អ្នកនាំពាក្យក្រសួងកសិកម្ម បានបន្ទោសលើនាយកកម្មវិធីសង្គ្រោះនិងថែទាំសត្វព្រៃនៃអង្គការសម្ព័ន្ធមិត្តសត្វព្រៃជុំវិញលោកផ្តល់បទសម្ភាសន៍ទៅស្ថាប័នសារព័ត៌មានក្រៅស្រុកមួយ អំពីការឈូសឆាយព្រៃតំបន់ភ្នំតាម៉ៅដើម្បីធ្វើផ្លូវ ខណៈសង្គមស៊ីវិលលើកឡើងថា ការបន្ទោសនេះជារឿងមួយដែលមិនសមហេតុសមផលនោះទេ។
កញ្ញា អ៊ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្ម បានចុះទៅទីតាំងឈូសឆាយធ្វើផ្លូវផ្ទាល់កាលពីសប្តាហ៍មុនក្រោយពីសារព័ត៌មានក្រៅស្រុកមួយបានចេញផ្សាយ និងបានផ្តល់បទសម្ភាសន៍ជាមួយស្ថាប័នកម្ពុជាថ្មីថា ការចេញផ្សាយគឺជារឿងមូលបង្កាច់ និងមានចេតនាបង្កភាពវឹកវរដល់សាធារណជន និងខុសពីការពិត។
កញ្ញាបានពន្យល់បន្តថា តំបន់ដែលក្រសួងឈូសឆាយនេះ គឺស្ថិតនៅព្រំប្រទល់រវាងដីឧទ្យានសួនសត្វភ្នំតាម៉ៅ និងដីឯកជនមិនមែនស្ថិតនៅក្នុងដីអភិរក្សដូចការលើកឡើងនោះទេ។ យ៉ាងណាកញ្ញាបានបញ្ជាក់ទៀតថា ការឈូសឆាយព្រៃនេះដើម្បីបង្ការភ្លើងឆេះព្រៃ ដោយកញ្ញាថា ហេតុការណ៍នេះធ្លាប់កើតឡើងកន្លងមកជារៀងរាល់ឆ្នាំ ទើបក្រសួងត្រូវឈូសឆាយដូច្នេះ មិនដូចខាងអង្គការWILDLIFE ALLIANCE ផ្តល់បទសម្ភាសន៍នោះទេ។
កញ្ញាបានថ្លែងថា៖ «ខ្ញុំមិនយល់ថាហេតុអ្វីបានជាអង្គការWILDLIFE ALLIANCE លោកផ្ដល់បទសម្ភាសន៍ដល់សារព័ត៌មានមួយដែលផ្សាយពីក្រៅប្រទេសមក ចោទប្រកាន់រដ្ឋាភិបាលកម្ពុជា ចោទប្រកាន់ក្រសួង ចោទប្រកាន់ឧទ្យានជាតិភ្នំតាម៉ៅថាយើងឈូសឆាយដីនេះដើម្បីផលប្រយោជន៍ខ្លួន ធ្វើឡើងដើម្បីអភិវឌ្ឍក្នុងគម្រោងណាមួយ បំផ្លិចបំផ្លាញធនធានដែលយើងខំការពារ។ ការលើកឡើងគឺជាការប្រឌិតទាំងស្រុង ហើយក្រសួងសុំច្រានចោល»។
កញ្ញា អ៊ឹម រចនា បានបញ្ជាក់បន្ថែមប្រាប់ ខេមបូចា នៅថ្ងៃទី២២ ខែធ្នូនេះ ថា ការឈូសឆាយផ្លូវនេះ មិនមែនជាការឈូសឆាយផ្លូវថ្មីនោះទេ វាជាផ្លូវចាស់ ក្រសួងគ្រាន់តែឈូសឆាយដើម្បីបង្ការភ្លើងឆេះប៉ុណ្ណោះ។ យ៉ាងណាមិញកញ្ញាបន្តថា ក្រសួងកំពុងឈូសឆាយតំបន់ផ្សេងទៀត ក្នុងចេតនាបង្ការភ្លើងឆេះ។
កញ្ញា រចនា បានបន្តទៀតថា៖ «វាមិនមែនជាផ្លូវថ្មីស្អីទេជាផ្លូវដែលមានកន្លងមកហើយ ប៉ុន្ដែត្រូវរងការដុះទន្រ្ទានដោយស្មៅឬមួយដើមឈើតិចតួច ប៉ុន្ដែវាអាចបង្កជាហានីភ័យជាការឆេះព្រៃ។ ផ្លូវនេះវាស្ថិតនៅរវាងឧទ្យានការពាររបស់យើងជាមួយដីឯកជន។ យើងកំពុងតែធ្វើតាមតំបន់មួយចំនួនវាមានការប្រឈមនឹងហានីភ័យខ្លាំងមួយចំនួនភ្លើងឆេះព្រៃ»។
ខេមបូចា បានទំនាក់ទំនងលោក និក ម៉ាក នាយកកម្មវិធីសង្គ្រោះ និងថែទាំសត្វព្រៃនៃអង្គការសម្ព័ន្ធមិត្តសត្វព្រៃ តាមប្រព័ន្ធតេឡេក្រាម ដោយលោកឆ្លើយថា លោកសុំរក្សាភាពស្ងៀមស្ងាត់ និងមិនអាចនិយាយអ្វីបន្ថែមបានទេ។ តែយ៉ាងណាលោកធ្លាប់បានប្រាប់កាសែតក្នុងស្រុកថា ព្រៃនៅជាប់ភ្នំតាម៉ៅមួយចំនួនធ្លាប់ជាជម្រកសត្វព្រៃ គឺកំពុងត្រូវបានគេកាប់សំអាតផ្នែកខាងក្រោម និងផ្នែកខ្លះទៀតត្រូវបានឈូសឆាយក្នុងរូបភាពធ្វើផ្លូវដើម្បីការពារភ្លើងឆេះព្រៃមួយនេះ។
លោក និក ម៉ាក បង្ហាញក្តីបារម្ភថា ការធ្វើសកម្មភាពកាប់បំផ្លាញ និងឈូសឆាយព្រៃឈើបែបនេះ នឹងធ្វើឱ្យបាត់បង់ព្រៃឈើនៅជុំវិញតំបន់ភ្នំតាម៉ៅបន្ថែមទៀត និងប៉ះពាល់ដល់ជម្រកសត្វព្រៃរស់នៅតំបន់នោះផងដែរ ដែលលោកថា កន្លងមកតំបន់នោះ ជាកន្លែងសត្វរស់នៅច្រើន បន្ទាប់ពីដី២០២៥ហិកតា ដែលត្រូវបានរក្សាដោយអនុក្រឹត្យ។
លោកលើកឡើងថា៖ «យើងអត់ចង់ឱ្យគេធ្វើអ្វីទេ។ បើគេកាប់ព្រៃហើយ តើសត្វទៅណា។ ព្រៃនេះមានសត្វច្រើនបើតាមកាមេរ៉ាដែលបានដាក់»។
កាលពីថ្ងៃ១២ ខែធ្នូ ឆ្នាំ២០២៣ អង្គការការពារសត្វព្រៃWILDLIFE ALLIANCE បានចេញលិខិតបញ្ជាក់មួយថា ការចេញផ្សាយរបស់ស្ថាប័នក្រៅស្រុកវីអូឌីជារឿងមិនត្រឹមត្រូវ និងជាព័ត៌មានមិនពិត ព្រោះការលើកឡើងរបស់អង្គការនេះដើម្បីការពារធនធានធម្មជាតិ និងសត្វព្រៃប៉ុណ្ណោះ មិនមានចេតនាបង្កភាពវឹកវរណាមួយនោះទេ។ ក្នុងលិខិតដដែលបានបញ្ជាក់ថា អង្គការនេះគឺជាដៃគូរសហការដ៏ល្អរបស់រដ្ឋាភិបាល។
លោក ហេង គឹមហុង ប្រធានផ្នែកកម្មវិធីស្រាវជ្រាវ និងតស៊ូមតិនៃសមាគមបណ្ដាញយុវជនកម្ពុជា(CYN) បានថ្លែងថា ការលើកឡើងរបស់អ្នកនាំពាក្យក្រសួងកសិកម្មវាមិនត្រឹមត្រូវនោះទេ។ លោកបន្តថា ក្រសួងមុននឹងធ្វើអ្វីមួយត្រូវជូនដំណឹងដល់អ្នកពាក់ព័ន្ធផង ហើយការព្រួយបារម្ភគឺជារឿងត្រឹមត្រូវ ត្បិតកន្លងមកមានករណីឈូសឆាយម្ដង និងបានបាត់បង់ព្រៃឈើជាជម្រកសត្វតំបន់ភ្នំតាម៉ៅអស់ជាច្រើនហិកតា។
លោកឱ្យដឹងទៀតថា ក្រសួងខ្លួនឯងធ្វើអ្វីមួយត្រូវមានតុល្យភាព មិនគួរដាក់បន្ទុកទៅអ្នកផ្សេង គឺមិនត្រឹមត្រូវទេ។
លោកបន្ដថា៖ «យើងឃើញថាករណីភ្នំតាម៉ៅធ្លាប់ឈូសអស់រាប់សិបហិកតាវាជាមេរៀនមួយដែលធ្វើឱ្យពួកគាត់រៀនសូត្របាន។ ខ្ញុំយល់ថាក្រសួងមិនគួរព្យាយាមថ្កោលទោសទៅផ្នែកណាមួយទេ ផ្ទុយទៅវិញក្រសួងខ្លួនឯងត្រូវមានតម្លាភាពក្នុងការឆ្លើយតបទៅកាន់ពលរដ្ឋ»។
កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣កន្លងទៅ សារព័ត៌មានវីអូឌីនៅក្រៅស្រុកបានចេញផ្សាយព័ត៌មានពាក់ព័ន្ធនឹងការឈូសឆាយព្រៃក្នុងតំបន់អភិរក្សលើសពីអនុក្រឹត្យ និងបានចេញផ្សាយថា ពួកគេបានទទួលវីដេអូពីពលរដ្ឋ និងទទួលបានការផ្ដល់បទសម្ភាសន៍របស់លោក និក ម៉ាក នាយកកម្មវិធីសង្គ្រោះនិងថែទាំសត្វព្រៃនៃអង្គការសម្ព័ន្ធមិត្តសត្វព្រៃ។
លោកថ្លែងថា៖ «លោកបារម្ភពីការបាត់បង់ធនធានធម្មជាតិ និងជម្រកសត្វព្រៃបន្ដទៀតនៅឯតំបន់អភិរក្សភ្នំតាម៉ៅក្រោយឃើញអាជ្ញាធរឈូសឆាយដីបន្ថែមទៀតក្រោមហេតុផលថាដើម្បីការពារភ្លើងឆេះព្រៃក្នុងតំបន់អភិរក្សមួយនេះ»។
ស្រដៀងគ្នានេះដែរ លោក វណ្ណ សូផាត មន្ដ្រីសម្របសម្រួលធុរៈកិច្ច និងសិទ្ធិមនុស្សនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានថ្លែងថា ការលើកឡើងរបស់អ្នកនាំពាក្យក្រសួងកសិកម្មដែលចោទលើលោក និក ម៉ាក នេះគឺមិនត្រឹមត្រូវនោះទេ។ លោកបន្ដថា បញ្ហាធ្វើផ្លូវដើម្បីការពារភ្លើងឆេះព្រៃ និងដើម្បីឱ្យពលរដ្ឋធ្វើដំណើរនេះ វាជាហេតុផលមិនសមស្រប និងមិនអាចទទួលយកបាន។
លោកបន្ថែមថា៖ «លោក និក ម៉ាក គាត់ខំប្រឹងការពារធនធានរបស់ខ្មែរយើងណាស់ មិនគួរណាមន្ដ្រីជាន់ខ្ពស់ មានចំណេះដឹងបែរជាចោទគាត់វិញ។ ការលើកឡើងមិនសមហេតុមិនសមផលវាច្បាស់ជាមានរឿងអីមួយមិនប្រក្រតីនឹងអាចលេចឡើងនៅពេលអនាគត ដែលយើងទាំងអស់កំពុងតែតាម។ ខ្ញុំគិតថាវាជាសញ្ញាមួយ ព្រោះសកម្មភាពអភិរក្ស ការពារមិនអ៊ីចឹងទេ»។
អ្នកសារព័ត៌មានខេមបូចា បានចុះទៅទីតាំងផ្ទាល់សង្កេតឃើញថា ព្រៃមួយចំនួនបានដួលរលំដោយសារតែគ្រឿងចក្រឈូសឆាយដើម្បីធ្វើផ្លូវមួយខ្សែដោយតចេញពីផ្លូវកៅស៊ូចូលឧទ្យានជាតិភ្នំតាម៉ៅ។ ផ្លូវដែលបានឈូសឆាយហើយមានទទឹងប្រហែល៥ម៉ែត្រ និងបណ្ដោយប្រហែល១គីឡូ ប៉ុន្ដែមិនឃើញមានគ្រឿងចក្រទុកនៅទីនោះទេ ដោយពលរដ្ឋអះអាងថា គ្រឿងចក្រទាំងនោះបានដកចេញក្រោយពីផ្ទុះព័ត៌មានអំពីសកម្មភាពរបស់ពួកគេ។
ចំណែកឯពលរដ្ឋម្នាក់ក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះ បាននិយាយយ៉ាងខ្លីថា ការឈូសឆាយនេះគឺលោកមានការព្រួយបារម្ភពីជម្រកសត្វ ប៉ុន្ដែលោកមិនអាចនិយាយព្រោះលោកជាពលរដ្ឋធម្មតា។
លោកបញ្ជាក់ថា៖ «ខ្ញុំបារម្ភបង ប៉ុន្ដែយើងពលរដ្ឋមិនអាចនិយាយបានបង»។
មិនខុសគ្នានោះទេ ពលរដ្ឋម្នាក់ទៀតគឺលោក សុខ សំណាង (ឈ្មោះអ្នកសារព័ត៌មានដាក់ឱ្យ) ជាអ្នករត់ម៉ូតូឌុបនៅតំបន់ហ្នឹង បានឱ្យដឹងថា លោកបានដឹងពីការឈូសឆាយព្រៃ និងសកម្មភាពផ្សេងៗ។ លោកបន្ដថា ក្នុងនាមជាពលរដ្ឋម្នាក់ពិតជាមានការសោកស្ដាយ ព្រោះឈើដែលគេឈូសឆាយមានអាយុកាលច្រើនឆ្នាំហើយ ប៉ុន្ដែលោកថា លោកមិនអាចនិយាយអ្វីបាន បានត្រឹមឃើញគេយកគ្រឿងចក្រឈូសឆាយ។
លោកបន្ថែមថា៖ «ខ្ញុំដឹងគេយកគ្រឿងចក្រមកឈូសតើ ប៉ុន្ដែយើងជាពលរដ្ឋបានត្រឹមឈរមើលពីចម្ងាយ។ ស្ដាយដែរអូន ព្រោះព្រៃហ្នឹងយូរឆ្នាំហើយតាមខ្ញុំដឹង»។
កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ ទីស្ដីការគណៈរដ្ឋមន្រ្តី បានចេញសេចក្ដីសម្រេចមួយឱ្យក្រុមហ៊ុនលោកឧកញ៉ា ឡេង ណាវ៉ាត្រា ទទួលបានសិទ្ធិឈូសឆាយដីព្រៃ នៅតំបន់ភ្នំតាម៉ៅ។ សេចក្តីសម្រេចរបស់គណៈរដ្ឋមន្រ្តីនេះ ធ្វើឡើងបន្ទាប់ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២២ បើកឱ្យមានការវិនិយោគនៅទីនោះ។ ហើយនៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២២ លោកនាយករដ្ឋមន្ត្រីបញ្ជាឱ្យលុបចោលទាំងអស់ចំពោះការអនុញ្ញាតិឱ្យដោះដូរ និងអភិវឌ្ឍតំបន់ភ្នំតាម៉ៅ ក្រោយពីក្រុមហ៊ុន ឡេង ណាវ៉ាត្រា បានឈូសឆាយអស់ជិត៦០០ហិកតា ក្នុងចំណោមផ្ទៃដីព្រៃ១ ៥០០ហិកតា ដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្ដល់ឱ្យដើម្បីអភិវឌ្ឍ។
ការសម្រេចលុបគម្រោងអភិវឌ្ឍន៍វិញនេះ ក្រោយមានប្រតិកម្មខ្លាំងពីមហាជនចំពោះការសម្រេចនេះ ដោយថានឹងធ្វើឱ្យប៉ះពាល់ដល់ធនធានធម្មជាតិ ពិសេសព្រៃឈើ និងសត្វព្រៃនៅតំបន់ភ្នំតាម៉ៅ។
ភ្នំតាម៉ៅ មានចម្ងាយប្រមាណ៤០គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ មានផ្ទៃដីសួនសត្វ៤០០ហិកតា និងផ្ទៃដីទំហំជាង២ ០០០ហិកតាជាព្រៃដែលព័ទ្ធជុំវិញសួនសត្វ។
បើតាមលោក តាន់ គឹមសួរ ប្រធានយុវជនស្មគ្រចិត្ដជួយសង្គមបៃតងវររៀរស៍ បានបង្ហោះសារមួយលើគណនីហ្វេសប៊ុកផ្ទាល់កាលពីថ្ងៃទី១២ ខែធ្នូ ថា ដីព្រៃជាង២០០ហិកតានេះ គឺជាកម្មសិទ្ធឯកជនមហាឆ្ងល់ថា ឯកជនណាមានដីប៉ុណ្ណាប៉ុណ្ណី តែគ្មានបានធ្វើសកម្មភាពអ្វីនៅលើដីនេះបន្ដិចទាល់តែសោះ ទុកឱ្យព្រៃដុះពេញ ទុកឱ្យសត្វរត់លេងពេញព្រៃ។
យ៉ាងណាលោកបានដាក់ជាសំណួរថា៖ «តើដីនេះគឺជាដីព្រៃ ឬជាដីស្រែចម្ការឬជាដីអាស្រ័យផងរបស់ប្រជាជននៅទីនោះ?»។
លោកបន្តថា៖ «បើនេះជាដីព្រៃកម្មសិទ្ធឯកជនពិតប្រាកដមែន តើអាចស្នើសុំឯកជនប្ដូរទីទៅកាន់កាប់នៅកន្លែងផ្សេងដែលត្រូវបានឈូសឆាយហើយបានទេ?»។
ខេមបូចាបានសុំការបំភ្លឺពីលោក តាន់ គឹមសួរ បន្ថែមពាក់ព័ន្ធនឹងការបង្ហោះសាររបស់លោក ដោយបានឆ្លើយតបយ៉ាងខ្លីថា ពេលនេះលោកមិនអាចនិយាយអ្វីបន្ថែមបានទេជុំវិញរឿងតំបន់ភ្នំតាម៉ៅ ព្រោះស្ថិតក្នុងស្ថានភាពក្ដៅ។
លោកថា៖ «ខ្ញុំមិនអាចនិយាយអ្វីបន្ថែមបានក្នុងស្ថានភាពនេះ បងអាចយកអ្វីដែលខ្ញុំផុសទៅចុះផ្សាយបានបង»។
ខេមបូចា មិនអាចសុំការបំភ្លឺពីលោក កែវ អូម៉ាលីស្ស ប្រធានរដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្មបានទេ មុននឹងការចេញផ្សាយនេះ ដោយទូរសព្ទគ្មានអ្នកលើក។
ខេមបូចាមិនអាចសុំការអត្ថាធិប្បាយពី លោក ភួន ឈីម អភិបាលស្រុកបាទីបានទេ ជុំវិញករណីនេះ។
លោក មាស អ៊ុយ ប្រធានរដ្ឋបាលខេត្ដតាកែវ បានប្រាប់ថា លោកមិនបានទទួលព័ត៌មានណាពីការឈូសឆាយតំបន់ភ្នំតាម៉ៅនោះទេ។
លោកថា៖ «ពូអត់បានទទួលព័ត៌មានផង»។
នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ ព្រះមហាក្សត្របានចេញព្រះរាជក្រឹត្យ ដោយដាក់តំបន់ភ្នំតាម៉ៅ ជាតំបន់ឧទ្យានសួនសត្វ ព្រៃការពារ និងសួនភូតគាម ដើម្បីធានានូវនិរន្តរភាពនៃការថែរក្សាអភិរក្សព្រៃឈើ និងសត្វព្រៃជាដើម ក្រោយតំបន់នេះមានភាពចម្រូងចម្រាសពីបញ្ហាឈូសឆាយដីព្រៃរាប់រយហិកតា ក្រោមគម្រោងអភិវឌ្ឍន៍របស់វិស័យឯកជន។
ព្រះរាជក្រឹត្យបានបញ្ជាក់ទៀតថា ការបង្កើត ឬដាក់តំបន់ភ្នំតាម៉ៅនេះ ក្នុងគោលបំណងដើម្បីអភិវឌ្ឍសួនភូតគាមសាស្ត្រដែលមានពូជឈើប្រណិត និងមានតម្លៃសេដ្ឋកិច្ចខ្ពស់ ព្រមទាំងអភិវឌ្ឍជាតំបន់គោលដៅទេសចរណ៍ធម្មជាតិ វប្បធម៌ និងប្រវត្តិសាស្ត្រ ផ្ដល់ការថែរក្សាសង្គ្រោះសត្វព្រៃ ព្យាបាល និងស្តារលទ្ធភាពសត្វព្រៃ៕