សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
ពាណិជ្ជកម្ម

សង្គមស៊ីវិលនិង​អ្នក​នយោបាយបន្ត​​ទាមទារឱ្យ​​រក​យុត្តិធម៌​សម្រាប់​ បណ្ឌិត កែម ឡី

ក្រុមអង្គការសង្គមស៊ីវិល និង​អ្នក​នយោបាយ ទាមទារឱ្យ​​រក​យុត្តិធម៌​សម្រាប់ បណ្ឌិត កែម ឡី និង​អំពាវនាវ​ឱ្យ​បញ្ឈប់​វប្បធម៌​និទណ្ឌភាពនៅ​កម្ពុជា ។

ការ​អំពាវនាវ​ធ្វើ​ឡើង​ក្នុង​ឱកាស​ប្រារព្ធ​ខួប​លើក​ទី​៩​ នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០២៥ នាទីតាំងដែល ​បណ្ឌិត កែម ឡី ជា​អ្នក​អត្ថាធិប្បាយ​នយោបាយដ៏​មាន​ប្រជាប្រិយភាព ​​ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​ប្រហារ​ឱ្យ​ដួល​ដេក​ក្នុង​ថ្លុក​ឈាម ក្នុង​ហាង​ ស្តារម៉ាត នៃឋានីយ​ប្រេង​ឥន្ទនៈ កាល់តិច ( Caltex ) នា​ស្តុប​បូកគោ កាល​ពី​ថ្ងៃ​អាទិត្យ ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦ ។

ក្រៅ​ពី​ការ​ទាមទារ​រក​យុត្តិធម៌ ក្រុម​អ្នកចូលរួម មានទាំង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល តំណាង​សហជីពកម្មករ និង​អ្នក​នយោបាយ បាន​រម្លឹក​នូវ​វីរភាព និង​​បង្ហាញ​នូវ​ការ​គោរព​ឱ្យ​តម្លៃ​ចំពោះ​ បណ្ឌិត កែម ឡី ។

ជា​រៀងរាល់​ខួប​នៃ​ការ​បាត់បង់​ជីវិត បណ្ឌិត កែម ឡី សារ​អប់រំ​ខ្លី​ៗ ​ដែល​ជា​ទ្រឹស្ដី​របស់បណ្ឌិត​ផ្ទាល់ ត្រូវ​បាន​រំលេច ដូច​ជា​​ “ ជូត​ទឹក​ភ្នែក​របស់​អ្នក រួច​​បន្ត​ដំណើរ​ទៅ​មុខ​ទៀត ” “ ខ្ញុំ​នឹង​និយាយ​អ្វី​ដែល​អ្នក​ដទៃ​មិន​ហ៊ាន​និយាយ​ ” ជាដើម ។ ដោយឡែក​ សារដែល​ជា​គោល​សម្រាប់​ខួប​លើក​ទី​៩ គឺ “ តើ​ឱ្យ​ខ្ញុំ​រត់​ទៅ​ណា បើ​ទី​នេះ​ជា​មាតុភូមិ​ខ្ញុំ​ ” ។

ជា​ការ​ពិត កាល​លោក​នៅ​មាន​ជីវិត បណ្ឌិត កែម ឡី ពុំ​ដែល​បាន​លើក​ទឹក​ចិត្ត​ឱ្យ​មិត្តភក្ដិ ឬ​ខ្មែរ​ណា​ម្នាក់​ ចាកចេញ​ពី​មាតុ​ប្រទេស​ ព្រោះ​ហេតុផល​នយោបាយ​សោះ​ឡើយ ។

ពី​ប្រទេស​អូស្ត្រាលី ភរិយា បណ្ឌិត កែម ឡី គឺ លោកស្រី ប៊ូ រចនា ​ប្រាប់ ខេមបូចា ថា ​ថ្ងៃ​ទី​១០ ខែ​កក្កដា ជា​ថ្ងៃ​ដែល​ជីវិត​ស្វាមី​របស់​លោកស្រី​ត្រូវ​បាន​ផ្ដាច់ផ្ដិល សុភមង្គល​គ្រួសារ​ត្រូវ​បំផ្លាញ​ឱ្យ​ខ្ទេចខ្ទាំ កូនប្រុស​ទាំង​ប្រាំ​ត្រូវ​​កំព្រា​ឪពុក ហើយ​កាន់តែ​គួរ​ឱ្យ​ក្ដុកក្ដួល​ទៅ​ទៀត​នោះ គឺ​កូន​ប្រុស​ពៅ​ពុំ​ទាន់​ទាំង​បាន​ឃើញ​មុខ​ឪពុក​ម្ដង​ផង ។

លោកស្រី​ ប៊ូ រចនា ព្រមទាំង​កូន និង​ញាតិ​មិត្ត​គ្រួសារ ក៏​បាន​ធ្វើ​បុណ្យ​ឧទ្ទិស​កុសល ​ជូន ​បណ្ឌិត កែម​ ឡី ដែរ ។

កាលពីចុងខែមីនា ឆ្នាំ២០១៧ សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេចផ្តន្ទាទោសជនដៃដល់​ម្នាក់ ឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ ឱ្យជាប់​ពន្ធនាគារអស់មួយជីវិត ពីបទ​ “ ឃាតកម្ម​គិត​ទុកជាមុន ” និងបទ “ ការកាន់កាប់អាវុធ​ដោយ​គ្មានការអនុញ្ញាត ” ។

ទោះយ៉ោង​ណា​ក្ដី ក្រុមអ្នក​ការពារ​សិទ្ធិមនុស្ស និង​អង្គការ​សង្គម​ស៊ីវិលចាត់ទុកថា ជួប សម្លាប់ ពុំ​មែនជាឃាតកពិតឡើយ ។

ថ្វី​ដ្បិតតែ​​តុលាការបានបំបែកសំណុំរឿងព្រហ្មទណ្ឌ​នេះ ទៅជាពីរករណីក៏ដោយ ក៏​ពុំទាន់មាន​ការសើរើ ឬស្វែងរក​តម្រុយថ្មីនៃសំណុំរឿងនេះនៅ​ឡើយ​ទេ ៕

34 views
វីដេអូទាំងអស់
មិនមានវីដេអូទៀតទេ