រយៈពេលជាង១០ឆ្នាំមកហើយ ដែលច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មានជាសកល ស្ថិតនៅក្នុងសេចក្ដីព្រាងច្បាប់នៅឡើយ ដោយមិនទាន់បញ្ជូនទៅទីស្តីការគណៈរដ្ឋមន្ត្រីដើម្បីពិនិត្យមុននឹងបញ្ជូនទៅពិភាក្សានិងអនុម័តនៅសភាជាតិ។ សង្គមស៊ីវិលរំពឹងថា រដ្ឋាភិបាលនឹងបញ្ចប់សេចក្ដីព្រាងច្បាប់នេះឱ្យបានឆាប់នាពេលខាងមុខ។
កាលពីខែមករា ឆ្នាំ២០២០ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានថ្លែងនៅក្នុងជំនួបអ្នកសារព័ត៌មានប្រមាណ៦ពាន់នាក់ថា លោកនឹងជំរុញឱ្យច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មានចេញជារូបរាងនៅត្រឹមដំណាច់ឆ្នាំ២០២០ បន្ទាប់ពីសេចក្ដីព្រាងច្បាប់នេះ ត្រូវបានពិភាក្សាអស់រយៈពេលជាច្រើនឆ្នាំមក។ ប៉ុន្តែមកដល់ឆ្នាំ២០២២នេះ ច្បាប់នេះមិនទាន់ចេញជារូបរាងនៅឡើយទេ។
បើតាមលោកស្រី ចក់ សុភាព នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា មើលឃើញថា ភាគីរដ្ឋាភិបាល តែងតែលើកឡើងពីកិច្ចខិតខំប្រឹងប្រែងដើម្បីដាក់ចេញនូវច្បាប់ទទួលបានព័ត៌មានជាផ្លូវការ ប៉ុន្តែរហូតមកទល់ឆ្នាំ២០២២នេះ មិនទាន់សម្រេចបានជាលទ្ធផលនៅឡើយ។
លោកស្រីថ្លែងថា៖ «យើងឃើញតែការប្ដេជ្ញា ប៉ុន្តែឃើញថាកិច្ចប្រឹងប្រែងមកដល់បច្ចុប្បន្ននៅអត់ទាន់លេចចេញជាលទ្ធផល»។
លោកស្រីបន្ថែមថា រដ្ឋាភិបាលគួរបញ្ចប់ការតាក់តែងច្បាប់នេះឱ្យបានចេញជារូបរាងឆាប់ៗ ដើម្បីជាកេរ្តិ៍ដំណែល ឬស្នាដៃរបស់រដ្ឋាភិបាល។
លោកស្រីនិយាយថា៖ «បើខ្ញុំមើលអំពីកេរ្តិ៍ដំណែលនៃដំណើរការការតាក់តែងច្បាប់នេះ គឺវាអាចជាកេរ្តិ៍ដំណែលវិជ្ជមានមួយដែលរដ្ឋាភិបាលលោកយកគំរូ ប៉ុន្តែវានឹងមានភាពប្រសើរថែមទៀតប្រសិនបើជាយើងកុំប្រើពេលយូរពេក ព្រោះដំណើរការពី២០១៣មកវាយូរឆ្នាំដែរ»។
លោក មាស សុភ័ណ្ឌ អ្នកនាំពាក្យក្រសួងព័ត៌មានថ្លែងថា មូលហេតុដែលច្បាប់ទទួលបានព័ត៌មានមិនទាន់សម្រេចេញជារូបរាង ដោយសារតែមានបញ្ហាបច្ចេកទេស ការចំណាយពេលយូរក្នុងការពិភាក្សាលើផ្នែកច្បាប់ និងធាតុចូលពីអ្នកពាក់ព័ន្ធ គួបផ្សំក្រសួងព័ត៌មានត្រូវចំណាយពេលសិក្សាបន្ថែមទៀតមុននឹងបញ្ចូនសេចក្ដីព្រាងច្បាប់នេះទៅទីស្ដីការគណៈរដ្ឋមន្រ្តីដើម្បីអនុម័ត។
លោកថ្លែងថា៖ «ដោយសារតែសេចក្ដីព្រាងច្បាប់នេះវាស្ថិតក្នុងនីតិវិធីដ៏ស្មុគស្មាញ និងធ្វើយ៉ាងណាឱ្យស្របទៅតាមគោលការណ៍ណែនាំថ្មីៗរបស់រដ្ឋាភិបាល អំពីនីតិវិធីនៃការកសាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិ ព្រមទាំងធ្វើយ៉ាងណាសេចក្ដីព្រាងច្បាប់នេះមានសុគតភាពទៅនឹងច្បាប់ដែលមានជាធរមាន»។
យ៉ាងណាមិញ អ្នកនាំពាក្យរូបនេះ អះអាងថា ក្រសួងព័ត៌មាននឹងប្រឹងប្រែងបន្ថែមទៀត ហើយកំពុងតែបន្តក្នុងកិច្ចពិភាក្សាពិគ្រោះយោបល់នូវចំណុច ដែលសេសសល់មួយចំនួនពីក្រសួងព័ត៌មាន និងយុត្តិធម៌ ដើម្បីបញ្ចប់កិច្ចពិភាក្សាជំរុញឱ្យសេចក្ដីព្រាងច្បាប់នេះ បញ្ចប់នាពេលខាងមុខតាមដែលអាចធ្វើទៅបាន។
លោក សុភ័ណ្ឌ ថ្លែងថា៖ «ក្រសួងព័ត៌មាននៅតែបន្តប្រឹងប្រែង ក្នុងការឈានទៅបញ្ចប់កិច្ចពិគ្រោះយោបល់ជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ នឹងដាក់ស្នើសុំសេចក្ដីព្រាងច្បាប់នេះ ដើម្បីស្នើសុំការអនុវម័តឆាប់តាមដែលអាចធ្វើបាន»។
លោក ប៉ិច ពិសី នាយកអង្គការតម្លាភាពកម្ពុជា លើកឡើងថា ការទទួលបានព័ត៌មានគឺជាកត្តាដ៏សំខាន់មួយ ដើម្បីធានាជួយទ្រទ្រង់សង្គមប្រជាធិបតេយ្យ និងប្រយោជន៍សាធារណៈហើយធានាបានថា ពលរដ្ឋគ្រប់គ្នាអាចការពារនូវអំពើពុករលួយ។
លោកឱ្យដឹងថា៖ «ការទទួលបានព័ត៌មាន គឺជាកត្តាសំខាន់មួយធានាថា យើងអាចរារាំងអំពើពុករលួយបាន ធានាបាននូវតម្លាភាពហើយគណនេយ្យភាពខ្ពស់នៅក្នុងការដឹកនាំរដ្ឋ ស្ថាប័នសាធារណៈ»។
លោក ពិសី បន្តថា អង្គការសង្គមស៊ីវិល បានផ្ដល់ធាតុចូល និងសំណូមពរទៅក្រសួងព័ត៌មានជាច្រើនដងមកហើយ។ ពិសេសច្បាប់នេះ គួរបញ្ចូលការសន្មតទុកជាមុន ឬអាទិភាពនៃការបើកចំហព័ត៌មានទាំងស្រុងទៅលើការអនុវត្តច្បាប់នេះផងដែរ និងកែសម្រួលមាត្រាចំនួន៨ផងដែរ។
លោកថ្លែងថា៖ «អង្គការសង្គមស៊ីវិលសុំឱ្យមានការត្រួតពិនិត្យ និងកែតម្រូវមាត្រា៣ និងមាត្រា៤ ដើម្បីធានាថា មាត្រាទំាងនោះអាចអនុវត្តបាននៅគ្រប់ស្ថាប័នសាធារណៈទាំងអស់ រួមទាំងស្ថាប័នអនុវត្តមុខងារសាធារណៈ ដូចជាតុលាការ ស្ថាប័ននិតិបញត្តិហើយនឹងអង្គភាពរដ្ឋធម្មនុញ្ញដទៃទៀត ជាពិសេសក៏ដូចជាស្ថាប័នឯកជន ដែលប្រើប្រាស់ថវិកាសាធារណៈ»។
លោកបញ្ជាក់ថា ក្រសួងគួរមានការត្រួតពិនិត្យទៅលើមាត្រា២៥ ដែលនិយាយអំពីការការពារអ្នកផ្ដល់ព័ត៌មាន ដើម្បីធានាការការពារអ្នកផ្ដល់ព័ត៌មានផ្សេងៗ។
លោក ពិសី បានបន្ថែមថា៖ «គួរមានការការពារទៅដល់អ្នកផ្ដល់ព័ត៌មានមាន ទោះក្នុងកាលៈទេសៈណាក៏ដោយ ព្រោះអ្នកផ្ដល់ព័ត៌មានដើរតួនាទីសំខាន់ក្នុងការបម្រើប្រយោជន៍សាធារណៈ»។
កញ្ញា លួត លក្ខណា តំណាងសហគមន៍ជនជាតិដើមភាគតិច លើកឡើងថា ការទទួលបានព័ត៌មានពីអាជ្ញាធរ គឺពិតជាមានសារៈសំខាន់ណាស់ សម្រាប់ការរស់នៅប្រចាំថ្ងៃរបស់ជនជាតិដើមភាគតិច ត្បិតថាព័ត៌មានទាំងនោះ នឹងរួមចំណែកក្នុងការសម្រេចចិត្ត និងទទួលបានព័ត៌មានពិត។
កញ្ញាបញ្ជាក់ថា៖ «វាផ្ដល់ជាមូលដ្ឋានក្នុងការសម្រេចចិត្តកាត់បន្ថយទំនាស់រវាងក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ច និងសហគមន៍។ ការលុបបំបាត់ភាពមិនទុកចិត្តលើអាជ្ញធរក្នុងការបើកចំហព័ត៌មានថវិកា»។
កញ្ញា លក្ខណា ថ្លែងថា សហគមន៍មួយចំនួននៅតែមិនអាចទទួលបានព័ត៌មានពេញលេញពីសំណាក់អាជ្ញាធរ អំពីការផ្ដល់ដីសម្បទានសេដ្ឋកិច្ចទៅឱ្យក្រុមហ៊ុនឯកជន ថែមទាំងមិនអាចចូលរួមពិគ្រោះយោបល់អំពីរបាយការណ៍ផលប៉ះពាល់បរិស្ថានទៀតផង ដែលជាហេតុធ្វើឱ្យមានការរំលោភសិទ្ធិជនជាតិដើមភាគតិច។
កញ្ញាបានបន្ថែមថា៖ «សហគមន៍មួយចំនួនទទួលរងការឈូសឆាយ រំលោភបំពានពីសំណាក់ក្រុមហ៊ុនឯកជន ដែលធ្វើឱ្យប៉ះពាល់ដល់ជីវភាព និងការរស់នៅអាស្រ័យផល ទំនៀមទំលាប់ប្រពៃណីរបស់ជនជាតិដើមភាគតិច ជាហេតុធ្វើឱ្យមានការរំលោភសិទ្ធិជនជាតិដើមភាគតិច»។
គួរជម្រាបជូនថា កាលពីខែមិថុនាកន្លងទៅ ក្រុមអង្គការសង្គមស៊ីវិលចំនួន៣៣ បានដាក់លិខិតទៅកាន់ខុទ្ទកាល័យលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដោយស្នើសុំឱ្យលោកជួយជំរុញដើម្បីបញ្ចប់សេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន ដែលត្រូវបានពន្យាពេលយ៉ាងយូរបញ្ជូនទៅរដ្ឋសភាដើម្បីអនុម័ត៕