ប្រជាពលរដ្ឋដែលកំពុងទទួលការព្យាបាលជំងឺទូទៅ និងជំងឺរុំារ៉ៃនៅមន្ទីរសម្រាកកព្យាបាល «ហូប សេនធ័រ» បានទទូចស្នើសុំទៅកាន់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ឱ្យជួយអន្តរាគមន៍ ដើម្បីបើកទីតាំងព្យាបាលទាំង៣ឡើងវិញ ខណៈពួកគេត្រូវការគ្រូពេទ្យតាមដានជំងឺ និងត្រូវការថ្នាំចាំបាច់សម្រាប់ព្យាបាលជំងឺប្រចាំកាយជាបន្ទាន់ បន្ទាប់ពីក្រសួងសុខាភិបាលប្រកាសបិទទីតាំងទាំង៣នៃមន្ទីរពេទ្យនេះកាលពីពេលថ្មីៗនេះ។
និយាយសម្លេងរដឺនតាមបែបអ្នកជនបទ អ្នកស្រី ឡេង មករា អាយុ៤១ឆ្នាំ ជាពលរដ្ឋដែល ខំស្កាត់មកពីខេត្តកំពង់ឆ្នាំដើម្បីមកព្យាបាលជំងឺនៅភ្នំពេញបានឱ្យដឹងថា អ្នកស្រីមានការសោកស្ដាយជាខ្លាំងនៅពេលដែលអ្នកស្រីដឹងថា មន្ទីរពេទ្យដែលធ្លាប់មកព្យាបាលជំងឺត្រូវបានបិទ។ អ្នកស្រីប្រាប់ទៀតថា ខ្លួនមកទទួលសេវាព្យាបាលនៅមន្ទីរសម្រាកព្យាបាល «ហូប សេនធ័រ» សាខាចតុមុខ អស់រយៈជាច្រើនខែមកហើយ និងទទួលបានការយកចិត្តទុកដាក់ពីក្រុមវេជ្ជបណ្ឌិតយ៉ាងផ្ចិតផ្ចង់ ការព្យាបាលប្រកបដោយវិជ្ជាជីវៈ ព្រមទាំងតម្លៃសមរម្យ។
អ្នកស្រី មករា បញ្ជាក់ថា៖ «ខ្ញុំជាអ្នកជំងឺនៅពេទ្យហ្នឹង ហើយក៏តាមដានព្យាបាលនៅពេទ្យហ្នឹងដែរ នៅពេលដែលបិទពេទ្យ ខ្ញុំស្ដាយណាស់។ ខ្ញុំធ្លាប់ដើររកពេទ្យច្រើនដែរ ប៉ុន្តែពេទ្យរដ្ឋធំៗមួយចំនួនមិនបានស្មើនឹងពេទ្យគាត់ទេ ដោយសារអ្វី? ពេទ្យរដ្ឋមួយចំនួនយកលុយជាធំ សម្ដីមិនអាចទទួលយកបានទេពេលខ្លះ»។
អ្នកស្រី មករា កំពុងបារម្ភពីសុខភាព និងស្ថានភាពនៃជំងឺអ្នកស្រី ខណៈអ្នកស្រីត្រូវបន្តតាមដានរៀងរាល់៦ខែម្ដង ហើយការបិទមន្ទីរសម្រាកព្យាបាល«ហូប សេនធ័រ» ប្រៀបបាននឹងបិទក្ដីសង្ឃឹមរបស់អ្នកស្រីដូច្នេះដែរ ត្បិតអ្នកស្រីមិនដឹងទៅបន្តការព្យាបាលនៅមន្ទីរណាទៀតឡើយ។
អ្នកស្រី មករា និយាយថា៖ «ខ្ញុំពិបាកចិត្តខ្លាំងពេលបិទពេទ្យហ្នឹង រយៈពេល៦ខែខ្ញុំទៅតាមដានសុខភាពម្ដងព្រោះខ្ញុំមានដុំសាច់ស្បូន ហើយពេទ្យគាត់ឱ្យពិនិត្យមើលមហារីកទៀត តែមិនទាន់បានពិនិត្យផងពេទ្យក៏បិទបាត់ បើសិនណាជាបើកខ្ញុំសប្បាយចិត្តមែនទែន»។
អ្នកជំងឺរូបនេះ បានលើកឡើងពីចំណុចល្អជាច្រើនរបស់មន្ទីរពេទ្យហូប ដូចជាបានពន្យល់ច្បាស់លាស់ពីស្ថានភាពជំងឺទៅអ្នកជំងឺ មានសុជីវធម៌ល្អ មិនគិតលុយជាធំ ខណៈពេទ្យរដ្ឋមួយចំនួនមិនបានគិតប្រយោជន៍ និងអាយុជីវិតអ្នកជំងឺជាធំទេ ថែមទាំងមានសុជីវធម៌មិនសមរម្យទៀតផង។
អ្នកស្រី មករា បន្តថា៖ «ពេទ្យរដ្ឋមួយចំនួន ការយកចិត្តទុកដាក់ ពាក្យសម្ដី សីលធម៌នៅក្នុងខ្លួន គឺថាវាមិនបានមួយចំណិតពេទ្យហ្នឹងផង[ពេទ្យហូប] ពេទ្យខ្លះ[ពេទ្យរដ្ឋ] គាត់យកលុយជាធំ គាត់មិនបានខ្វាយខ្វល់ពីអាយុជីវិតអ្នកជំងឺ ឬមើលថាអ្នកជំងឺហ្នឹងមាន ឬក្រទេ សម្លឹងមើលឃើញតែលុយ»។
ក្នុងនាមជាអ្នកជំងឺមួយរូប អ្នកស្រីមករា រំពឹងថា រដ្ឋាភិបាលនឹងអន្តរាគមន៍លើករណីនេះ ហើយឈានដល់ការបើកមន្ទីរសម្រាកព្យាបាលទាំង៣ទីតាំងឡើងវិញ ដើម្បីបន្តព្យាបាលអ្នកជំងឺបន្តទៀត ពិសេសអ្នកមានជីវភាពមិនសូវធូធារដូចអ្នកស្រី ត្បិតអ្នកស្រីផ្ញើក្ដីរំពឹងទៅលើមន្ទីរពេទ្យនេះខ្លាំង។ មកទល់ពេលនេះ អ្នកស្រីមករា នៅមិនហ៊ានទទួលការព្យាបាលទៅមន្ទីរពេទ្យណាឡើយហើយរំពឹងថា រដ្ឋាភិបាលនឹងបើកមន្ទីរពេទ្យទាំង៣ទីតាំងឆាប់ៗ។
អ្នកស្រី មករា បន្ថែមថា៖ «ប្រសិនណាជារដ្ឋាភិបាលគាត់បើកពេទ្យហ្នឹងវិញ ខ្ញុំសប្បាយចិត្តខ្លាំង សឹងថាឱ្យខ្ញុំសំពះអរគុណដល់បាតជើងក៏ខ្ញុំធ្វើដែរ ដោយសារតែពេទ្យហ្នឹងល្អ ខ្ញុំមានទំនុកចិត្តលើពេទ្យហ្នឹង ក្រោយពេលបិទ ខ្ញុំមិនដឹងថាខ្ញុំគួរទៅពេទ្យណា ត្បិតតែពេទ្យច្រើនមែនពិត តែមិនប្រាកដថាពេទ្យដែលយើងទៅហ្នឹងសមប្រកបល្អដូចពេទ្យខ្ញុំទៅនេះទេ»។
ចំណែកពលរដ្ឋមួយរូបទៀតធ្វើដំណើរមកពីខេត្តសៀមរាប គឺអ្នកស្រី វណ្ណ ណារី អាយុ៣០ឆ្នាំ ឱ្យដឹងថា អ្នកស្រីមានជំងឺកម្រប្រចាំកាយ ដែលតម្រូវឱ្យលេបថ្នាំជាប្រចាំ បើគ្មានថ្នាំជំងឺអ្នកស្រីនឹងធ្វើទុក្ខ ហើយអ្នកស្រីមានការសោកស្ដាយដែលក្រសួងសុខាភិបាលសម្រេចបិទមន្ទីរសម្រាកព្យាបាល«ហូប សេនធ័រ» ទាំង៣ទីតាំង ដែលជាកន្លែងព្យាបាលជំងឺពលរដ្ឋខ្មែររាប់ម៉ឺននាក់ មិនគិតពីវណ្ណៈមានក្រ ប្រកបដោយវិជ្ជាជីវៈ និងការយកចិត្តទុកដាក់ខ្ពស់។
កំពុងឈរមុខទ្វារនៃមន្ទីរពេទ្យក្នុងសង្កាត់វាលវង់ អ្នកស្រី ណារី និយាយថា៖ «និយាយរួមអាចថាពេទ្យនេះ ជាអ្នកព្យាបាលប្រជាជន២៥ខេត្តក្រុង គឺគាត់មកពេទ្យហ្នឹង ថ្នាំគាត់មានប្រសិទ្ធភាពខ្ពស់ ដូចខ្ញុំពីមុនឈឺធ្ងន់ណាស់អាចថាពេទ្យលែងទទួល តែមកដល់ពេទ្យហ្នឹងខ្ញុំបានធូរស្បើយដល់ឥឡូវអាចថា[ធូរស្បើយ]១០០ភាគរយទៅហើយ»។
អ្នកស្រី ណារី ឱ្យដឹងទៀតថា ដោយសារតែជំងឺអ្នកស្រីជាជំងឺកម្រ អ្នកស្រីបានស្វះស្វែងព្យាបាលគ្រប់ច្រកល្ហកមិនថានៅក្នុងស្រុក ឬក្រៅស្រុកនោះទេ តែមានតែពេទ្យ«ហូប សេនធ័រ»មួយទេដែលព្យាបាលសមប្រកបបានធូរស្បើយ។ ដូច្នេះការបិទមន្ទីរសម្រាកព្យាបាល«ហូប សេនធ័រ» ប្រៀបបាននឹងការផ្ដាច់ក្ដីសង្ឃឹមរបស់អ្នកស្រី និងអ្នកជំងឺរាប់ម៉ឺននាក់ផ្សេងទៀងដូច្នេះដែរ។
អ្នកស្រី ណារី ថ្លែងថា៖ «ខ្ញុំឡើងអស់សង្ឃឹមហើយទៅពេទ្យចិនផង ចូលខ្ទង់ម៉ឺនដុល្លារ ហើយខ្ញុំមកព្យាបាលពេទ្យនេះ១០ឆ្នាំហើយ អ្នកជំងឺខ្លះត្រូវការលេបថ្នាំមួយជីវិត ដល់តែបិទទៅអ្នកជំងឺបានអីជាទីពឹង ខ្ញុំពិបាកចិត្ត ព្រោះខ្ញុំត្រូវការប្រើថ្នាំដើម្បីបន្តជីវិត»។
និយាយទាំងអួលដើមក អ្នកស្រី ណារី សំណូមពរទៅរដ្ឋាភិបាល និងក្រសួងសុខាភិបាល ជួយអន្តរាគមន៍ ដើម្បីបានប្រយោជន៍ដល់ប្រជាពលរដ្ឋខ្មែរ ជាពិសេសអ្នកជំងឺដែលកំពុងព្យាបាលនៅមន្ទីរពេទ្យនេះបានបន្តការព្យាបាល។
អ្នកស្រី ណារី បន្ថែមថា៖ «ខ្ញុំចង់ឱ្យសម្ដេចពុក ជួយអន្តរាគមន៍ឱ្យបើកពេទ្យហ្នឹងឡើងវិញ ដើម្បីឱ្យកូនចៅដែលមកពេទ្យហ្នឹងមានសង្ឃឹមឡើងវិញ [បិទពេទ្យហ្នឹង] ដូចផ្ដាច់ជីវិតខ្ញុំអ៊ីចឹង ខ្ញុំត្រូវការថ្នាំដើម្បីបន្តជីវិតរស់»។
បន្ទាប់ពីក្រសួងសុខាភិបាលប្រកាសបិទមន្ទីរសម្រាកព្យាបាល«ហូប សេនធ័រ» ឃើញមានប្រតិកម្មពីប្រជាពលរដ្ឋជាច្រើន និងឃើញមានការសំណូមពរឱ្យរដ្ឋាភិបាលអន្តរាគមន៍ក្នុងការបើកមន្ទីរសម្រាកព្យាបាលនេះឡើងវិញ។ តាមរយៈការនិយាយឆ្លើយឆ្លងនៅក្នុងបណ្ដាយសង្គម អ្នកជំងឺស្ងើចសរសើរ និងលើកចំណុចល្អរបស់មន្ទីរពេទ្យនេះផងដែរ។
យោងតាមសេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុន«សេនធ័រ អហ្វ ហូប» បានឱ្យដឹងថា ក្រុមហ៊ុនមានការសោកស្ដាយជាខ្លាំង ចំពោះចំណាត់ការរបស់ក្រសួងសុខាភិបាល ដែលបានបិទមន្ទីរសម្រាកព្យាបាលឯកជនទាំង៣ទីតាំង ខណៈមន្ទីរសម្រាកព្យាបាលនេះ បានជួយអ្នកជំងឺចំនួនជាង ៨៩ ៦២៨នាក់ ក្នុងមួយឆ្នាំ ដើម្បីទទួលបានការថែទាំងសុខភាពដែលមានគុណភាព និងតម្លៃសមរម្យ។
ក្នុងសេចក្ដីប្រកាសបញ្ជាក់ថា៖ «យើងខ្ញុំពិតជាមានការសោកស្ដាយដែលប្រតិបត្តិការវេជ្ជសាស្ត្ររបស់មន្ទីរសម្រាកព្យាបាលរបស់យើងខ្ញុំ ឥឡូវនេះត្រូវបានផ្អាកជាបណ្ដោះអាសន្ន ហើយបានបញ្ឈប់យើងខ្ញុំពីការផ្តល់សេវារបស់យើងខ្ញុំទៅដល់អ្នកជំងឺដែលត្រូវការការថែទាំ និងព្យាបាលជាចាំបាច់ ជាពិសេសអ្នកជំងឺលើសសម្ពាធឈាម ទឹកនោមផ្អែម និងបេះដូងដែលត្រូវការថ្នាំ និងគ្រូពេទ្យព្យាបាលជាប្រចាំ»។
ប្រភពដដែល បន្តថា មន្ទីរសម្រាកព្យាបាលទាំង៣ទីតាំង មិនដែលទទួលបានការព្រមាន ឬវិធានផ្លូវការណាមួយពីអាជ្ញាធរ មុនប្រកាសបិទទីតាំងឡើយ ហើយក៏កំពុងរៀបចំរបាយការណ៍សកម្មភាពព្យាបាលអ្នកជំងឺ និងការផ្ទេរ ឬផ្លាស់ប្ដូរអាជ្ញាបណ្ណទៅតាមបែបបទរដ្ឋបាល តែផ្ទុយទៅវិញ ក្រសួងសុខាភិបាលបានបញ្ជាឱ្យបិទមន្ទីរសម្រាកព្យាបាលតែម្ដង។
សេចក្ដីថ្លែងការណ៍និយាយថា៖ «យើងខ្ញុំទទួលស្គាល់ថាមន្ទីរសម្រាកព្យាបាលរបស់យើងបាននឹងកំពុងរៀបចំធ្វើ លើរបាយការណ៍អំពីសកម្មភាពព្យាបាលអ្នកជំងឺ និងការផ្ទេរ ឬផ្លាស់ប្តូរអាជ្ញាបណ្ណដែលមានស្រាប់របស់វេជ្ជបណ្ឌិត ដែលជាអ្នកឈរឈ្មោះទទួលខុសត្រូវចំពោះមុខអាជ្ញាធរសុខាភិបាល ដើម្បីស្របតាមវិធានរបស់ក្រសួងសុខាភិបាល។ ប៉ុន្តែជាអកុសល មន្ទីរសម្រាកព្យាបាលត្រូវបានបញ្ជាអោយបិទទ្វា មុនពេលដែលយើងខ្ញុំបញ្ចប់កិច្ចការរដ្ឋបាលនេះទៅវិញ»។
ក្រោយក្រសួងសុខាភិបាលប្រកាសបិទទ្វារមន្ទីរសម្រាកព្យាបាល បច្ចុប្បន្នមានបុគ្គលិកពេទ្យចំនួន២៥០នាក់ ដែលជាគ្រូពេទ្យមានវិជ្ជាជីវៈក្នុងការបំពេញការងារជាគ្រូពេទ្យ ព្យាបាលជំងឺ។
ជុំវិញករណីនេះ អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន មិនអាចទាក់ទងបានទេនៅថ្ងៃទី៣១ ខែមិថុនា នេះ ដោយទូរសព្ទមិនលើក និងមិនឆ្លើយតបសារនៅក្នុងតេឡេក្រាម។
ចំណែកលោក ហុក គីមចេង អគ្គនាយកបច្ចេកទេសនិងសុខភាពនៃក្រសួងសុខាភិបាល បានបដិសេធមិនបកស្រាយចំពោះមូលហេតុដែលក្រសួងសុខាភិបាលបិទមន្ទីរសម្រាកព្យាបាលទាំង៣ទីតាំង។
លោក គីមចេង ថ្លែថា៖ «ខ្ញុំមិនអាចឆ្លើយតបបានទេ គេមានក្រុមការងារទទួលខុសត្រូវចំពោះរឿងនេះ»។
គួរជម្រាបជូនថា មន្ទីរសម្រាកព្យាបាលទាំង៣ទីតាំង ត្រូវបានក្រសួងសុខាភិបាលប្រកាសបិទក្នុងពេលតែមួយ កាលពីថ្ងៃទី១២ ខែឧសភា ដោយក្រសួងបញ្ជាក់ថា មន្ទីរសម្រាកព្យាបាលនេះ មិនមានវេជ្ជបណ្ឌិតឈរឈ្មោះទទួលខុសត្រូវ និងមិនបានផ្ញើរបាយការណ៍ជូនក្រសួងតាមច្បាប់កំណត់។
យ៉ាងណាមិញ នៅថ្ងៃទី១៣ ក្រសួងសុខាភិបាលក៏បានចេញសេចក្ដីបំភ្លឺម្ដងទៀត ដោយអះអាងថា ទីតាំងដែលបិទនោះ មិនមែនជាមន្ទីរពេទ្យរបស់រដ្ឋ ដែលមានឈ្មោះ មន្ទីរពេទ្យព្រះសីហនុ មណ្ឌលនៃក្ដីសង្ឃឹម [Sihanouk Hospital Center of Hope (SHCH)] នោះឡើយ។ ហើយការបិទមន្ទីរសម្រាកព្យាបាលនៅរាជធានីភ្នំពេញទាំងនេះ ក៏ព្រោះតែមន្ទីរសម្រាកព្យាបាលទាំងនេះមិនគោរពតាមច្បាប់ទម្លាប់។
ឆ្លើយតបទៅនឹងកង្វល់របស់ប្រជាពលរដ្ឋលើការបន្តការតាមដានសុខភាព ឬការស្វែងរកការពិនិត្យ ព្យាបាលជំងឺនោះ ក្រសួងសុខាភិបាល បានបញ្ជាក់ថា នៅកម្ពុជាមានមន្ទីរជាតិចំនួន ១២កន្លែង មន្ទីរពេទ្យរាជធានី-ខេត្តចំនួន២៥មន្ទីរពេទ្យបង្អែកស្រុកចំនួន៩៥កន្លែង មណ្ឌលសុខភាពចំនួន១ ២៨៨កន្លែង និងប៉ុស្តិ៍សុខភាពចំនួន១២៥កន្លែង ដែលកំពុងបន្តផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ដោយមិនរើសវណ្ណៈ ពូជសាសន៍ ឬនិន្នាការនយោបាយអ្វីឡើយ។
យ៉ាងណាមិញ មន្ទីរសម្រាកព្យាបាល«ហូប សេនធ័រ» អះអាងថាចង់បន្តការថែទាំអ្នកជំងឺ ដែលត្រូវការសេវាពីក្រុមវេជ្ជបណ្ឌិត និងបន្តបំពេញបេសកកម្មក្នុងការផ្តល់ជូននូវការថែទាំសុខភាពប្រកបដោយគុណភាពខ្ពស់ និងមានតម្លៃសមរម្យដល់ប្រជាជនកម្ពុជាឱ្យបានឆាប់បំផុត៕