សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

សង្គមស៊ីវិលទទូចឱ្យរដ្ឋាភិបាលបញ្ឈប់ការប្រើអំពើហិង្សានិងគំរាមកំហែងលើ​កូដករ​ណាហ្គាវើលដ៍

កញ្ញា ឈឹម ស៊ីថរ ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខែ្មរ នៃក្រុមហ៊ុនណាហ្គាវើលដ៍ ត្រូវបានឃាត់ខ្លួននៅក្បែរស្ថានទូតអូស្ត្រាលី ក្នុងរាជធានីភ្នំពេញ ខណៈដែលកញ្ញាបានចូលរួមធ្វើកូដកម្មទាមទារឲ្យក្រុមហ៊ុនដោះស្រាយវិវាទការងារ។ រូបថតនៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២២។ ខេមបូចា/ ព្រីង សំរាំង
កញ្ញា ឈឹម ស៊ីថរ ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខែ្មរ នៃក្រុមហ៊ុនណាហ្គាវើលដ៍ ត្រូវបានឃាត់ខ្លួននៅក្បែរស្ថានទូតអូស្ត្រាលី ក្នុងរាជធានីភ្នំពេញ ខណៈដែលកញ្ញាបានចូលរួមធ្វើកូដកម្មទាមទារឲ្យក្រុមហ៊ុនដោះស្រាយវិវាទការងារ។ រូបថតនៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២២។ ខេមបូចា/ ព្រីង សំរាំង

ក្រុមសង្គមស៊ីវិលបានសម្ដែងនូវការ​ព្រួយ​បារម្ភ និងស្នើឱ្យរដ្ឋាភិបាល​បញ្ឈប់​នូវស្ថានភាព​តានតឹងចំពោះកូដករណាហ្គាវើលដ៍ ដោយ​សារតែអាជ្ញាធរបាន​ប្រើ​ប្រាស់ហិង្សា ការបៀត​បៀន​ និងការគំរាមកំហែងនានា ជាពិសេស​គឺការដឹកជញ្ជូន​ពួកគេទៅទុកចោល​នៅ​ជាយ​ក្រុងភ្នំពេញដល់យប់ទើបឱ្យត្រឡប់មកផ្ទះវិញ។

សេចក្ដីថ្លែងការណ៍រួមរបស់អង្គការសង្គមស៊ីវិលចំនួន៧២ស្ថាប័ន​រួមមានអង្គការ​លីកាដូ អាដហុក CCHR ខេមបូចា​ និងអង្គការផ្សេងទៀត នៅថ្ងៃទី២៥ ខែមិនា ឆ្នាំ២០២២ ​បានឱ្យ​ដឹងថា នា​ពេលថ្មីៗនេះ​ ​អាជ្ញាធរ​បាន​បង្កើន​ការ​ឃាត់ខ្លួន​ ​និង​ការប្រើប្រាស់​អំពើ​ហិង្សា​គួរ​ឱ្យ​ព្រួយបារម្ភ​ ​ទៅលើ​សមាជិក​សហជីព​ ​នៅ​ខាងមុខ​ក្រុមហ៊ុន​កា​ស៊ី​ណូ​ណា​ហ្គាវើ​ល​ដ៍ ​ក៍ដូច​ជា​ការ​រឹតត្បិត​ខ្លាំង​ឡើង​ចំពោះ​អ្នកឃ្លាំ​មើល​​សិទ្ធិមនុស្ស​ ​និង​អ្នក​សារ​ព័ត៌មាន​ ​ដែល​ឃ្លាំ​មើល​ការ​បង្ក្រាប​កាន់តែ​អាក្រក់​ទៅ​ៗ​ពី​សំណាក់​អាជ្ញាធរ​ ​។​

សេចក្ដីថ្លែងការណ៍នេះបានអះអាងថា៖«យើងខ្ញុំក្រុម​សង្គម​ស៊ីវិលស្នើសុំ​រាជរដ្ឋាភិបាល​ឱ្យ​បញ្ឈប់​ស្ថានភាព​តានតឹង​នេះ​ ​ហើយ​បញ្ឈប់​ការ​បំភិតបំភ័យ​លើ​កូដករ​ម្តង​ហើយ​ម្តងទៀត​ ​ដែល​រួម​មានការ​​​ដឹក​អ្នក​ទាំងនោះ​ទៅកាន់​កន្លែង​ដែល​ឆ្ងាយ​ពី​ទីក្រុង​ ​ហើយ​ទុក​ពួកគេ​ចោល​នៅ​ពេល​យប់ជ្រៅស្ងាត់​»​។​

សេចក្ដីថ្លែងការណ៍ បានបញ្ជាក់ថា នា​ពេលថ្មីៗនេះ​ ​អាជ្ញាធរ​បាន​រុញ​កូដករ​ចូល​ទៅ​ក្នុង​រថយន្តក្រុង​ដោយ​ហិង្សាជារៀងរាល់ថ្ងៃ​ ​ហើយ​ដឹក​កូដករទាំងនោះ​ទៅកាន់​ជាយក្រុង​ ​ហើយ​ទុក​ពួកគេ​ចោល​ ​ដោយបង្ខំ​ឱ្យ​ពួកគេ​រក​មធ្យោបាយ​ធ្វើដំណើរ​ត្រឡប់មក​ផ្ទះ​វិញ​ដោយខ្លួនឯង​ ​។​

អង្គការលីកាដូ ចាត់ទុក​សកម្មភាពទាំងនេះ​ ​គឺជា​សកម្មភាព​ដែល​មិន​ត្រឹមត្រូវ​ទាំងស្រុង​ ​និង​ជា​ការ​ដាក់ទណ្ឌកម្ម​យ៉ាង​ច្បាស់​មក​លើ​ក្រុម​កូដករ​នៃ​សមាជិក​សហជីព​ណា​ហ្គាវើ​ល​ដ៍ ​ដោយ​​​មិន​មាន​មូលហេតុ​ស្រប​ច្បាប់​ណាមួយ​ត្រូវ​បាន​លើកឡើង​ដោយ​អាជ្ញាធរ​។​

បើតាមកញ្ញា ពៅ រស្មី អាយុ២៦ ជាបុគ្គលិកផ្នែកកម្មសិក្សា តួនាទីចែកបៀនៅក្រុមហ៊ុន​ណាហ្គាវើលដ៍ បានឱ្យដឹងថា សកម្មភាពដែលអាជ្ញាធរបានធ្វើមកលើកូដករ មានដូចជាការ​ប្រើអំពើហិង្សា ការប្រើពាក្យមិនសមរម្យ និងការដែលដឹកជញ្ជូនពួកគេ​ទៅម្ដុំសួនសត្វ​ភ្នំពេញសាហ្វារី ដើម្បីឱ្យតែផុតពីក្រុមហ៊ុនណាហ្គាវើលដ៍ គឺជារឿងដែលមិនអាច​ទទួល​យកបាន និងអយុត្តិធម៌សម្រាប់ពួកគេបំផុត។

កញ្ញា រស្មី បានរៀបរាប់ថា៖«ការដែលចាប់ពួកខ្ញុំទៅសួនសត្វគឺជារឿងប្លែកពេកហើយ ពួក​ខ្ញុំអត់មានវិវាទអីជាមួយសត្វ​ ឬអាជ្ញាធរទេ គឺមានវិវាទតែជាមួយ​ក្រុមហ៊ុនណាហ្គាវើលដ៍​ទេ វាអយុត្តិធម៌ណាស់សម្រាប់ពួកខ្ញុំ។ ខ្ញុំអត់អាចទទួលយកបានទេ»។

កូដករស្រ្តីវ័យ២៦ឆ្នាំរូបនេះ បន្តទៀតថា កាលពីពេលថ្មីនេះ អាជ្ញាធរបានប្រើកម្លាំងបាយ ដោយចាប់ហែកអាវរបស់នាងទាំងកំរោល​ទាំងដែលរូបនាងឡើងដល់លើឡានហើយក្ដី ហើយកញ្ញាមិននឹកស្មានដល់នូវទង្វើបែបនេះរបស់អាជ្ញធរ ខណៈពួកគេចេញ​ទាមទារ​ដើម្បីដំណោះស្រាយសមរម្យមួយពីក្រុមហ៊ុនតែប៉ុណ្ណោះ។

កញ្ញា​ក៍បានស្នើទៅសាលារាជធានីភ្នំពេញ និងក្រសួងការងារមេត្តានៅចំណុចកណ្ដាល និងដោះស្រាយដោយស្របច្បាប់សម្រាប់កម្មករ សូមកុំមានការលំអៀងទៅក្រុមហ៊ុន ហើយរូបនាង និងកូដករផ្សេងទៀត នៅតែបន្តធ្វើកូដកម្មនៅក្បែររបងក្រុមហ៊ុនដដែល បើទោះបីមានការបៀតបៀន និងគំរាមកំហែងពីអាជ្ញាធរក៍ដោយ។

កញ្ញា រស្មី បន្តថា៖«ថ្ងៃហ្នឹង គាត់[អាជ្ញាធរ]ហែកអាវខ្ញុំ ខ្ញុំជាមនុស្សស្រីនៅលីវ ចុះបើខ្ញុំអត់ពាក់អាវក្នុង វាអាក្រក់មើលប៉ុណ្ណា? ពួកខ្ញុំត្រូវការដំណោះស្រាយពីក្រុមហ៊ុន មិនមែនដំណោះស្រាយពីសួនសត្វទេ ចឹងសូមអាជ្ញាធរ និងក្រសួងការងារឈរកណ្ដាល កុំលំអៀងទៅក្រុមហ៊ុន ហើយពួកខ្ញុំនៅតែបន្តកូដកម្មដដែល »។

បុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ស្រែកសុំឲ្យជួយ ខណៈអាជ្ញាធរបានចាប់ខ្លួន​កូដករ​ដាក់​ចូលក្នុងឡានក្រុង នៅពេលដែលពួកគេព្យាយាមធ្វើកូដកម្មឡើងវិញនៅមុខសណ្ឋាគារ និងកាស៊ីណូណាហ្គាវើលដ៍ ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី១៦ ខែមិនា ឆ្នាំ២០២២។ ខេមបូចា/ព្រីង សំរាំង

ចំណែកលោកម៉េត មាសភក្ដី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ មិនអាចទាក់ទង​ដើម្បី​សុំការអត្ថាធិប្បាយបានឡើយជុំវិញបញ្ហាខាងលើនេះ។

ប៉ុន្តែយោងតាមសេចក្ដីប្រកាសរបស់អ្នកនាំពាក្យរូបនេះ កាលពីថ្ងៃទី២៤ ខែមិនា បានឱ្យ​ដឹងថា ក្រុមបាតុករដែលជាអតីតបុគ្គលិក និងបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ នៅបន្ត​សន្សំចិត្តមកប្រមូលផ្តុំធ្វើបាតុកម្មខុសច្បាប់តាមទីសាធារណៈដោយមិនអនុវត្តតាមការ​ណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ និងបន្តបំពានធ្វើសកម្មភាព​ខុសច្បាប់ជា​ច្រើនលើក​ច្រើនសារ តាមការរៀបចំរបស់អ្នកដឹកនាំរឿង ដើម្បីកេងចំណេញរូបភាព​បម្រើម​ហិច្ឆតា​របស់ក្រុមខ្លួន។  

ក្នុងសេចក្ដីប្រកាសរបស់អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញដដែល បានចោទកូដករថា បានប្រើអំពើហិង្សាធ្វើឱ្យអាជ្ញាធរមានសមត្ថកិច្ចស្នាមរបួសក និងសម្ដែងជាតួកម្សត់តាម​សេនារីយូ ដើម្បីយកសេចក្ដីអាណិតអាសូរពីសាធារណជន។

ក្នុងសេចក្ដីប្រកាសរបស់អ្នកនាំពាក្យបានលើកឡើងថា៖«ក្រុមបាតុករទៅវិញទេដែល​ធ្វើ​សកម្មភាពជេរប្រមាថតិះដៀល ប្រើកាយវិការ អសីលធម៌ជាទីបំផុតដែលមិនសាកសម​ជា​នារីខ្មែរ រហូតឈានដល់ប្រើអំពើហិង្សាបង្ករបួសស្នាមមក លើអាជ្ញាធរមានសមត្ថកិច្ច»

ជុំវិញបញ្ហានេះ លោកស្រី ចក់ សុភាព នាយិកា​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា បានមាន​ប្រសាសន៍ថា  សិទ្ធិក្នុងការធ្វើកូដកម្មរបស់កម្មករគឺត្រូវបានបំពាន ហើយអាជ្ញាធរមិនបាន​បង្កបរិយាកាសអំណោយផលសម្រាប់ការធ្វើកូដកម្មដោយស្របច្បាប់របស់កូដករ ដូច្នេះ អាជ្ញាធរមិនគួរធ្វើការរារាំង ឬបង្រ្កាបមកលើក្រុមកូដករឡើយ ខណៈការ​តវ៉ារបស់​ពួកគេ​គឺស្របច្បាប់។

លោកស្រីមានប្រសាសន៍បន្តថា កន្លងមកអាជ្ញាធរ បានបកស្រាយខុស និងបង្វែរការ​ធ្វើ​កូដកម្ម​​ ទៅជាការធ្វើបាតុកម្មទៅវិញ ដែលជារឿងមួយផ្ទុយពីស្មារតី​នៃច្បាប់ការងារ​របស់​កម្ពុជា។

លោកស្រី សុភាព ថ្លែងថា៖«កម្មករនិយោជិត គឺគាត់អាចធ្វើកូដកម្ម ក្នុងករណីវិវាទការងារ​ហ្នឹងមិនបានដោះស្រាយត្រឹមត្រូវ ហើយចំណោទនេះមានតាំងពីដើមទី គឺសិទ្ធិធ្វើកូដកម្ម​ត្រូវបានបំពាន និងអាជ្ញាធរមិនបានបង្កបរិយាកាសអំណោយផល និងគោរពទៅតាមការ​ប្ដេជ្ញាចិត្តរបស់ខ្លួនស្របតាមស្មារតីច្បាប់»។

នាយិកានៃមជ្ឈមណ្ឌលសិទ្ធិមនុស្ស បន្តទៀតថា ថ្នាក់ដឹកនាំគួរធ្វើការពិនិត្យឡើងវិញ​ចំពោះទង្វើរបស់អាជ្ញាធរ ដែលបានប្រើប្រាស់ហិង្សា ភាសាអាសគ្រាម និងការបៀតបៀន​ផ្សេងៗមកលើស្រ្តីជាកូដករ ដែលបានបំពានមកលើសិទ្ធិស្រ្តី និងសិទ្ធិពលរដ្ឋផងដែរ ខណៈ​កម្ពុជាទទួលស្គាល់នូវអនុសញ្ញាស៊ីដ(CEDAW) និងតែងតែអះអាងថាលើកកម្ពស់សិទ្ធិស្រ្តី តែផ្ទុយ​ទៅវិញបែរជាមានសកម្មភាពរំលោភបំពានស្រ្តីទៅវិញ។

លោកស្រី សុភាព អះអាងយ៉ាងដូច្នេះថា៖« អាជ្ញាធរបានប្រើនូវហិង្សា មានករណីចោទ​ប្រកាន់ក្នុងការប្រើប្រាស់ពាក្យសម្ដីអាសគ្រាម ឬក៍ការបៀតបៀនផ្លូវភេទ កន្លែងនេះ​ថ្នាក់​ដឹកនាំគួរតែធ្វើការពិនិត្យ និងយកចិត្តទុកដាក់មែនទែន ព្រោះកម្ពុជាទទួលស្គាល់​អនុញ្ញាស៊ីដ និងតែងតែលើកឡើងថាខ្លួនលើកកម្ពស់សមភាពយេនឌ័រ លើក​កម្ពស់​សិទ្ធិស្រ្តី»។

យ៉ាងណាមិញ បើតាមអង្គការលីកាដូ កត់សម្គាល់ឃើញថា កូដករ​ជា​ស្ត្រី​ ​មកពី​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណា​ហ្គាវើ​ល​ដ៍ ​ត្រូវ​បាន​ដាក់​គោលដៅ​ជាមួយ​អំពើ​ហិង្សា​ ​ការបៀតបៀន​ផ្លូវ​ភេទ​ ​ការ​ចាប់​ដាក់​ពន្ធ​នាគា​រ​ ​និង​ការ​អនុវត្ត​ដោយ​រំលោភបំពាន​ ​នៃ​វិធានការ​ការពារ​ជំងឺ​កូ​វី​ដ​-​១​៩​ ​ដើម្បី​ឆ្លើយតប​ទៅ​នឹង​កូដកម្ម​អហិង្សា​របស់​ពួកគេ​ ​ចាប់តាំង​ថ្ងៃទី១៨ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​១​ ​។​

សូមជម្រាបជូនថា សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​​ណាហ្គាវើលដ៍ ​បានចេញ​ធ្វើ​កូដកម្ម​ដោយ​សន្តិវិធី​ ​និង​ក្នុង​ក្របខណ្ឌ​នៃ​ច្បាប់​ជាតិ​ ​និង​ច្បាប់អន្តរជាតិ​ ​ដែល​ធានា​អំពី​សិទ្ធិ​ក្នុង​ការ​ជួបជុំ​ ​និង​ប្រមូលផ្ដុំ​គ្នា​ដោយសេរី​ ​ចាប់ពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១មកម៉្លេះ។​ ​ប៉ុន្តែ​ការ​ឆ្លើយតប​របស់​រាជរដ្ឋាភិបាល​ ​ចំពោះ​កូដកម្ម​នេះ​ ​គឺជា​ការ​ចាប់ខ្លួន​អ្នកដឹកនាំ​ ​សមាជិក​ ​និង​សកម្មជន​សហជីព​ចំនួន​១​១​រូប​ទៅវិញ​ ​ពាក់ព័ន្ធ​នឹង​បទ​ចោទ​មិន​ត្រឹមត្រូវចំពោះពួកគេ​ ​។​

ថ្វីបើយ៉ាងនេះក្ដី បន្ទាប់ពីរយៈពេល៣ខែ​ ​ដែលថ្នាក់ដឹកនាំសហជីព និងសកម្មជនជាប់ឃុំ​ ​ហើយត្រូវ​បាន​តុលាការ​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​ក្តី​ ​ក៍​បទ​ចោទ​ទៅលើ​ពួកគេ​មិនទាន់​ត្រូវ​បាន​ទម្លាក់​ចោល​នៅឡើយ​ទេ​ ​ខណៈការចូលតុចរចា​ជាបន្តបន្ទាប់ជាមួយ​ក្រុមហ៊ុនណាហ្គាវើលដ៍ នៅមិនទាន់មានលទ្ធផលជាផ្លែផ្កានៅឡើយ៕

1,056 views

ព័ត៌មានថ្មី

អត្ថបទពេញនិយម