ប្រជាសហគមន៍តំបន់ការពារធម្មជាតិជ្រោយស្វាយក្នុងស្រុកស្រែអំបិល ខេត្តកោះកុង បានអះអាងថា អាជ្ញាធរបានគប់គិតគ្នាជាប្រព័ន្ធបណ្តាលឱ្យមានការកាប់ទន្ទ្រានព្រៃកោងកាងអស់ប្រមាណ២០០ហិកតា ខណៈប្រធានមន្ទីរបរិស្ថានថាលោកមិនទាន់បានដឹងពីបញ្ហាការកាប់ទន្ទ្រានព្រៃកោងកាងនៅឡើយទេ។
ឃុំជ្រោយស្វាយ គឺជាឃុំមួយក្នុងចំណោមឃុំសរុប៦នៃស្រុកស្រែអំបិល ខេត្តកោះកុង ដែល មានព្រំប្រទល់ខាងជើងទល់នឹងឃុំស្រែអំបិល ខាងត្បូងទល់នឹងឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ខាងកើតទល់នឹងឃុំបឹងព្រាវ ខាងលិចទល់នឹងសមុទ្រកំពង់សោម។
ឃុំជ្រោយស្វាយមានផ្ទៃដីសរុប ១៣,៣២៣គីឡូម៉ែត្រការ៉េ មានភូមិចំនួន ៧ភូមិ គ្រួសារសរុប ១ ៣៨០គ្រួសារ ប្រជាពលរដ្ឋសរុប ៥ ៥៨១នាក់ ស្ត្រីសរុប ២ ៧៧៤នាក់។
តំបន់ការពារធម្មជាតិជ្រោយស្វាយ ឬតំបន់ព្រៃលិចទឹកបានចុះបញ្ជីទទួលស្គាល់ដោយក្រសួងបរិស្ថាន កាលពីឆ្នាំ២០១១ មានផ្ទៃដី ៥២២ហិកតា ឋិតនៅភូមិឈើនាង ភូមិសារ៉ាយ ភូមិភ្នំស្រឡៅ ភូមិកំពង់ស្តាំ ភូមិជ្រោយស្វាយខាងលិច និងភូមិជ្រោយស្វាយខាងកើត ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល។
លោក គុណ ហុក អាយុ៥៦ឆ្នាំ ជាប្រធានសហគមន៍តំបន់ការពារធម្មជាតិជ្រោយស្វាយ បានប្រាប់ ខេមបូចា ឱ្យដឹងថា តំបន់ព្រៃកោងកាងនេះមានទំហំដីជាង៥០០ហិកតា និងតំបន់ព្រៃលិចទឹក មិនថាពលរដ្ឋក្នុងឃុំលោក ឬក៏ឃុំផ្សេងនោះទេ តែងតែមកអាស្រ័យផលពីជីវៈចម្រុះដូចជាក្ដាម ខ្យង ងាវ និងត្រីផ្សេងៗដែលមាននៅក្នុងសមុទ្រគឺពួកវាមករស់នៅនិងបង្កើតពូជត្រីក្នុងព្រៃលិចទឹកកោងកាងហ្នឹងហើយ ប៉ុន្ដែចាប់ពីចុងឆ្នាំ២០២១មក ព្រៃកោងកាងក្នុងសហគមន៍របស់លោកត្រូវរងការកាប់បំផ្លាញសឹងតែរាល់ថ្ងៃពីសំណាក់អ្នកភូមិមួយចំនួនដែលមានអ្នកធំ ឬជាឧកញ៉ាដែលនៅពីក្រោយខ្នងនៃការកាប់ទន្រ្ទានព្រៃសហគមន៍។
លោកបន្ដថា៖ «ពួកគាត់ដែលកាប់ព្រៃទាំងអស់ហ្នឹងពួកគាត់មិនហ៊ានកាប់ដោយខ្លួនឯងទេ បើគ្មានអ្នកធំណានៅពីក្រោយខ្នង តែយើងមិនដឹងថានរណាជាអ្នកនៅក្រោយខ្នងពួកគាត់»។
លោកបានបញ្ជាក់ថា ការកាប់ទន្ទ្រាននេះមានការគប់គិតគ្នានិងការសហការគ្នាជាប្រព័ន្ធបើនិយាយឱ្យចំគឺអាជ្ញាធរភូមិនិងឃុំតែម្ដង ពីព្រោះពេលមានបញ្ហាកាប់ទន្ទ្រានអីខាងអាជ្ញាធរមិនដែលអើពើឬក៏មានចំណាត់ការណាមួយឡើយ។ លោកមិនដឹងថាខាងអាជ្ញាធរគិតគូរយ៉ាងម៉េចទេ បើមានបទល្មើសហើយនៅតែគ្មានចំណាត់ការ។
លោកបន្ដទាំងដកដង្ហើមធំថា៖«ដូចខ្ញុំនិយាយចឹង វាមានការគប់គិតគ្នាអាជ្ញាធរអីហ្នឹង និយាយឱ្យចំអាជ្ញាធរភូមិឃុំហ្មង»។
លោកបន្ថែមថា ដីក្នុងសហគមន៍របស់លោកជាង៥០០ហិកតាហ្នឹងវាជាការគ្រប់គ្រង់របស់មន្ទីរបរិស្ថានខេត្តកោះកុង ប៉ុន្ដែពេលដែលពួកសហគមន៍លោកចាប់បានបទល្មើសនិងរាយការណ៍ទៅខាងមន្ទីរបរិស្ថានខេត្តកោះកុងឱ្យជួយអន្ដរាគមន៍ បែរជាខាងមន្ទីរបរិស្ថានហាក់គ្មានបានដោះស្រាយឡើយ រហូតមកដល់ពេលនេះនៅមិនទាន់មានចំណាត់ណាមួយចំពោះអ្នកបានកាប់ទន្រ្ទានទាំង៥នាក់ដែលតំណាងឱ្យ២៥គ្រួសារនោះទេ។
ប្រធានសហគមន៍រូបនេះបន្ដ៖ «ខ្ញុំហាក់ដូចជាអស់ជំនឿលើអាជ្ញាធរហើយ បើពេលចាប់បានរាយការណ៍ទៅហើយ ដូចគ្មានអើពើអីសោះ រាល់ថ្ងៃបានពួកខ្ញុំដើរល្បាតអីទេ កុំអីព្រៃហ្នឹងអស់តាំងពីយូរមកហើយ»។

ចំណែកឯលោក កែវ សុកល អាយុ៤៦ឆ្នាំ ជាប្រធានក្រុមដើរល្បាតក្នុងសហគមន៍តំបន់ការពារធម្មជាតិជ្រោយស្វាយអស់រយៈជាច្រើនឆ្នាំ បានថ្លែងថា ពេលលោកចុះល្បាតហើយចាប់បានអ្នកកាប់ទន្រ្ទាន លោករាយការណ៍ទៅខាងខេត្តដើម្បីឱ្យចាត់វិធានការ ប៉ុន្ដែខាងខេត្តថាចាំដោះស្រាយ តែមកដល់ពេលនេះ អ្នកដែលបានកាប់ទន្រ្ទានព្រៃកោងកាងហ្នឹង នៅតែបន្ដធ្វើសកម្មភាពដដែល។
លោកហាក់មានចម្ងល់ថា៖ «ពេលចាប់បានឱ្យរាយការណ៍ ពេលរាយការណ៍ហើយគ្មានចំណាត់ការ ខ្ញុំដូចជាមិនយល់ ហើយអ្នកកាប់នៅតែបន្ដកាប់ ខ្ញុំនៅតែបន្ដរាយការណ៍ទៅថ្នាក់លើចឹងទៅ ខ្ញុំមិនដឹងខាងខេត្តគេគិតម៉េចទេ ចំពោះបញ្ហាហ្នឹង»។
រីឯលោក ទី សម្បត្តិ ជាគណៈកម្មការសហគមន៍តំបន់ការពារធម្មជាតិជ្រោយស្វាយ បានលើកឡើងថា ក្នុងនាមជាសហគមន៍គ្មានសិទ្ធិឬតួនាទីអ្វីក្នុងការចាប់អ្នកទន្ទ្រានកាប់ព្រៃកោងកាងទេ ពួកលោកបានត្រឹមហាមឃាត់និងធ្វើរបាយការណ៍ទៅមន្ទីរបរិស្ថានស្រុក រួចហើយខាងស្រុកបញ្ជូនទៅខេត្តបន្ដ ប៉ុន្ដែកន្លងមកការរាយការណ៍ពីបទល្មើសផ្សេងៗដែលកើតឡើងក្នុងសហគមន៍លោកដូចជាគ្មានការឆ្លើយតបណាមួយមកកាន់ខាងសហគមន៍លោកវិញសោះ។
លោក សម្បត្តិ បន្ថែមថា៖ «ពួកខ្ញុំបានប្ដឹងបុគ្គល៥នាក់ដែលបានកាប់ទន្ទ្រានព្រៃសហគមន៍ពួកខ្ញុំទៅតុលាការទៅខេត្តអស់ហើយ នៅមិនទាន់ឃើញមាននរណាម្នាក់ក្នុងចំណោម៥ហ្នឹងខាងតុលាការ ឬមន្ទីរបរិស្ថានហៅទៅធ្វើកិច្ចសន្យា ឬក៏ណែនាំអីទេ ស្ងាត់ឱ្យឈឹងហ្មង ខ្ញុំដូចជាមិនយល់ដែរ ដល់ចឹងពេកទៅ អាអ្នកការពារចេះតែការពារទៅ អាអ្នកកាប់នៅតែកាប់ទៅ ឥឡូវកាប់ជិតអស់ហើយ»។
លោក ប៊ុន រ៉េន មេឃុំជ្រោយស្វាយ បានបដិសេធចំពោះការចោទប្រកាន់មកលើរូបលោកថា បានគប់គិតគ្នាជាប្រព័ន្ធក្នុងការបើកដៃឱ្យមានការកាប់ទន្ទ្រានព្រៃកោងកាងអស់២០០ហិកតា ដោយលោកថា លោកមិនបានគប់គិតគ្នាដូចការលើកឡើងរបស់សហគមន៍នោះទេ។
លោកបន្ដថា៖ «សហគមន៍មួយណាអ្នកនិយាយថាខ្ញុំគប់គិតគ្នាឱ្យមានការកាប់ទន្ទ្រានព្រៃអស់ហ្នឹង ខ្ញុំដូចជាមិនយល់ ខ្ញុំបើកការប្រជុំរាល់ដងថាមានបញ្ហាអីលើកយកមកក្នុងអង្គប្រជុំមកដើម្បីដោះស្រាយ ខ្ញុំមានតែលើកចឹងថែម»។
លោកមេឃុំជ្រោយស្វាយបន្ថែមទៀតថា នៅក្នុងឃុំជ្រោយស្វាយលោកមានតែជ្រុំជ្រែងនិងចូលរួមបង្កើតសហគមន៍និងដាក់ឱ្យដើរល្បាតទៀតផងក្រែងមានបញ្ហាអីកើតឡើងឱ្យរាយការណ៍មកលោក តែបែរជាមកចោទប្រកាន់លោកទៅវិញ។ លោកបន្តថា លោកចង់ដឹងសហគមន៍មួយណាដែលមកចោទប្រកាន់លោក លោកចង់ដឹងថា ហេតុអ្វីមិនលើកយកមកក្នុងអង្គប្រជុំ បើមានបញ្ហាកើតឡើងមែន។
លោកបញ្ជាក់ថា៖ «បើជាខ្ញុំអត់រៀបចំតែងតាំងបង្កើត ហីបង្កើតកិច្ចប្រជុំដើម្បីបង្កើតសហគមន៍តើមានសហគមន៍ឯណាមក ខ្ញុំជាអ្នកឈឺឆ្អាលជាអ្នករៀបចំដើម្បីឱ្យមានសហគមន៍នេះ សហគមន៍នោះដើម្បីជួយធ្វើការនៅក្នុងមូលដ្ឋាន ម៉េចជាថាខ្ញុំទៅគប់គិតវិញ»។
លោកបានបន្ថែមទៀតថា លោកបានចូលបង្កើតសហគមន៍ក្នុងឃុំលោក៣សហគមន៍ មានសហគមន៍នេសាទ សហគមន៍តំបន់ការពារធម្មជាតិជ្រោយស្វាយ និងសហគមន៍ត្រពាំងព្រិច និងស្នើសុំឱ្យសហគមន៍ទាំងនោះគួរតែនាំគ្នា ជាពិសេសលើកឡើងពេលមានអង្គប្រជុំ។

ចំណែកឯលោក ជា ច័ន្ទកញ្ញា អភិបាលស្រុកស្រែអំបិលខេមបូចាមិនអាចសុំការបំភ្លឺបានទេជុំវិញរឿងខាងលើ ដោយទូរសព្ទចូលគ្មានអ្នកលើក ខណៈលោក ហុង ប្រុស អភិបាលរងស្រុកស្រែអំបិល បានបដិសេធមិនឆ្លើយនឹងអ្នកសារព័ត៌មាន ដោយលោកថា លោកកំពុងរវល់ប្រជុំ។
ពាក់ព័ន្ធនឹងរឿងនេះ លោក ហ៊ុន ម៉ារ៉ាឌី ប្រធានមន្ទីរបរិស្ថានខេត្តកោះកុង មិនបានឆ្លើយនឹងសំណួររបស់អ្នកសារព័ត៌មានពាក់ព័ន្ធរឿងការចោទប្រកាន់របស់សហគមន៍ថាអាជ្ញាធរគប់គិតគ្នាជាប្រព័ន្ធនិងមិនមានចំណាត់ការចំពោះអ្នកកាប់ទន្រ្ទានព្រៃកោងកាងអស់២០០ហិកតានោះទេ បែរជាបង្វែរសំណួរទៅពន្យល់រឿងផ្សេងវិញថា ក្រោយពេលដែលរាជរដ្ឋាភិបាលបានកំណត់តំបន់សម្រាប់ចែកជូនប្រជាពលរដ្ឋ និងបានចេញអនុក្រឹត្យចំនួន២ មានអនុក្រឹត្យលេខ៣០និងអនុក្រឹត្យ៤៦។
ហើយអនុក្រឹត្យលេខ៣០ ក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន និងអនុក្រឹត្យលេខ៤៦ របស់ក្រសួងកសិកម្ម។ លោកបានបញ្ជាក់ថា ខាងសហគមន៍គួរយល់ឱ្យច្បាស់ ពីព្រោះលោកបានពន្យល់ច្រើនដងមកហើយ ប៉ុន្ដែលោកថាលោកមិនបានដឹងថាការទន្រ្ទានហ្នឹងវានៅក្នុងដីអនុក្រឹត្យលេខ៣០ ឬក៏អនុក្រឹត្យលេខ៤៦ បើវានៅក្រោមអនុក្រឹត្យលេខ៣០ លោកនឹងសាកសួរទៅមន្ដ្រីថ្នាក់ក្រោមថារឿងហ្នឹងវាយ៉ាងម៉េច?។
លោកបន្ដថា៖ «ចាំមើលខ្ញុំឆែក ខាងមន្ដ្រីខ្ញុំវិញថា តើការទន្រ្ទានចូលទៅកាន់កាប់ហ្នឹងវានៅក្នុងតំបន់មួយណា ដូច្នេះរឿងនេះខ្ញុំសុំរក្សាសិទ្ធិសិន បើការទន្ទ្រានហ្នឹងវានៅក្រោមអនុក្រឹត្យលេខ៣០ សុំឱ្យសហគមន៍សហការនិងអាជ្ញាធរមូលដ្ឋានដែលមានភូមិឃុំស្រុកនិងខេត្ដ»។
ជុំវិញការឆ្លើយរបស់ប្រធានមន្ទីរបរិស្ថានខេត្តថាលោកមិនបានដឹងថាព្រៃកោងកាងដែលកំពុងរងការកាប់បំផ្លាញរាល់ថ្ងៃហ្នឹងស្ថិតនៅក្រោមការគ្រប់គ្រង់របស់លោកឬអត់?ត្រូវបានប្រធានសហគមន៍តំបន់ការពារធម្មជាតិលោក គុណ ហុកបដិសេធនិងលើកឡើងបញ្ជាក់បន្ថែមថា មិនមែនគាត់មិនដឹងថាតំបន់កាប់ទន្រ្ទានហ្នឹងនៅក្រោមការគ្រប់គ្រងរបស់គាត់នោះទេ គាត់ដឹងយ៉ាងច្បាស់ថាតំបន់ហ្នឹងជាតំបន់អនុក្រឹត្យលេខ៣០ ដែលលោកនាយករដ្ឋមន្ដ្រីបានចេញកន្លងមក។
បើតាមលោកមន្ដ្រីសម្របសម្រួលនិងការអង្កេតនៃអង្គការ អាដហុក ប្រចាំខេត្តកោះកុង បានអះអាងថា ករណីកាប់ទន្ទ្រានព្រៃកោងកាងនៅសហគមន៍តំបន់ការពារធម្មជាតិជ្រោយស្វាយហ្នឹង កន្លងមកសហគមន៍បានប្ដឹងអ្នកកាប់ហ្នឹងទៅតុលាការដែរ ប៉ុន្ដែខាងតុលាការហាក់ដូចជាមិនអើពើនឹងសំណុំរឿងហ្នឹងសោះ ហើយការលើកឡើងរបស់ប្រជាសហគមន៍ជ្រោយស្វាយវាជាការពិតដោយសារលោកបានតាមនិងចុះទៅអង្កេតកន្លងមក គឺពិតជាមានការគប់គិតគ្នារបស់អាជ្ញាធរជាប្រព័ន្ធមែន។
លោកបន្ដថា៖ «នេះជាការពិតពីព្រោះខ្ញុំធ្លាប់ចុះទៅដែរកាលពីប្រាំងហ្នឹង ហើយជាក់ស្ដែងមានការកាប់ទន្រ្ទានចឹងមែន ហើយដូចអាជ្ញាធរអីហ្នឹងគាត់មិនសហការជាមួយសហគមន៍ទេ គាត់ធ្វើដូចមិនរវីរវល់»។
លោកបន្ថែមថា លោកមើលទៅអ្នកដែលកាប់ទន្ទ្រានហ្នឹង គ្រាន់តែឈរឈ្មោះឱ្យអ្នកមានអំណាចនិងអ្នកមានលុយទេ មិនមែនកាប់ព្រៃហ្នឹងហើយបានខ្លួនឯងនោះទេគឺមានការលាក់បាំងជាប្រព័ន្ធ ទើបបណ្ដាលឱ្យចេះតែហ៊ានកាប់ទន្រ្ទានគ្មានខ្លាចច្បាប់ដូច្នេះ។

ចំណែកឯលោក សាន់ ម៉ាឡា ជាមន្ដ្រីជាន់ខ្ពស់ផ្នែកតស៊ូមតិនៃបណ្ដាញយុវជនកម្ពុជា បានពន្យល់ថា ព្រៃកោងកាងវាមានអត្ថប្រយោជន៍ខ្លាំងដោយសារតែវាមានសមត្ថភាពផលិតអុកហ្ស៊ីសែនបានច្រើនជាងព្រៃធម្មតារហូត៣ដង ហើយវាក៏ជាផ្នែកមួយនៃគម្របព្រៃឈើជាតិផងដែរ។ លោកបន្តថា កន្លងមកនៅក្នុងកម្មវិធីព្រៃឈើជាតិរដ្ឋាភិបាលបានប្ដេជ្ញាថានឹងបង្កើនគម្របព្រៃឈើឱ្យបានរហូត៦០ភាគរយត្រឹមឆ្នាំ២០២៩។
លោកបន្ដថា៖ «ដូច្នេះការបណ្ដែតបណ្ដោយឱ្យមានការកាប់បំផ្លាញព្រៃកោងកាងនេះ វានឹងធ្វើឱ្យប៉ះទៅដល់ការប្ដេជ្ញាចិត្តបង្កើនគម្របព្រៃឈើរបស់រដ្ឋាភិបាលកម្ពុជាយើង»។
លោកបានឱ្យដឹងថា ការកាប់បំផ្លាញព្រៃកោងកាងកន្លងមកតាមការសង្កេតរបស់លោកមានការកាប់ស្ទើតែទូទាំងខេត្តកោះកុង មិនថាទីរួមខេត្តមិនថាតំបន់ផ្សេងៗទៀតនោះទេដោយសារឈ្មួញបានសម្លឹងឃើញអំពីផលប្រយោជន៍បុគ្គលតាមរយៈការចាប់និងកាន់កាប់ដីដែលខុសច្បាប់ ឬក៏អាចលក់បន្ដទៅដល់ភាគីផ្សេងទៀតបានទើបសកម្មភាពនៃការរំលោភកាប់ទន្ទ្រាននៅខេត្ដកោះកុងចេះតែបន្ដកើតមានរហូត។
លោកបានលើកឡើងថា ដើម្បីបញ្ចប់បញ្ហាទាំងអស់ហ្នឹងអាជ្ញាធរខេត្តកោះកុងគួរតែបង្កើតយន្ដការឱ្យជាក់លាក់រឹងមាំ និងធានាថាបទល្មើសស្រដៀងៗគ្នានេះ ឬបទល្មើសបែបនេះ នឹងមិនអាចកើតឡើងតទៅទៀត។
លោកបញ្ជាក់បន្ថែមថា៖ «កុំរងចាំតែអនុសាសន៍ កុំរងចាំតែបទបញ្ជាពីរដ្ឋមន្ដ្រី ឬនាយករដ្ឋមន្ដ្រីបានមានវិធានការទប់ស្កាត់ ផ្តន្ទាទោសដល់ជនល្មើសនិងដកហូតដីមកគ្រប់គ្រងជាសម្បត្ដិរដ្ឋឡើងវិញ»។
យោងតាមលិខិតស្នើសុំកាន់កាប់ដីធ្លីក្រុមឈ្មួញបានប្រើឈ្មោះមនុស្ស ៥នាក់ ទី១ ឈ្មោះ លឹម ផុង ភេទប្រុស អាយុ៥៥ឆ្នាំ ទី២ ឈ្មោះ ខេង សុវណ្ណ ភេទប្រុស អាយុ៥៣ឆ្នាំ ទី៣ ឈ្មោះ ថាច ស្រីមុំ ភេទស្រី អាយុ២៧ឆ្នាំ ទី៤ ឈ្មោះ ង៉ុយ រ៉ូ ភេទប្រុស អាយុ៤២ឆ្នាំ និងទី៥ ឈ្មោះ ណើត ណាត ភេទប្រុស អាយុ៤៤ឆ្នាំ។
អ្នកទាំងប្រាំនាក់ខាងលើជាតំណាងអ្នកភូមិ២៥គ្រួសារបានធ្វើលិខិតសុំអន្តរាគមន៍ទៅខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីសុំឱ្យក្រសួងដែនដីជួយអន្តរាគមន៍និងពន្លឿននីតិវិធីវាស់វែងដើម្បីចុះបញ្ជី។
បន្ទាប់ពីស្នើសុំរបស់តំណាងប្រជាពលរដ្ឋ ២៥គ្រួសារនោះទៅខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី នោះមក លោក ឆាន់ សាផាន់ រដ្ឋលេខាធិការប្រចាំការ នៃក្រសួងដែនដី នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ បានធ្វើលិខិតជូនលោកស្រី អភិបាលខេត្តកោះកុង ដោយយោងដីកាបញ្ជូនរបស់ខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី និងចំណារឯកឧត្តមរដ្ឋមន្ត្រីពិនិត្យចាត់ចែងតាមការគួរ ។

តាមឯកសាររបស់មន្ទីរបរិស្ថានខេត្តកោះកុង ចុះថ្ងៃទី១ ខែមេសា ឆ្នាំ២០២២ ចុះហត្ថលេខា ដោយ លោក ហ៊ុន ម៉ារ៉ាឌី ប្រធានមន្ទីរបរិស្ថាន បានបញ្ជាក់ថា ដីដែលតំណាងប្រជាពលរដ្ឋកំពុងស្នើសុំធ្វើលិខិតកាន់កាប់នោះ គឺពិតជាដីគ្រប់គ្រងដោយសហគមន៍យ៉ាងពិតប្រាកដពុំមានការអាស្រ័យផលអ្វីឡើយ ហើយដីព្រៃលិចទឹកនោះទើបនឹងកាប់ទន្ទ្រានថ្មីៗទេ។
តំណាងសហគមន៍តំបន់ការពាធម្មជាតិជ្រោយស្វាយ បានឱ្យដឹងថា ដីព្រៃកោងកាងលិចទឹក ដែលសហគមន៍គ្រប់គ្រងមានចំនួនសរុប៥២២ហិកតាតាំងពីឆ្នាំ២០១០មកម្ល៉េះ ហើយក្នុង នោះមានប្រជាពលរដ្ឋចូលរួមជាសមាជិកមានចំនួន ៦៥៨គ្រួសារដែលសរុបជាចំនួនមនុស្សមាន២៧៩២នាក់(ស្រី១៤៤៨នាក់)។
កន្លងមកក៏មានករណីចាក់ដីលុបតំបន់ព្រៃកោងកាងផ្សេងមួយទៀតដែរ គឺស្ថិតនៅស្រុកស្រែអំបិលដូចគ្នា។ តាមរយៈរបាយការណ៍របស់រដ្ឋបាលខេត្តកោះកុង បានឱ្យដឹងថា លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង បានដឹកនាំមន្រ្តីជំនាញចុះត្រួតពិនិត្យទីតាំងដែលកំពុងរងការរំលោភផ្ទាល់កាលពីចុងឆ្នាំ២០២១។
បន្ទាប់ពីពិនិត្យឃើញមានភាពមិនប្រក្រតីនៃការរំលោភបំពានដីព្រៃលិចទឹកនេះ លោក សុខ សុទ្ធី បានណែនាំឱ្យរដ្ឋបាលស្រុកស្រែអំបិល ធ្វើរបាយការណ៍លម្អិតអំពីករណីនេះមករដ្ឋបាលខេត្តកោះកុង។ ចំណែកលោកមេឃុំដងពែង ត្រូវចូលរួមទប់ស្កាត់ការកាប់ទន្ទ្រានដីរដ្ឋ ចូលរួមថែរក្សាការពារព្រៃកោងកាងឱ្យបានគង់វង្ស និងត្រូវរាយការណ៍ទៅរដ្ឋបាលស្រុកជាប្រចាំផងដែរ៕