សាលាដំបូងរាជធានីភ្នំពេញបានស្នើឲ្យមន្ត្រីជំនាញផ្នែកវិភាគធ្វើការស្រាវជ្រាវ បន្ទាប់ពីមានការចោទប្រកាន់របស់អតីតសមាជិកគណបក្សសង្គ្រោះជាតិ ដែលអះអាងថា ជាតិវិទ្យុសកម្មបានធ្វើឲ្យប៉ះពាល់ដល់ការចងចាំរបស់ពួកគាត់ អំឡុងពេលសវនាការមួយក្នុងចំណោមសវនាការ៤ ដាច់ដោយឡែកពីគ្នាលើអតីតសមាជិកគណបក្សប្រឆាំង។
អតីតសមាជិកចំនួន២១នាក់របស់គណបក្សសង្គ្រោះជាតិ ដែលត្រូវបានរំលាយត្រូវបានចោទប្រកាន់ពីបទរួមគំនិតក្បត់ ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សង្គមនិងញុះញង់ឲ្យយោធាមិនគោរពបទបញ្ជា។ ការចោទប្រកាន់នេះ ផ្តើមចេញពីការព្យា យាមរបស់លោក សម រង្ស៊ី កាលពីឆ្នាំ២០១៩ ដើម្បីវិលត្រឡប់មកប្រទេសកម្ពុជានិងការបង្កើតចលនាសង្គ្រោះជាតិកម្ពុជា បន្ទាប់ពីការរំលាយគណបក្ស។
ព្រះរាជអាជ្ញារង សេង ហៀង បានស្នើសុំឱ្យអ្នកជំនាញស៊ើបអង្កេតលើការអះអាងរបស់ជនជាប់ចោទ ដែលបច្ចុប្បន្នកំពុងត្រូវបានឃុំខ្លួននៅពន្ធនាគារព្រៃស។
លោក សេង ហៀង បាននិយាយថា៖ «ជនជាប់ចោទរាប់ពាន់នាក់មិនមានបញ្ហាជាមួយវិទ្យុសកម្មទេ ប៉ុន្តែមានតែជនជាប់ចោទពីរបីនាក់ប៉ុណ្ណោះ ដែលបានលើកឡើងពីបញ្ហានេះ»។
ជនជាប់ចោទទាំង៣ នាក់ គឺលោក កែវ ថៃ លោក ស៊ុន ធន់ និង ពៀត ម៉ាប់ បានសាកសួរកាលពីថ្ងៃព្រហស្បតិ៍ បានបដិសេធចម្លើយរបស់ពួកគេនៅដំណាក់កាលចៅក្រមស៊ើបសួរកាលពីឆ្នាំមុន ហើយបាននិយាយថា ពួកគាត់មិនអាចចាំចម្លើយ ដែលបានផ្តល់ទៅមន្រ្តីតុលាការទេ។
អំឡុងពេលសវនាការចុងក្រោយកាលពីថ្ងៃទី ២៣ ខែមករា ជនជាប់ចោទមួយចំនួនក៏បានបដិសេធចម្លើយរបស់ខ្លួន ដែលបានឆ្លើយនៅដំណាក់កាលនគរបាលយុត្តិធម៌និងចៅក្រមស៊ើបសួរ ដោយចោទថា ពួកគាត់ត្រូវបានគេបង្ខំឲ្យឆ្លើយ។
លោក ស៊ុន ធន់ ដែលជាសមាជិកក្រុមប្រឹក្សាស្រុកមកពីខេត្តកំពង់ធំបាននិយាយថា លោកមិនចាំចម្លើយណាមួយរបស់លោកទេ ដោយសារជាតិវិទ្យុសកម្មនេះនិងជំងឺលើសឈាម ហើយបានបដិសេធមិនឆ្លើយសំណួរណាមួយនៅក្នុងតុលាការ។
នៅពេលត្រូវបានសួរថា តើលោកមានទទួលការណែនាំពីចលនាសង្គ្រោះជាតិកម្ពុជាឬយ៉ាងណានោះ លោកបាននិយាយថា៖ «ខ្ញុំគ្រាន់តែជាមនុស្សសាមញ្ញម្នាក់ ។ ខ្ញុំមិនដែលទទួលបានព័ត៌មានណាមួយទេ។ ខ្ញុំបានផ្តោតតែលើការងាររបស់ខ្ញុំជាគ្រូ បង្រៀនប៉ុណ្ណោះ»។
លោក កែវ ថៃ សមាជិកគណៈកម្មាធិការប្រតិបត្តិគណបក្សមកពីខេត្តកំពង់ឆ្នាំងបានមានប្រសាសន៍ថា លោកមិនបានព្យាយាមប្រមូលអ្នកគាំទ្រគណបក្ស ដើម្បីស្វាគមន៍លោក សម រង្ស៊ី កាលពីឆ្នាំ ២០១៩ នោះទេ។
លោក កែវ ថៃ បានប្រាប់តុលាការថា៖ «ខ្ញុំមិនដែលនិយាយអ្វីអំពីការប្រមូលមនុស្សហើយ ១០ខែ [ចាប់តាំងពីការចាប់ខ្លួនខ្ញុំ] ខ្ញុំមិនទាន់ច្បាស់ថា ហេតុអ្វីបានជាខ្ញុំត្រូវគេចោទប្រកាន់នោះទេ» ។
លោក បេ ទៀឡេង អនុប្រធាននាយកដ្ឋានពន្ធនាគារបានច្រានចោលរាល់ការចោទ ប្រកាន់អំពីជាតិវិទ្យុសកម្ម ដែលប៉ះពាល់ដល់ការចងចាំរបស់អ្នកទោស។
លោកបានមានប្រសាសន៍ថា៖ «គ្មានជាតិវិទ្យុសកម្មនៅក្នុងបរិវេណពន្ធនាគារទេ។ យើងមិនអនុញ្ញាតឲ្យប្រើទូរសព្ទ តើមានជាតិវិទ្យុសកម្មនៅក្នុងពន្ធនាគារយ៉ាងដូចម្តេច?»។
មេធាវីការពារក្តីលោក សំ សុគង់ មានប្រសាសន៍ថា កូនក្តីរបស់លោកបានត្អូញត្អែរពីជំងឺច្រើនមុខ ដូចជាឈឺក្បាល អារម្មណ៍មិនល្អ និងជំងឺផ្សេងទៀត។ លោកបាននិយា យថា ជាតិវិទ្យុសកម្មនេះអាចមានប្រភពចេញមកពីម៉ាស៊ីនកាត់ផ្តាច់សេវាទូរសព្ទដៃដែលបានតំឡើងនៅពន្ធនាគារ។
លោកបានមានប្រសាសន៍ថា៖ «យើងកំពុងរង់ចាំលទ្ធផលនេះ ហើយយើងនឹងអញ្ជើញអ្នកជំនាញមកសាកសួរជុំវិញបញ្ហាវិទ្យុសកម្មនេះ»។
លោក សុគង់ បាននិយាយថា មិនមានភស្តុតាងរឹងមាំប្រឆាំងនឹងកូនក្តីរបស់លោកទេប្រសិនបើមើលលើការសន្ទនាតាមទូរសព្ទ ដែលបានបង្ហាញនៅក្នុងតុលាការ។
លោកបានមានប្រសាសន៍ថា៖ «វាជារឿងមិនត្រឹមត្រូវទេ ដែលនគរបាលបានលបស្តាប់ការសន្ទនារបស់ពួកគាត់ ព្រោះវាប៉ះពាល់ដល់សិទ្ធិរបស់ពលរដ្ឋ»។
លោក ស៊ឹង សែនករុណា អ្នកស៊ើបអង្កេតជាន់ខ្ពស់នៅសមាគមការពារសិទ្ធិមនុស្សអាដហុកបានយល់ស្របនឹងការសម្រេចរបស់តុលាការក្នុងការសុំយោបល់អ្នកជំនាញជុំវិញការអះអាងរបស់ជនជាប់ចោទអំពីជាតិវិទ្យុសកម្ម ដែលប៉ះពាល់ដល់សុខភាពរបស់ពួកគាត់។
លោកបានមានប្រសាសន៍ថា៖ «សំណួរត្រូវបានលើកឡើងអំពីជាតិវិទ្យុសកម្មហើយអ្នករាល់គ្នាដឹងថា សេវាទូរសព្ទត្រូវបានកាត់ផ្តាច់នៅក្នុងបរិវេណពន្ធនាគារ»។
ខណៈពេល ដែលចៅក្រមកំពុងដំណើរការសវនាការនៅក្នុងតុលាការ មនុស្សមួយក្រុមតូចដែលមានគ្នា១០នាក់ ដែលភាគច្រើនជាសមាជិកគ្រួសារអ្នកដែលត្រូវបានកាត់ទោស ត្រូវបានរារាំងដោយក្រុមសន្តិសុខជាង ១០០នាក់ ដែលឈរជុំវិញតុលាការ។
ក្រុមនេះ ត្រូវបានរារាំងនៅមុខផ្សារស៊ីធីម៉លក្បែរពហុកីឡាដ្ឋានអូឡាំពិក ហើយបានសម្រេចអង្គុយនៅលើចិញ្ចើមផ្លូវនៅពេលត្រូវបានរារាំងមិនអោយទៅដល់តុលាការ។
សេង ធារី ជាអ្នកដែលត្រូវបានជំនុំជម្រះនៅក្នុងសវនាការដាច់ដោយឡែកមួយទៀតលើសមាជិកនិងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិបាននិយាយថា អ្នកនាងចង់គាំទ្រក្រុមគ្រួសារ ដែលគ្រាន់តែចង់ចូលរួមសវនាការលើមនុស្សជាទីស្រឡាញ់របស់ពួកគាត់។
អ្នកនាង សេង ធារី បាននិយាយថា៖ «ថ្ងៃនេះ ខ្ញុំមកគាំទ្រពួកគាត់ហើយខ្ញុំបានមកគាំទ្រជនជាប់ចោទដែលកំពុងជំនុំជម្រះ» ។
អ្នកនាង សេង ធារី និយាយទៅកាន់សន្តិសុខនិងមន្ត្រីប៉ូលិសដែលរាំផ្លូវថា៖ «ហេតុអ្វីបានជាអ្នកមិនអនុញ្ញាតឲ្យយើងចូលទៅមុខតុលាការ? វាជាសេរីភាពក្នុងការបញ្ចេញមតិរបស់យើង»៕
ចៅក្រមនឹងបន្តសវនាការនៅថ្ងៃទី១៨ ខែមីនា។ (រាយការណ៍បន្ថែមដោយ ឃី សុវុឌ្ឍី)
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ CNRP defendants allege radiation at Prey Sar is causing memory loss