សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

សាលាក្រុងហាមបុគ្គលិកណាហ្គាវើលដ៍ធ្វើកូដកម្មបន្តទៀតនៅក្បែរទីតាំងក្រុមហ៊ុនក្នុងខណ្ឌចំការមន

បុគ្គលិកនៃក្រុមហ៊ុនណាហ្គាវើលដ៍ បានបន្តធ្វើកូដកម្មទាមទារដំណោះស្រាយពីក្រុមហ៊ុន នៅជិតស្ថានទូតអូស្ត្រាលី ក្នុងរាជធានីភ្នំពេញ ជាទីតាំងដែលពួកគេត្រូវបានរារាំង។ រូបថតថ្ងៃទី៤ ខែកុម្ភះ ឆ្នាំ២០២២។ ខេមបូចា/ ព្រីង សំរាំង
បុគ្គលិកនៃក្រុមហ៊ុនណាហ្គាវើលដ៍ បានបន្តធ្វើកូដកម្មទាមទារដំណោះស្រាយពីក្រុមហ៊ុន នៅជិតស្ថានទូតអូស្ត្រាលី ក្នុងរាជធានីភ្នំពេញ ជាទីតាំងដែលពួកគេត្រូវបានរារាំង។ រូបថតថ្ងៃទី៤ ខែកុម្ភះ ឆ្នាំ២០២២។ ខេមបូចា/ ព្រីង សំរាំង

រដ្ឋបាលរាជធានីភ្នំពេញនៅថ្ងៃអង្គារនេះ បានប្រកាសហាមដាច់ខាតមិនឱ្យបុគ្គលិក​នៃ​ក្រុមហ៊ុនណាហ្គាវើលដ៍ ប្រមូលផ្ដុំធ្វើបាតុកម្មនៅក្បែរ​ក្រុមហ៊ុន​ ​ស្ថិតក្នុងសង្កាត់ទន្លេរបាសាក់ ខណ្ឌចំការមន ក្រោម​ហេតុផលរក្សា​សណ្ដាប់​ធ្នាប់សាធារណៈ និងបញ្ចៀសការ​រីករាលដាល​មេរោគ​កូវីដបំប្លែងថ្មី អូមីក្រុង។

អាជ្ញាធរក្រុងភ្នំពេញ បានធ្វើការព្រមានទៅក្រុមកូដករណាហ្គាវើលដ៍ថា មិនអនុញ្ញាតដាច់ខាត​ឱ្យមានការប្រមូលផ្តុំធ្វើសកម្មភាពបាតុកម្មខុសច្បាប់ នៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌ​ចំការមនទៀតឡើយ ដើម្បីទប់ស្កាត់ការរីករាលដាលមេរោគអូមីក្រុង ចូលក្នុងសហគមន៍ និងធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ។

រដ្ឋបាលរាជធានីភ្នំពេញបានលើកឡើងថា៖ «ក្នុងករណីរឹងរូស បន្តសកម្មភាពខុសច្បាប់​ទៀតនោះ រដ្ឋបាលរាជធានីភ្នំពេញនឹងចាត់វិធានការរដ្ឋបាល និងវិធានការច្បាប់ ដោយ​គ្មានការលើកលែង»។

ដោយឡែក ក្នុងករណីក្រុមបាតុករអតីតបុគ្គលិក និងបុគ្គលិកណាហ្គាវើលដ៍ ដែលបាន​ធ្វើ​ចត្តាឡីស័កត្រឹមត្រូវតាមវិធានសុខាភិបាល ចង់ប្រមូលផ្ដុំតវ៉ា ត្រូវធ្វើនៅទីលាន​ប្រជាធិបតេយ្យ​ស្ថិតនៅសង្កាត់ឫស្សីកែវ ដោយត្រូវបំពេញនីតិវិធី​តាមច្បាប់ស្តីពីការ​ធ្វើ​បាតុកម្មដោយសន្តិវិធី។

រដ្ឋបាលរាជធានីភ្នំពេញ អះអាងថា ការធ្វើកូដកម្ម ស្របតាមច្បាប់ស្តីពីការងារ មិន​អនុញ្ញាត​ឱ្យប្រើប្រាស់ទីតាំងសាធារណៈឡើយ ព្រោះថា ការប្រើប្រាស់ទីតាំង​សាធារណៈដើម្បី​ធ្វើជាទី​កន្លែងបញ្ចេញមតិ គឺត្រូវអនុលោមតាមច្បាប់ ស្តីពីការធ្វើបាតុកម្មដោយសន្តិវិធី។កន្លងមក ក្រុមអតីតបុគ្គលិក និងបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ បានធ្វើការប្រមូលផ្ដុំនៅលើ​សួនច្បារ​សាធារណៈ ផ្ទុយពីការឯកភាពគ្នាជាមួយរដ្ឋបាលរាជធានីភ្នំពេញ នៅក្នុងកិច្ចប្រជុំនាថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១។​

អាជ្ញាធរបានបញ្ជាក់ថា ៖«រដ្ឋបាលរាជធានីបានប្រើប្រាស់វិធានការអប់រំ ដល់ក្រុមបាតុករកុំឱ្យ​បន្តសកម្មភាពខុសច្បាប់ និងអនុវត្តតាមយន្តការដោះស្រាយវិវាទការងារ ស្របតាមច្បាប់ជា​ធរមាន និងខិតខំសម្របសម្រួលគ្រប់លទ្ធភាព  តែក្រុមបាតុករនៅតែបន្តធ្វើសកម្មភាព​ខុសច្បាប់»។

រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងទៀតថា រយៈពេល ៤៩ថ្ងៃ នៃបាតុកម្ម ក្រុមគ្រូពេទ្យ​បានរកឃើញវិជ្ជមានកូវីដ-១៩ ម្នាក់ ក្នុងចំណោមក្រុមបាតុករ និងរកឃើញជាបន្តបន្ទាប់ ហើយក្រសួងសុខាភិបាលបានស្នើបាតុករ ទៅយកសំណាកនៅទីតាំងដែលបានកំណត់ តែកម្មករមិនមានការសហការនោះឡើយ។

សេចក្ដីប្រកាសនេះបានបញ្ជាក់ថា៖« ក្នុងរយៈពេលនៃការធ្វើបាតុកម្មខុសច្បាប់ សកម្មភាព​នេះបានបង្កឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ ការកកស្ទះ​ចរាចរណ៍ ព្រមទាំងបង្កការរំខានដល់ការប្រកបរបរអាជីវកម្ម ប្រកបការងារប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ នៅជុំវិញតំបន់ធ្វើបាតុកម្មខុសច្បាប់ រហូតដល់មានសំណូមពរឱ្យអាជ្ញាធរ​មាន​សមត្ថកិច្ចជួយចាត់វិធានការដើម្បីធានានូវប្រក្រតីភាពនៃជីវភាព និងការរស់នៅប្រចាំថ្ងៃឡើង​វិញ»។

ចំណែក កញ្ញា អ៊ុក សុភ័ក្រម៉ូលីកា ជាកូដករ​ដែលជាបុគ្គលិកនៃក្រុមហ៊ុនណាហ្គាវើលដ៍មួយ​រូប ដែលបានចូលរួមធ្វើកូដកម្មដោយអហិង្សាអស់រយៈពេលជិត៥០ថ្ងៃ បានឱ្យដឹងថា​ ខាង​សាលាក្រុងបានព្យាយាមលាបពណ៌ក្រុមកូដករ និងប្រាប់ឱ្យក្រុមបុគ្គលិកទទួលយក​សំណើរ​របស់ក្រុមហ៊ុន បើមិនដូច្នេះទេ នឹងកើតទៅជារឿងអ្វីផ្សេង។ ចំណែកវិធានការសុខាភិបាល ហាក់មានការលំអៀងមកលើក្រុមកូដករ។

កញ្ញា សុភ័ក្រម៉ូលីកា បន្តថា៖ «រឿងអ្វីផ្សេងហ្នឹង គឺខាងសាលាក្រុងអ្នកនិយាយមក​ខាង​ក្រុមគណៈប្រតិភូចរចា ដូចរាល់ថ្ងៃអ៊ីងចឹង គឺសាលាក្រុងបានព្យាយាមលាបពណ៌​មកលើ​ក្រុមកូដករយើងគ្រប់រូបភាព។​ ចំណែកក្រសួងសុខាភិបាល គឺផ្ដោតមកតែក្រុមកូដករ យើង​មើលឃើញថាមានភាពលំអៀង រើសអើងមកលើពួកខ្ញុំជាក្រុមកូដករ ឱ្យច្បាស់ក្រឡែត»។

កូដកររូបនេះសម្ដែងការងើយឆ្ងល់ នៅពេលដែលរដ្ឋបាលរាជធានីភ្នំពេញ ស្នើឱ្យកម្មករ​ទៅធ្វើ​បាតុកម្មនៅទីលានប្រជាធិបតេយ្យ ខណៈពួកគេធ្វើកូដកម្មរឿងវិវាទការងារជាមួយក្រុមហ៊ុន​ណាហ្គាវើលដ៍សោះ មិនមែនតវ៉ាជាមួយរដ្ឋាភិបាលឡើយ។

កញ្ញាបញ្ជាក់ថា៖ «ពួកខ្ញុំអត់អាចទៅធ្វើនៅទីលានប្រជាធិបតេយ្យទេ ព្រោះទីលានហ្នឹង​សម្រាប់ប្រជាជនមិនពេញចិត្តនឹងរដ្ឋាភិបាល  គាត់ទៅបញ្ចេញសម្លេងតវ៉ារបស់គាត់ តែពួកខ្ញុំមិនបានមានវិវាទជាមួយរដ្ឋាភិបាលទេ»។

បុគ្គលិកនៃក្រុមហ៊ុនណាហ្កាវើលដ៍ បានបន្តធ្វើកូដកម្មទាមទារដំណោះស្រាយ​ពីក្រុមហ៊ុន នៅជិតស្ថានទូតអូស្ត្រាលី ក្នុងរាជធានីភ្នំពេញ ជាទីតាំងដែលពួកគេ​ត្រូវបាន​រារាំង។ រូបថតថ្ងៃទី៦ ខែមករា ឆ្នាំ២០២២។ ខេមបូចា/ ព្រីង សំរាំង

ទាក់ទងនឹងសេចក្ដីប្រកាសរបស់រដ្ឋបាលរាជធានីភ្នំពេញ លោក ឃុន ថារ៉ូ អ្នក​គ្រប់​គ្រង​កម្ម​វិធី​ការ​ងារ​ នៃ​មជ្ឈ​មណ្ឌល​សម្ព័ន្ធ​ភាព​ការងារ និង​សិទ្ធិ​មនុស្ស ហៅកាត់ថាអង្គការសង់ត្រាល់ បានយល់ឃើញថា អាជ្ញាធរនៅតែព្យាយាមក្នុងការស្វែងរកគ្រប់វិធីសាស្រ្ត និងគ្រប់​មធ្យោបាយ ក្នុងការបំបែក ទប់ស្កាត់ រារាំងមិនអោយក្រុមកូដករធ្វើកូដកម្មដោយសន្តិវិធី ជាជាងការខិតខំប្រឹងស្វែងរកដំណោះស្រាយបញ្ចប់វិវាទការងាររួមមួយនេះ។

លោក ថារ៉ូ បញ្ជាក់ថា៖ «ការយកហេតុផលវិធានការទប់ស្កាត់កូវីដ និងបន្តចោទប្រកាន់ថា​ករណីនេះគឺជាការធ្វើបាតុកម្មខុសច្បាប់គឺជាការបកស្រាយច្បាប់ និងចោទប្រកាន់ដោយមិន​មានមូលដ្ឋានច្បាប់គ្រប់គ្រាន់ និងជាការអនុវត្តន៍ច្បាប់ មានស្តង់ដារពីរខុសគ្នា រវាងកូដករ និង ថៅកែក្រុមហ៊ុនណាហ្គាវើលដ៏»។

អ្នកគ្រប់គ្រងកម្មវិធីការងាររូបនេះ បន្តថា អាជ្ញាធរគួរព្យាយាមរកវិធីដោះស្រាយ​ដោយ​ប្រសិទ្ធភាព និងអាចទុកចិត្តបានជាងយកហេតុផលទប់ស្កាត់សកម្មភាពស្របច្បាប់របស់​កូដករ។

លោកថា៖ «អាជ្ញាធរគួរពិនិត្យមើលច្បាប់ស្តីពីការងារ និងគោលការណ៍ណែនាំរបស់​ក្រសួងមហាផ្ទៃ ស្តីពីការធ្វើកូដកម្ម និងបាតុកម្មដោយសន្តិវិធី»។

ទាក់ទិននឹងការស្នើឱ្យក្រុមកម្មករទៅធ្វើការតវ៉ានៅទីលានប្រជាធិបតេយ្យ លោកថារ៉ូ ប្រាប់ឱ្យ​ដឹងថា គឺជារឿងមិនត្រឹមត្រូវ និងមិនយល់ពីនីតិវិធីក្នុងការធ្វើកូដកម្ម និងកម្មវត្ថុនៃវិវាទការងារ និងការទាមទាររបស់កូដករ។

គួររំលឹកថា កាលពីដើមឆ្នាំ២០២០​ ជាឆ្នាំដែលមានការរីករាលនៃជំងឺកូវីដ១៩ ហើយ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ បានផ្អាកការងារ និងកាត់បន្ថយបុគ្គលិកមួយចំនួន តែរហូតដល់​ខែឧសភា ឆ្នាំ២០២១ ក្រុមហ៊ុនល្បែងដ៏ធំមួយនេះ​ បានបញ្ឈប់បុគ្គលិកទ្រង់ទ្រាយធំ ដែលភាគ​ច្រើន​ជាថ្នាក់ដឹកនាំសហជីព ប្រតិភូចរចា និងសមាជិកសហជីព  ក្រោមហេតុផលថា​ក្រុមហ៊ុន​ជួបវិបត្តិហិរញ្ញវត្ថុដោយសារបញ្ហាកូវីដ១៩។

ក្រោយមានការបញ្ឈប់ដោយគ្មានហេតុផលច្បាស់លាស់នេះហើយ ទើបបុគ្គលិកនៃ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ បានចាប់ផ្ដើមធ្វើកូដកម្មដោយអហិង្សាចាប់តាំងពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ ក្រោយពួកគេដើរអស់និតិវិធីច្បាប់ ហើយក្រសួងការងារក៍មិនទាន់អាចរកដំណោះស្រាយ​ជូនកម្មករនៅឡើយ។

មេដឹកនាំសហជីពគឺ កញ្ញាឈឹម ស៊ីថរ និងអ្នកទាំង៧នាក់ផ្សេងទៀត ត្រូវបានចាប់ខ្លួនកាល ពីថ្ងៃទី៤ មករា ពីបទ​ «ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិ​សុខសង្គម»។ ចំណែក​បុគ្គលិកចំនួន៣នាក់ទៀត គឺលោកជួប ចាន់ណាត លោក សេង វណ្ណារិទ្ធ និងលោក សៅរ៍ សម្បត្តិ ត្រូវបានឃុំចាប់ខ្លួនកាលពីថ្ងៃទី៥ កុម្ភៈ ពីបទ«រារាំងវិធានការសុខាភិបាល» យោងទៅ តាមមាត្រា១១ នៃច្បាប់ ស្តីការប្រឆាំងនឹង ការរីករាលដាលជំងឺកូវីដ១៩។ មេដឹកនាំសហជីព និងសមាជិកចំនួន​១១នាក់​ត្រូវ​បានចាប់ខ្លួន និងឃុំខ្លួននៅពន្ធនាគារទាក់ទិននឹងការធ្វើ​កូដកម្ម។

ជុំវិញវិវាទការងារ និងការចាប់ខ្លួនជាបន្តបន្ទាប់នេះ សង្គមស៊ីវិលជាច្រើន បានរួបរួមគ្នាដាក់​ញតិ្តសុំការអន្តរាគមន៍ទៅស្ថាប័នរដ្ឋាភិបាល គឺក្រសួងមហាផ្ទៃ និងរដ្ឋសភា  ក្រសួងយុត្តិធម៌ ក្រសួងកិច្ចការនារី និងក្រសួងការងារ ដើម្បីឱ្យជួយដោះស្រាយវិវាទការងារ និងទម្លាក់បទ​ចោទមកលើកម្មករ ដែលជាតំណាងសហជីពនៃក្រុមហ៊ុនណាហ្គាវើលដ៍ ដែលបានចាប់ខ្លួន​កន្លងមក។

លោក ថារ៉ូ អះអាងយ៉ាងដូច្នេះថា ករណីវិវាទការងារនេះកំពុងតែ​មានការ​តាមដានពី​ស្ថាប័នជាតិ និង អន្តរជាតិ ហើយការបន្តចាប់ខ្លួន និងធ្វើការចោទប្រកាន់ទៅ​លើ​ក្រុមកូដករ និងជះឥទ្ធិពលអវិជ្ជមាន ចំពោះរាជរដ្ឋាភិបាលដើម្បីឆ្លើយតប​ទៅនិងយន្តការ​អន្តរជាតិ រួមមានយន្តការរបស់ អង្គការអាយទ្បូ ក្រុមប្រឹក្សាសិទ្ធិមនុស្ស និងការតាមដាន​ត្រួតពិនិត្យ ជាទៀងទាត់ស្តីពីសិទ្ធិមនុស្ស ក្រោមយន្តការអង្គការសហប្រជាជាតិ។

លោកបញ្ជាក់យ៉ាងច្បាស់ថា៖ «កម្ពុជាមិនទាន់មានការធ្វើឱ្យប្រសើរទ្បើង នូវអនុសាសន៍ និង​ការទាមទាររបស់គណៈកម្មការអឺរ៉ុបស្តីពីដំណោះស្រាយ ស្តីពីសិទ្ធិមនុស្ស និងសិទ្ធិការងារ​នៅ​កម្ពុជានៅទ្បើយទេ។ ករណីនេះវានិងអាចជារបៀបវារៈ ក្នុងការផ្តល់ និងមិនបន្ត ប្រព័ន្ធ​អនុគ្រោះព័ន្ធរបស់ EU និង និងការផ្តល់អោយមកវិញ GSP របស់សហរដ្ឋអាមេរិចផងដែរ»។

យ៉ាងណាមិញ កញ្ញា សុភ័ក្រម៉ូលីកា បានធ្វើការស្នើសុំទៅក្រសួងពាក់ព័ន្ធនានា ឱ្យជួយ​ដោះ​ស្រាយវិវាទការងារនេះឱ្យបានចាប់រហ័ស និងដោះលែងថ្នាក់ដឹកនាំទាំង៨នាក់ ដើម្បីចូលតុ​ចរចាបញ្ចប់វិវាទ ជាជាងរកវិធីដាក់គំនាបគាបសង្កត់ក្រុមកូដករ ។

កញ្ញាបន្ថែមថា៖ «ក្រសួងពាក់ព័ន្ធត្រូវរកវិធីឱ្យថៅកែក្រុមហ៊ុន ឬថ្នាក់ដឹកនាំក្រុមហ៊ុន​ចុះមក​តុចរចាជាមួយតំណាងរបស់យើងទាំង៨នាក់ អានេះបានជាដំណោះស្រាយ​សម្រាប់វិវាទ​ការងារមួយនេះ មិនមែនព្យាយាមលាបពណ៌បង្វែររឿងទៅជារឿងនយោបាយ ឬចោទថាបដិវដ្ដពណ៌ទេ»៕

1,148 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម