រដ្ឋាភិបាលនៅថ្ងៃចន្ទ បានប្រកាសថាខ្លួននឹងបញ្ចប់ការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅបន្ទាប់ពីយប់ថ្ងៃទី៥ ខែឧសភា ប៉ុន្តែថាអាចបន្តបិទតំបន់គោលដៅមួយចំនួនដែលមានការឆ្លងកូវីដ១៩ ក្នុងកម្រិតខ្ពស់។
ក្នុងសេចក្ដីសម្រេចចេញដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសរសេរថា៖ «ការដាក់វិធានការបិទខ្ទប់ណាមួយក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ឬក្រុងតាខ្មៅនៃខេត្តកណ្ដាល ព្រមទាំងវិធានការចាំបាច់ផ្សេងៗ ដើម្បីប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ គឺសមត្ថកិច្ចរបស់គណៈអភិបាលរាជធានីភ្នំពេញ និងខេត្តកណ្ដាល»។
រាជធានីភ្នំពេញ និងក្រុងតាខ្មៅត្រូវបានដាក់ជាតំបន់បិទខ្ទប់រយៈពេល១៤ថ្ងៃ គិតតាំងពីថ្ងៃទី១៥ ខែមេសា និងបានបន្តបិទខ្ទប់ថែមមួយសប្ដាហ៍ទៀត។
អភិបាលរងរាជធានីភ្នំពេញ លោក កើត ឆែ មានប្រសាសន៍ថាកាលពីយប់ថ្ងៃចន្ទថា សាលាក្រុងនិងមន្ត្រីមូលដ្ឋានបានប្រជុំពេញមួយថ្ងៃចន្ទ ដើម្បីពិភាក្សាពីរបៀប និងថាតើបើកក្រុងវិញគួរធ្វើបែបណាឲ្យមានសុវត្ថិភាព។
លោកមានប្រសាសន៍ថា៖ «យើងប្រជុំគ្រាន់តែគ្រោងទុកទេ ហើយយើងមិនទាន់សម្រេចថាម៉េចនៅឡើយ ពីព្រោះរាជរដ្ឋាភិបាលនឹងបញ្ចប់ការបិទខ្ទប់នៅថ្ងៃទី៦ឧសភា ដូច្នេះថ្ងៃនេះទើបតែថ្ងៃទី៣ហ្នឹង ហើយនៅសល់ពីរថ្ងៃទៀត»។
លោកបញ្ជាក់ថា ការសម្រេចចិត្តណាមួយរក្សាការបិទខ្ទប់នឹងអាស្រ័យលើតំបន់នោះ ដោយផ្អែកលើចំនួនករណីឆ្លង ខណៈការបិទខ្ទប់ទីក្រុងទាំងមូលនឹងត្រូវបញ្ចប់។ លោកបន្ថែមថា ក្រុមការងារនឹងពិនិត្យមើលកម្រិតឆ្លងនៅថ្ងៃទី៤ និងទី៥ ខែឧសភា ហើយនឹងសម្រេចចិត្តទៅតាមការប្រែប្រួលនោះ។ ជាមួយគ្នានេះដែរ លោកបានជំរុញឲ្យប្រជាពលរដ្ឋអនុវត្តតាមវិធានការរឹតបន្តឹងដែលមាននាបច្ចុប្បន្ននេះ។
លោក កើត ឆែ បន្ថែមថា៖ «សូមប្រជាជនយើងចូលរួមអនុវត្តសេចក្តីសម្រេចរាជរដ្ឋាភិបាលដើម្បីឲ្យយើងឆាប់បញ្ចប់ទាំងអស់គ្នា ឈានទៅរកការគ្រប់គ្រងសភាពការ»។
សម្រាប់រយៈពេលពីរសប្ដាហ៍កន្លងមកនេះចំនួនឆ្លងកូវីដ១៩នៅកម្ពុជា គិតជាមធ្យមមានប្រហែល៥០០ទៅ៦០០ករណីក្នុងមួយថ្ងៃៗ។ នៅថ្ងៃអង្គារ ក្រសួងសុខាភិបាលប្រកាសរកឃើញ៩៣៨ ករណីបន្ថែមទៀត ក្នុងនោះភ្នំពេញមានចំនួន៦០៨ករណី ខេត្តកណ្តាល១៧៥ ខេត្តបន្ទាយមានជ័យ៥១ករណី ខេត្តព្រះសីហនុ៧៧ករណី កំពង់ស្ពឺ១៤ករណី ក្រៅពីនោះមាននៅខេត្តតាកែវ ស្វាយរៀង ព្រៃវែង ត្បូងឃ្មុំ បាត់ដំបង និងសៀមរាប។
នៅថ្ងៃចន្ទ ក្រសួងក៏បានប្រកាសរកឃើញ៨៤១ករណី ក្នុងនោះភ្នំពេញមានចំនួន៥២៥ករណី ខេត្តបន្ទាយមានជ័យ១៥៣ករណី ខេត្តព្រះសីហនុ៦២ករណី ក្រៅពីនោះមាននៅខេត្តកណ្តាល កំពង់ស្ពឺ តាកែវ ព្រៃវែង ត្បូងឃ្មុំ កំពង់ធំ និងសៀមរាប។
គិតត្រឹមថ្ងៃអង្គារ មនុស្សចំនួន១០៧នាក់បានស្លាប់ដោយសារកូវីដ១៩ អ្នកទាំងនោះជាអ្នកស្លាប់ដោយការឆ្លងក្នុងព្រឹត្តិការណ៍២០ កុម្ភៈ។ ក្រសួងសុខាភិបាលបញ្ជាក់ថាចំនួនឆ្លងក្នុងព្រឹត្តិការណ៍នេះមានចំនួន១៥ ៧៤៤ករណី នាំឲ្យចំនួនឆ្លងសរុបមាន១៦ ២៩៩ករណី គិតតាំងពីមានផ្ទុះការរាលដាលកូវីដ១៩ តាំងពីដើមឆ្នាំ២០២០មក។
លោក ហ៊ុន ភ័ក្រ វ័យ៣០ឆ្នាំ កម្មកររោចក្រម្នាក់នៅតំបន់ក្រហមក្នុងសង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ លើកឡើងថា កម្មករក្នុងតំបន់លោកទាំងអស់បានទទួលទទួលអំណោយជាស្បៀងអាហារពីអាជ្ញាធរ និងអាចគ្រប់គ្រាន់សម្រាប់ហូបពីរបីថ្ងៃទៅមុខទៀត។
លោកឲ្យដឹងថា៖ «ខ្ញុំបានទទួលអំណោយពីអាជ្ញាធរកាលបីថ្ងៃមុន ដូចនេះអង្ករអាចហូបបានរហូតដល់ថ្ងៃរដ្ឋាភិបាលបិទបញ្ចប់វិធានការបិទខ្ទប់[ថ្ងៃទី៥ ខែឧសភា]…បើសិនជារដ្ឋាភិបាលសម្រេចបន្តបិទខ្ទប់ច្រើនថ្ងៃទៅមុខទៀត យើងនឹងប្រឈមបញ្ហាខ្វះអាហារម្ដងទៀត»។
លោកបន្ថែមថា ទោះបីជាបានទទួលអំណោយស្បៀងអាហារ តែថាកម្មករនៅតែពិបាកក្នុងការចំណាយលើថ្លៃបន្ទប់ជួល និងថ្លៃទឹកភ្លើង បន្ទាប់ពីចំណាយពេលជិតមួយខែដោយគ្មានប្រាក់ខែ។ ខណៈដែលវិធានការបិទខ្ទប់ចូលជាធរមាននៅថ្ងៃទី១៥ ខែមេសា តំបន់ក្រហមត្រូវបានបិទខ្ទប់តាំងពីថ្ងៃទី១០ ខែមេសា មកម្លេះ។
លោកសំណូមពរថា៖ «សូមជួយសម្រួលដល់ថ្លៃបន្ទប់ជួល និងថ្លៃទឹកភ្លើង ពួកយើងមិនមានប្រាក់គ្រប់គ្រាន់សម្រាប់បង់នោះទេ»។ លោកឲ្យដឹងថា បន្ទប់ជួលរបស់លោកថ្លៃ៤៥ដុល្លារក្នុងមួយខែ និងត្រូវចំណាយលើថ្លៃទឹក និងភ្លើងចន្លោះពី១៥ទៅ២០ដុល្លារក្នុងមួយខែៗ។
លោកថា៖ «ឥឡូវនេះ យើងមិនមានប្រាក់ខែទេ ដូចនេះនឹងជួបបញ្ហាប្រឈមជាច្រើននៅថ្ងៃខាងមុខ»។
អ្នកស្រី ឡុង សារ៉ែម វ័យ៤២ឆ្នាំ កម្មកររោងចក្រនៅក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ជាតំបន់ក្រហមដែរនោះ ឲ្យដឹងដែរថា អ្នកស្រី បានទទួលអំណោយពីរដ្ឋាភិបាលរួមមានអង្ករចំនួន២៥គីឡូក្រាម មីមួយកេស ទឹកត្រី និងទឹកស៊ីអ៊ីវ។ បន្ទាប់ពីបានមួយសប្ដាហ៍ អ្នកស្រីថានៅសល់តែអង្ករអាចបន្តបានប្រហែលមួយសប្ដាហ៍ទៀត។
លោកស្រី សារ៉ែម បន្ថែមថា៖ «អង្ករដែលរដ្ឋាភិបាលចែកឲ្យជិតអស់ហើយ ដូចនេះបើសិនជារដ្ឋាភិបាលបន្តបិទខ្ទប់ទៀត យើងនឹងប្រឈមបញ្ហាខ្វះស្បៀងម្ដងទៀត»។
ដូចលោក ភ័ក្រ ដែរអ្នកស្រី សារ៉ែម ថាខ្លួនមិនដឹងថាអាចមានលទ្ធភាពបង់ថ្លៃបន្ទប់ជួន និងទឹកភ្លើង ឬយ៉ាងណា។
ចំណែកលោក អ៊ីន ណាក់ វ័យ៣១ឆ្នាំ ធ្វើការជាអ្នកដឹកជញ្ជូនឲ្យក្រុមហ៊ុន Foodpanda បាននិយាយថា លោកមិនអាចចេញទៅធ្វើការជិតមួយខែមកហើយ គិតតាំងពីខណ្ឌមានជ័យត្រូវបិទខ្ទប់។
លោកបន្ថែមថា៖ «សម្រាប់ពីរបីថ្ងៃដំបូង បន្ទាប់ពីរដ្ឋាភិបាលប្រកាសដាក់សង្កាត់ស្ទឹងមានជ័យ៣ ជាតំបន់ក្រហម យើងមានការពិបាកក្នុងការរកទិញមហូបអាហារ ព្រោះថាអាជ្ញាធរមិនអនុញ្ញាតឲ្យអ្នកលក់ដូរចូលតំបន់ក្រហម»។ លោកបន្តថា បន្ទាប់មក ម្ហូបអាហារអាចស្រួលរកទិញជាងមុនបន្តិចដោយសារមានអ្នកលក់ខ្លះត្រូវអនុញ្ញាតឲ្យយកបន្លែ សាច់មកលក់តាមម៉ូតូនៅក្បែរព្រំប្រទល់តំបន់ក្រហម។ ប៉ុន្តែ លោកថាពេលនេះ លោកត្រូវពឹងលើអំណោយរបស់រដ្ឋាភិបាល ព្រោះលោកលែងមានប្រាក់ខែទៀតហើយ។
លោកបញ្ជាក់ទៀតថា បើសិនជារដ្ឋាភិបាលអនុញ្ញាតឲ្យបើកតំបន់លោកឡើងវិញ លោកអាចរកចំណូលទ្រទ្រង់ជីវភាពគ្រួសារវិញបាន។ បើមិនបើកទេ លោកថាក្រុមគ្រួសារលោកនឹងត្រូវបន្តពឹងលើអំណោយពីរដ្ឋាភិបាល។
លោកបន្ថែមថា៖ «ខ្ញុំគិតថារដ្ឋាភិបាលគួរតែចែកអំណោយឲ្យបានគ្រប់គ្នាចំពោះអ្នកជួបបញ្ហាខ្វះស្បៀង បើរដ្ឋាភិបាលមិនធ្វើដូចនេះទេ ប្រជាពលរដ្ឋនឹងដាច់ពោះមិនខាន»។
លោក ប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ ឲ្យដឹងថាអាជ្ញាធរបានចែកអំណោយជាម្ហូបអាហារបានប្រហែល៣០ ០០០គ្រួសារក្នុងសង្កាត់ចោមចៅ១ ដែលជាតំបន់ក្រហម។ តាមការប៉ាន់ស្មានលោកថា មានកម្មកររោងចក្រកាត់ដេរចន្លោះពី៤០ ០០០ទៅ៥០ ០០០នាក់រស់នៅក្នុងសង្កាត់ចោមចៅ១។
លោកបន្ថែមថា៖ «នៅមានគ្រួសារមួយចំនួនតូចទៀតមិនទាន់បានទទួលអំណោយ ប៉ុន្តែឥឡូវនេះយើងធ្វើការទាំងថ្ងៃទាំងយប់ ដើម្បីចែកអំណោយឲ្យទាន់ពេលវេលាដែលពួគាត់ត្រូវការ»។
កាលពីថ្ងៃចន្ទ លោកថា អាជ្ញាធរខណ្ឌ សហការជាមួយមន្ត្រីក្រសួងសុខាភិបាលធ្វើតេស្តកូវីដ១៩ លើកម្មករប្រហែល១ ៥០០នាក់ រស់នៅតាមបណ្ដោយផ្លូវវេងស្រេង ក្នុងសង្កាត់ចោមចៅ១។
លោក យ៉ង គឹមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្ដិភាព មានប្រសាសន៍ថាបញ្ហាខ្វះស្បៀងកើតមានជាយូរមកហើយក្នុងទីក្រុង។ ការបិទខ្ទប់ ដោយខ្វះការជូនដំណឹងឲ្យបានគ្រប់គ្រាន់ បានធ្វើឲ្យហាងមួយចំនួនលក់ទំនិញអស់គ្មានសល់។ ជាមួយគ្នានេះដែរ អ្នករស់នៅក្នុងតំបន់ក្រហម ត្រូវបានហាមឃាត់មិនឲ្យចេញទៅទិញទំនិញទៀតផង។
លោកមានប្រសាសន៍ថា៖ «ខ្ញុំគិតថាមិនត្រឹមតែពលរដ្ឋក្រីក្រទេប្រឈមនឹងបញ្ហាខ្វះស្បៀង ប៉ុន្តែសូម្បីអ្នកមានចំណូលកម្រិតមធ្យមក៏អាចប្រឈមដូចគ្នា បើសិនជាអ្នកទាំងនោះមិនបានត្រៀមទុកមុន»។
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Citywide lockdown of Phnom Penh and Takhmao to end, though targeted lockdowns may remain