អង្គការសង្គមស៊ីវិលបានសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះសិទ្ធិសេរីភាពបញ្ចេញមតិរបស់ប្រជាពលរដ្ឋតាមប្រព័ន្ធអ៊ីនធឺណិត ដែលនឹងរងការប៉ះពាល់ផ្សេងៗទាក់ទងនឹងសិទ្ធិមនុស្ស។ ការព្រួយបារម្ភនេះ ខណៈរដ្ឋាភិបាលបានបង្កើតច្បាប់ផ្សេងៗដើម្បីគ្រប់គ្រងប្រព័ន្ធអ៊ីនធឺណិតនៅកម្ពុជា។
លោក សួន យុធ្យា នាយកផ្នែកតស៊ូមតិមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) បានមានប្រសាសន៍នៅក្នុងសន្និសីទថ្នាក់ជាតិមួយស្តីពីសិទ្ធិឌីជីថល និងសេរីភាពអ៊ីនធឺណិតនៅកម្ពុជា កាលពីថ្ងៃទី២៦ ខែមករា ថា កំឡុងពេលកូវីដ១៩នេះ រដ្ឋាភិបាលបានអនុម័តច្បាប់មួយចំនួន សុទ្ធតែជាច្បាប់ដែលមិនទាន់បានគោរពនូវគោលការណ៍សិទ្ធិមនុស្សនៅឡើយទេ។
លោក យុធ្យា មានប្រសាសន៍ថា៖ «គោលការណ៍សិទ្ធិមនុស្ស គឺជាអ្វីដែលប្រទេសកម្ពុជាកំពុងផ្ដល់សច្ចាប័នចែងក្នុងរដ្ឋធម្មនុញ្ញា ថាគោរពសិទ្ធិមនុស្ស ប៉ុន្តែច្បាប់ទាំងនោះមិនទាន់បានគោរពសិទ្ធិពលរដ្ឋ សិទ្ធិនយោបាយទេ សូម្បីតែអនឡាញ ឬបញ្ចេញមតិដោយផ្ទាល់ ច្បាប់ទាំងនោះដូចជាដាក់ប្រទេសក្នុងគ្រាអាសន្ន និងច្បាប់ច្រកទ្វារអ៊ិនធឺណិត និងច្បាប់បង្ការកូវីដ១៩ និងជំងឺឆ្លងផ្សេងៗ»។
រដ្ឋាភិបាលបានចេញអនុក្រឹត្យមួយស្តីពីការបង្កើតច្រកទ្វារអ៊ីនធឺណិតជាតិ កាលពីដើមឆ្នាំ២០២១ និងក្រោយមកបានធ្វើសេចក្តីព្រាងច្បាប់ស្តីពីឧក្រិដ្ឋកម្មបច្ចេកវិទ្យា និងសុវត្ថិភាពអ៊ិនធឺណិតជាដើម ដោយការបង្កើតច្បាប់ទាំងនេះ បានធ្វើឱ្យក្រុមសង្គមស៊ីវិលបារម្ភពីផលប៉ះពាល់ដល់សិទ្ធិរបស់ប្រជាពលរដ្ឋដែលប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា។
សន្និសីទថ្នាក់ជាតិស្តីពីសិទ្ធិឌីជីថល និងសេរីភាពអ៊ីនធឺណិតនៅកម្ពុជា ដើម្បីលើកកម្ពស់ ការពារសិទ្ធិឌីជីថល និងសេរីភាពអ៊ីនធឺណិត នៅថ្ងៃទី២៦ ខែមករានេះ ដែលចូលរួមអង្គការសង្គមស៊ីវិលចំនួន១៤ស្ថាប័ន រួមមាន អង្គការគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា (CCC) វិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ (API) មជ្ឈមណ្ឌលសម័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL) មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (CamboJA) និងអង្គការមួយចំនួនទៀត។
លោក យុធ្យា បន្ថែមថា ក្រៅពីនេះក៏មានសេចក្ដីព្រាងច្បាប់សណ្ដាប់ធ្នាប់សាធារណៈ ឧក្រិដ្ឋកម្មតាមអនឡាញ និងច្បាប់ស្ដីពីការជ្រៀតជ្រែកពីបរទេស ដែលធ្វើឱ្យសង្គមស៊ីវិលមានកង្វល់ជុំវិញច្បាប់ទាំងអស់នេះ។
លោកបន្តទៀតថា៖ «ទោះបីជាយើងមិនទាន់មានច្បាប់ស្ដីពីច្រកទ្វារអ៊ីធឺណិត ក៏រដ្ឋាភិបាលយកច្បាប់ផ្សេងៗទៅអនុវត្ត អ្នកដែលបញ្ចេញមតិអនឡាញដែរ ហើយក្រមព្រហ្មទណ្ឌដែលពេញនិយមជាងគេគឺព័ត៌មានមិនពិត ការជេប្រមាថជាសាធារណៈ ការញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាដើម ទៅលើពលរដ្ឋទូទៅ អង្គការសង្គមស៊ីវិល អ្នកការពារសិទ្ធិមនុស្ស សកម្មជនការពារព្រៃឈើ»។
លោក យុធ្យា មើលឃើញថា ច្បាប់នេះគ្រាន់តែជាចំណុចចាប់ផ្ដើមទេ តែបន្តិចទៀតនឹងមានច្បាប់បន្តបន្ទាប់ទៀត ហើយមិនយូរមិនឆាប់ទេរដ្ឋាភិបាលកម្ពុជា នឹងធ្វើតាមច្បាប់នៅប្រទេសចិន។
ចំណែក លោក Praddep Wagle តំណាងឧត្តមស្នងការUNទទួលបន្ទុកផ្នែកសិទ្ធិមនុស្សកម្ពុជា បានឱ្យដឹងដែរថា វាត្រូវតែមានតម្លាភាពនៅក្នុងច្បាប់ ដែលនិយាយអំពីច្រកទ្វារអ៊ីនធឺណិត។ ហើយនៅក្នុងភាសាសិទ្ធិមនុស្សវិញ របបបទប្បញ្ញត្តិ និងការរឹតបន្តឹងដែលត្រូវបានដាក់ចេញ បើអនុវត្តនឹងមានការមិនពេញចិត្តពីពលរដ្ឋមិនខាន ។
លោកថ្លែងថា៖ «សំណួរសួរថា តើវាមានតុល្យភាពរវាងសិទ្ធិទាំងនេះ និងច្បាប់ដែលត្រូវបានព្រាងមកទេ? ច្បាប់ និងកាតព្វកិច្ចសិទ្ធិមនុស្សអន្តរជាតិ ចាំបាច់ត្រូវមានការពិចារណាដោយស្មើភាព និងគ្រប់គ្រាន់។ តើអ្វីអាចកំណត់បាន ពីការគោរពសិទ្ធិមនុស្ស ដែលត្រូវបានកំណត់ ដោយច្បាប់អន្តរជាតិ»។
អ្នកតំណាងUNរូបនេះ បានចោទជាសំណួរផងដែរថា តើទិន្នន័យដែលច្បាប់គ្រោងនឹងគ្រប់គ្រងនេះ នឹងទៅណា? តើអ្នកណានឹងមានសិទ្ធិលើទិន្នន័យនេះ? តើអ្នកបញ្ចេញទិន្នន័យនេះដោយរបៀបណា? នៅពេលដែលអ្នកមានសិទ្ធិហើយ តើអ្នកណាមានសិទ្ធិបញ្ចេញមតិ ហើយនឹងមានអ្វីកើតឡើង ប្រសិនបើទិន្នន័យរបស់ពលរដ្ឋត្រូវបានបង្ហាញដោយគ្មានការអនុញ្ញាតពួកគេ។
ទន្ទឹមនឹងនេះ លោក យុធ្យា ក៏បានលើកឡើងពីកង្វល់ប្រសិនបើច្បាប់ច្រកទ្វារអ៊ីនធឺណិត ត្រូវបានអនុម័ត នោះនឹងធ្វើឱ្យស្ថានភាពសិទ្ធិមនុស្ស ជាពិសេសសិទ្ធិបញ្ចេញមតិតាមប្រព័ន្ធអ៊ីនធឺណិតកាន់តែធ្ងន់ធ្ងរអាក្រក់ទៅៗ។
លោកថា៖ «ច្បាប់នេះ មានពាក្យពេចន៍ច្រើនណាស់ ដែលមិនច្បាស់ ដូចជាទាក់ទងនឹងរក្សាសណ្ដាប់ធ្នាប់សាធារណៈ សន្តិសុខសង្គម ចឹងបើគេយកមាត្រាហ្នឹងចោទយើងថា ការបញ្ចេញមតិប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ សន្តិសុខសង្គម គឺគេយកច្បាប់ហ្នឹងមកអនុវត្តហើយ»។

លោកអះអាងថា ឆ្នាំ២០១៩ រដ្ឋាភិបាលកម្ពុជា បានទៅការពារ និងទទួលយកអនុសាសន៍ច្រើនណាស់ពីអង្គការសហប្រជាជាតិស្ដីពីការគោរពសិទ្ធិស្រ្តី សិទិ្ធមនុស្ស សិទ្ធិកុមារ តែមកដល់ឥឡូវនេះ មិនត្រឹមតែអនុវត្តមិនបានទេ តែបញ្ហាសិទ្ធិមនុស្សកាន់តែធាក់ថយក្រោយ។ យ៉ាងណា លោកចង់ឃើញកម្ពុជាគោរពអ្វីដែលខ្លួនបានទទួលស្គាល់ និងច្បាប់ផ្សេងទៀតដែលផ្ទុយពីរដ្ឋធម្មនុញ្ញ ផ្ទុយអំពីគោលការណ៍សិទ្ធិមនុស្ស ត្រូវធ្វើវិសោធនកម្មជាបន្ទាន់ ដើម្បីគោរពទៅតាមកាតព្វកិច្ចសិទ្ធិមនុស្សរបស់ខ្លួន។
ទាក់ទងនឹងបញ្ហានេះ លោក Pradeep បានឱ្យដឹងដែរថា ខាងUNក៏មានរបាយការណ៍សាធារណៈស្ដីអំពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ដោយអគ្គលេខាធិការអង្គការសហប្រជាជាតិ បង្ហាញរបាយការណ៍ជូនក្រុមប្រឹក្សាសិទ្ធិមនុស្សជារៀងរាល់ឆ្នាំ។ របាយការណ៍ទាំងនេះ សង្ខេបអំពីការអភិវឌ្ឍសំខាន់ៗក្នុងបញ្ហាប្រឈមសិទ្ធិមនុស្ស វឌ្ឍនភាពដែលសម្រេចបាន។
លោកមានប្រសាសន៍ថា៖ «នៅក្នុងរបាយការណ៍ត្រូវបានបង្ហាញ កាលពីឆ្នាំមុនក្នុងខែតុលាដល់ក្រុមប្រឹក្សាសិទ្ធិមនុស្ស។ បញ្ហាភាគច្រើនដែលវេទិការថ្ងៃនេះបាននិយាយ គឺបានលើកឡើង និងត្រូវបានពិភាក្សានៅក្នុងរបាយការណ៍ និងបានដាក់ជូនក្រុមប្រឹក្សាសិទ្ធិមនុស្សផងដែរ»។
លោកPradeep បញ្ជាក់ថា នៅខែមិនា ឆ្នាំ ២០២២ ខាងមុខ ការពិភាក្សាមួយផ្សេងទៀតនឹងធ្វើឡើងនៅទីក្រុងហ្សឺណែវ ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ហើយនឹងធ្វើបទបង្ហាញអំពីបច្ចុប្បន្នភាពជារួម។
ដោយឡែក លោក ប៉ា ចាន់រឿន នាយកវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា បានមានប្រសាសន៍ថា ការប្រើប្រាស់អ៊ីនធឺណិតតែងមានអ្នកប្រើក្នុងន័យល្អ និងអាក្រក់ ដូច្នេះត្រូវមានច្បាប់មកគ្រប់គ្រង។ ដូច្នេះថាតើការបង្កើតច្បាប់នេះ វាកើតចេញពីឆន្ទៈរបស់ពលរដ្ឋឬទេ ហើយច្បាប់នេះមានយុត្តិធម៌កម្រិតណា តើច្បាប់នេះមានបញ្ចូលនៅធាតុស្នូល ដែលជាគោលការណ៍គ្រឹះនៃសិទ្ធិមនុស្សនៃរដ្ឋធម្មនុញ្ញរបស់កម្ពុជាឬយ៉ាងណា។
លោកអះអាងថា៖ «សិទ្ធិឌីជីថល ឬសេរីភាពអ៊ីនធឺណិតក៏ជាសិទ្ធិមនុស្សដែរ ដូច្នេះរាល់ច្បាប់ទាំងឡាយបង្កើតឡើងដើម្បីផ្ដល់ប្រយោជន៍ ដើម្បីការពារ ដើម្បីដាក់ពិន័យអ្នកប្រើប្រាស់អ៊ិនធឺណិត ត្រូវតែធានាឱ្យបាននូវគោលការណ៍សិទ្ធិមនុស្ស ពិសេសច្បាប់ត្រូវធានាឱ្យមានសេរីភាពនៅក្នុងការបញ្ចេញមតិ ការគោរពឯកជនភាព រូមទាំងសិទ្ធិនៅក្នុងការទទួលបានព័ត៌មាន»។
លោកយល់ឃើញថា ប្រសិនបើរដ្ឋាភិបាលចង់ឱ្យពលរដ្ឋ ចូលរួមយ៉ាងសកម្មជាមួយបរិបទឧស្សាហកម្ម៤.0 រដ្ឋាភិបាល៤.០ លុះត្រាតែរដ្ឋាភិបាល គោរពសិទ្ធិ និងការពារសិទ្ធិរបស់ពលរដ្ឋ នោះផលប្រយោជន៍នឹងបានទៅរដ្ឋាភិបាលទៅវិញទេ។ ក្នុងនោះដែរ បើរដ្ឋាភិបាល និងអាជ្ញាធរបើកចិត្តឱ្យទូលាយ បង្ហាញប្រជាពលរដ្ឋពីអ្វីដែលគួរ និងមិនគួរធ្វើ ជាជាងការរឹតបន្តឹង ដាក់កំហិតតាមរយៈការរឹតត្បិតសិទ្ធិសេរីភាពជាមូលដ្ឋាន សិទ្ធិសេរីភាពការបញ្ចេញមតិ និងការទទួលបានព័ត៌មានតាមអ៊ិនធឺណិត។
លោកបញ្ជាក់ថា៖ «ប្រសិនបើចរន្តពិភពលោកគេដើរទៅចឹង ហើយយើងបិទផ្លូវមិនឱ្យប្រជាពលរដ្ឋបានចេះបានដឹង និងប្រើប្រាស់ប្រព័ន្ធឌីជីថលដើម្បីជាប្រយោជន៍សម្រាប់កសាងជីវិតខ្លួនឯង និងសង្គមជាតិ»។
យ៉ាងណាមិញលោក Pradeep មើលឃើញថា ច្បាប់ត្រូវតែផ្តល់ការការពារគ្រប់គ្រាន់។ ប្រសិនបើមិនមានច្បាប់ដើម្បីការពារឯកជនភាពទេនោះ អ្នកតាក់តែងច្បាប់ត្រូវដឹង អំពីប្រជាពលរដ្ឋ ថាតើច្បាប់នឹងការពារឯកជនភាពរបស់ពួកគេដោយរបៀបណា។
លោកលើកឡើងយ៉ាងដូច្នេះថា៖ «យើងខ្ញុំគិតថា ជាមូលដ្ឋានគ្រឹះចំនួនបី ដែលយើងកំពុងសម្លឹងមើល។ ទីមួយគឺ ឯកជនភាព សិទ្ធិឯកជនភាព ព្រោះវាមិនដូចជាសេរីភាពនៃការបញ្ចេញមតិ។ ទីពីរ យើងរីករាយក្នុងការចូលរួមជាមួយអង្គការសង្គមស៊ីវិល ដើម្បីកែលម្អចំណុចខ្វះខាត និងកន្លែងណាដែលអាចកែលម្អបាន»។
លោកបន្តទៀតថា ចំណុចទី៣ ខាងUN សង្ឃឹមថាពលរដ្ឋនឹងមានការយល់ដឹង ថាអ្វីជាសិទ្ធិរបស់ពួកគេ ដោយពួកគេអាចដឹងពីរបៀបដែលសិទ្ធិទាំងនេះអាចត្រូវបានការពារ និងកន្លែងណាដែលអាចដោះស្រាយឱ្យពួកគេបាន នៅពេលដែលសិទ្ធិពួកគេត្រូវបានរំលោភបំពាន។
ថ្វីបើយ៉ាងនេះក៏ដោយ លោក សួន យុធ្យា នាយកផ្នែកតស៊ូមតិអង្គការCCHR យល់ឃើញថា នៅពេលដែលច្បាប់ច្រកទ្វារអ៊ីនធឺណិតនេះ នឹងត្រូវអនុម័ត ប្រជាពលរដ្ឋខ្លបខ្លាចមិនហ៊ានបញ្ចេញមតិ សូម្បីតែចែករំលែកព័ត៌មាន ឬអានព័ត៌មានពិត ក៏ពលរដ្ឋមិនហ៊ានផង។
លោកសង្កត់ធ្ងន់ថា៖ «ច្បាប់នេះដាច់ខាតបើមិនលុបចោលទេ គឺត្រូវធ្វើវាឡើងវិញ ដើម្បីស្របទៅតាមកាតព្វកិច្ចសិទ្ធិមនុស្សប្រទេសកម្ពុជា បើច្បាប់នេះយកទៅអនុវត្តទៅ កុំថាឡើយតែស៊ែរ តែចូលទៅមើលហ្នឹងក៏មិនមើលផង ខ្លាចមានរឿងអីគេរកមុខទាំងអ្នកស៊ែរហ្នឹងទៀត»។
ទាក់ទងនឹងការព្រួយបារម្ភនេះ សង្គមស៊ីវិលចង់ឃើញប្រជាពលរដ្ឋខ្មែរ យកចិត្តទុកដាក់ និងឈ្វេងយល់អំពីសិទ្ធិឌីជីថល ការវិវត្តនៃក្របខណ្ឌច្បាប់គ្រប់គ្រងអ្នកប្រើប្រាស់ឌីជីថល។ អ្វីដែលសំខាន់នោះ សង្គមស៊ីវិលចង់ឃើញរដ្ឋាភិបាលបើកចិត្តឱ្យទូលាយ ពិនិត្យច្បាប់ច្រកទ្វារអ៊ីនធឺណិតនេះឡើងវិញ និងគួរមានកិច្ចពិភាក្សា និងយកធាតុចូលឱ្យបានច្រើនពីអង្គការសង្គមស៊ីវិល និងភាគីពាក់ព័ន្ធដទៃទៀត មុននឹងសម្រេចតាក់តែងច្បាប់ណាមួយ ត្រូវដាក់បញ្ចូលគោលការណ៍គោរពសិទ្ធិមនុស្ស៕