ពលរដ្ឋជាង២០០នាក់មកពីស្រុកមេមត់និងស្រុកតំបែរ ខេត្ដត្បូងឃ្មុំ បាននាំគ្នាទៅដាក់ញត្ដិនៅសាលាខេត្តត្បូងឃ្មុំនិងដាក់ពាក្យបណ្តឹងទៅសាលាឧទ្ធរណ៍ដើម្បីឱ្យជួយអន្ដរាគមន៍ពីជម្លោះដីធ្លីដែលអូសបន្លាយអស់រយៈពេលជាច្រើនឆ្នាំជាហេតុធ្វើឱ្យជីវភាពពួកគាត់កាន់តែលំបាកខ្លាំងទៅៗ។
យោងតាមញត្ដិមួយដែលខេមបូចាទទួលបានពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ បានបញ្ជាក់ថា មានពលរដ្ឋមកពីស្រុកមេមត់ចំនួន១០០គ្រួសារមកពីឃុំចំនួន២ គឺឃុំទន្លូងនិងឃុំជាំក្រវៀន បានដាក់ទៅអភិបាលខេត្តត្បូងឃ្មុំ លោក ជាម ច័ន្ទសោភណ្ឌ ដើម្បីឱ្យលោកជួយអន្ដរាគមន៍ចេញបណ្ណកម្មសិទ្ធិស្របច្បាប់លើដីលំនៅឋាននិងដីស្រែចម្ការទំហំ៣៧៦,៩ហិកតា។
យោងតាម សជណ របស់ទីស្ដីការគណៈរដ្ឋមន្រ្ដីចុះថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៦ ស្ដីពីការកាត់ឆ្វៀលដីទំហំ ១ ៩៦៩ហិកតាជូនពលរដ្ឋ។ ពលរដ្ឋអះអាងថា ទោះបីជាកន្លងមកមានការចុះវែងកំណត់អត្ដសញ្ញាណម្ចាស់ដីជាច្រើនលើកច្រើនសារទៅហើយ ប៉ុន្ដែមិនបានផលអ្វីសោះឡើយរហូតមកដល់ពេលនេះ។
ក្នុងញត្ដិដដែលបានបន្ថែមថា ពួកគាត់បាននាំគ្នាទៅសាកសួរមេឃុំជាំក្រវៀនម្ដងរួចមកហើយអំពីបញ្ហាប្លង់កម្មសិទ្ធិពួកគាត់ ប៉ុន្ដែក៏គ្មានបានចម្លើយណាមួយនោះទេ។បន្ទាប់មកពួកគាត់នាំគ្នាទៅជួបនិងមេឃុំទន្លូងម្ដង បែរជាមេឃុំទន្លូងថាដីរបស់ពួកគាត់ជាប់ពាក្យបណ្ដឹងពីឈ្មោះ តោង សំអាត (យាយហ៊ុម) ដែលជាឈ្មោះពួកគាត់មិនស្គាល់។
លោក ប៊ឹង ថន មេឃុំទន្លូង នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ បានហៅប្រជាពលរដ្ឋឱ្យប្រជុំនិងបានប្រាប់ពលរដ្ឋឱ្យប្រគល់ដីមួយចំនួនទៅឱ្យឈ្មោះ តោង សំអាត ជាថ្នូរនិងការដោះដូរនិងដកពាក្យបណ្ដឹងទើបអាចចេញប្លង់កម្មសិទ្ធិបាន ប៉ុន្ដែពួកគាត់មិនព្រមប្រគល់តាមសំណើរដោយពួកគាត់អះអាងថាដីនេះរដ្ឋបានកាត់ឆ្វៀលឱ្យពួកគាត់។
យ៉ាងណាក្ដីពលរដ្ឋ១០០គ្រួសារបានស្នើទៅអភិបាលខេត្ដត្បូងឃ្មុំថា៖ «យើងខ្ញុំទាំងអស់គ្នា១០០គ្រួសារស្នើសុំលោកអភិបាលខេត្ដមេត្ដាជួយអន្ដរាគមន៍និង ដោះស្រាយជូនយើងខ្ញុំទាំងអស់គ្នាដោយស្នើសុំចេញបណ្ណកម្មសិទ្ធិស្របច្បាប់លើដីធ្លីរបស់ពួកយើងខ្ញុំ»។
បើតាមលោក ផុន សុផល អាយុ៣២ឆ្នាំរស់នៅភូមិជាំក្រវៀន ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្ដត្បូងឃ្មុំ និងតំណាងសហគមន៍ជាំក្រវៀន ថ្លែងប្រាប់ខេមបូចាថា ការដាក់ញត្ដិទៅសាលាខេត្តព្រឹកថ្ងៃទី១៩ ខែតុលា នេះគ្រាន់តែចង់ឱ្យអាជ្ញាធរចេញប្លង់រឹងស្របច្បាប់ត្រឹមត្រូវមួយក្រោយពីមានអនុក្រឹត្យពីលោកនាយករដ្ឋមន្ដ្រីដែលបានចេញថាកាត់ឆ្វៀលដីអាស្រ័យផលឱ្យពលរដ្ឋកាន់កាប់ស្របច្បាប់ ប៉ុន្ដែបែរជាសុរិយោដីមិនបានធ្វើឬក៏កាត់ដីនោះឱ្យពលរដ្ឋ ទើបពួកគេនាំគ្នាមកសាលាខេត្ដត្បូងឃ្មុំ។
លោក សុផល បន្ដថា៖ «ពួកខ្ញុំដាក់នេះចង់ឱ្យអភិបាលខេត្ដគាត់ជួយអន្ដរាគម៍ពីដីចេញអនុក្រឹត្យយូរហើយបង ប៉ុន្ដែអត់មានឃើញខាងសុរិយោដីណាចុះកាត់ប្លង់រឹងឱ្យពួកខ្ញុំទេ ព្រោះថាអត់ប្លង់រឹងពួកខ្ញុំពិបាកណាស់»។
លោកបានឱ្យដឹងថា ការដែលអាជ្ញាធរមិនព្រមចេញប្លង់រឹងឱ្យពលរដ្ឋវាបានបង្កផលលំបាកជាច្រើនដូចជាខ្លាចគេរឹបអូសយកដីហ្នឹងវិញពេលពួកលោកកំពុងអាស្រ័យផល ពេលដែលត្រូវការដើមទន់រកស៊ីជាពិសេសខ្ចីពីធនាគារឬក៏អង្គការក៏គេមិនឱ្យ ដូច្នេះវាធ្វើឱ្យពួកលោកជួបបញ្ហាប្រឈមជីវភាពជាច្រើនអំពីការមិនមានប្លង់រឹងហ្នឹង។
លោកបានបញ្ជាក់ថា៖ «ពេលបានប្លង់រឹងយើងអត់ដើមទុនរកស៊ីយើងអាចទៅខ្ចីគេបានពេលអត់ប្លង់ចឹង ពួកខ្ញុំពិបាកច្រើនបង ទៅខ្ចីអ្នកណាក៏គេមិនឱ្យដែរ»។
តំណាងសហគមន៍រូបនេះក៏បានលើកឡើងទៀតថា មុននឹងមកដាក់ញត្ដិនៅសាលាខេត្ដនេះពួកលោកធ្លាប់បានដាក់ទៅសាលាស្រុកមេមត់ម្ដងរួចមកហើយកាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ ដើម្បីឱ្យរដ្ឋបាលស្រុកជួយអន្ដរាគមន៍ចេញបណ្ណកម្មសិទ្ធិស្របច្បាប់បែរជាមិនព្រមទទួលយកញត្ដិពួកលោក ហើយថែមទាំងចោទថាមានអ្នកនៅពីក្រោយខ្នងពួកលោកទៅវិញ។
លោកបន្តទៀតថា តាមការប្រាប់របស់មេឃុំទន្លូងកាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ ថាមានដើមបណ្ដឹងឈ្មោះ តោង សំអាត (យាយ ហ៊ុម) បានដាក់ពាក្យបណ្ដឹងនិងមិនឱ្យមានការចេញប្លង់រឹង ទាល់តែពលរដ្ឋព្រមកាត់ដីឬក៏ឱ្យជាលុយ១០ម៉ឺនរៀលក្នុង១ហិកតាទើបអាចចេញប្លង់បាន ប៉ុន្ដែតាំងពីដើមមកពួកលោកមិនដែលបានឃើញក៏ដូចជាស្គាល់បុគ្គលឈ្មោះ តោង សំអាត ហ្នឹងនោះទេ ទើបតែថ្មីៗនេះបែរជាលេចចេញនូវបុគ្គលហ្នឹងទៅវិញ។
លោកបន្ថែមថា៖ «ពួកខ្ញុំមិនដែលបានជួបឈ្មោះ តោង សំអាត ហ្នឹងទេ តាំងពីមុនមក ទើបតែថ្មីៗនេះបែរជាមេឃុំទន្លូងបា្រប់ថាឈ្មោះ តោង សំអាត បានដាក់ពាក្យបណ្ដឹងនិងមិនឱ្យចេញប្លង់រឹងឱ្យពួកខ្ញុំទៅវិញ»។
ចំណែកឯមេឃុំទន្លូង លោក ប៊ឹង ថន បានឱ្យខេមបូចាដឹងថា លោកកំពុងតែសម្របសម្រួលដើម្បីបញ្ចប់បញ្ហាទាំងអស់នៅក្នុងអាណត្ដិរបស់លោក ដោយថាការដែលបញ្ហាទាំងអស់នេះមិនទាន់ចប់ដោយសារមានមេខ្យល់៣នាក់ទៅ៤នាក់ជាអ្នកនៅពីក្រោយខ្នងទើបបញ្ហានេះចេះតែមិនចប់ លោកខំដោះស្រាយតែពួកមេខ្យល់ខំបង្ករឿង។
លោកលើកឡើងថា៖ «ខ្ញុំនិយាយឱ្យចំតែម្ដង អាពួកមេខ្យល់គឺពួកអាប្រឆាំងហ្មង ពិបាកនិយាយគ្នាណាស់ ខ្ញុំខំសម្របសម្រួល ពួកវាដើរប្រមូលប្រជាពលរដ្ឋឡើងតវ៉ាដល់ណាដល់ណីវិញ និយាយរួមពិបាកនិយាយគ្នាណាស់»។
មេឃុំបន្ដពន្យល់ទៀតថា មូលហេតុដែលប្លង់មិនទាន់ចេញបានដោយសារតែឈ្មោះ តោង សំអាត បានប្ដឹងជំទាស់នឹងអនុក្រឹត្យរបស់រដ្ឋាភិបាលទើបមិនអាចចេញបាន ពីព្រោះដីនៅក្នុងអនុក្រឹត្យទំហំជិត២ ០០០ហិកតាហ្នឹងមានដីរបស់ តោង សំអាត ជិត៤០០ហិកតានៅក្នុងហ្នឹង ប៉ុន្ដែលោកថាដើម្បីឱ្យបញ្ចប់បញ្ហាអស់ហ្នឹងគឺខាងដើមបណ្ដឹងសុំកាត់៣ភាគរយឬ២ភាគរយនៃទំហំដីជិត៤០០ហិកតា ប៉ុន្ដែពលរដ្ឋមិនព្រម រហូតដល់មានការឡើងដាក់ញត្ដិទៅសាលាស្រុកនិងសាលាខេត្តដូច្នេះ។
មេឃុំរូបនេះបន្ដថា៖ «ពលរដ្ឋខ្លះគាត់ព្រមឱ្យ១០ម៉ឺនរៀលក្នុង១ហិកតាទៅឱ្យ តោង សំអាត អ្នកខ្លះគាត់មិនព្រម ខ្ញុំថាបើពលរដ្ឋទាំងអស់គាត់ព្រមឱ្យ១០ម៉ឺនរៀលក្នុង១ហិកតា ខ្ញុំអាចនិយាយនឹង តោង សំអាត ប្រហែលគាត់ដកពាក្យបណ្ដឹង ចឹងអាចចេញប្លង់រឹងបានគ្រប់គ្នាហើយ យ៉ាងណាខ្ញុំនឹងដោះស្រាយបញ្ហាអស់ហ្នឹងឱ្យចប់ក្នុងអាណត្ដិរបស់ខ្ញុំ»។
យ៉ាងណាក៏ដោយលោកក៏បានជម្រុញឱ្យភាគីទាំង២សម្របសម្រួលគ្នាដើម្បីបញ្ចប់បញ្ហាទាំងអស់ កុំនៅតែបន្ដ វាមិនបានផ្ដល់ផលចំណេញអ្វីនោះទេ ហើយលោកសង្ឃឹមថា ពលរដ្ឋនឹងព្រមទទួលសំណើររបស់លោកក្នុងការបញ្ចប់រឿងជម្លោះដីធ្លីនេះ។
ជុំវិញរឿងខាងលើនេះ លោក ស្រេង លី អភិបាលស្រុកមេមត់ បានឆ្លើយតបថា លោកមិនបានហាមឃាត់ពលរដ្ឋមិនឱ្យដាក់ញត្ដិទាមទារអ្វីផ្សេងនោះទេ ប៉ុន្ដែការដែលពលរដ្ឋមក គ្រាន់តែលោកចង់ឱ្យមានតំណាងច្បាស់លាស់ប៉ុណ្ណោះទើបលោកទទួលញត្ដិ ហើយមកដល់ពេលនេះលោកថាលោកមិនបានដឹងពីការចង់បានរបស់ពលរដ្ឋដែលមកសាលាស្រុកទេ។
លោកបន្តថា៖ «ខ្ញុំអត់មានឆ្លើយតបអីផង ហើយបំណងដែលមកក៏ខ្ញុំអត់ដឹងមកធ្វើអីឬមានបំណងអីដែរ ពេលឃើញគេមកទាំងហ្វូងចឹង ខ្ញុំក៏ចេញមកសួរថា មកមានការអីហើយអ្នកណាជាតំណាង ពួកគាត់ឆ្លើយថាអត់មានតំណាងឬក៏អ្នកណានាំមកទេ ខ្ញុំក៏ថាចុះបើអត់មានអ្នករៀបចំម៉េចបានមកគ្នាច្រើនជាង១០០នាក់ហើយ វាមិនដែលនឹកឃើញសុខៗនាំគ្នាមកទេ ហើយខ្ញុំសួរនាំមិនមែនដើម្បីទៅរករឿងអ្នកដែលនាំមកដែរ គ្រាន់តែចង់ដឹងថាពួកគាត់មានតំណាងអត់ដើម្បីធ្វើការជជែកនិងដោះស្រាយគ្នា បើអត់ទេសុំអញ្ជើញទៅវិញចុះ»។
លោកអភិបាលស្រុកបានបញ្ជាក់ថា ការដែលលោកមិនទទួលញត្ដិកន្លងមកព្រោះចង់ឱ្យពលរដ្ឋមានតំណាងដើម្បីដោះស្រាយគ្នា លោកមិនមានចេតនាណាមួយក្នុងការគេចវេះពីប្រជាពលរដ្ឋឡើយ។
លោកបន្ដថា៖ «ឱ្យតែពួកគាត់មានតំណាងត្រឹមត្រូវឬក៏ចាត់គ្នា៥នាក់ដែលមានសិទ្ធិក្នុងការសម្រេចណាមួយ គឺខ្ញុំចាំទទួលនិងដោះស្រាយជូនពួកគាត់»។
លោក ហុក ពេជ្រហោះ អ្នកនាំពាក្យសាលាខេត្ដត្បូងឃ្មុំ បានប្រាប់ខេមបូចានៅព្រឹកថ្ងៃព្រហស្បតិ៍នេះថា លោកបានឱ្យខាងទីចាត់ការអន្ដរវិស័យចុះទៅពិនិត្យនិងប្រមូលព័ត៌មានពីប្រជាពលរដ្ឋតាំងពីថ្ងៃពុធភ្លាមៗមកម្ល៉េះនិងប្រមូលសំណូមពររបស់ពលរដ្ឋដើម្បីយកមកដោះស្រាយជូនពួកគាត់។
អ្នកនាំពាក្យរូបនេះបន្ដថា៖ «ខ្ញុំឱ្យខាងទីចាត់ការអន្ដរវិស័យគាត់ចុះទៅប្រមូលសំណូមពរ និងសិក្សាបន្ថែមលើបញ្ហាដែលពលរដ្ឋបានដាក់មករដ្ឋបាលខេត្តម្សិលមិញនេះ បន្ទាប់ពីសិក្សាហើយយើងនឹងដឹងថាត្រូវដោះស្រាយយ៉ាងម៉េច តែពេលនេះយើងចុះសិក្សាសិនបង»។
ខេមបូចាមិនអាចសុំការបំភ្លឺពីឈ្មោះ តោង សំអាត ដែលជាដើមបណ្ដឹងដែលប្ដឹងជំទាស់នឹងអនុក្រឹត្យបាននោះទេ ពាក់ព័ន្ធនិងបញ្ហាខាងលើ។
លោក គឹម ពិសិដ្ឋ មន្ដ្រីសម្របសម្រួលសហគមន៍នៃសមាគមសម្ព័ន្ធកសិករកម្ពុជាប្រចាំខេត្តត្បូងឃ្មុំ បានលើកឡើងថា រឿងដាក់ញត្ដិមកសាលាខេត្តដោយសារតែពីមុនពួកគាត់បានដាក់ទៅសាលាស្រុកម្ដងហើយ ប៉ុន្ដែបែរជាអាជ្ញាធរស្រុកច្រានចោល ហើយថែមទាំងចោទពលរដ្ឋថាមានអ្នកនៅពីក្រោយខ្នងទៀត ទើបពួកគាត់សម្រេចចិត្តដាក់ញត្ដិមកខេត្ដដើម្បីឱ្យរដ្ឋបាលខេត្ដជួយអន្ដរាគមន៍លើបញ្ហាបណ្ណកម្មសិទ្ធិស្របច្បាប់ដែលអូសបន្លាយអស់រយៈពេលយ៉ាងយូរ ជាពិសេសក៏មានការគំរាមកំហែងទៅលើដីធ្លីរបស់ពួកគាត់ដូចជាឱ្យពួកគាត់ចែកជាភាគរយទៅបុគ្គលទី៣និងបញ្ហាផ្សេងទៀតដែលធ្វើឱ្យពួកគាត់មានក្ដីបារម្ភច្រើន។
លោក ពិសិដ្ឋ បន្ដថា៖ «ខ្ញុំគិតថារាល់អាជ្ញាធរថ្នាក់ខេត្តគួរតែចុះទៅពង្រឹងក៏ដូចជាផ្សព្វផ្សាយនិងពិគ្រោះយោបល់ម្ដងនិងប្រជាពលរដ្ឋ ដើម្បីឱ្យពួកគាត់អាចមានដំណោះស្រាយ»។
មន្ដ្រីសម្របសម្រួលរូបនេះបន្ថែមថា ដើម្បីបញ្ចប់បញ្ហានេះ អាជ្ញាធរគួរតែបើកវេទិកាសាធារណៈមួយ សម្រាប់ឱ្យពលរដ្ឋសួរដេញដោលទើបជាវិធីសាស្ដ្រល្អ បើមិនអ៊ីចឹងទេ គឺមិនអាចបញ្ចប់បញ្ហាបាននោះទេ។
ចំណែកអ្នកស្រី ធីម ណារិន មន្ដ្រីសម្របសម្រួលនៃអង្គការអាដហុកប្រចាំខេត្តត្បូងឃ្មុំ បានមើលឃើញថា ប្រជាពលរដ្ឋអ្វីដែលពួកគាត់ឡើងតវ៉ាឬក៏ដាក់ញត្ដិស្នើសុំកិច្ចអន្ដរាគមន៍វាជាផលប្រយោជន៍និងកើតចេញពីផលលំបាកនៃកត្ដាជីវភាព និងជាភាពចាំបាច់ក្នុងការទាមទារប្លង់រឹងដើម្បីបានជាម្ចាស់កម្មសិទ្ធិ ជាពិសេសក្នុងនាមជាអាជ្ញាធរគួរតែគិតគូរពីបញ្ហាលំបាកនិងកត្ដាប្រឈមផ្សេងៗរបស់ប្រជាពលរដ្ឋដែលនៅក្នុងមូលដ្ឋាន ជាជាងការគេចវេះនិងមិនហ៊ានប្រឈមជាមួយប្រជាពរដ្ឋរបស់ខ្លួន។
អ្នកស្រីបន្ដថា៖ «ខ្ញុំនិយាយថាអាជ្ញាធរពាក់ព័ន្ធគួរចុះត្រួតពិនិត្យឱ្យដល់ទីកន្លែងនិងពិនិត្យទៅលើឯកសារកាន់កាប់របស់គាត់់ឱ្យបានត្រឹមត្រូវ ពីព្រោះឯកសារយើងដឹងហើយថាដើម្បីឱ្យបានជាក់លាក់ថាពួកគាត់កាន់កាប់ស្របច្បាប់ឬមិនស្របច្បាប់ទាល់តែយើងទៅដល់ទីកន្លែង ហើយយើងមានសាក្សីជាភស្ដុតាងក្នុងការកំណត់ច្បាស់លាស់»។
យ៉ាងណាមិញអ្នកស្រីថា អាជ្ញាធរគួរតែពន្លឿនការចេញប្លង់រឹងឱ្យពលរដ្ឋឱ្យបានឆាប់ ដើម្បីឱ្យពលរដ្ឋអាចយកទៅប្រើប្រាស់សម្រាប់ប្រកបមុខរបរប្រចាំថ្ងៃពួកគាត់បាន បើមិនអ៊ីចឹងទេពលរដ្ឋនឹងជួបបញ្ហាប្រឈមច្រើនថែមទៀត។
គួរបញ្ជាក់ដែរថា ដំបូងឡើយដីដែលកំពុងមានជម្លោះរឿងការទាមទារប្លង់រឹងគឺជាដីដែលក្រុមហ៊ុន ម៉ែន សារុន ជាអ្នកកាន់កាប់ជាង១ ០០០ហិកតាក្រោយមកប្រជាពលរដ្ឋនាំគ្នាកាប់ឆ្ការនិងអាស្រ័យផល រហូតមានជម្លោះនឹងគ្នាហើយមកដល់ខែសីហា ឆ្នាំ២០១៦ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី លោក ជា សុផារ៉ា បានសរសេរនៅលើគេហទំព័រ ហ្វេសប៊ុក (Facebook) របស់លោកដោយបញ្ជាក់ថា លោកនាយករដ្ឋមន្ត្រីសម្រេចប្រគល់ដីជិត២ពាន់ហិកតា (១ ៩៦០) ដែលជាដីពាក់ព័ន្ធក្រុមហ៊ុន ម៉ែន សារុន ឱ្យទៅពលរដ្ឋ ៦៤៣គ្រួសារ នៅឃុំជាំក្រវៀន ឃុំទន្លូង ឃុំចាន់មូល ឃុំរូង ឃុំត្រមូង និងឃុំជាំក្រោម ទម្រង់ដីសម្បទានសង្គមកិច្ច។ ប៉ុន្តែមកទល់ពេលនេះពលរដ្ឋនៅមិនទាន់ទទួលបានប្លង់កម្មសិទ្ធិដីទាំងនោះជាផ្លូវការនៅឡើយ។
ដោយឡែកករណីដីធ្លីមួយទៀត ពលរដ្ឋមកពីឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្ដត្បូង ឯណោះវិញបាននាំគ្នាដាក់ពាក្យបណ្ដឹងទៅសាលាឧទ្ធរណ៍ដើម្បីស្នើសុំពន្លឿននីតិវិធីនិងស្នើសុំឱ្យភាគីខាងក្រុមហ៊ុនចិនបង្ហាញភស្ដុតាងលើសំណុំរឿងលេខ០៨ ចុះថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ ស្ដីអំពីរក្សាការពារ។
នៅក្នុងពាក្យបណ្ដឹងដែលពលរដ្ឋបានដាក់ទៅសាលាឧទ្ធរណ៍ខេត្ដត្បូងឃ្មុំកាលពីព្រឹកថ្ងៃទី១៩ខែតុលា ឆ្នាំ២០២២នេះថា ពួកគាត់មិនអាចទទួលយកបាននូវការបង្ហាញសំអាងហេតុរបស់ភាគីក្រុមហ៊ុនចិន និងមិនទាន់បានដាក់បង្ហាញឱ្យមានភាពជាក់លាក់នូវភស្ដុតាងដែលក្រុមហ៊ុនតែងតែអះអាងថាបានទិញដីពីពួកគាត់នោះនៅឡើយទេ។
ដោយពលរដ្ឋបានស្នើសុំចំនួន៣ចំណុច៖ ទី១ស្នើសុំពន្លឿននីតិវិធីជំនុំជម្រះលើសំណុំរឿង ទី២ ស្នើសុំឱ្យខាងក្រុមហ៊ុន ហាមិនីវិន អ៊ិនវេសមិន បង្ហាញភស្ដុតាងនៃកិច្ចសន្យាទិញលក់របស់ក្រុមហ៊ុនជាមួយភាគី និងទី៣ ស្នើសុំឱ្យមានការធ្វើកោសល្យវិច្ឆ័យលើភស្ដុតាង រួមមានកិច្ចសន្យាទិញលក់និងស្នាមមេដៃនៃភាគីលក់និងទិញ។
ក្នុងពាក្យបណ្ដឹងដដែលបន្ដថា៖ «យើងខ្ញុំទាំងអស់គ្នាជាសហកូនបំណុលនៃបណ្ដឹងខាងលើ បាននិងកំពុងរងចាំដំណោះស្រាយតាមយន្ដការតុលាការជាយូរមកហើយ ធ្វើឱ្យមានការអូសបន្លាយនិងខាតបង់នូវប្រយោជន៍និងប៉ះពាល់នៃការរស់នៅប្រចាំថ្ងៃរបស់ពួកយើងខ្ញុំទាំងអស់គ្នា ដោយក្រុមហ៊ុននៅតែបន្ដសកម្មភាពនៅលើអចលនៈវត្ថុដែលកំពុងស្ថិតនៅក្នុងការរក្សាការពារនៅឡើយ យើងខ្ញុំមិនអាចទទួលយកបានទេ»។
លោក សែម សាង អាយុ៤១ឆ្នាំ រស់ភូមិស្រែប្រាំង ឃុំត្រពាំងព្រីង ស្រុកតំបែរ និងជាតំណាងប្រជាសហគមន៍ស្រែប្រាំង បានលើកឡើងថា ការដាក់ពាក្យបណ្ដឹងទៅសាលាឧទ្ធរណ៍ព្រឹកថ្ងៃពុធ ដោយលោកចង់ស្នើឱ្យតុលាការពិនិត្យនិងធ្វើកោសល្យវិច្ឆ័យស្នាមមេដៃរបស់ប្រជាពលរដ្ឋដែលក្រុមហ៊ុន ហាមិនីវិន អ៊ិនវេសមិន បានអះអាងថាពួកលោកបានលក់ដីទៅឱ្យក្រុមហ៊ុនអស់ហើយទាំងពលរដ្ឋខ្លះមិនដឹងខ្លួនថាលក់និងផ្ដិតមេដៃរឿងអ្វីតាំងពីពេលណានោះទេ។
លោកបន្តថា កាលពីឆ្នាំ២០១១ពលរដ្ឋបានផ្ដិតតែផ្ដិតលើក្រដាសសទេ មិនបានផ្ដិតលើឯកសារមានអក្សរឬក៏និយាយពីការទិញលក់ណាមួយដែរដូចការលើកឡើងរបស់ភាគីក្រុមហ៊ុន ដូច្នេះវាមិនត្រឹមត្រូវទៅតាមផ្លូវច្បាប់។
លោក សាង បន្ដថា៖ «២០១៦ស្រាប់តែខាងក្រុមហ៊ុនបានយកក្រដាសមកឱ្យពួកខ្ញុំមើលហើយមានបងប្អូនខ្លះគាត់យកទុក ប៉ុន្ដែក្រដាសហ្នឹងបែរជាវាខុសពីក្រដាសពួកខ្ញុំផ្ដិតមុនថាពួកខ្ញុំបានលក់ដីទៅឱ្យក្រុមហ៊ុន ក្រោយមកខ្ញុំក៏ទៅសួរលោកមេភូមិនិងសាក្សីគាត់ថាបើគាត់មិនធ្វើអ៊ីចឹងបាននរណាឱ្យលុយគាត់»។
លោកបន្ដថា លោកសង្ឃឹមថាតុលាការខេត្ដត្បូងឃ្មុំនិងធ្វើកោសល្យវិច្ឆ័យលើស្នាមមេដៃហ្នឹង និងអាចស្វែងរកការពិតឃើញរួចហើយអាចលុបចោលលើប្លង់ដីរបស់ក្រុមហ៊ុននិងប្រគល់ដីឱ្យប្រជាពលរដ្ឋអាស្រ័យផលឡើងវិញ ពីព្រោះប្រជាពលរដ្ឋទាំងអស់រស់ពឹងផ្អែកលើដីទាំងអស់ហ្នឹង បើគ្មានដីនោះទេវាពួកគាត់ពិបាករស់ខ្លាំងណាស់។
តំណាងរូបនេះបន្ដថា៖ «បើសាលាឧទ្ធរណ៍មិនរកភាពយុត្ដិធម៌ហើយហ្នឹងពិនិត្យលើកោសល្យវិច្ឆ័យឱ្យបានជាក់លាក់ទេ ខ្ញុំគិតថាមិនទាន់មានភាពយុត្ដិធម៌នោះទេ ព្រោះដោយសារតែយើងដាក់ទៅហើយគាត់មិនពិនិត្យ អាហ្នឹងវាអាចនឹងគ្មានភាពយុត្ដិធម៌សម្រាប់យើង ហើយយើងនឹងទៅពន្លឿនកិច្ចការនេះទៅថ្នាក់ជាតិថែមទៀត»។
ខេមបូចាមិនអាចសុំការអធិប្បាយពីលោក មុំ សាប៊ុន មេឃុំត្រពាំងព្រីងបានទេ ប៉ុន្ដែកន្លងមកលោកធ្លាប់បានសន្យាកាលពីបោះឆ្នោតឃុំសង្កាត់និងបានប្រាប់អ្នកសារព័ត៌មានខេមបូចាថា លោកនឹងបញ្ចប់បញ្ហារឿងដីធ្លីទាំងអស់នៅក្នុងអាណត្ដិលោក ប៉ុន្ដែជាក់ស្ដែងបញ្ហាទំនាស់ដីធ្លីនៅក្នុងឃុំរបស់លោកនៅតែបន្ដកើតមានដដែល។
លោកបន្ដថា៖ «បើសិនអាណត្តិខ្ញុំជាប់ជាមេឃុំដដែលបញ្ហាទំនាស់ទាំងប៉ុន្មានគឺថាមិនហ៊ានអួតនិងមុខគាត់[ពលរដ្ឋ]ទេ ប៉ុន្ដែគំនិតផ្ដួចផ្ដើមថានឹងដោះស្រាយឱ្យចប់រឿងទាំងអស់កុំឱ្យមានបញ្ហា ដើម្បីស្ថិរភាពក្នុងការរស់នៅរបស់ពួកគាត់ សំខាន់គឺជីវភាពរបស់ពួកគាត់»។
រីឯលោក ទុំ សោភណ្ឌ អ្នកនាំពាក្យសាលាឧទ្ធរណ៍ខេត្ដត្បូងឃ្មុំ បានលើកឡើងថា លោកទើបតែទទួលបានពាក្យបណ្ដឹងពីប្រជាពលរដ្ឋដែលបានដាក់ព្រឹកមិញនេះ ដូច្នេះមិនទាន់អាចឆ្លើយនឹងសំណួររបស់អ្នកសារព័ត៌មានបានទេ ដោយលោកថាសុំពិនិត្យពាក្យបណ្ដឹងសិន។
លោក សោភណ្ឌ បន្ដថា៖ «ខ្ញុំទើបបានទទួលដោយសារក្មេងៗទើបបញ្ជូនមក ដោយសារព្រឹកមិញប្រជាពលរដ្ឋគាត់ដាក់ចុងម៉ោងពេក អ៊ីចឹងពាក្យបណ្ដឹងទើបមកដល់ខ្ញុំ ទើបដល់ដៃខ្ញុំមុនហ្នឹងបន្ដិច។ ខ្ញុំមិនទាន់ឆ្លើយបានទេ ខ្ញុំពិនិត្យនិងស្រាវជ្រាវពាក់ព័ន្ធនិងសំណុំរឿងសិន ចាំមើលម៉េចៗសុំជម្រាបជូនបងតាមក្រោយ»។
លោក គឹម ពិសិដ្ឋ មន្ដ្រីសម្របសម្រួលសហគមន៍នៃសមាគមសម្ព័ន្ធកសិករកម្ពុជាប្រចាំខេត្តត្បូងឃ្មុំ បានលើកឡើងថា ពេលដែលប្រជាពលរដ្ឋស្នើសុំឱ្យមានការបើកបង្ហាញភស្ដុតាងចឹង ខាងភាគីក្រុមហ៊ុនចិនគួរតែបញ្ចេញភស្ដុតាងជាក់លាក់ ពីព្រោះកន្លងមកឯកសារយោងជាសាធារណៈអីឬក៏ក្នុងតុលាការនោះ គឺខាងក្រុមហ៊ុនមិនដែលបង្ហាញតាមការស្នើសុំរបស់ពលរដ្ឋឡើយ លោកថាដោយសារការមិនបង្ហាញនេះហើយទើបធ្វើឱ្យពលរដ្ឋពួកគាត់មិនអស់រឿងថាពួកគាត់បានលក់ដីនិងមានស្នាមមេដៃទាំងពលរដ្ឋខ្លះមិនដឹងខ្លួនផង។
មន្ដ្រីសហគមន៍រូបនេះបន្ដថា៖ «ការផ្ដិតមេដៃទៀតសោតក៏មិនដឹងផ្ដិតរឿងអីដែរ អ៊ីចឹងហើយបានជាគាត់ស្នើសុំឱ្យតុលាការហ្នឹងធ្វើកោសល្យវិច្ឆ័យទៅលើស្នាមមេដៃនីមួយៗបើសិនជាមាននៅក្នុងកិច្ចសន្យាទិញលក់ហ្នឹង បើសិនជាមានទិញពីក្រុមហ៊ុនខ្មែរតើទិញក្រុមហ៊ុនមួយណាបង្ហាញឈ្មោះមក»។
យោងតាមឯកសារមួយចងក្រងដោយសម្ព័ន្ធសហគមន៍កសិករកម្ពុជា បាននិយាយថា ប្រជាពលរដ្ឋក្នុងសហគមន៍ស្រែប្រាំង បានចូលមកកាន់កាប់ដីនៅតំបន់នេះនៅឆ្នាំ២០០២។ សហគមន៍នេះមាន២៥០គ្រួសារ និងកាន់កាប់ដីទំហំ៧៨០ហិកតា។
ដីព្រៃលិចទឹករបស់សហគមន៍ស្រែប្រាំង និងសហគមន៍បុស្សស្នោ ទំហំ៥៨០ហិកតា ផ្តើមមានជម្លោះជាមួយក្រុមហ៊ុនចិន ហាមិនីវិន អ៊ិនវេសមេន ចាប់តាំងពីឆ្នាំ២០១៤មក និងដីទំហំ២០០ហិកតាទៀត មានជម្លោះជាមួយឧកញ៉ា ម៉ែន ចាន់ធឿន។
ចាប់ពីពេលនោះមក ពលរដ្ឋនៅក្នុងសហគមន៍តែងចូលរួមតវ៉ានិងទប់ស្កាត់ប្រឆាំងនិងការឈូសឆាយដីពីសំណាក់ក្រុមហ៊ុន និងបានឡើងមកភ្នំពេញញឹកញាប់ដើម្បីដាក់ញត្តិទៅក្រសួងពាក់ព័ន្ធឱ្យជួយអន្តរាគមន៍រកដំណោះស្រាយ រួមមាន ក្រសួងដែនដី ក្រសួងមហាផ្ទៃ និងខុទ្ទកាល័យនាយករដ្ឋមន្ត្រី ជាដើម។
របាយការណ៍ដដែលនិយាយទៀតថា ខណៈគ្មានកិច្ចអន្តរាគមន៍ពីថ្នាក់ជាតិ តំណាងសហគមន៍៣រូបដែលមានឈ្មោះក្នុងញត្តិ រួមមាន លោក សែម សាង លោក ហឿន ស៊ីនាថ និង លោក សែម ចំណាន ត្រូវបានសមត្ថកិច្ចចាប់ខ្លួនជាបន្តបន្ទាប់តាមដីកាបង្គាប់របស់តុលាការខេត្តត្បូងឃ្មុំ។
កាលពីថ្ងៃទី៣ មិថុនា ឆ្នាំ២០២០ ប្រធានចៅក្រមជំនុំជម្រះសាលាដំបូងខេត្តត្បូងឃ្មុំ លោក ផុន វណ្ណា សម្រេចផ្ដន្ទាទោសតំណាងសហគមន៍ស្រែប្រាំងចំនួន៨នាក់ឱ្យជាប់ពន្ធនាគារម្នាក់៧ឆ្នាំ ពីបទកំហែងយកដោយមានស្ថានទម្ងន់ទោសដោយសារប្រើប្រាស់អាវុធ នៅភូមិស្រែប្រាំង ឃុំត្រពាំងព្រីង កាលពីថ្ងៃទី១៨ កុម្ភៈ ឆ្នាំ២០១៦។
តំណាងសហគមន៍ស្រែប្រាំង រំលឹកថា ក្នុងហេតុការណ៍ចុះទប់ស្កាត់បទល្មើសកាប់ឈើកាលពីប្រមាណ ៥ឆ្នាំមុននោះ ក្រុមប្រជាសហគមន៍ប្រមាណ ៣០ ទៅ ៤០នាក់ គ្រាន់តែនាំគ្នាចុះទៅឃាត់ពលរដ្ឋមួយចំនួនតូចដែលលួចកាប់ឈើលក់ឱ្យឈ្មួញ ដោយដកយកម៉ាស៊ីនអារឈើចំនួនពីរគ្រឿងទុកប៉ុណ្ណោះ និងមិនមានប្រើអាវុធ ឬកាំបិតទៅគំរាមក្រុមអ្នកកាប់ឈើនោះទេ។
តំណាងសហគមន៍អះអាងថា អាជ្ញាធរ និងតុលាការបានប្រើករណីនេះ ជាលេសក្នុងការចាប់ខ្លួនតំណាងសហគមន៍ ដើម្បីកុំឱ្យតវ៉ាទាមទារដីធ្លីជាមួយក្រុមហ៊ុនចិនឈ្មោះ ហាមិនី វិន អ៊ិនវេសមេន (Harmony Win Investment) ដែលឈូសឆាយរំលោភយកដីព្រៃសហគមន៍របស់ពលរដ្ឋកំពុងអាស្រ័យផលទំហំ ៧៨៥ហិកតារ។
តំណាងសហគមន៍ស្រែប្រាំង៣នាក់ដែលត្រូវបានចាប់ខ្លួនដាក់ពន្ធនាគារក្នុងនោះរួមមាន លោក សែម សាង លោក ហឿន ស៊ីនាត និងលោក សែម ចំណាន ប៉ុន្ដែមកដល់ពេលនេះពួកគាត់ត្រូវបានតុលាការដោះឱ្យនៅក្រៅឃុំវិញហើយ។ ក្រៅពីនេះ សមាជិកសហគមន៍ស្រែប្រាំងជាង ៣០នាក់ផ្សេងទៀត ត្រូវបានរងការចោទប្រកាន់ពីបទល្មើសព្រហ្មទណ្ឌជាច្រើនតាមបណ្ដឹងរបស់ក្រុមហ៊ុនចិន និងអាជ្ញាធរ ដោយសារព្យាយាមធ្វើសកម្មភាពការពារដីធ្លីសហគមន៍របស់ពួកគាត់៕