សង្គមស៊ីវិលនិងសហជីពដែលធ្វើការលើកកម្ពស់សិទ្ធិការងារ ប្រមាណ៤០ស្ថាប័នទទូចឱ្យអាជ្ញាធររដ្ឋ កុំជ្រៀតជ្រែកវិវាទការងារនៃក្រុមហ៊ុនណាហ្គាវើលដ៍។ ពួកគេគ្រោងនឹងចូលរួមធ្វើកូដកម្មទ្រង់ទ្រាយធំជាមួយក្រុមកូដករ ប្រសិនបើនៅតែគ្មានដំណោះស្រាយឆាប់ៗនេះ។
វិវាទការងារនៅក្រុមហ៊ុនណាហ្គាវើលដ៍បានអូសបន្លាយជិតមួយឆ្នាំមកហើយ រីឯដំណោះស្រាយហាក់មិនមានពន្លឺសម្រាប់ក្រុមកម្មករនៅឡើយ។ ការណ៍នេះ ខាងក្រុមសង្គមស៊ីវិល និងសហជីពដែលធ្វើការលើកកម្ពស់សិទ្ធិការងារ និងសិទ្ធិមនុស្ស ប្រមាណ១០នាក់ កាលពីថ្ងៃទី៥ ខែកក្កដា បានបង្ហាញវត្តមាននៅកន្លែងកូដកម្ម ដោយអានសារអំពាវទៅអាជ្ញាធររដ្ឋកុំជ្រៀតជ្រែកវិវាទការងារ និងស្នើរដ្ឋាភិបាលជួយអន្តរាគមន៍លើវិវាទការងារឱ្យបានឆាប់។
ប្រធានសហព័ន្ធសហជីពកម្ពុជា លោកស្រីយ៉ាង សុភ័ណ្ឌ បានអះអាងថា ប្រសិនបើដំណោះស្រាយមិនមានសម្រាប់បុគ្គលិកកម្មករណាហ្គាវើលដ៍ទេ សហជីពផ្សេងទៀតនឹងចូលរួមធ្វើកូដកម្មទ្រង់ទ្រាយធំ ជាមួយកូដករណាហ្គាវើលដ៍ ដើម្បីឱ្យថោកែក្រុមហ៊ុនចេញមុខដោះស្រាយដោយសន្តិវិធី។
លោកស្រីបន្ថែមថា សកម្មភាពតវ៉ាកន្លងមករបស់កម្មករ គឺជាសិទ្ធិសេរីភាពដែលធានាដោយច្បាប់ ក្នុងការទាមទារឱ្យមានការគោរពសិទ្ធិការងារនៅកន្លែងធ្វើការ ហើយរដ្ឋាភិបាលគប្បីពន្លឿនការអន្តរាគមន៍ បើពុំដូច្នេះរដ្ឋមិនចំណេញឡើយចំពោះការទុកវិវាទនេះចោល ។
លោកស្រី សុភ័ណ្ឌ ថ្លែងថា៖ «បើសិនណាមិនមានការដោះស្រាយទេ ប្រហែលជាមានការចូលរួមកាន់តែធំដុំជាងមុនទៀត រហូតដល់សមាជិកតាមមូលដ្ឋានសម្រេចចិត្តក្នុងការគាំទ្រកម្មករណាហ្គាវើលដ៍នេះ»។
លោកស្រីបញ្ជាក់ថា សង្គមស៊ីវិលមិនឱបដៃឈរមើលកម្មករងអយុត្តិធម៌ពីវិវាទការងារមួយនេះឡើយ ហើយនេះជាសប្ដាហ៍ទីមួយក្នុងការចូលរួមឃ្លាំមើលតែប៉ុណ្ណោះ សប្ដាហ៍ក្រោយៗនឹងមានការចូលរួមផ្ទាល់។ អ្នកស្រីបន្តថា មូលហេតុដែលលោកស្រីសម្រេចចិត្តគាំទ្រ និងចូលរួមធ្វើជាមួយបុគ្គលិកណាហ្គាវើលដ៍ ក៏ដោយសារតែលោកស្រីក៏កម្មករដូចគ្នា ហើយកម្មករគឺគ្មានលុយ គ្មានអំណាច ដូច្នេះជាជនដែលងាយរងគ្រោះ ព្រោះត្រូវបានថៅកែរំលោភបំពាន។
លោកស្រីឱ្យដឹងថា៖«យើងនឹងចូលរួមមកដល់ទីតាំងផ្ទាល់ទាំងសមាជិករបស់យើងស្ទើតែទាំងអស់គ្នាចង់ចូលរួម ហើយអាចនឹងនៅទីសាធារណៈណាមួយ»។
អ្នកស្រីក៏បានស្នើទៅអាជ្ញាធររដ្ឋកុំធ្វើហួសពីតួនាទីជាអ្នកដែលបម្រើការពារប្រយោជន៍ប្រជាពលរដ្ឋ។ ពិសេសក្រសួងការងារហាក់ដូចជាការពារប្រយោជន៍ក្រុមហ៊ុន និងបានដើរតួនិយាយជំនួសក្រុមហ៊ុន ដោយបង្ខំឱ្យកម្មករយកលុយបញ្ចប់រឿង ដែលវាផ្ទុយពីច្បាប់ការងារ និងការទាមទាររបស់កម្មករ ខណៈកន្លងមកសមត្ថកិច្ចបានប្រើប្រាស់ហិង្សា ធ្វើទុក្ខបុកម្នេញដាក់កម្មករស្រ្តី។
អ្នកស្រីបន្ថែមថា៖ «អាក្រក់មែនទែន ដែលអាជ្ញាធររដ្ឋដើរតូនាទីគាំទ្រក្រុមហ៊ុនណាហ្គាវើលដ៍ រំលោភសិទ្ធិកម្មករ បន្ទាប់មកអត់ដោះស្រាយបញ្ហាឱ្យកម្មករ។ យើងសំណូមពរឱ្យក្រសួងការងារ ដើរតួនាទីក្នុងការដោះស្រាយបញ្ហាឱ្យដល់ឬសគល់នៃបញ្ហា បើមិនដូច្នេះទេវិវាទនេះនឹងរីករាលដាលកាន់តែធំទៅៗ»។
គេសង្កេតឃើញថា កាលពីថ្ងៃម្សិលមិញនេះ មានកូដករប្រមាណ១០០នាក់ នៅតែបន្តធ្វើកូដករដូចសព្វមួយដង ដោយធ្វើដំណើរពីផ្សារទំនើបអ៊ីអន តាមផ្លូវសុធារស ក្នុងគោលបំណងឈរតវ៉ាក្បែររបងក្រុមហ៊ុន ប៉ុន្តែត្រូវបានអាជ្ញាធរដាក់រនាំងហាមឃាត់មិនឱ្យទៅមុខ។ ក្នុងនោះមានឡានក្រុងប្រមាណ៥គ្រឿង និងឡានអគ្គស្នងការនគបាលជាតិតម្រៀបជួរក្បែរទីតាំងកូដករ រួមជាមួយកម្លាំងសមត្ថិកិច្ច និងជនស៊ីវិលជាច្រើនមានវត្តមាននៅចាំរារាំងមិនឱ្យកម្មករបន្តដំណើរទៅមុខ។
ជាកូដករដែលបម្រើការងារនៅក្រុមហ៊ុនណាហ្គាវើលដ៍មួយរូប កញ្ញា ជឹម រដ្ឋា បានថ្លែងប្រាប់ ខេមបូចា ថា កញ្ញារំភើបដោយបានដឹងដំណឹងថាខាងសហជីបមកពីវិស័យផ្សេងនឹងចូលរួមគាំទ្រចំពោះកូដកម្មនេះ។ កញ្ញាបន្តថា ការតវ៉ានេះមិនមែនដើម្បីតែសិទ្ធិការងារនៅក្រុមហ៊ុនទេ តែវាជាការសបញ្ជាក់ពីការទាមទារសិទ្ធិការងារចំពោះបុគ្គលិកកម្មករផ្សេងទៀត។
កញ្ញាប្រាប់ថា៖ «វាជារឿងត្រឹមត្រូវ ហើយក៏អរគុណដែលមើលឃើញប្រយោជន៍រួម ព្រោះពួកខ្ញុំរាល់ថ្ងៃនេះ ធ្វើដើម្បីលក្ខខណ្ឌការងារចំពោះប្រជាពលរដ្ឋទូទាំងប្រទេសនិងក្មេងជំនាន់ក្រោយ»។
កញ្ញា រដ្ឋា នៅតែមិនពេញចិត្តចំពោះដំណោះស្រាយដែលក្រសួងការងារបានផ្សះផ្សាអស់១២ដងមកនេះ ព្រោះក្រសួងនៅតែគាំទ្រក្រុមហ៊ុនឱ្យមានការបញ្ឈប់បុគ្គលិកដោយស្រេចចិត្ត។
កញ្ញាបញ្ជាក់ថា៖ «ពួកខ្ញុំទទួលយកអត់បានទេក្នុងនាមជាកូដករ តែខ្ញុំសង្ឃឹមថានឹងមានដំណោះស្រាយឆាប់ៗ ហើយកងកម្លាំងអជ្ញាធរ និងភាគីពាក់ព័ន្ធផ្សេងៗសូមកុំយកខ្លួនទៅកាងក្រុមហ៊ុនបរទេស»។
អ្នកនាំពាក្យក្រសួងការងារ លោកហេង សួរ មានប្រសាសន៍ថា ក្រសួងបានអនុវត្តត្រឹមត្រូវទៅតាមតួនាទី ហើយក្នុងករណីដោះស្រាយវិវាទមិនអស់ចិត្ត គឺត្រូវផ្សះផ្សាទៅកម្រិតមួយទៀត ឬក្នុងករណីក្រសួងដោះស្រាយមិនបានត្រឹមត្រូវ អាចប្ដឹងទៅនីតិវិធីបន្ទាប់ គឺតុលាការ។ លោកបន្ថែមថា គ្មានវិវាទណាមួយ ដែលអាចដោះស្រាយចប់បានទេ ប្រសិនបើភាគីវិវាទមិនអនុវត្តច្បាប់ និងគោរពនីតិវិធី។
លោកថ្លែងថា៖ «គ្រប់ច្បាប់ទាំងអស់ គឺគេប្រគល់សិទ្ធិឱ្យស្ថាប័នជំនាញជាអ្នកបកស្រាយ និងកំណត់នូវរូបមន្តផ្សេងៗ។ ការបកស្រាយ និងការកំណត់រូបមន្តគណនានានា គឺគេប្រើជាទូទៅ គេមិនអាចតម្រូវលើភាគីវិវាទណាមួយទេ។ ក្រសួងបានបកស្រាយ និងអនុវត្តគោលការណ៍ស្មើៗគ្នាចំពោះគ្រប់ភាគីវិវាទទាំងអស់»។
លោក ហេង សួរ បញ្ជាក់ទៀតថា កម្មករមិនគួរបកស្រាយតាមការយល់ឃើញរបស់ខ្លួន ដោយមិនប្រើយន្តការដែលមានក្នុងច្បាប់ទេ។ តាមច្បាប់កំណត់ក្រោយពេលផ្សះផ្សាវិវាទ បើមិនសះជា ឬមិនឯកភាពគឺត្រូវប្តឹងទៅតុលាការ មិនមែនធ្វើសកម្មភាពខុសច្បាប់នោះទេ។
ចំណែកអភិបាលរងរាជធានីភ្នំពេញ អះអាងថា ចំពោះការប្រកាសរបស់សហជីពមកពីវិស័យផ្សេងថានឹងចូលរួមធ្វើកូដកម្មជាមួយបុគ្គលិកណាហ្គាទ្រង់ទ្រាយធំ អាជ្ញាធរនឹងរង់ចាំមើលសិន ហើយនឹងចាត់វិធានការទៅតាមស្ថានភាពជាក់ស្ដែង ព្រោះសកម្មភាពគ្រប់យ៉ាងស្ថិតនៅក្រោមច្បាប់ក្នុងនាមកម្ពុជាជាប្រទេសកាន់លទ្ធិប្រជាធិបតេយ្យ។
លោកបញ្ជាក់ថា ពលរដ្ឋមានសិទ្ធិធ្វើគ្រប់យ៉ាង តែស្ថិតនៅក្រោមដំបូលច្បាប់។ ហើយចំពោះកងកម្លាំងសមត្ថកិច្ចដែលមាននៅទីតាំងធ្វើកូដកម្ម គឺដើម្បីបង្ការខ្លាចមានហេតុការណាមួយកើតឡើងប៉ុណ្ណោះ។
លោកថ្លែងថា៖ «ចាំគាត់មានសកម្មភាពបានអាជ្ញាធរពិចារណាថាត្រូវធ្វើយ៉ាងម៉េច ព្រោះគ្រាន់តែគាត់ប្រកាសហ្នឹងយើងម៉េចដឹងថាគាត់ធ្វើមិនធ្វើ។ អាជ្ញាធរតែងតែធ្វើកិច្ចការបង្ការទប់ស្កាត់ជារឿងរាល់ថ្ងៃ នេះជារបៀបដឹងនាំរបស់រដ្ឋ»។
យោងតាមខ្លឹមសារក្នុងលិខិតចំហរបស់អង្គការសង្គមស៊ីវិល និងសហជីព ចាត់ទុកថា ការពន្យាពេលមិនព្រមដោះស្រាយវិវាទការងារនេះទៅតាមច្បាប់ការងារ គឺជាចេតនាធ្វើបាបកូដករផ្នែកសេដ្ឋកិច្ច និងផ្លូវចិត្តកាន់តែខ្លាំងរហូតកូដករទ្រាំទ្រលែងបាន រួចបិទបញ្ចប់វិវាទនេះ។ ទន្ទឹមនឹងនេះ ក៏មានការធ្វើទុក្ខបុកម្នេញ ការប្រើប្រាស់ទម្រង់ហិង្សាលើកូដករស្រ្តី ដែលជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ ដល់ការតវ៉ានេះផងដែរ។
ក្រុមសង្គមស៊ីវិលថ្លែងថា៖ «ការពន្យាពេលមិនព្រមដោះស្រាយ វិវាទការងាររបស់កម្មករនិយោជិតនៅក្រុមហ៊ុនណាហ្គាវើលដ៍ គឺជាចេតនាបំបាក់ស្មារតីចលនាសហជីពឯករាជ្យ ប្រកបដោយវិជ្ជាជីវៈដែលធានាដោយអនុសញ្ញាស្នូលផ្នែកការងារ រដ្ឋធម្មនុញនៃព្រះរាជាណាចក្រកម្ពុជា ច្បាប់ស្តីពីការងារ និងច្បាប់ស្តីពីសហជីព»។
យ៉ាងណាមិញ សហភាពសហជីព សហព័ន្ធសហជីព សមាគម អង្គការសង្គមស៊ីវិល នៅទទូចស្នើសុំទៅអាជ្ញាធររដ្ឋ ជាពិសេសលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មេត្តាចាត់វិធានការដោះស្រាយវិវាទការងារនេះ ដោយតម្កល់ប្រយោជន៍របស់ភាគីទាំងសងខាងដើម្បីបិទបញ្ចប់វិវាទការងារនេះដោយសន្តិវិធី តាមគោលនយោបាយឈ្នះៗដែលបានអនុវត្តននាពេលកន្លងមកដើម្បីទទួលបានការគាំទ្រពីកម្មករនិយោជិត ស្ថាប័នជាតិ និង អន្តរជាតិដែលកំពុងតាមដានយកចិត្តទុកដាក់លើវិវាទការងារដែលមានការអូសបន្លាយរហូតមកដល់ពេលនេះ។
គួរកត់សម្គាល់ថា នាពេលកន្លងមកក្រុមកូដករ ធ្លាប់បានដាក់ញត្តិស្នើសុំការអន្តរាគមន៍ពីលោកនាយករដ្ឋមន្រ្តី រដ្ឋសភា ក្រសួងមហាផ្ទៃ ក្រសួងយុត្តិធម៌ និងក្រសួងកិច្ចការនារីក្ដី តែមកទល់ពេលនេះហាក់មិនទាន់ទទួលបានពន្លឺសម្រាប់ដំណោះស្រាយឡើយ។
បើតាមសេចក្ដីប្រកាសរបស់ក្រសួងការងារ គិតត្រឹមថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១២ មានអតីតបុគ្គលិកចំនួន៤រូបបន្ថែមទៀត បានមកទទួលយកដំណោះស្រាយតាម រយៈការធ្វើលិខិតព្រមព្រៀងទទួលយកប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារពីក្រុមហ៊ុនរួចហើយ។ គិតមកដល់ថ្ងៃនេះ មានអតីតបុគ្គលិកសរុបចំនួន ២០៥រូបក្នុងចំណោម ៣៧៣រូប បានយល់ព្រមទទួលយកការទូទាត់នូវប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារជាមួយក្រុមហ៊ុន។ ដោយឡែក អតីតបុគ្គលិកដែលមិនព្រមទទួលយកសំណងនៅសល់ត្រឹម១៦៨រូបតែប៉ុណ្ណោះ៕