមៀន ដែល​កន្លង​មក​ត្រូវ​ភាគីថៃ​បិទ​មិន​ឲ្យ​នាំចូល​រយៈពេល​ខ្លី កំពុង​ប៉ះ​ពាល់​ដល់​ទី​ផ្សារ​កម្ពុជា​។​

លោក ប៉ា ចន្ទរឿន ជា​អ្នក​វិភាគ និង​ជា​ប្រធាន​វិទ្យាស្ថាន​ប្រជា​ធិបតេយ្យ​កម្ពុជា មាន​ប្រសាសន៍​ថា បើមើលទៅ ​ពិធី​ប្រគល់-ទទួល និង​ពិធី​ចុះ​ហត្ថលេខា​នេះ គ្រាន់តែជា​តំណាង​ឲ្យ​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេសទាំងពីរ​។

លោក បន្ថែម​ថា៖ «ប៉ុន្តែ​បើ​មើល​ឲ្យ​ស៊ីជម្រៅ ដំណើរទស្សនកិច្ច​របស់​លោក [វ៉ាង យី] មក​កម្ពុជា​ជាទស្សនកិច្ច​នយោបាយដើម្បី​ពង្រឹង និង​ពង្រីក​ទំនាក់​ទំនង​កម្ពុជា-ចិន។ ទំនាក់​ទំនង​នេះ​កាន់តែ​រឹង​មាំ​ឡើងៗ ដូចប្រមុខរដ្ឋាភិបាល​​បាន​មានប្រសាសន៍​ថា កម្ពុជា​នឹង​ចិន​​ជា​មិត្ត​ដែក​ថែប»។​

លោក ឲ្យ​ដឹង​ទៀត​ថា៖ «​ដំណើរទស្សនកិច្ច​របស់​មន្ត្រី​ជាន់​ខ្ពស់​រូប​នេះ ក៏​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ដំណើរទស្សនកិច្ច​របស់មន្ត្រីជាន់​ខ្ពស់​សហរដ្ឋអាមេរិក និង​ចក្រភព​អង់គ្លេស​ផង​ដែរ»។ កាលពី​ខែ​មិថុនា កន្លង​ទៅ​រដ្ឋមន្ត្រី​ការបរទេស​អង់គ្លេស​ លោក Dominic Raab បាន​មកធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា ក្រោយខកខាន​ប្រហែល​បី​ទសវត្សរ៍។​

លោក ចន្ទរឿន កត់​សម្គាល់​ថា​កម្ពុជា​នឹង​ក្លាយជា​ប្រធាន​កិច្ច​ប្រជុំ​អាស៊ាន​នៅ​ឆ្នាំ​ក្រោយ ដូច​នេះ​ចិន​បន្ត​ពង្រឹង​ចំណង​មិត្តភាព​ជាមួយ​កម្ពុជា ដើម្បី​ពង្រឹងអំណាច​ក្នុង​តំបន់​។​

ស្រប​ពេល​ដែល​លោកនាយក​រដ្ឋ​មន្ត្រី ថា​លោក​នឹង​ទទួល​យក​ជំនួយ​ពី​គ្រប់​ប្រទេស​ទាំង​អស់ អ្នកវិភាគ​បាន​ព្រមាន​ថារឿង​នយោបាយ​នៅ​ពីក្រោយ​ជំនួយ​អាច​ដាក់​កម្ពុជា​ឲ្យ​ស្ថិត​ក្នុង​ស្ថាន​ភាព​គ្រោះ​ថ្នាក់​។​

លោក​ បន្ថែមថា៖ «ដូច​នេះ បើសិនជា​កម្ពុជា​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​ប្រទេស​ណាមួយ​ជ្រុលពេក វា​នឹង​មិនមានតុល្យភាព​​នៃទំនាក់​ទំនង​ការ​បរទេស ឬ​អន្តរជាតិ ដែល​អាច​នឹង​មានអរិភាព(ភាពជាសត្រូវ)​ជាមួយ​ប្រទេស​មហាអំណាច ឬប្រទេសធំៗ​ដទៃទៀត​»។ លោក​បន្ត​ថា៖ «ជា​ពិសេស​នៅពេល​មហាអំណាច​កំពុង​តែ​ប្រកួត​ប្រជែងឥទ្ធិ​ពល​គ្នា​នៅ​ក្នុង​ភូមិសាស្រ្តនយោបាយ ដូច​ជា​បញ្ហា​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ និង​ជម្លោះ​នៅ​សមុទ្រចិន​ខាង​ត្បូង»។​

លោក មាស នី អ្ន​ក​វិភាគ​ឯករាជ្យ មាន​ប្រសានស៍​ថាចិន​កំពុង​ពង្រឹង​ឥទ្ធិ​ពល​នៅ​កម្ពុជា ដោយសារ​កម្ពុជាជាផ្នែកមួយនៃតំបន់ភូមិសាស្ត្រ​នយោបាយ​។ ភាព​តាន​តឹង​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​បាន​កើន​ឡើង នៅ​ពេល​ចិន​បាន​បង្កើន​ការ​គ្រប់​គ្រង​លើ​ដែន​សមុទ្រ​យុទ្ធសាស្រ្ត​ដែល​មាន​ចំណែក​របស់​ហ្វីលីពីន វៀតណាម និង​ប្រទេស​អាស៊ាន​មួយ​ចំនួន​ទៀត​។

លោក មាស នី បន្ត​ថា៖ «ចិន​កំពុង​សម្លឹង​មើល​កម្ពុជា​ជាផ្នែកមួយ ពីព្រោះចិនបំបែក​ប្រទេស​នៅ​អាស៊ាន​ជា​ពីរ​រវាង​ប្លុក​ប្រជា​ធិបតេយ្យ និង​ប្លុក​ផ្សេង​ទៀត ពិសេស​នៅពេល​មហាអំណាច​អាមេរិក​គាំទ្រ​ដល់​ប្រទេស​ខ្លះ​ដែល​កំពុង​រងគ្រោះ​ដោយ​សារ​បញ្ហា​នៅ​សមុទ្រចិន​ខាងត្បូង»។ លោក​បន្ត​ថា៖ «​ដូច្នេះ ​ឥទ្ធិពល​ចិន​នៅ​កម្ពុជា វាមិនអាចគេច​ផុត​ពី​បញ្ហា​ភូមិ​សាស្រ្ត​នយោបាយ​ទេ»។​  

លោកឲ្យ​ដឹង​ទៀតថា៖ ​«ខ្ញុំ​គិត​ថា​នៅពេល​កម្ពុជា​ក្លាយជា​ប្រធានអាស៊ាន​នៅ​ឆ្នាំក្រោយ កម្ពុជា​នឹង​មាន​ការ​លំបាក​ច្រើន ប្រឈម​មុខ​នឹង​បញ្ហា​រវាង​ចិន និង​អាមេរិក ដែល​ត្រូវ​ដោះ​ស្រាយ​បញ្ហា​ប្រទេសមួយ​ចំនួន​នៅ​សមុទ្រចិន​ខាង​ត្បូង»។ លោក​បន្ថែមថា៖ «យើង​មិន​ដឹងទេថា​នៅពេល​កម្ពុជា​ធ្វើ​ជា​ប្រធានអាស៊ាន[ឆ្នាំក្រោយ] អាច​នឹងមាន​ជំហរ​ឯករាជ្យ ឬ​យ៉ាងណា»៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Chinese Foreign Minister hands over $150 million stadium and pledges $270 million in aid to Cambodia

361 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម