សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ពលរដ្ឋសំណូមពរដល់អាជ្ញាធរពាក់ព័ន្ធជួយពង្រឹងគុណភាពអប់រំនៅតំបន់ដាច់ស្រយាល

មន្ត្រីនៃមន្ទីរអប់រំខេត្តសៀមរាប ចូលរួមក្នុងកម្មវិធីសន្ទនាមតិកន្លងមក។ រូបថត៖ ទក សុគន្ធ
មន្ត្រីនៃមន្ទីរអប់រំខេត្តសៀមរាប ចូលរួមក្នុងកម្មវិធីសន្ទនាមតិកន្លងមក។ រូបថត៖ ទក សុគន្ធ

ពលរដ្ឋរស់នៅក្នុងមូលដ្ឋានឃុំកែវពណ៌ ស្រុកពួក ខេត្តសៀមរាប សំណូមពរដល់អាជ្ញាធរ​ពាក់ព័ន្ធជួយផ្តល់គ្រូបង្រៀនឱ្យគ្រប់គ្រាន់ដល់សាលានៅដាច់ស្រយាល ពីព្រោះការ​សិក្សា​ពិតជាមានសារៈសំខាន់ដែល​អាច​ផ្លាស់​ប្តូរអនាគត​របស់​ពួក​គេទៅថ្ងៃ​មុខ ដែល​បង្ក​ភាព​ងាយ​ស្រួល​ក្នុងការ​រកការងារធ្វើដើម្បីជួយដល់គ្រួសារ និងសង្គមជាតិ។

ពលរដ្ឋមួយរូប អ្នកស្រី ម៉ៃ រស់នៅក្នុងមូលដ្ឋានឃុំកែវពណ៌ បានលើកឡើងថា ការសិក្សា​ពិត​ជាមានសារៈសំខាន់ណាស់ក្នុងការរស់នៅ មានការងារធ្វើអាចរកប្រាក់​ចំណូលជួយ​ដល់​គ្រួសារ និងសង្គមជាតិ។

អ្នកស្រីឱ្យដឹងថា៖ «ខ្ញុំ​សំណូមពរដល់អាជ្ញាធរពាក់ព័ន្ធជួយផ្តល់គ្រូបង្រៀន​ឱ្យគ្រប់គ្រាន់​ដល់​សាលានៅដាច់ស្រយាល ដើម្បីឱ្យ​ពួក​គេ​ទទួល​ការសិក្សាគ្រប់គ្រាន់ដូច​អ្នកនៅទីប្រជុំ​ជន»

កញ្ញា ​សុភា រស់នៅក្នុងមូលដ្ឋានដូចគ្នាដែរនោះ បានលើឡើងដែរថា​ ចង់ឱ្យអាជ្ញាធរពាក់ព័ន្ធ​ជួយផ្តល់អាហាររូបករណ៍ដល់សិស្សដែលក្រីក្រ និងជួយផ្តល់គ្រូបង្រៀនបន្ថែមទៀត។

កញ្ញា​បាន​បញ្ជាក់​ថា​៖ «ខ្ញុំចង់​ឱ្យ​អាជ្ញាធរ​ជួយផ្តល់គ្រូបន្ថែម​​ ដើម្បីឱ្យសិស្សានុសិស្ស​នៅ​តំបន់​ដាច់ស្រយាលពួក​ខ្ញុំ​ទទួលបានការសិក្សាគ្រប់គ្រាន់»

ពាក់ព័ន្ធនឹងបញ្ហាខាងលើនេះ លោក កែ វណ្ណនី ប្រធានការិយាល័យអប់រំស្រុកពួក បានលើក​ឡើងថា ចំពោះសាលានៅតំបន់ដាច់ស្រយាល​នៅក្នុងមូលដ្ឋាន​លោកគឺទទួលបានការសិក្សា​ដូចៗគ្នា​ទៅនឹងទីប្រជុំជនដែរ។

លោក កែ វណ្ណនី បាន​ឱ្យដឹង​ទៀត​ថា៖ «សម្រាប់គ្រូបង្រៀនគឺមានការខ្វះខាតពិតប្រាកដមែន តែយើងបានប្រើប្រាស់គ្រូកិច្ចសន្យាជាច្រើនផងដែរ ដើម្បីឱ្យសិស្សទទួលបានការអប់រំបាន​ល្អ​ផងដែរ»

លោក​បាន​ថ្លែង​ទៀតថា ប្រទេសកម្ពុជាបានឈានចូលទៅក្នុងដំណាក់​កាលមួយថ្មីទៀត​នៃ​ការអភិវឌ្ឍវិស័យអប់រំដែលចាំបាច់ត្រូវផ្តោតការយកចិត្តទុកដាក់ទៅលើការ​ពង្រឹងមូលដ្ឋាន​អប់រំ និងគុណភាពសិក្សា នៅក្នុងក្របខណ្ឌនៃការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ដែលមានលក្ខណៈ​ជា​ប្រព័ន្ធដ៏ទូលំទូលាយ។

លោក​បាន​បន្ថែមថា​៖ «ជាចក្ខុវិស័យសំរាប់រយៈពេលវែង យើងផ្សារភ្ជាប់​យុទ្ធសាស្រ្ត​អប់រំ​ជាមួយនឹងយុទ្ធសាស្រ្តកាត់បន្ថយភាពក្រីក្រ តាមរយៈការធ្វើសមាហរណកម្ម​ផែនការ​ហិរញ្ញប្បទាន​វិស័យអប់រំជាមួយនឹងផែនការ និងការគ្រប់គ្រងចំណាយសាធារណៈទូទៅ»

គួរបញ្ជាក់​ផងដែរថា ​រាជរដ្ឋាភិបាលបានចាត់ទុកការអប់រំជាយុទ្ធសាស្ត្រចម្បងក្នុងការកាត់​បន្ថយ​ភាព​ក្រីក្រ​ដូចដែលបានគូសបញ្ជាក់ក្នុងផែនការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកិច្ច៥ឆ្នាំ​លើក​ទី២ ថា កំណើនសេដ្ឋកិច្ចប្រកបដោយចិរភាព ការអភិវឌ្ឍសង្គមកិច្ច និងអភិបាលកិច្ចល្អ គឺជាការបំពេញឱ្យគ្នាទៅវិញទៅមកនៅក្នុងការកំណត់ជោគជ័យ ​និងសកម្មភាពដើម្បីកាត់​បន្ថយ​ភាពក្រីក្រ៕

84 views

ព័ត៌មានទាក់ទង