សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ក្រុមអង្គការសង្គមស៊ីវិលអំពាវឲ្យរដ្ឋាភិបាលធានាការបោះឆ្នោតដោយសេរី និងយុត្តិធម៌

ក្រុមប្រឹក្សាឃុំ-សង្កាត់ពិនិត្យបញ្ជីឈ្មោះអ្នកបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធភា ក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល។ រូបភាពថតកាលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨។ ខេមបូចា/ព្រីង សំរាំង
ក្រុមប្រឹក្សាឃុំ-សង្កាត់ពិនិត្យបញ្ជីឈ្មោះអ្នកបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធភា ក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល។ រូបភាពថតកាលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨។ ខេមបូចា/ព្រីង សំរាំង

ក្រុម​អង្គការសង្គមស៊ីវិល​ដែល​បាន​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​បាន​និយាយ​នៅ​ថ្ងៃអង្គារ​ថា សិទ្ធិ​នយោបាយ​នៅ​តែ​ត្រូវ​រង​ការគំរាម​កំហែង​ពី​សំណាក់​អាជ្ញាធរ និង​បាន​ស្នើ​ដល់​រដ្ឋាភិបាល​ឲ្យ​ខិតខំ​បន្ថែម​ទៀត ដើម្បី​ធានា​ថា​ការ​បោះ​ឆ្នោត​ឃុំ-សង្កាត់​ខាង​មុខ​នឹង​ប្រព្រឹត្ត​ទៅ​បាន​ដោយ​សេរី និង​យុត្តិ​ធម៌​។​

​អង្គការឃ្លាំ​មើល​ការ​បោះ​ឆ្នោត​មួយ​ហៅ​ថា ខុមហ្វ្រែល បាន​ធ្វើ​ការ​វាយ​តម្លៃ​រយៈពេល​បី​ខែ​ ដោយ​មាន​ធ្វើ​វេទិកា​នៅ​តាម​ខេត្ត​មួយ​ចំនួន​ដើម្បី​ប្រមូល​ធាតុ​ចូល​លើ​ការ​យល់​ឃើញ​អំពីសិទ្ធិ​នយោបាយ ដូច​ជាការ​ឈរ​ឈ្មោះ​ដោយ​សេរី​សម្រាប់​ការ​បោះ​ឆ្នោត ឬការ​បង្ហាញ​ឆន្ទៈ​របស់​អ្នក​បោះ​ឆ្នោត​ជា​ដើម​។ អង្គការ​មួយ​នេះ​រក​ឃើញ​ថា អាជ្ញាធរ​បាន​គំរាម​កំហែង បំភិត​បំភ័យ និង​​ប្រើ​អំពើ​ហិង្សា​ដែល​ធ្វើ​ឲ្យ​ខូច​ដល់​ដំណើរ​ការ​បោះ​ឆ្នោត​។​​

អង្គការខុមហ្វ្រែល បាន​រៀប​ចំ​វេទិកា​នៅ​ខេត្ត​ចំនួន​ប្រាំបី ដោយ​វេទិកានី​មួយៗ​មាន​អ្នក​ចូល​រួម​ប្រហែល ​១០០​នាក់​។ នៅ​ថ្ងៃ​អង្គារនេះ ក្រុម​អង្គការ​សង្គមស៊ីវិល​បាន​ចែក​រំលែក​អនុសាសន៍​របស់​ខ្លួន ដោយ​បាន​លើក​ពី​បញ្ហា​ដែលភាគី​ពាក់​ព័ន្ធ​បាន​ចែក​រំលែក និង​អនុសាសន៍​ដើម្បី​ជួយ​ធ្វើ​ឲ្យ​ប្រាដក​ថា​ការ​បោះ​ឆ្នោត​ខាង​មុខ​មាន​ភាព​ត្រឹម​ត្រូវ​។​

តាំង​ពី​គណបក្ស​ប្រឆាំងធំជាង​គេ គឺគណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​រំលាយ​ដោយ​តុលាការ​កំពូល​កាលពី​ឆ្នាំ២០១៧ ដែលគេ​ចោទ​ថា​ជា​ការ​រំលាយ​ក្នុង​រឿង​នយោបាយ​​នោះ​មក គណបក្ស​កាន់​អំណាចបច្ចុប្បន្ន​ បាន​កាន់​អំណាច​ និង​ដឹក​នាំ​ប្រទេស​ដោយ​ឯកបក្ស​។​ ក្នុង​ឆ្នាំ​ជាមួយ​គ្នា​នោះ​ដែរ ក៏​មាន​ការ​បង្ក្រាប​យ៉ាង​ខ្លាំង​លើ​អង្គការ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វ​​ផ្សាយ​មួយ​ចំនួន​ផង​ដែរ ដែល​គេ​ដឹង​ថា​តែង​តែ​រិះ​គន់​បក្ស​កាន់​អំណាច​។​​

ទោះ​បី​ជា​ក្រុម​គណបក្ស​ប្រឆាំង​តូចៗ​​មាន​បំណង​ដណ្ដើម​កៅ​អីក្រុម​ប្រឹក្សា​​ឃុំ-សង្កាត់​​សម្រាប់​ការ​បោះ​ឆ្នោត​ខាង​មុខ​ក្ដី ក៏​ភាព​ត្រឹម​ត្រូវ​នៃការ​បោះ​ឆ្នោត​នេះ​នៅ​តែ​អាច​ប្រឈម​នឹង​ការរិះ​គន់​ពីសំណាក់​អ្នក​ក្នុង​ស្រុក និង​បរទេសផង​ដែរ​។ កាលពី​សប្ដាហ៍​មុន បន្ទាប់​ពី​មាន​ជំនួប​ជាមួយ​រដ្ឋ​មន្ត្រី​ការបរទេស​ជប៉ុន និង​មាន​ការ​លើក​ឡើង​ពី​ភាព​យុត្តិ​ធម៌​បែប​ប្រជាធិបតេយ្យ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​បញ្ជា​ជា​សាធារណៈ​ដល់​អាជ្ញាធរ​មូល​ដ្ឋាន​នៅ​ទូទាំង​ប្រទេស​មិន​ត្រូវ​រារាំង​ការ​ធ្វើ​យុទ្ធនាការ ឬ​សកម្ម​ភាព​សម្រាប់​ការ​បោះ​ឆ្នោត​នោះទេ​។​​

តាម​រយៈ​បញ្ជា​នេះ បាន​ធ្វើ​ឲ្យ​សង្គម​ស៊ីវិល​មាន​ការ​សង្ស័យ​ថា មន្ត្រី​នៅ​តាម​មូល​ដ្ឋាន​តែងមិន​ស្ដាប់​បញ្ជា​របស់​មេ​ដឹក​នាំ​កំពូល​របស់​គណបក្ស​។​

យ៉ាងណា អង្គការ​ខុម​ហ្វ្រែល​ នៅ​តែ​យល់​ឃើញ​ថា​អនុសាសន៍​របស់​ខ្លួន​អាច​ជួយដល់​​ដំណើរ​ការ​បោះ​ឆ្នោត​មួយ​នេះ​។

នាយក​ប្រតិបត្តិ​អង្គការ​ខុមហ្រ្វែល លោក គឹម ឈន មាន​ប្រសាសន៍​ថា៖ «អនុសាសន៍​របស់ក្រុម​អង្គការ​សង្គមស៊ី​វិល​នៅតែមានសារសំខាន់​ក្នុង​ការ​កែ​ទម្រង់​ដំណើរការ​បោះ​ឆ្នោត​នាពេល​ខាង​មុខ»។​

កម្ពុជា​នឹង​រៀប​ចំការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​នៅ​ខែ​មិថុនា ឆ្នាំ​២០២២ និង​ការ​បោះ​ឆ្នោត​ជាតិ​នៅ​ឆ្នាំ២០២៣។​

 ក្រៅ​ពីបញ្ហា​ទាក់​ទង​នឹង​យុទ្ធនាការ និង​ការ​បោះ​ឆ្នោត វេទិកា​របស់​អង្គការ​សង្គម​ស៊ីវិល​ក៏​បាន​ស្ដាប់​ពី​ការ​ប្រឈម​ផ្សេងៗ​ទៀត​ដែល​កើត​មាន​ជា​ប្រព័ន្ធ​ផង​ដែរ​។​  អ្នកចូលរួមបាននិយាយថា សាធារណជន​មិន​ជឿ​ជាក់លើភាពលម្អៀង​របស់សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ហើយក៏​មើលឃើញថា កងកម្លាំងប្រដាប់អាវុធមានជំហរជាមួយគណបក្សប្រជាជន​កម្ពុជា​ រួមទាំងសារ​នយោបាយប្រឆាំងនឹងក្រុមសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ​ផង​ដែរ​។

សម្រាប់អនុសាសន៍​របស់​ខ្លួន​ ខុមហ្វ្រែល​ក៏​បាន​អំពាវ​នាវ​ឲ្យ​រដ្ឋាភិបាល​ពិចារណា​ចុះឈ្មោះ​បោះ​ឆ្នោត​ឲ្យ​ពលករ​ចំណាក​ស្រុក​កម្ពុ​ជា​ដែល​មាន​ចំនួន​ប្រហែល​ ៣លាន​នាក់​ផង​ដែរ​។​

ទាក់ទង​នឹង​ដំណើរ​ការ​បោះ​ឆ្នោត​នេះ​ លោក ជាង សុខា ទីប្រឹក្សា​អង្គការកម្មវិធី​​អភិវឌ្ឍន៍​ធនធាន​យុវជន ហៅកាត់​ថា YRDP មាន​ប្រសាសន៍​ថា​អាជ្ញាធរ​មូល​ដ្ឋាន​ខ្លះ​បាន​ជ្រៀត​ជ្រែក​លើ​ឆន្ទៈ​របស់​អ្នក​បោះ​ឆ្នោត ដោយ​បាន​ពិនិត្យ​ឈ្មោះ និង​តាម​ឃ្លាំមើល​នៅ​តាម​មណ្ឌល​បោះ​ឆ្នោត​។​​

 លោក​បានបន្ថែម​ថា៖ «​អ្នក​បោះ​ឆ្នោត​ខ្លះ​រងការ​គំរាម​កំហែង និង​បំភិត​បំភ័យ ឬ​ត្រូវ​គេ​រឹតត្បិតសិទ្ធិ​ក្នុង​ការ​សម្រេច​ចិត្ត​ជ្រើស​រើស​តំណាង​ដោយសេរី​…​អ្នក​បោះ​ឆ្នោត​បាន​ត្រឹម​តែបង្ហាញ​ឆន្ទៈ​ក្នុង​ការ​បោះ​ឆ្នោត តែ​មិន​មាន​ផ្លូវ​ច្បាប់​គាំពារ​ឆន្ទៈ​របស់​ពួកគាត់»។​

លោក សុខា បានបន្ថែម​ទៀត​ថា ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ និង​ការ​ដក​យក​កៅអី​ឃុំ-សង្កាត់​របស់​មន្ត្រី​អតីត​បក្ស​នេះ មិន​បាន​គោរព​ឆន្ទៈ​របស់​ម្ចាស់​ឆ្នោត​ដែលបានគាំទ្របក្ស​ប្រឆាំង​មួយ​នេះ។ លោក ថា​កៅ​អី​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ប្រហែល​ ៥ ០០០ ត្រូវ​បាន​យក​ទៅ​បែង​ចែង​ឲ្យ​បក្ស​តូចៗ ពេល​ដែល​គណបក្ស​សង្គ្រោះជាតិ​ត្រូវ​រំលាយ​។​

 ក្រុម​អង្គការ​សង្គម​ស៊ីវិល​ បាន​អំពាវ​នាវ​ដល់​រដ្ឋាភិបាល​ឲ្យ​បង្កើត​យន្តការ​ច្បាប់​ដើម្បី​ធានា​ដល់​ឆន្ទៈ​ម្ចាស់​ឆ្នោត ដែល​ត្រូវ​តែ​ពង្រឹង​តួនាទី និង​ភារកិច្ច​របស់​មន្ត្រី​ស៊ីវិល ក៏​ដូច​ជា​ការធានា​ឲ្យ​បាន​នូ​ឯករាជ្យ​ភាព​របស់​កងកម្លាំងប្រដាប់​អាវុធ និ​ងគ.ជ.ប។ ក្រុម​អង្គការ​សង្គម​ស៊ីវិល ក៏​បាន ជំរុញ​ឲ្យ​មាន​ការ​ធានា​ផ្នែក​ច្បាប់​ដល់​សមាជិក​ជាប់​ឆ្នោត​នឹង​មិន​ត្រូវ​បាត់​បង់​កៅ​អី បើ​ទោះបី​ជា​គណបក្ស​របស់​ពួកគេ​ត្រូវ​រំលាយ​។​

លោក យ៉ែម បុញ្ញឫទ្ធិ ប្រធាន​គណបក្ស​កម្ពុជា​និយម ដែល​បាន​ចូល​រួម​ស្ដាប់​ក្នុង​កម្មវិធី​របស់​ខុមហ្វ្រែល​ ដែរ​នោះ​មាន​ប្រសាសន៍​ថា លោក​គាំទ្រ​នូវ​អ្វី​ដែល​សង្គមស៊ិវិល​បាន​លើក​ឡើង និង​បង្ហាញ​ពី​កត្តា​ប្រឈម​ផ្សេងៗ​ទាក់ទង​នឹង​ការ​បំភិត​បំភ័យ​ដល់​អ្នក​បោះ​ឆ្នោត​។​​

 លោក បានបន្ថែម​ថា៖ «​វា​នៅ​តែ​មាន​ការ​គំរាម​កំហែង និង​ការ​តាម​ដាន បើ​សិន​ជា​មិន​ចូលរួម​គាំទ្រ​គណបក្ស​នយោបាយ»។​

 លោក ឲ្យ​ដឹងទៀត​ថា រដ្ឋាភិបាល​បច្ចុប្បន្ន​មិនមាន​ឆន្ទៈ​ក្នុង​ការ​សម្រប​សម្រួល​ឲ្យ​ពល​ករ​ចំណាក​ស្រុក​បាន​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នោះទេ ហើយ​ប្រជា​ពល​រដ្ឋ​រស់​នៅ​ក្រៅប្រទេស​ ក៏​គួរ​មាន​សិទ្ធិ​បោះ​ឆ្នោត​ដែរ​។​

លោក​បានបន្ត​ថា៖ «​យើង​ទទួល​ស្គាល់ពី​បញ្ហា​ប្រឈម​ដែល​កំពុង​កើត​មាន ដូច​ជា​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​របស់​ពល​ករ​ចំណាក​ស្រុក ដែល​រហូត​មក​ដល់​ពេល​នេះ​នៅ​មិន​ទាន់​មាន​ដំណោះ​ស្រាយ…​រដ្ឋាភិបាល​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ដល់​អ្នក​រស់នៅ​ក្រៅ​ប្រទេស​​ដែល​មាន​សិទ្ធិ​ចុះឈ្មោះ​បោះឆ្នោត​ទេ»។​

លោក កើ រិទ្ធិ ប្រធាននាយកដ្ឋានសេវាកម្មច្បាប់ និងវិវាទកម្ម របស់​ គ.ជ.ប មាន​ប្រ​សាសន៍​ថា គ.ជ.ប រីក​រាយ​ទទួល​យក​នូវ​អនុសាសន៍​ពី​សង្គម​ស៊ីវិល ប៉ុន្តែ​ត្រូវ​តែ​ធ្វើ​ឡើង​ទៅ​តាម​អ្វី​ដែល​មាន​ចែង​ក្នុង​ច្បាប់​។​

 លោក បានលើក​ឡើង​ថា៖ «​ខ្ញុំ​សូម​និយាយ​ថា គ.ជ.ប ស្វាគមន៍​រាល់​ការ​ចង់​បាន​របស់​អង្គការ​សង្គម​ស៊ីវិល ប៉ុន្តែ​វា​ត្រូវ​តែ​ស្ថិត​នៅ​ក្នុង​ក្រម​ខណ្ឌ​ច្បាប់ ដែល​គ.ជ.ប អាច​អនុវត្ត​បាន»។​

លោក​ឲ្យ​ដឹង​ដែរថា ចំនួន​អ្នក​ទៅ​បោះ​ឆ្នោត​នៅ​កម្ពុជា​មាន​​ភាគ​រយ​ខ្ពស់​ជាង​បណ្ដាប្រទេស​​មួយ​ចំនួន​ផង​។ លោក​ថា ប្រ​ជា​ពល​រដ្ឋបាន​ចុះ​ឈ្មោះ​បោះ​ឆ្នោត​មាន​ចំនួន​ប្រហែល ៩លាននាក់ ក្នុង​បញ្ជី​បោះ​ឆ្នោត​ សម្រាប់​ការ​បោះ​ឆ្នោត​ឃុំ-សង្កាត់​ខាង​មុខ៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Civil society groups call on the government to ensure election is free and fair

262 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម