និពន្ធនាយកជនជាតិចិន នៃសារព័ត៌មានអនឡាញ Angkor Today ត្រូវបានបណ្ដេញចេញពីកម្ពុជា បន្ទាប់ពីបានផ្សាយអត្ថបទព័ត៌មានមួយអះអាងថាមានការលក់វ៉ាក់សាំងកូវីដ១៩ ដោយមិនត្រឹមត្រូវនៅមន្ទីរពេទ្យកាល់ម៉ែត ខណៈចំនួនអ្នកឆ្លងវីរុសកូវីដ១៩ទាក់ទងនឹងព្រឹត្តិការណ៍ថ្ងៃទី២០ ខែកុម្ភៈ ឡើងដល់២៣៤ករណី។
លោក Shen Kaidong ត្រូវចាប់ខ្លួននៅការិយាល័យរបស់លោកក្នុងខេត្តសៀមរាប កាលពីថ្ងៃពុធ និងបានបញ្ជូនមកទីក្រុងភ្នំពេញនៅថ្ងៃបន្ទាប់ដើម្បីបណ្តេញដេញ និងហាមមិនឲ្យចូលកម្ពុជា ដោយហេតុថាលោកបានផ្សាយព័ត៌មាន មានចំណងជើងថា «កម្ពុជាលក់វ៉ាក់សាំងកូវីដ១៩ ជំនួយរបស់ចិន» នេះបើមន្ត្រីក្រសួងមហាផ្ទៃ។
អ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ លោក កែវ វណ្ណថន បានមានប្រសាសន៍ថា លោក Shen Kaidong និពន្ធនាយកសារព័ត៌មាន Angkor Today ត្រូវបានបណ្តេញចេញពីប្រទេសកម្ពុជាកាលពីយប់ថ្ងៃព្រហស្បតិ៍ តាមជើងយន្តហោះធម្មតា។
លោក វណ្ណថនបានឲ្យដឹងថា៖ «គាត់ត្រូវបានបណ្តេញចេញកាលពីយប់ម៉ិញវេលាម៉ោង៦កន្លះ»។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ មានប្រសាសន៍កាលពីថ្ងៃព្រហស្បតិ៍ថា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានចេញលិខិតបណ្ដេញ លោក Shen Kaidong និងហាមមិនឲ្យចូលកម្ពុជាវិញ។ លោកបន្ថែមថា អាជ្ញាបណ្ណសារព័ត៌មាន Angkor Today នឹងត្រូវដក ហើយម្ចាស់អាជ្ញាបណ្ណឈ្មោះ អ៊ុង គង្គារ នឹងត្រូវដោះស្រាយដោយក្រសួងព័ត៌មាន។
អ្នកនាំពាក្យក្រសួងព័ត៌មាន លោក មាស សោភ័ណ្ឌ បានបញ្ជាក់ថា ក្រសួងបានធ្វើតាមនីតិវិធីដោយបានបញ្ចប់អាជ្ញាបណ្ណ សារព័ត៌មាន Angkor Today ដូចបានបញ្ជាក់នៅក្នុងលិខិតរបស់ក្រសួងដែលចេញនៅថ្ងៃព្រហស្បតិ៍។
សារព័ត៌មាន Angkor Today ទទួលបានអាជ្ញាបណ្ណពីក្រសួងព័ត៌មានកាលពីឆ្នាំ២០១៥។
ក្រសួងសុខាភិបាល ដែលជាអ្នកគ្រប់គ្រងវ៉ាក់សាំងSinopharm ចំនួន៣០០ ០០០ដូស ជំនួយរបស់ចិននោះ បានថ្កោលទោសសារព័ត៌មាន Angkor Today ដែលបានផ្សាយថាមានការលក់វ៉ាក់សាំងកើតមានឡើង នៅមន្ទីរពេទ្យកាល់ម៉ែត ដែលជាកន្លែងដំបូងគេបើកដំណើរការចាក់វ៉ាក់សាំងក្នុងខែនេះ។
លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលបានផ្សាយសារជាសំឡេងលើទំព័រហ្វេសប៊ុកក្រសួង ដោយទាមទារឲ្យសារព័ត៌មាន Angkor Today កែតម្រូវខ្លឹមសារខ្លួនឡើងវិញ។
លោកស្រីបន្ថែម៖ «ខ្ញុំច្រានចោលចំពោះព័ត៌មានដែលបានផ្សាយថាមានការលក់វ៉ាក់សាំងនៅមន្ទីរពេទ្យកាល់ម៉ែត និងថ្កោលទោសចំពោះអ្នកដែលបំពុលសង្គម ដែលបានបង្កើតព័ត៌មានក្លែងក្លាយនេះ»។
ក្នុងសេចក្ដីថ្លែងការណ៍ផ្សាយលើទំព័រហ្វេសប៊ុកក្រសួងសុខាភិបាលនៅថ្ងៃពុធ បាននិយាយថាស្ថានទូតចិនប្រចាំកម្ពុជាបានប្រាប់ដល់ពលរដ្ឋចិនឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះជនឆបោក ទំនងសំដៅដល់ការលក់វ៉ាក់សាំងកូវីដ១៩ នៅកម្ពុជា។
ក្រសួង បានឲ្យដឹងថាស្ថានទូតចិនប្រចាំកម្ពុជាថ្មីៗនេះបានទទួលរបាយការណ៍ថាជនជាតិចិនបានទិញវ៉ាក់សាំងក្នុងតម្លៃ១២០ដុល្លារក្នុងមួយដូស តាមរយៈការផ្ញើសារ។
ក្រសួងសុខាភិបាលសរសេរក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនកាលពីថ្ងៃសុក្រថា ខ្លួនបានរកឃើញអ្នកឆ្លងថ្មីចំនួន៤០ករណី ទាក់ទងនឹងព្រឹត្តិការណ៍ថ្ងៃទី២០ កុម្ភៈ ដែលបានធ្វើឲ្យមានការបិទទីតាំងមួយចំនួននៅភ្នំពេញ ខេត្តកណ្តាល និងខេត្តព្រះសីហនុ។ ការរាលដាលនេះ រដ្ឋាភិបាល បានដឹងថាមានជាប់ពាក់ព័ន្ធនឹងស្រ្តីជនជាតិចិនបួននាក់ដែលត្រូវសន្តិសុខប្រចាំសណ្ឋាគារសុខា អនុញ្ញាតឲ្យចាកចេញពីកន្លែងធ្វើចត្តាឡីស័ក។
សាលារៀននៅភ្នំពេញ និងខេត្តកណ្ដាល ត្រូវប្រកាសឲ្យបិទដំណើរការទាំងស្រុងកាលពីថ្ងៃចន្ទ តបតាមអ្វីដែលរដ្ឋាភិបាលហៅថាជាការដោះស្រាយបញ្ហាកម្ពុជាកំពុងជួបប្រទះដ៏ធំក្នុងវិបត្តិកូវីដ១៩ ជាមួយការឆ្លងសរុបបានឡើងដល់៧៤១ករណី តែមិនមានអ្នកស្លាប់។
បើតាមក្រសួងសុខាភិបាល គិតត្រឹមថ្ងៃព្រហស្បតិ៍ មនុស្សជាង១៣ ០០០នាក់បានទទួលវ៉ាក់សាំងSinopharm ហើយនៅសប្ដាហ៍នេះដែរ និងមនុស្សជិត៣០០០នាក់មិនអនុញ្ញាតឲ្យចាក់នោះទេ ដោយសារបញ្ហាសុខភាព។ ក្រសួងការបរទេសកម្ពុជាបានប្រកាសដែរថាជនបរទេសរស់នៅក្នុងប្រទេសកម្ពុជាអាចទទួលបានវ៉ាក់សាំងបង្ការកូវីដ១៩ ដោយមិនគិតថ្លៃ។
លោក យ៉ង គឹមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្ដិភាព មានប្រសាសន៍ថា រដ្ឋាភិបាលគួរបង្កើនការរឹតបណ្ដឹងលើជនជាតិចិនដែលមកកម្ពុជា ហើយរដ្ឋាភិបាលគួរតែទទួលខុសត្រូវក្នុងការចាក់វ៉ាក់សាំងដល់ជនបរទេសដែលរស់នៅក្នុងប្រទេសកម្ពុជា។
លោក បន្ថែមថា៖ «ជាការសំខាន់ រដ្ឋាភិបាលត្រូវផ្ដល់អាទិភាពដល់ការចាក់វ៉ាក់សាំងជូនពលរដ្ឋរបស់ខ្លួនមុន»។
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Chinese-language editor to be deported over “fake news” vaccine sales