ប្រជាពលរដ្ឋបានរៀបរាប់ថា ពួកគេត្រូវបានចាញ់បោកសាលាបង្រៀនភាសាកូរ៉េ អាន់សាន នៅខេត្តកំពង់ឆ្នាំង បណ្តាលឱ្យជីវភាពកាន់តែលំបាក និងជំពាក់បំណុលធនាគារវណ្ឌក ដោយសារតែសាលានេះបានប្រើល្បិចបោកពលរដ្ឋក្នុងចំនួនមួយដ៏ច្រើន ដោយធានាថានឹងបញ្ជូនពួកគេទៅធ្វើការនៅក្រៅប្រទេស ហើយមកទល់ពេលនេះ ពួកគេមិនទាន់ទទួលបានសំណងនៅឡើយទេ និងកំពុងសុំការអន្តរាគមន៍ពីក្រសួងពាក់ព័ន្ធ។
បើតាមអ្នកស្រី សោម ធីតា អាយុ៤២ ឆ្នាំ រស់នៅក្នុងភូមិត្រមូសុខ ឃុំដូង ស្រុកបាទី ខេត្តតាកែវ ជាពលរដ្ឋមួយរូបក្នុងចំណោមពលរដ្ឋផ្សេងទៀត ដែលបានចាញ់បោកប្រាក់អស់ជាច្រើនតាមរយៈការឆបោករបស់សាលាកូរ៉េអាន់សានក្នុងឆ្នាំ២០១៨ បានប្រាប់ឱ្យដឹងថា រយៈពេលជិត៤ឆ្នាំមកហើយ អ្នកស្រីនៅមិនទាន់ទទួលបានយុត្តិធម៌ទេ ហើយជីវភាពទៀតសោត កាន់តែដុនដាបទៅៗ ដោយសារតែបំណុលចេះតែកើនឡើង ព្រោះចំណូលបានតិចមិនអាច សងបំណុលធនាគារបាន។
អ្នកស្រី ធីតា ប្រាប់ទៀតថា ដើមចមដែលបណ្ដាលឱ្យអ្នកស្រីចាញ់បោកសាលាភាសាកូរ៉េ ដោយសារតែឃើញអ្នកដទៃមានបានតាមរយៈការចុះឈ្មោះចូលរៀននេះ ហើយដោយសារតែកត្តាជីវភាពខ្វះខាតផងនោះ ទើបអ្នកស្រីសម្រេចចិត្តចុះឈ្មោះចូលរៀនតាមគេដោយមិនបានគិតដិតដល់។
ស្រ្តីវ័យ៤២ឆ្នាំរូបនេះរៀបរាប់ថា៖ «ដំបូងឡើយខ្ញុំមានប្អូននៅកំពង់ធំ គេដឹងដំណឹងថា អ្នកកំពង់ធំគេទៅ[ចុះឈ្មោះចូលរៀន]បានច្រើន អាវគ្គខ្លី៦ខែហ្នឹង ដល់តែប្អូនប្រាប់ចឹងទៅ យើងចាប់អារម្មណ៍ដែរ នឹកឃើញថាប្រសិនជាបានទៅ យើងបានលុយកាក់តិចតួចយកមកផ្គត់ផ្គង់គ្រួសារ និងបង្កើតមុខរបរ ហើយបើមិនបានសល់លុយទេ ក៏បានសងគេខ្លះដែរ ក៏សម្រេចចុះឈ្មោះនឹងគេទៅ»។
អ្នកស្រី ធីតា ដែលមានកូន២នាក់ក្នុងបន្ទុក បានឱ្យដឹងទៀតថា អ្នកស្រីលង់ខ្លួនខាតប្រាក់អស់ជិត៣ពាន់ដុល្លារ ដើម្បីបានទៅធ្វើការនៅក្រៅប្រទេសតាមរយៈការធានាពីសាលាកូរ៉េនេះដោយចំណាយទាំងអស់រាប់បញ្ចូល ការចុះឈ្មោះចូលរៀនត្រូវបង់២០០ដុល្លារ ពិនិត្យសុខភាពអស់១០០ដុល្លារ ធ្វើលិខិតឆ្លងដែនអស់ជិត២០០ដុល្លារ និងចំណាយផ្សេងៗ ចុងក្រោយបង់ប្រាក់ឱ្យសាលាអស់២ពាន់ដុល្លារ ដែលជាទំហំទឹកប្រាក់ដ៏ច្រើនសម្រាប់គ្រួសាររបស់អ្នកស្រី។
អ្នកស្រី ធីតា ប្រាប់យ៉ាងដូច្នេះថា៖ «ប្រាក់ទាំងអស់នោះ ខ្ញុំខ្ចីពីផ្ទះចិន[អ្នកចងការឯកជន] ដល់តែមើលទៅអស់សង្ឃឹមខ្ញុំខ្ចីពីធនាគារមកសងផ្ទះចិនវិញ»។
ស្រ្តីរូបនេះប្រាប់ទៀតថា បង់ប្រាក់ហើយអ្នកស្រីរៀនបានតែ៧ថ្ងៃគត់ ដោយសាលាប្រាប់ថាថ្ងៃ១០ ខែ២ នឹងជិតបានឡើងទៅក្រៅប្រទេសហើយ តែបន្ទាប់ពីបង់លុយចប់សព្វគ្រប់ ក៏ស្ងាត់ដំណឹងពីសាលាសូន្យឈឹង ទើបអ្នកស្រីដឹងថាសាលានេះបោកប្រាស់។
ឆ្លើយទាំងអួលដើមក អ្នកស្រី ធីតា ថា ចាប់តាំងពីក្លាយជាកូនបំណុល ធ្វើឱ្យជីវភាពគ្រួសារអ្នកស្រីដែលមានកូន២ និងប្អូន២នាក់ទៀតក្នុងបន្ទុក កាន់តែវិវត្តទៅរកភាពលំបាក ព្រោះត្រូវរកប្រាក់សងបំណុលធនាគារ ខណៈបំណុលចេះតែកើន បូករួមទាំងចំណាយការសិក្សាកូនៗ និងចំណាយប្រចាំថ្ងៃ ស្របពេលដែលចំណូលរបស់អ្នកស្រី និងស្វាមី រកបានបន្តិចបន្តួចប៉ុណ្ណោះ។
អ្នកស្រី ធីតា អះអាងថា៖ «តាំងពីចាញ់បោកគេមក ខ្ញុំមានការលំបាកខ្លាំងណាស់ ចង់គិតខ្លីម្ដងៗដែរ តែនឹកឃើញកូន ហើយសុខភាពក៏ដុនដាប ទៅពេទ្យរហូត ជីវភាពក៏យ៉ាប់យឺន ណាកូនរៀនដល់តែ២នាក់ ហើយសម័យកូវីដ ខ្ញុំត្បាញហូល និងធ្វើស្រែបន្តិចបន្តួច ឯប្ដីខ្ញុំរត់ Passapp មិនសូវបានទៀត»។
យ៉ាងណាមិញ អ្នកស្រី ធីតា នៅតែរំពឹងថា នឹងទទួលបានសំណងមកវិញខ្លះ និងបានសំណូមពរឱ្យក្រសួងពាក់ព័ន្ធបន្តជួយរកយុត្តិធម៌ដល់អ្នកស្រី និងជនរងគ្រោះផ្សេងទៀតជុំវិញបញ្ហានេះ។
មិនខុសពីអ្នកស្រី ធីតា ប៉ុន្មានទេ អ្នកស្រី រុន គន្ធា អាយុ៤០ ឆ្នាំ រស់នៅភូមិពយតាអ៊ុន សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ក៏ជាពលរដ្ឋមួយរូបដែលរងគ្រោះ និងខាតបង់ប្រាក់អស់ប្រមាណ ៣ ៥០០ដុល្លារ តាមរយៈការចុះឈ្មោះចូលរៀននៅសាលាភាសាកូរ៉េអាន់សាន កាលពីឆ្នាំ២០១៨ ដែលធ្វើឱ្យអ្នកស្រីចាប់ផ្ដើមជំពាក់បំណុលធនាគារ មានជីវភាពកាន់តែលំបាក និងក្លាយជាស្រ្តីមេម៉ាយ ដោយសារប្ដីលែងលះ ក្រោយអ្នកស្រីចាញ់បោកគេ។
ស្រ្តីមេម៉ាយកូន២បានប្រាប់ឱ្យដឹងថា៖«ខ្ញុំចាញ់បោកគេអស់៣៥០០ [ដុល្លារ] ហើយលុយទាំងនោះ ខ្ញុំខ្ចីធនាគារ មកទល់ពេលនេះបំណុលចេះតែកើន ព្រោះគ្មានលុយសងគេ ប្ដីក៏លែងលះគ្នាអត់មានអ្នកជួយរកបង់ការប្រាក់ អត់មានស្អីចិញ្ចឹមកូន សព្វថ្ងៃរស់ដោយសារឪខ្ញុំគាត់ធ្វើស្រែចិញ្ចឹម»។
អ្នកស្រី គន្ធា បានប្រាប់ទៀតថា ក្នុងមួយខែក្រៅតែពីគ្មានចំណូល អ្នកស្រីត្រូវបង់ការប្រាក់អស់១៥០ដុល្លារ និងចំណាយសម្រាប់កូន២នាក់រៀនសូត្របន្ថែមទៀត ដែលធ្វើឱ្យអ្នកស្រីកាន់តែរងបន្ទុកធ្ងន់ទៅៗ។
អ្នកស្រីបន្តទៀតថា មូលហេតុដែលចង់ទៅធ្វើការក្រៅប្រទេសដោយសារតែ អ្នកស្រីចង់មានជីវភាពធូរធា និងដោយសារឃើញអ្នកជិតខាងមានបានដោយសារតែការធើ្វការចំណាកស្រុកនេះ។
អ្នកស្រីឱ្យដឹងថា៖ «បើខ្ញុំទៅអាចបានលុយខ្លះយកមកវិញ បានខ្ញុំសម្រេចចិត្តថាទៅហ្នឹង កុំអីក៏មិនចាញ់បោកគេដល់ថ្នាក់ហ្នឹងដែរ ណាមួយខ្ញុំឃើញគេអ្នកភូមិជាប់ហ្នឹងគេទៅបានលុយផ្ញើមកផ្ទះ ចឹងខ្ញុំគិតថាទៅត្រឹម៣ខែ បើចំណាយត្រឹម២ ទៅ៣ពាន់ យើងអាចដោះស្រាយបាន ទើបលង់ខ្លួនមកដល់សព្វថ្ងៃនេះ»។
យ៉ាងណាក៏ដោយ អ្នកស្រី គន្ធា ពិតជាមានការសោកស្ដាយជាខ្លាំង ត្បិតតែខ្មាស់អ្នកផងទាំងពួងផង មានបំណុលជាប់ខ្លួនផង រហូតមានគំនិតចង់គិតខ្លីម្ដងៗ តែអ្នកស្រីនៅតែចិត្តមិនដាច់ព្រោះមានកូនត្រូវមើលថែ។
អ្នកស្រីរៀបរាប់ថា៖«ខ្ញុំខ្មាស់គេ ទៅណាមកណាគេថាឱ្យយើង នៅមិននៅយកលុយឱ្យគេ មានលុយប៉ុណ្ណឹងដែរមិនព្រមធ្វើដើមរកស៊ី មានគំនិតចង់គិតខ្លី អាយើងចាញ់បោកគេហើយ យើងបែកបាក់គ្រួសារទៀត ខ្ញុំឈឺចាប់ណាស់ កូនក៏ចិញ្ចឹមខ្លួនឯង និយាយទៅសព្វបែបយ៉ាងទាំងអស់»។
អ្នកស្រី គន្ធា មានការអស់សង្ឃឹមចំពោះដំណោះស្រាយ ព្រោះរយៈពេល៤ឆ្នាំមកហើយ អ្នកស្រីមិនទាន់ទទួលបានប្រាក់សំណងមកវិញឡើយ ស្ងាត់ដំណឹងសួន្យឈឺង ហើយអ្នកស្រីស្នើឱ្យក្រសួងពាក់ព័ន្ធមេត្តាជួយដោះស្រាយរឿងនេះជូនជនរងគ្រោះដួចជាពួកគេផង។
ដោយឡែក លោក ខាត់ ខន អាយុ៤៣ឆ្នាំ រស់នៅភូមិកំពង់សំរោង ឃុំស្រយ៉ូវ សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ក៏ជាជនរងគ្រោះមួយរូបផងដែរ ដែលជឿលង់នឹងការឃោសនារបស់សាលាកូរ៉េអាន់សាន ថានឹងបញ្ជូនរូបគេទៅធ្វើការក្រៅប្រទេស ហើយដោយហេតុតែកត្តាជីវភាពខ្វះខាតផងនោះ ទើបធ្វើឱ្យលោកចាញ់បោកគេយ៉ាងដូច្នេះ។
លោក ខន ប្រាប់ថា៖«ដើមហេតុដោយសារតែខ្ញុំខ្វះខាត ណាមួយដោយសារតែសាលាហ្នឹងផ្សព្វផ្សាយជាសារធារណៈ ក៏សម្រេចចិត្តចុះឈ្មោះចឹងទៅ»។
លោក ខន បន្តថា សរុបទឹកប្រាក់ដែលលោកចាញ់បោកអស់ប្រមាណ៤ពាន់ដុល្លារ ដែលលុយទាំងនេះលោកខ្ចីធនាគារ ហើយរហូតមកដល់ពេលនេះ បំណុលរបស់លោកចេះតែកើនឡើងបន្តបន្ទាប់រហូតជិត២ម៉ឺនដុល្លារ ដែលតម្រូវឱ្យលោកបង់ការប្រាក់ប្រមាណ៦០០ដុល្លារក្នុងមួយខែ។
លោក ខន បន្តថា៖ «ខ្ញុំជំពាក់អង្គការ មកដល់នេះបំណុលកើនរហូត ព្រោះខ្ញុំរកដោះបំណុលគេមិនបានទេ ព្រោះបច្ចុប្បន្ននេះតាំងពីកូវីដមក ពិបាករកស៊ីណាស់ ខ្ញុំលក់ដូរតាមម៉ូតូកង់បី ចិញ្ចឹមកូន៣នាក់ ចំណូលវិញបានតិចតួចខ្វះខាតណាស់»។
មិនខុសពីពលរដ្ឋផ្សេងទៀត លោកខន រំពឹងថាក្រសួងពាក់ព័ន្ធនឹងជួយដោះស្រាយបញ្ហារបស់ពួកគេ ត្បិតថាកន្លងផុតទៅ៤ឆ្នាំក៏ពិតមែន តែពួកគេនៅតែចង់បានសំណងមកវិញ ដើម្បីសងបំណុលធនាគារ។
បើតាមលោក ហេង សួរ អ្នកនាំពាក្យក្រសួងកាងារ បានប្រាប់ឱ្យដឹងថា ជាទូទៅសាលានានាមានសិទ្ធិត្រឹមត្រូវបណ្តុះបណ្តាលភាសាកូរ៉េ ហើយក្រសួងក៏បានចេញសេចក្ដីជូនដំណឹងណែនាំ ជាដរាបដែរជុំវិញបញ្ហាឆបោកនេះដែរ ។
អ្នកនាំពាក្យរូបនេះ អះអាងថា ករណីសាលាណាអះអាងខុសគឺជាករណីឆបោកដែលសិស្សត្រូវប្តឹងទាមទារសំណង។
លោកសួរបញ្ជាក់ថា៖ «ចំពោះក្រសួង ប្រសិនជាទទួលបានបណ្តឹងពីសិស្ស គឺនឹងសហការជាមួយក្រសួងពាក់ព័ន្ធបិទសាលានោះ ហើយណែនាំដល់សិស្សដាក់ពាក្យបណ្តឹងលើនាយកសាលា ប្រសិនជានាយកសាលាមិនព្រម ឬមិនមានលទ្ធភាពសងសំណងដល់សិស្សវិញ»។
ជុំវិញបញ្ហានេះ លោកឌី ថេហូយ៉ា ប្រធានផ្នែកប្រឆាំងការជួញដូរមនុស្ស និងទេសន្តរប្រវេសន៍ របស់អង្គការសង់ត្រាល់ បានលើកឡើងថា ការបញ្ជូនពលករទៅក្រៅប្រទេសមានពីរប្រព័ន្ធ ទីមួយការបញ្ជូនពលរដ្ឋរវាងរដ្ឋនិងរដ្ឋ ប្រព័ន្ធទីពីរ គឺរវាងក្រុមហ៊ុនឯកជន និងរដ្ឋ នៅក្នុងចំណោម១០ប្រទេស ដែលរដ្ឋាភិបាលកម្ពុជាបានផ្ដល់សិទ្ធិ ឬចុះកិច្ចព្រមព្រៀងជាមួយគ្នា។ ក្នុងចំណោម១០ប្រទេសនោះទៀតសោត រដ្ឋាភិបាលមិនផ្ដល់សិទ្ធិឱ្យក្រុមហ៊ុនឯកជនបញ្ជូនពលករទៅប្រទេសកូរ៉េឡើយ។
លោក ថេហូយ៉ា ប្រាប់ពីមូលហេតុថា៖ «ដោយសារតែជាការព្រមព្រៀងគ្នា ដើម្បីធានាបាននូវសុវត្ថិភាពរបស់ពលករ ហើយប្រហែលជាខាងកូរ៉េមិនចង់បានពលករបញ្ចូនទៅតាមរយៈក្រុមហ៊ុនឯកជន ព្រោះមានបញ្ហាវិវាទ កេងប្រវ័ញ្ចអ៊ីចឹង ចឹងបានគេបង្កើតឱ្យមានការបញ្ជូនតាមរយៈរដ្ឋនិងរដ្ឋ ដើម្បីធានាសុវត្ថិភាព»។
លោក ថេហូយ៉ា បន្ថែមយ៉ាងដូច្នេះថា ការបញ្ជូនពលករតាមរយៈរដ្ឋ និងក្រុមហ៊ុនឯកជនមានភាពខុសគ្នាត្រង់ថាការបញ្ជូនតាមរយៈរដ្ឋ ពលករហាក់មានការគោរពសិទ្ធិជាងតាមរយៈក្រុមហ៊ុនឯកជន។
មន្រ្តីសង្គមស៊ីវិលរូបនេះ សង្កេតឃើញថា បញ្ហាដែលពលរដ្ឋខ្មែរមួយចំនួនឆាប់ងាយចាញ់បោកគេ ដោយសារតែកត្តាមួយចំនួនដូចជា កត្តាជីវភាពរបស់ពលរដ្ឋ ពលរដ្ឋមិនទទួលបានព័ត៌មានគ្រប់គ្រាន់អំពីការចំណាកស្រុក ការផ្សព្វផ្សាយរបស់រដ្ឋអំពីការចំណាកស្រុករបស់រដ្ឋទៅប្រជាជនក្នុងមូលដ្ឋានមិនបានទូលំទូលាយ និងចុងក្រោយការអួសទាញរបស់ក្រុមហ៊ុនឯកជនមានភាពទាក់ទាញខ្លាំង។
លោកបញ្ជាក់ថា៖ «ការធ្វើចំណាកស្រុកមានការវិលវល់ ប្រសិនបើពលរដ្ឋទៅដោយប្រថុយប្រថាន អត់មានជំនាញទេ គាត់ប្រទះការលំបាក ចឹងគាត់ប្រឈមនឹងការកេងប្រវ័ញ្ញ ការជួញដូរកម្លាំងពលកម្ម និងការរំលោភបំពានផ្សេងៗ ហើយបើគាត់រងការរំលោភបំពាន គាត់នឹងមិនសល់លុយនោះទេ»។
លោក ថេហូយ៉ា មើលឃើញរូបភាពក្រោមការចាញ់បោកនេះ ពលរដ្ឋនឹងរងនូវផលអវិជ្ជមានយ៉ាងធ្ងន់ធ្ងរ និងរយៈពេលវែង ប្រសិនបើគ្មានប្រព័ន្ធការពារធានាសុខសុវត្ថិភាព។ លោកបន្ថែមថា តាមការសិក្សាស្រាវជ្រាវ ហេតុផលនៃការធ្វើចំណាកស្រុកមួយទៀត ក៏ដោយសារតែប្រមាណ៤០%នៃពលរដ្ឋខ្មែរនៅជំពាក់បំណុលធនាគារ ដូច្នេះពួកគេត្រូវទៅស្រុកគេ ដើម្បីរកប្រាក់ដោះបំណុល។
លោក ថេហូយ៉ា បន្ថែមទៀតថា ដើម្បីដោះស្រាយបញ្ហានេះ រដ្ឋាភិបាលត្រូវជំរុញសេដ្ឋកិច្ចក្នុងប្រទេសឱ្យមានដំណើរការល្អ បង្កើតឱកាសការងារឱ្យបានច្រើន ដើម្បីកាត់បន្ថយការធ្វើចំណាកស្រុក ត្រូវមានប្រព័ន្ធច្បាប់ការពារសិទ្ធិពលករឱ្យបានត្រឹមត្រូវ និងមានវគ្គបណ្ដុះបណ្ដាលអំពីការគ្រប់គ្រងលុយដល់ពួកគេ។
លោកបន្ថែមថា៖ «ការធ្វើការចំណាកស្រុកទៅក្រៅប្រទេសមិនអាក្រក់ទេ តែអ្វីដែលអាក្រក់នោះគឺប្រព័ន្ធការការពាររដល់ពលរដ្ឋចំណាកស្រុក រដ្ឋាភិបាលត្រូវពង្រីកការវិនិយោគក្នុងស្រុកដើម្បីបង្កើនការងារដល់ប្រជាពលរដ្ឋឱ្យគាត់រកការងារក្នុងស្រុកមានប្រាក់ចំណូលសមរម្យ ត្រូវមានការការពារសិទ្ធិ និងការគ្រប់គ្រងប្រាក់ចំណូល»។
បើតាមអង្គការសង់ត្រាល់ បានប្រាប់ឱ្យដឹងថា នាយកសាលាភាសាកូរ៉េ ត្រូវបានអាជ្ញាធរបញ្ជូនទៅពន្ធនាគារ បន្ទាប់ពីទទួលបានបណ្ដឹងពីពលរដ្ឋរងគ្រោះកាលពីឆ្នាំមុន ហើយមកទល់ពេលនេះមិនទាន់បញ្ចប់និតិវិធីចប់សព្វគ្រប់នៅឡើយទេ។
លោក ថេហូយ៉ា បញ្ជាក់ថា៖ «សាលាហ្នឹងវាមានបី តែសាលាពាក់ព័ន្ធគ្នាមានសាលាប៊ូឆន និងអាន់សានហ្នឹង ហើយសព្វថ្ងៃនេះនាយកសាលាកំពុងនៅក្នុងពន្ធនាគារ និងមិនទាន់បញ្ចប់និតិវិធីច្បាប់នៅឡើយទេ»៕