សង្គមស៊ីវិលនិងប្រជាពលរដ្ឋមួយចំនួនយល់ឃើញថាកិច្ចគាំពារសង្គមគឺជាកិច្ចការមួយសម្រាប់ជនក្រីក្រដែលរដ្ឋបានផ្ដល់ជូន ដូច្នេះពួកគាត់ត្រូវតែទទួលបានបណ្ណទាំងអស់នេះ តែបែរជាអាជ្ញាធរមិនបានផ្ដល់ជូនពួកគាត់ ហើយបែរជាផ្តល់ជូនអ្នកដែលមានជីវភាពធូរធារឬក៏ខ្សែស្រឡាយនិងបក្សពួករបស់ខ្លួនទៅវិញ។
អ្នកស្រី កែម ស្រីណាន អាយុ៤២ឆ្នាំ រស់នៅឃុំព្រែកស្លែង ស្រុកកណ្ដាលស្ទឹង ដែលមិនទទួលបានបណ្ណក្រីក្រ បានរៀបរាប់ថា បើនិយាយពីជីវភាពវិញ គឺរកព្រឹកខ្វះល្ងាច រកល្ងាចខ្វះព្រឹក វាគួរតែទទួលបានបណ្ណក្រីក្រហ្នឹង ហើយអ្នកភូមិវិញគេសួរគ្រប់គ្នាថាបានបណ្ណក្រីក្រអត់?
អ្នកស្រី ស្រីណាន ប្រាប់ថា៖«ខ្ញុំមិនដឹងឆ្លើយប្រាប់គេថាម៉េច បើគេអត់ដាក់ឈ្មោះឱ្យផង តែបែរជាអ្នកផ្សេងមានជីវភាពល្អជាងខ្ញុំបានទៅវិញ។ ចំណែកឯមុខរបរខ្ញុំសព្វថ្ងៃដើរបេះបន្លែតិចតួចគ្រាន់លក់ចឹញ្ចឹមជីវិត គ្មានស្អីដូចគេទេ»។ អ្នកស្រីបន្តទៀតថា៖«ប្រហែលជាខ្ញុំមិនមែនខ្សែគេ តែខ្ញុំមិនដែលមាត់កអីផង ដឹងតែព្រឹកឡើងដើរប៉ះបន្លែបាត់ៗ ហើយប្រធានភូមិគេដើរចោះៗយក ហើយចំណែកខ្ញុំគេអត់មានសួរនាំអីទេ»។
ជាមួយគ្នានេះដែរ អ្នកស្រី ហេង នីន អាយុ៤២ឆ្នាំ រស់នៅឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ ដែលទទួលបានបណ្ណក្រីក្រប៉ុន្ដែមិនដែលបានបើកថវិកានោះទេ បានលើកឡើងថា អ្នកស្រីមានបណ្ណក្រីក្រ ហើយជាប្រភេទក្រ១ទៀត មិនដឹងយ៉ាងម៉េចមិនដែលបានបើកលុយបានអីម្ដង ពេលទៅសួរគេថា ហួសកាលកំណត់ ក្រោយមកគេអត់មកសួរយើងអីទៀតទេ ស្ងាត់ឲ្យឈឹង។
អ្នកស្រីក៏បានរៀបរាប់ថា៖«ចេះតែទៅម៉េច បើអាជ្ញាធរអត់ប្រាប់ឲ្យខ្ញុំទៅផង ហើយខ្ញុំធ្លាប់សួរនាំច្រើនដងហើយ គេនៅតែមិនអើពើ ខ្ញុំក៏មិនដឹងធ្វើម៉េចដែរ ហើយបើរឿងចំណាកស្រុកវិញ រឹតតែអត់ទៀត ខ្ញុំនៅហ្នឹងមួយជីវិតហើយ អ្នកណាក៏គេដឹងដែរ»។
ប្រធានមជ្ឍមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍនិងសន្ដិភាព(PDP) លោក យ៉ង់ គឹមអេង ថ្លែងថា ដោយសារតែអាជ្ញាធរខ្វះការវាយតម្លៃឲ្យបានច្បាស់លាស់និងខ្វះការត្រួតពិនិត្យ ធ្វើឲ្យមន្ដ្រីមួយចំនួនឆ្លៀតឱកាសដើម្បីផលប្រយោជន៍ខ្លួនឯងក៏ដូចជាក្រុមគ្រួសារនិងសាច់ញាតិ ដែលធ្វើឲ្យការផ្ដល់បណ្ណក្រីក្រនិងការកំណត់ពីភាពក្រីក្រមានបញ្ហាកើតឡើង។
លោកបន្ដថា៖«ជាទូទៅ រដ្ឋាភិបាលនៅពេលផ្ដល់បណ្ណក្រីក្រគួរតែមានគណៈកម្មការចុះវាយតម្លៃនិងត្រួតពិនិត្យឲ្យបានច្បាស់លាស់ថាគាត់ក្រមែនអត់? ថាគាត់ពិតជាត្រូវការជួយចាំបាច់ចឹងទេឬក៏មានយ៉ាងម៉េច?»។
ចំណែកឯប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ យល់ឃើញថា គឺជាគម្លាតឬក៏ចំណុចខ្វះខាតនៃការអនុវត្តន៍គោលនយោបាយមួយរបស់រដ្ឋាភិបាលដែលគាំទ្រទៅដល់អ្នកងាយរងគ្រោះហើយគោលនយោបាយសាធារណៈមួយនេះគឺជាការឆ្លើយតបទៅនឹងស្ថានភាពលំបាករបស់ប្រជាពលរដ្ឋ។
លោក ជ័យ ថ្លែងថា៖«ដើម្បីឲ្យមានសម្លេងកាន់តែរឹងមាំ ប្រជាពលរដ្ឋគួរតែបង្កើនការទំនាក់ទំនងគ្នារវាងអ្នកក្រីក្រដែលមានលក្ខណៈប្រហាក់ប្រហែលគ្នា អាចរៀបចំជាក្រុមដើម្បីសម្របសម្រួលជាមួយអាជ្ញាធរភូមិនិងឃុំនិងការសរសេរលិខិតស្នាមណាមួយរាយការណ៍ដល់អាជ្ញាធរឲ្យពួកគាត់បានដឹង»។
យ៉ាងណាក៏ដោយ លោក នៅ ណូត ម្ចាស់ហ្គារ៉ាស់សាំងមួយកន្លែងក្នុងឃុំអំពៅព្រៃ ស្រុកកណ្ដាលស្ទឹង រៀបរាប់ថា បណ្ណក្រីក្រនេះវាជាបណ្ណសម្រាប់អ្នកដែលក្រលំបាក ការដែលអាជ្ញាធរមិនផ្ដល់បណ្ណនេះឲ្យពួកគាត់ បែរជាឲ្យកូនខ្លួនឯង ក្មួយខ្លួនឯងវាមិនត្រឹមត្រូវឡើយ។
លោកបន្ដថា៖«អ្នកក្រពិតប្រាកដគួរតែបានកិច្ចគាំពារសង្គមនេះ ទើបវាមានតម្លាភាព បើមិនចឹងទេគឺមិនមានតម្លាភាពនោះទេ»។
ប្រជាពលរដ្ឋម្នាក់ទៀត លោក មីន តុលា រស់នៅឃុំកណ្ដោក ស្រុកកណ្ដាលស្ទឹង បានយល់ថា អាជ្ញាធរគួរតែត្រួតពិនិត្យកិច្ចការទាំងអស់ហ្នឹងឡើងវិញ ជៀសវាងអ្នកក្រីក្រពិតប្រាកដពួកគាត់មិនទទួលលបានបណ្ណក្រីក្រពីរដ្ឋ។
លោកបន្ដថា៖«កុំគិតថាទាល់តែបក្សពួកខ្សែស្រឡាយខ្លួនឯង បងប្អូនខ្លួនឯងទើបឱ្យបណ្ណក្រីក្រ វាជាកិច្ចគាំពាររបស់រដ្ឋទេ»។
លោក ឌឹម ផាត មេឃុំព្រែកស្លែង លើកឡើងថា កន្លងមកក៏មានការដកបណ្ណពីអ្នកដែលយើងចុះត្រួតពិនិត្យហើយឃើញថា មានជីវភាពធូរធារមកវិញ តែវាក៏មិនប្រាកដថាបាន១០០ភាគ១០០នោះទេ តែយើងនឹងពិនិត្យបន្ដទៀតថា អ្នកណាក្រពិតប្រាកដ។
លោកថ្លែងបន្ថែមថា៖«ឃុំមិនមែនធ្វើការតែឯងនោះទេ យើងមានក្រុមការងារច្បាស់លាស់ មិនមែនដូចមុនទេ ហើយប្រជាពលរដ្ឋណាក្រីក្រពិតប្រាដក ពួកគាត់អាចស្នើមកឃុំបាន ឥឡូវខ្ញុំកំពុងនៅសាលាស្រុកប្រជុំរឿងហ្នឹង»។
រីឯអភិបាលស្រុកកណ្ដាលស្ទឹង លោក អ៊ូច សាវឿន មានប្រសាសន៍ថា វាជាកិច្ចការខាងឃុំទេដែលជាអ្នកទទួលខុសត្រូវ ខាងស្រុកមិនបានទទួលបន្ទុករឿងហ្នឹងឡើយ។
លោកបន្ដថា៖«យ៉ាងណាក៏ដោយកិច្ចគាំពារសង្គមនេះវាជារបស់រដ្ឋ ខ្ញុំសប្បាយចិត្តណាស់ដែលមានកិច្ចគាំពារមួយនេះជូនប្រជាពលរដ្ឋក្នុងពេលប្រទេសយើងកំពុងមានជម្ងឺកូវីដ១៩ហើយវាអាចរួមចំណែកជួយពលរដ្ឋក្នុងគ្រាអាសន្ននេះ»។
ទាក់ទិនទៅនិងរឿងនេះដែរ លោក ឈួ សុបញ្ញា ប្រធាននាយកដ្ឋានសុខុមាលភាពសង្គមនៃក្រសួងសង្គមកិច្ច អតីតយុទ្ឋជននិងយុវនីតិសម្បទា មានប្រសាសន៍ថា ចំពោះយន្ដការនៃការអនុវត្តន៍កម្មវិធីផ្ទេរសាច់ប្រាក់នេះ គឺក្រសួងសង្គមកិច្ចដើរតួនាទីជាស្ថាប័នដែលផ្ដល់សម្រាប់គ្រួសារជនក្រីក្រដែលមានបណ្ណសមធម៏។
លោកបន្ដទៀតថា សិទ្ធិដកឬមិនដកវាមិនមែនសិទ្ធិរបស់ក្រសួងសង្គមកិច្ចទេ ជាសិទ្ធិរបស់ក្រសួងផែនការ។
លោកបន្ថែមថា អ្នកមានជីវភាពធូរធារដែលទទួលបានបណ្ណក្រីក្រដោយសារតែពីមុនគាត់ក្រ តែក្រោយមកគាត់លក់ដីបានទៅ ក៏យើងមិនបានដកខ្លះដែរ ហើយចំនួនដែលយើងដកបានមានចំនួន៥ម៉ឺនបណ្ណជាងដែលយើងដកមក។
លោកបញ្ជាក់បន្ថែមថា៖«ប្រជាពលរដ្ឋដែលក្រីក្រអាចដាក់ពាក្យស្នើសុំបណ្ណសមធម៌នៅតាមឃុំឬក៏រាយការណ៍ទៅកាន់ឃុំចំពោះករណីណាមួយ»។
គួរបញ្ជាក់ថាគ្រួសារក្រីក្រដែលក្រសួងសង្គមកិច្ចបានចេញបណ្ណសមធម៌ឬបណ្ណក្រីក្រមានចំនួនសរុប ៦៨៦,៩៩២គ្រួសារ ហើយទឹកប្រាក់ចំណាយមានចំនួន ៦២២,៩២លានដុល្លារអាមេរិក។ ហើយការអនុវត្តន៍កម្មវិធីចាប់ពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ ដល់ថ្ងៃទី២៤ ខែមិនា ឆ្នាំ២០២២ មានចំនួន(២១លើក) នេះបើតាមរបាយការណ៍របស់ក្រសួងសង្គមកិច្ច៕