សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ការបិទស្ថាប័នព័ត៌មានឯករាជ្យ វីអូឌី នាំមកនូវក្ដីកង្វល់អំពីការរឹតត្បិតសេរីភាពសារព័ត៌មាននៅកម្ពុជា

ការបិទស្ថាប័នព័ត៌មានឯករាជ្យ វីអូឌី បានធ្វើឱ្យមជ្ឈដ្ឋានជាតិនិងអន្តរជាតិសម្ដែងក្ដីបារម្ភអំពីការរឹតត្បិតសេរីភាពសារព័ត៌មាន សិទ្ធិបញ្ចេញមតិ និងការធ្លាក់ចុះនូវលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ខណៈការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ កាន់តែខិតជិតចូលមកដល់ ។ ទន្ទឹមនឹងនេះដែរ ការលុបអាជ្ញាបណ្ណនៃស្ថាប័នសារព័ត៌មាន វីអូឌី បាននាំមកនូវភាពសោកសៅក៏ដូចជាបណ្ដាលឱ្យបុគ្គលិកនិងអ្នករាយការណ៍ព័ត៌មានរាប់សិបនាក់បាត់បង់ការងារនិងបាត់ឱកាសបំពេញវិជ្ជាជីវៈជាអ្នកសារព័ត៌មានឯករាជ្យ ។

ការបិទស្ថាប័នព័ត៌មាន វីអូឌី គឺធ្វើឡើងតាមរយៈការលុបអាជ្ញាបណ្ណប្រតិបត្តិការផ្សព្វផ្សាយព៌ត៌មាន ដោយក្រសួងព័ត៌មាននៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ តាមបញ្ជារបស់នាយករដ្ឋមន្ត្រី ហ៊ុន សែន បន្ទាប់ពីស្ថាប័ននេះបានចេញផ្សាយអត្ថបទមួយថា លោក ហ៊ុន ម៉ាណែត បានចុះហត្ថលេខាលើជំនួយទៅប្រទេសទួកគីជំនួស នាយករដ្ឋមន្ត្រី ហ៊ុន សែន ។ មុននឹងបញ្ជាឱ្យបិទ លោក ហ៊ុន សែន បានដាក់ឱសានវាទ ៧២ម៉ោង ប៉ុន្តែបង្រួមមកនៅត្រឹម២៤ម៉ោងវិញ ក្រោយពីលោកមិនទទួលយកពាក្យសូមអធ្យាស្រ័យ និងសូមអភ័យទោស ។

49 views