ពលរដ្ឋ១០នាក់ជាតំណាងពលរដ្ឋ៧១១គ្រួសារមកពីខេត្ដឧត្ដរមានជ័យបាននាំគ្នាឡើងមកដាក់ញត្ដិនៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីឱ្យក្រសួងជួយអន្ដរាគមន៍លើបញ្ហាដីធ្លីរបស់ពួកគេ ខណៈពួកគេថា កំពុងធ្លាក់ខ្លួនក្នុងវិបត្ដិបំណុលដែលប៉ះពាល់ដល់ជីវភាព និងប្រឈមបញ្ហាផ្សេងៗ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤។
បើតាម លោក ម៉ា អ៊ុកជឿន អាយុ៥២ឆ្នាំ ជាតំណាងពលរដ្ឋចំនួន៧១១គ្រួសារដែលកំពុងរស់នៅលើដីសង្គមកិច្ចខេត្ដឧត្ដរមានជ័យបានប្រាប់ខេមបូចាថា ការដាក់ញត្ដិនេះដើម្បីឱ្យក្រសួងជួយអន្ដរាគមន៍លើដីរបស់ពួកគាត់ដែលរដ្ឋាភិបាលផ្ដល់ឱ្យកាលពីឆ្នាំ២០១៧ក្រោយពីរដ្ឋបានដកហូតពីក្រុមហ៊ុនអង្គរស៊ូហ្គឺដោយស្នើឱ្យជួយអន្ដរាគមន៍ចេញប្លង់រឹងលើពលរដ្ឋជាង៣០០គ្រួសារ និងផ្ដល់ដីលើពលរដ្ឋជាង៣០០គ្រួសារបន្ថែមទៀត។
លោកបន្ដថា កន្លងមកក្រសួងបានចេញលិខិតទៅរដ្ឋបាលខេត្ដដើម្បីឱ្យចេញប្លង់រឹង ប៉ុន្ដែរដ្ឋបាលខេត្ដមិនបានអនុវត្ដតាមនោះទេ ដោយព្យាយាមពន្យាពេល។ លោកបន្ដថា ការមិនដោះស្រាយរបស់អាជ្ញាធរ គឺធ្វើឱ្យពលរដ្ឋជាច្រើនគ្រួសារជួបបញ្ហាប្រឈមជីវភាព និងបញ្ហាបំណុល។ លោកបន្ថែមថា ក្នុងការញត្ដិនេះក៏មានខាងក្រសួងរៀបចំដែនចេញមកទទួលផងដែរ តែលោកមិនបានសួរនាំពីតួនាទីឡើយ។
លោកបានបញ្ជាក់ថា៖ «ក្រសួង[ក្រសួងរៀបចំដែនដី]ចេញលិខិតឱ្យអភិបាលខេត្ដចុះវាស់ដីចេញប្លង់រឹងហើយ ពេលពួកខ្ញុំឡើងសួរគាត់រុញទៅអ្នកនេះរុញអ្នកនោះ។ ពលរដ្ឋសរុប៧១១គ្រួសារ តែបានដីជាង៣០០គ្រួសារតែអត់ប្លង់ ជាង៣០០គ្រួសារទៀតអត់ទាន់បានបង។ ខ្ញុំមកនេះដើម្បីឱ្យក្រសួងជួយអន្ដរាគមន៍លើរឿងពួកខ្ញុំ។គេ[ក្រសួង]មកយកហើយ ពួកខ្ញុំក៏ចេញមកវិញ គេស៊ីញ៉េថាបានទទួល»។
យោងតាមញត្ដិដែលខេមបូចាទទួលបានបញ្ជាក់ថា ពលរដ្ឋសរុប៧១១គ្រួសាររស់ក្នុងភូមិចំនួន៥ ស្ថិតក្នុងឃុំកូនគ្រៀល ស្រុកសំរោង ខេត្ដឧត្ដរមានជ័យ ដែលរងផលប៉ះពាល់ដោយសារការអភិវឌ្ឍឧស្សាហកម្មដំណាំអំពៅរបស់ក្រុមហ៊ុនអង្គរស៊ូហ្គឺ។
ក្នុងញត្ដិដដែលបន្ដថា កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣ កន្លងទៅ ក្រសួងរៀបចំដែនដីបានចេញលិខិតមួយតម្រូវឱ្យរដ្ឋបាលខេត្ដឧត្ដរមានជ័យចុះវាស់វែង និងចេញប្លង់រឹងឱ្យពលរដ្ឋចំនួន៣២៩គ្រួសារ ប៉ុន្ដែអាជ្ញាធរខេត្ដឧត្ដរមានជ័យមិនបានចេញប្លង់រឹងតាមលិខិតរបស់ក្រសួងរៀបចំដែនដីនោះទេ ជាហេតុឱ្យពួកគាត់ស្នើសុំការអន្ដរាគមន៍ពីក្រសួងម្ដងទៀត។
យ៉ាងណាក្ដីពលរដ្ឋស្នើក្រសួងរៀបចំដែនដីថា៖ «[សូម]ផ្ដល់បណ្ណកម្មសិទ្ធិដល់គ្រួសារចំនួន៣២៩គ្រួសារដែលបានទទួលដីរួចរាល់។ ផ្ដល់ដីដល់គ្រួសារចំនួន៣៨២គ្រួសារដែលពុំទាន់ទទួលបានការដោះស្រាយដី»។
ពលរដ្ឋបានបញ្ជាក់ពីបញ្ហាប្រឈមរបស់ពួកគាត់ក្នុងញត្ដិថា ពួកគាត់មានការព្រួយបារម្ភជាខ្លាំងក្រោយទទួលបានដីពីរដ្ឋបាលខេត្ដ និងក្រសួង ប៉ុន្ដែមិនអាចទទួលបានប្លង់រឹងជាហេតុថា ពួកគេមិនអាចការពារដីដោយស្របច្បាប់ និងមិនអាចកម្ចីធនាគារដើម្បីយកដោះស្រាយបញ្ហាជីវភាពបានទេ។ ក្នុងញត្ដិពលរដ្ឋបន្ដថា កន្លងមកពួកគាត់ប្រឈមនឹងការបណ្ដេញចេញ និងការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ បញ្ហាទាំងនេះបានអូសបន្លាយអស់រយៈពេលជាច្រើនឆ្នាំមកហើយដោយមិនទាន់មានការដោះស្រាយ។
ពលរដ្ឋរៀបរាប់ថា៖ «ប្រជាពលរដ្ឋខាតបង់ផលប្រយោជន៍ ជាប្រាក់កាស និងពេលវេលាជាច្រើន បាត់បង់នូវសិទ្ធិអាស្រ័យផលនានាពីដីរបស់យើងខ្ញុំ។ យើងខ្ញុំបានធ្លាក់ទៅក្នុងបំណុល ភាពក្រីក្រ និងជីវភាពកាន់តែលំបាកទៅៗ»។
ចំណែកលោក ទឹម សារ៉ាត់ អាយុ៤៨ឆ្នាំ ដែលជាតំណាងពលរដ្ឋម្នាក់ទៀត បានរៀបរាប់ថា លោក និងពលរដ្ឋទាំងអស់បានព្យាយាមស្នើសុំការដោះស្រាយពីថ្នាក់ខេត្ដ ប៉ុន្ដែមិនទទួលបានការឆ្លើយតបសម្របសម្រួលណាមួយដូចការចង់បានរបស់ពួកលោក។ លោកបានបង្ហាញពីការព្រួយបារម្ភលោកថា ការមិនទទួលបានដី និងប្លង់រឹងពីរដ្ឋធ្វើឱ្យលោកជួបបញ្ហាប្រឈមជាច្រើនដោយគូសបញ្ជាក់ថា ខាងធនាគារមិនឱ្យផ្ដល់កម្ចីដល់លោកដើម្បីប្រកបមុខរបរចឹញ្ចឹមជីវិតបាន។
លោកសង្ឃឹមថា ការដាក់ញត្ដិមកក្រសួងនឹងអាចផ្ដល់ដំណោះស្រាយដល់ពលរដ្ឋជាង៧០០គ្រួសារក្នុងឃុំកូនគ្រៀល ស្រុកសំរោង កុំឱ្យជួបបញ្ហាប្រឈមបន្ដទៀត។
លោកឱ្យដឹងថា៖ «ខ្ញុំឡើងមកនេះ គឺចង់បានតែដំណោះស្រាយឱ្យពួកខ្ញុំបានដីប្លង់រឹងទេ។ ខ្ញុំមិនចង់តវ៉ាទេតែធ្វើម៉េចបើទៅខេត្ដគេរុញដាក់គ្នា។ ខ្ញុំមានតែមកក្រសួងដែនដីទេដែលអាចជួយអន្ដរាគមន៍បាន»។
បើតាមញត្ដិបានបញ្ជាក់បន្ថែមថា កាលពី២០២៣កន្លងទៅតបការស្នើសុំរបស់ពលរដ្ឋមកកាន់ក្រសួងរៀបចំដែនដីដើម្បីឱ្យជួយអន្ដរាគមន៍ជុំវិញបញ្ហាដីធ្លីនេះ។ ក្រសួងរៀបចំដែនដីបានចេញលិខិតមួយត្រូវឱ្យរដ្ឋបាលខេត្ដឧត្ដរមានជ័យចុះវាស់វែង និងដោះស្រាយឱ្យពលរដ្ឋ ប៉ុន្ដែរដ្ឋបាលខេត្ដមិនបានអនុវត្ដតាមលិខិតរបស់ក្រសួងនោះទេ ជាហេតុពួកគាត់មកដាក់ញត្ដិម្ដងទៀតក្នុងគោលបំណងជំរុញឱ្យក្រសួងពន្លឿនដំណោះស្រាយនឹងបញ្ចប់បញ្ហាប្រឈមរបស់ពួកគាត់។
ខេមបូចាមិនអាចសុំការបញ្ជាក់បន្ថែមពីអ្នកនាំពាក្យក្រសួងរៀបចំដែនដី លោក សេង ឡូត បានទេចាប់តាំងពីថ្ងៃទី២០ ខែមីនា គិតមកដល់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ នេះ ដោយទូរសព្ទគ្មានអ្នកលើកឡើង។
តាមការបញ្ជាក់របស់ប្រធានមន្ទីរសុរិយោដីខេត្ដឧត្ដរមានជ័យ លោក គឹម គាវិន បានបញ្ជាក់ប្រាប់ខេមបូចានៅរសៀលថ្ងៃទី២៦ ខែមីនា ថា ជុំវិញការស្នើសុំបណ្ណកម្មសិទ្ធិ គឺរដ្ឋបាល និងមន្ទីរសុរិយោដីត្រៀមចេញជូនពលរដ្ឋក្នុងពេលឆាប់ៗនេះទៅតាមការស្នើសុំ ខណៈលោកថា រង់ចាំខាងក្រសួងទម្លាក់លើការស្នើសុំឱ្យរដ្ឋបាលខេត្ដ។ លោកបន្ដថា សម្រាប់ពលរដ្ឋដែលពុំទាន់មានដីដើម្បីរស់នៅ និងអាស្រ័យផល ពលរដ្ឋអាចដាក់សំណើរតាមរយៈអាជ្ញាធរមូលដ្ឋានរហូតដល់ថ្នាក់ខេត្ដលើដីសង្គមកិច្ចនោះរដ្ឋបាលខេត្ដ និងមន្ទីរសុរិយោដីនឹងផ្ដល់ជូន។
លោក គាវិន ថ្លែងថា៖ «យើងកំពុងរៀបចំចេញឱ្យពួកគាត់ហើយ ឱ្យគាត់រង់ចាំបន្ដិចទៀត គឺបានហើយ។ពលរដ្ឋណាអត់ដីគាត់អាចស្នើតាមមេភូមិ មេឃុំលើដីសង្គមកិច្ចរបស់រដ្ឋបាន យើងនឹងស្នើទៅថ្នាក់ក្រសួងដើម្បីឱ្យពួកគាត់បន្ដ។ ខ្ញុំសុំឱ្យពួកគាត់រក្សាភាពស្ងៀមស្ងាត់សិន រង់ចាំពួកខ្ញុំដោះស្រាយជូន»។
បើតាមលោក ជា ពិសិដ្ឋ នាយករដ្ឋបាលខេត្ដឧត្ដរមានជ័យ បានថ្លែងថា លោកមិនបានដឹងស៊ីជម្រៅលើបញ្ហានៃការទាមទាររបស់ពលរដ្ឋជុំវិញបណ្ណកម្មសិទ្ធិដូចសំណួររបស់ខេមបូចាសួរនោះទេ។ តែលោកបានបញ្ជាក់ថា កន្លងមកពលរដ្ឋកំពុងទាមទារទាំងនេះពិតជាបានដាក់លិខិតផ្សេងៗមករដ្ឋបាលខេត្ដមែន។ យ៉ាងណាក្ដីលោកថា លោកមិនអាចបញ្ជាក់រឿងចេញប្លង់រឹងឱ្យបាន ឬយ៉ាងណាដោយសំអាងថារឿងកើតច្រើនករណី។
លោកថ្លែងថា៖ «រឿងហ្នឹងខ្ញុំអត់សូវដឹងទេអារឿងចេញប្លង់ឱ្យពួកគាត់ហ្នឹងបង។ ខ្ញុំសុំមិនឆ្លើយទេបង តែកន្លងមកពួកគាត់បានដាក់លិខិតមកខាងយើងមែនបង។ខ្ញុំអត់ចាំទេ អរគុណ»។
កាលពីឆ្នាំ២០១៣ អង្គការ លីកាដូ និងអង្គការសមធម៍កម្ពុជា បានដាក់ពាក្យបណ្ដឹងក្នុងនាមឱ្យដើមបណ្ដឹងចំនួន៦០២គ្រួសារស្ដីពីការរំលោភបំពានសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ដែលជាប់ពាក់ព័ន្ធនឹងដីសម្បទានស្ករអំពៅគ្រប់គ្រងដោយក្រុមហ៊ុនថៃដ៏ធំមួយឈ្មោះមីតរិ៍ប៉ូល(Mitr Phol Corporation)។
អង្គការទាំងពីរបានអះអាងថា ការរំលោភបំពានជាលក្ខណៈប្រព័ន្ធ និងមានសភាពធ្ងន់ធ្ងរ បានកើតឡើងចំពោះសម្បទានដីសេដ្ឋកិច្ចទាំងបីរបស់ក្រុមហ៊ុនថៃ ដើម្បីផលិតកម្មស្ករអំពៅ។
ជុំវិញបញ្ហារ៉ាំរ៉ៃនៃការស្នើចេញបណ្ណកម្មសិទ្ធិពលរដ្ឋខេត្ដឧត្ដរមានជ័យនេះត្រូវបានលោក អំ សំអាត នាយកចាត់ការទូទៅនៃអង្គការ លីកាដូ មានប្រសាសន៍ថា អង្គការ លីកាដូ បានចេញរបាយការណ៍ពីបញ្ហាប្រឈមរបស់ពលរដ្ឋដោយលើកឡើងពីបញ្ហារំលោភសិទ្ធិរបស់ក្រុមហ៊ុនអង្គរស៊ូហ្គឺ។ លោកបន្ដថា បញ្ហាដ៌រ៉ាំរ៉ៃរបស់ពលរដ្ឋនៅខេត្ដឧត្ដរមានជ័យនេះបានអូសបន្លាយតាំងពី២០០៩មកតែគ្មានការដោះស្រាយឱ្យពលរដ្ឋពីសំណាក់អាជ្ញាធរ។ លោកបន្ថែមថា រដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធគួរពន្លឿនបញ្ហានេះឱ្យពលរដ្ឋដើម្បីចៀសវាងពលរដ្ឋធ្លាក់ខ្លួនក្រីក្រដោយវិបត្ដិជីវភាព និងបំណុល។
លោកថ្លែងថា៖ «វាដល់ពេលដែលរដ្ឋាភិបាលពន្លឿនឱ្យពួកគាត់ហើយព្រោះវារ៉ាំរ៉ៃយូរហើយ មិនគួរទុកបញ្ហារបស់ពួកគាត់ចោលទេ។ ក្នុងនាមជាសង្គមស៊ីវិលចង់ឃើញការដោះស្រាយដោយតម្លាភាព និងយុត្ដិធម៌សម្រាប់ពលរដ្ឋងាយរងគ្រោះពីយន្ដការថ្មីរបស់រដ្ឋាភិបាល»។
នៅដើមខែសីហា ឆ្នាំ២០២២ ប្រជាពលរដ្ឋចំនួន៩២គ្រួសារដែលត្រូវបណ្ដេញចេញពីលំនៅឋានបន្ទាប់ពីមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនផលិតស្ករនៅសង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ ស្នើសុំដីសម្បទានសង្គមកិច្ចចំនួន២ហិកតាក្នុងមួយគ្រួសារ ដោយពួកគេអះអាងថាពុំមានដីសម្រាប់ធ្វើកសិកម្ម៕