ក្រុមអង្គការសង្គមស៊ីវិលចំនួន៣៣ បានដាក់លិខិតទៅកាន់ខុទ្ទកាល័យលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នាថ្ងៃព្រហស្បតិ៍ ដោយស្នើសុំឲ្យលោកជួយជំរុញដើម្បីបញ្ចប់សេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន ដែលត្រូវបានពន្យារពេលយ៉ាងយូរ ហើយបញ្ជូនទៅរដ្ឋសភាដើម្បីអនុម័ត។
សេចក្តីព្រាងច្បាប់នេះនឹងផ្តល់ការទទួលព័ត៌មានជាសាធារណៈពីកំណត់ត្រា និងឯកសាររបស់រដ្ឋាភិបាល ធ្លាប់ត្រូវបានពន្យារពេលអស់ជាច្រើនឆ្នាំមកហើយ និងត្រូវបានរងការរិះគន់ជុំវិញការព្យាយាមដាក់កំហិតលើវិសាលភាពដោយរដ្ឋាភិបាល។ លោក ហ៊ុន សែន បានមានប្រសាសន៍ថា ច្បាប់នេះនឹងត្រូវអនុម័តកាលពីឆ្នាំមុន ហើយសេចក្តីព្រាងច្បាប់ត្រូវបានសម្រេចបញ្ចប់កាលពីខែសីហាឆ្នាំមុន ប៉ុន្តែមិនទាន់ត្រូវបានបញ្ជូនទៅរដ្ឋសភានោះទេ។
លោក គង់ ចំរើន តំណាងខុទ្ទកាល័យនាយករដ្ឋមន្រ្តី បានទទួលលិខិតខាងលើនេះ និងបាននិយាយថា លោកនឹងបញ្ជូនបន្តទៅកាន់ថ្នាក់ដឹកនាំជាន់ខ្ពស់។
លិខិតនេះក៏បានស្នើឲ្យរដ្ឋាភិបាលពិចារណាធាតុបញ្ចូលផ្សេងៗពីក្រុមអង្គការសង្គមស៊ីវិល ដែលរួមមាន ការលុបចោលមាត្រាមួយចំនួន ដែលតម្រូវឲ្យមានទុករយៈពេល ៤០ថ្ងៃ មុនពេលសំណើដូចគ្នានេះអាចធ្វើឡើងចំពោះព័ត៌មានដែលត្រូវបានបញ្ចេញនាពេលថ្មីៗ។ ក្រុមអង្គការសង្គមស៊ីវិលក៏ចង់ឲ្យមានពិនិត្យនិងកែតម្រូវលើមាត្រាចំនួន ៨ផ្សេងទៀត ក្នុងនោះមានមាត្រាមួយដែលផ្តល់ការពារដល់អ្នកទម្លាយព័ត៌មានផងដែរ។
នាយកវិទ្យាស្ថានតស៊ូមតិនិងគោលនយោបាយ លោក ឡាំ សុជាតិ និយាយថា ច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មានគឺ មានសារៈសំខាន់សម្រាប់សាធារណជន ដែលចង់បានព័ត៌មានចាំបាច់ដើម្បីអាចធ្វើសេចក្តីសម្រេចដោយមានព័ត៌មានពេញលេញ។
លោកថ្លែងថា៖ «ច្បាប់នេះធានាថា ពលរដ្ឋមានសិទ្ធិទទួលបានព័ត៌មាន រួមទាំង អ្នកសារព័ត៌មាន និងស្ថាប័នរដ្ឋ… ហើយនេះនឹងពង្រឹងការចូលរួមពីសាធារណៈ តម្លាភាព និងអភិបាលកិច្ចល្អ»។
លោកបានបន្តថា៖ «ពលរដ្ឋគួរទទួលបានព័ត៌មានដែលពួកគេចង់បាន ដោយមិនមានការរឹតត្បិតផ្សេងៗដូចជា ការរង់ចាំ ៤០ថ្ងៃ មុនពេលដាក់សំណើជាថ្មី» ដោយកត់សម្គាល់ថា កាលពីឆ្នាំ ២០២០ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បាននិយាយថា សេចក្តីព្រាងច្បាប់គួរតែត្រូវបានអនុម័តឲ្យបានឆាប់តាមតែអាចធ្វើបាន។
លោក សុជាតិ បានបញ្ជាក់ថា៖ «យើងសង្ឃឹមថា រដ្ឋាភិបាលនឹងពិចារណាធាតុពីក្រុមសង្គមស៊ីវិល ដើម្បីដាក់បន្ថែមលើច្បាប់នោះ ដែលរួមមានការជំរុញលើការអនុម័តសម្រេចផងដែរ»។
ប៉ុន្តែលោកបានបន្ថែមថា៖ «ប្រសិនបើសេចក្តីព្រាងច្បាប់នេះខកខានក្នុងការដាក់បញ្ចូលពីសង្គមស៊ីវិល យើងព្រួយបារម្ភថា គុណភាពច្បាប់នេះនឹងមិនបំពេញតាមបទដ្ឋានអន្តរជាតិ»។
មន្រ្តីជាន់ខ្ពស់នៃអង្គការសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា ក៏បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃច្បាប់ ដែលត្រូវបានស្គាល់ថាច្បាប់ A2I (ច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន)។
លោកថ្លែងថា៖ «នៅកម្ពុជា ជារឿងស្មុគស្មាញក្នុងការស្វែងរកព័ត៌មាន ជាពិសេសសម្រាប់អ្នកសារព័ត៌មាន ដែលមានការលំបាកក្នុងការទទួលបានព័ត៌មានពីមន្រ្តីរដ្ឋាភិបាល»។
លោកបានបន្តថា៖ «នៅពេលមានច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន មន្រ្តីទាំងនោះនឹងមានកាតព្វកិច្ចផ្តល់ព័ត៌មាន» ដោយបន្ថែមថា ច្បាប់នេះនឹងធ្វើឲ្យគម្រោងអភិវឌ្ឍន៍ផ្សេងៗមានតម្លាភាព។
លោកបានបញ្ជាក់ថា៖ «ប្រសិនអ្នកទាំងនោះលាក់ព័ត៌មាន នេះមានន័យថា ពួកគេបំពានច្បាប់ ដូច្នេះនេះជាហេតុផលដែលយើងពិតជាត្រូវការច្បាប់ [A2I] នេះ»។
អ្នកនាំពាក្យក្រសួងព័ត៌មានលោក មាស សុភ័ណ្ឌ និយាយថា សេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន ត្រូវបានពន្យារពេលដោយសារវិបត្តិជំងឺកូវីដ១៩ និងបាននិយាយថា ក្រសួងបានបើកទូលាយដើម្បីពិភាក្សាជាមួយក្រុមសង្គមស៊ីវិល និងភាគីពាក់ព័ន្ធដទៃទៀត។
លោកថ្លែងថា៖ «ទោះបីយ៉ាងណា នេះមិនមែនមានន័យថា ក្រសួងព័ត៌មានបានបោះបង់សេចក្តីព្រាងច្បាប់នេះនោះទេ យើងនៅតែប្តេជ្ញាដើម្បីឲ្យមានការអនុម័តច្បាប់នេះ»។
លោកបានបន្តថា ក្រសួងនឹងធ្វើកិច្ចប្រជុំចុងក្រោយជាមួយក្រសួងយុត្តិធម៌ មុនពេលបញ្ជូនសេចក្តីព្រាងច្បាប់នេះទៅកាន់ទីស្តីការគណៈរដ្ឋមន្រ្តី និងរដ្ឋសភាដើម្បីអនុម័ត។
លោកបាននិយាយថា៖ «យើងសង្ឃឹមថា សេចក្តីច្បាប់ស្តីសិទ្ធិទទួលព័ត៌មាននឹងត្រូវអនុម័តក្នុងពេលឆាប់ៗនេះ» ដោយកត់សម្គាល់ថា កម្ពុជាមិនមែនជាប្រទេសតែមួយនៅអាស៊ាន ដែលមិនទាន់មានច្បាប់ស្តីពីការទទួលបានព័ត៌មាននោះទេ៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Civil Society Organizations Call for Access to Information Law to be Approved