ក្រុមអង្គការសង្គមស៊ីវិល និងសហគមន៍ការពារព្រៃឈើ ស្នើឱ្យក្រសួងបរិស្ថាននិងក្រសួងកសិកម្ម ឱ្យមានការប្ដេជ្ញាចិត្តក្នុងការការពារព្រៃឈើនិងយកចិត្តទុកដាក់លើការទប់ស្កាត់បទល្មើសធនធានធម្មជាតិ និងបើកសិទ្ធិឱ្យសហគមន៍អាចចុះល្បាតក្នុងមូលដ្ឋានផងដែរ។
ចាប់តាំងពីដើមឆ្នាំ២០២០ បណ្តាញសហគមន៍ព្រៃឡង់ យុវជន និងអង្គការសង្គមស៊ីវិល ត្រូវបានមន្ត្រីក្រសួងបរិស្ថាន និងអាជ្ញាធរមូលដ្ឋាន ហាមឃាត់ទាំងស្រុងមិនឱ្យចូលល្បាតព្រៃក្នុងតំបន់ការពារនេះបន្តទៀត ក្រោមហេតុផលថាសហគមន៍មិនបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ។
យោងតាមញត្តិដែលដាក់ជូនទៅកាន់លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខប្រមាញ់និងនេសាទ កាលពីសប្ដាហ៍មុន ឱ្យដឹងថា ក្រុមអង្គការសង្គមស៊ីវិលទាំងនោះ បានបង្ហាញក្ដីបារម្ភចំពោះ គម្របព្រៃឈើនៅកម្ពុជាដែលបន្តរកឃើញថាមានការបាត់បង់ និងការលួចបំផ្លាញជាបន្តបន្ទាប់ ខណៈលំហូរសិទ្ធិសេរីភាពចំពោះការចូលរួមក្នុងការការពារព្រៃឈើ និងធនធានធម្មជាតិដោយស្ម័គ្រចិត្តនៅតែបន្តរងការរឹតត្បិត។
អង្គការសង្គមស៊ីវិលទាំង២២នោះរួម សមាគមបណ្ដាញយុវជនកម្ពុជា បណ្ដាញសហគមន៍ព្រៃឡង់ អង្គការសិទ្ធិមនុស្សកម្ពុជា បណ្ដាញព្រៃព្រះរកា។ល។
លោក ស្រី ទីន សកម្មជនការពារព្រៃឡង់ នៅភូមិឫស្សីស្រុក ឃុំរួសរាន់ ស្រុករវៀង ខេត្តព្រះវិហារ និយាយថា ជារៀងរាល់ថ្ងៃ លោកបានឃើញ ការកាប់បំផ្លាញព្រៃឈើ និងដឹកជញ្ជូនឈើយ៉ាងអាណាធិបតេយ្យនៅក្នុងតំបន់របស់លោក។
លោក ទីន បន្តថា ក្នុងមួយថ្ងៃមានការដឹកឈើតាមគោយន្តចន្លោះពី៣០ទៅ៤០គោយន្ត ក្នុងនោះគោយន្តមួយដឹកប្រមាណពី១គីបកន្លះទៅ២គីប ដោយយកទៅឱ្យឈ្មួញកណ្ដាលដែលរងចាំទិញនៅតាមភូមិ។
លោកនិយាយថា៖«ខ្ញុំចូលដោយសារខ្ញុំមិនខ្លាចអាជ្ញាធរឬអ្នកណាមួយ ដោយសារព្រៃឡង់គឺជាព្រៃរបស់យើងទាំងអស់គ្នាមិនមែនជាព្រៃរបស់ក្រសួងបរិស្ថានឬមន្ត្រីណាមួយទេ យើងមានសិទ្ធិចូលការពារទាំងអស់ ខ្ញុំចូលត្រង់ៗហ្មង»។
សកម្មជនព្រៃឈើរូបនេះ ឱ្យដឹងទៀតថា ដើមឈើដែលរងការកាប់បំផ្លាញទាំងនោះមានដូចជាប្រភេទដើមសុក្រម ដើមទាល ដើមពពាល ប៉ុន្តែលោកពុំដឹងថាគេយកវាដើម្បីធ្វើអ្វីនោះឡើយ។
លោកនិយាយថា៖«អ្នកកាប់មានអ្នកភូមិនិងអ្នកចម្ងាយ ព្រោះ[អ្នកចង្ងាយ]ថៅកែនាំមក។ឈ្មួញកណ្ដាលទិញនៅតាមភូមិ ប៉ុន្តែមិនដឹងដឹកទៅណាទេ គេមានឡានហាយឡេនដឺ (HIGHLANDER) តាកូមា(TACOMA)ចាំនៅភូមិ»។
អ្នកស្រី ជួន ឃឹម ជាសកម្មជនបណ្ដាញសហគមន៍ព្រៃព្រះរកា នៅភូមិម្លូព្រៃមួយ ឃុំម្លូព្រៃមួយ ស្រុកឆែប ខេត្តព្រះវិហារ និយាយថា កាលពីពាក់កណ្ដាលខែមិនា អ្នកស្រីនិងសកម្មជនការពារព្រៃឈើចំនួន៣នាក់ បានលួចចូលក្នុងព្រៃព្រះរកា ក៏ឃើញមនុស្សប្រហែល១០នាក់កំពុងអាឈើជាមួយរណាយន្ត។
អ្នកស្រី សង្កេតឃើញថា ប្រភេទឈើដែលកាប់នោះ គឺដើមឈើទាលសម្រាប់យកទៅធ្វើគ្រឿងសង្ហារឹម។
អ្នកស្រីនិយាយថា៖ «ឈើដឹកចេញម្ដុំភូមិពោធិទៀត តំបន់នុងឈើច្រើនហើយចេញរាល់ថ្ងៃ ឃើញគេបរគោយន្តច្រើន។ ចូលទៅជួនកាលឃើញដឹកឈើមកផុតទៅ។ លួចចូល បើសិនជាគេកាប់[ដើមជ័រ]ច្បោះពួកយើង យើងនាំគ្នាអន្តរាគមន៍»។

បើតាមញត្តិខាងលើដដែល ឱ្យដឹងថា រយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ ស្ថានភាពគម្របព្រៃឈើនៅកម្ពុជាបានបន្តធ្លាក់ចុះយ៉ាងឆាប់រហ័សពីចំនួន៦១,១៥% នៅឆ្នាំ២០០២ មកត្រឹម៤៦,៨៦% គិតត្រឹមឆ្នាំ២០១៨។ និន្នាការនៃការធ្លាក់ចុះគម្របព្រៃឈើនេះ ជាសញ្ញាមួយបង្ហាញថាកម្ពុជាទំនងមិនអាចអនុវត្តនូវទិសដៅក្នុងការបង្កើតគម្របព្រៃឈើឡើងវិញឱ្យបាន៦០% នៃផ្ទៃដីសរុបរបស់ប្រទេសកម្ពុជាត្រឹមឆ្នាំ២០២៩បានឡើយ។
ប្រភពដដែលបន្ថែមថា កន្លងមកប្រទេសកម្ពុជា ធ្លាប់បរាជ័យក្នុងការលុបបំបាត់នូវភាពក្រីក្ររបស់ប្រជាពលរដ្ឋ និងការធានានិរន្តរភាពបរិស្ថាននិងការថែរក្សាឱ្យបាននូវគម្របព្រៃឈើ៦០%ត្រឹមឆ្នាំ២០១៥ផងដែរ។
លោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ ទទួលស្គាល់ថា ពិតជាមានការកាប់បំផ្លាញព្រៃឈើក្នុងតំបន់លោកគ្រប់គ្រងជារៀងរាល់ថ្ងៃ។
លោកថ្លែងថា៖«មន្ទីរបរិស្ថានគេរាយការណ៍ឱ្យខ្ញុំរាល់ថ្ងៃ ខ្ញុំបានហាមឃាត់រាល់ថ្ងៃអារឿងកាប់ព្រៃឈើ។ ចាប់បានរាល់តែថ្ងៃតាំងពីរណា[យន្ត] ឧបករណ៍ដែលធ្វើសកម្មភាព»។
លោក សុវណ្ណ អះអាងថា ហេតុដែលនាំឱ្យមានការកាប់បំផ្លាញព្រៃឈើនេះបន្តកើតឡើង ព្រោះកម្លាំងសមត្ថកិច្ចមានចំនួនតិច ខណៈព្រៃតំបន់ការពារមានភាពធំទូលាយ។
លោកមានប្រសាសន៍ថា៖ «កម្លាំងវាតិច ដល់ចឹងគ្រប់គ្រងវាអត់បានគ្រប់ជ្រុងជ្រោយទេ ព្រៃវាធំ ខ្វះខាតថវិកាក្នុងការជួលកម្លាំង»។
យោងតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ត្រង់មាត្រា៣៥ ឱ្យដឹងថា ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ មានសិទ្ធិចូលរួមយ៉ាងសកម្មក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គម និងវប្បធម៌របស់ប្រទេសជាតិ។ សេចក្ដីស្នើទាំងឡាយរបស់ប្រជាពលរដ្ឋ ត្រូវបានទទួលការពិនិត្យនិងដោះស្រាយយ៉ាងហ្មត់ចត់ពីអង្គការរដ្ឋ។
លោក ហេង គឹមហុង ប្រធានផ្នែកកម្មវិធីស្រាវជ្រាវ និងតស៊ូមតិនៃសមាគមបណ្ដាញយុវជនកម្ពុជា មានប្រសាសន៍ថា ការដាក់ញត្តិនេះ គឺដើម្បីឱ្យមានការបើកឱ្យអនុវត្តសិទ្ធិ និងករណីយកិច្ចនានាចំពោះសហគមន៍មូលដ្ឋាន សហគមន៍ជនជាតិដើមភាគតិច សាធារណជន សមាគម អង្គការសង្គមស៊ីវិល ឱ្យស្របតាមច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ។
លោកថ្លែងថា៖«មកដល់បច្ចុប្បន្ននេះ ពុំទាន់មានការឆ្លើយតបណាមួយពីក្រសួងទេ។ ដំបូងឡើយខាងក្រសួងអនុញ្ញាតឱ្យយើងជួបនៅថ្ងៃ៦ ឥឡូវនេះក្រសួងទាក់ទងមកពន្យាពេលនិងពុំមានការកំណត់ច្បាស់លាស់ទេ»។
លោក នេត្រ ភក្ដ្រា អ្នកនាំពាក្យក្រសួងបរិស្ថាន មានប្រសាសន៍ថា បើទោះបីជាពុំមានការដាក់ញត្តិពីខាងអង្គការសង្គមស៊ីវិល ក៏រដ្ឋាភិបាលកម្ពុជាបានប្ដេជ្ញាចិត្តក្នុងការការពារព្រៃឈើនិងអភិរក្សធនធានធម្មជាតិ ព្រមទាំងបញ្ឈប់ការបាត់បង់ព្រៃឈើត្រឹមឆ្នាំ២០៤៥ផងដែរ។
លោក ភក្ត្រា បន្តថា ក្រសួងបរិស្ថានស្វាគមន៍រាល់អ្នកដែលចង់ចូលរួមក្នុងការការពារនិងអភិរក្សធនធានធម្មជាតិដោយស្មោះត្រង់ មានវិជ្ជាជីវៈនិងគោរពគ្នាទៅវិញទៅមក ហើយបច្ចុប្បន្ននេះ ក្រសួងក៏កំពុងសហការជាមួយអង្គការក្រៅរដ្ឋាភិបាលនានាក្នុងកិច្ចអភិរក្សធនធានធម្មជាតិនេះដែរ។
បើតាមអ្នកនាំពាក្យរូបនេះ ឱ្យដឹងថា ប្រទេសកម្ពុជាបច្ចុប្បន្ននេះមានគម្របព្រៃឈើលើផ្ទៃដីសរុប៨,៥លានហិកតា ឬស្មើប្រមាណ៤៦,៨៦% ក្នុងនោះ៤១%ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន។
លោក ភក្រ្តា បានគូសបញ្ជាក់ថា ការអនុវត្តច្បាប់ដើម្បីពង្រឹងការគ្រប់គ្រង និងអភិរក្សធនធានធម្មជាតិ មិនត្រូវបានចាត់ទុកថាជាការរឹតត្បិតសិទ្ធិសេរីភាពឡើយ។
លោកមានប្រសាសន៍ថា៖ «ពួកគេ[ក្រុមអង្គការសង្គមស៊ីវិលដែលដាក់ញត្តិ]គួរមានកិច្ចព្រមព្រៀង ឬអនុស្សរណៈជាមួយក្រសួងបរិស្ថានស្របតាមច្បាប់ ហើយប្រសិនបើសមាគមនិងអង្គការរបស់ពួកគេ មិនទាន់បានចុះបញ្ជីស្របច្បាប់ទេ គួរចុះបញ្ជី និងរកភាពស្របច្បាប់មុនសិន»។
យោងតាមច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ មាត្រា២១ បានគូសបញ្ជាក់ថា សហគមន៍មូលដ្ឋាន សហគមន៍ជនជាតិដើមភាគតិច សាធារណជន និងសង្គមស៊ីវិល ត្រូវបានលើកទឹកចិត្តឱ្យមានការចូលរួមយ៉ាងពេញលេញក្នុងការផ្ដល់ និងការទទួលយកព័ត៌មានទាក់ទងនឹងការគ្រប់គ្រង ការអភិរក្ស និងការអភិវឌ្ឍក្នុងតំបន់ការពារធម្មជាតិ។
ដោយឡែក មាត្រា២៧ ឱ្យដឹងថា រដ្ឋបាលការពារនិងអភិរក្សធម្មជាតិត្រូវសិក្សាពីលទ្ធភាពរៀបចំសហគមន៍តំបន់ការពារធម្មជាតិ កំណត់ទីតាំងច្បាស់លាស់ និងទំហំឱ្យបានសមស្របដោយមានការពិគ្រោះយោបល់និងការសម្របសម្រួលជាមួយអាជ្ញាធរដែនដី សហគមន៍មូលដ្ឋាន និងជនជាតិដើមភាគតិច។
ជាមួយគ្នានេះដែរ អង្គការក្រៅរដ្ឋាភិបាលជាតិ អន្តរជាតិ និងសង្គមស៊ីវិល ត្រូវបានលើកទឹកចិត្តឱ្យចួលរួមគាំទ្រ និងសម្របសម្រួលក្នុងដំណើរការរៀបចំ និងការអនុវត្តរបស់សហគមន៍តំបន់ការពារធម្មជាតិ។ ចំណែកមាត្រា២៩ ឱ្យដឹងទៀតថា ប្រជាពលរដ្ឋ ព្រះសង្ឃ សិស្សានុសិស្ស មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរមូលដ្ឋាន មានករណីយកិច្ចចូលរួមការពារ អភិរក្ស និងស្ដារធនធានធម្មជាតិឡើងវិញក្នុងតំបន់ការពារធម្មជាតិ៕