ការប្រទះឃើញសត្វខ្លាហាក់ដូចជារឿធម្មតាចំពោះដូនតារបស់លោក ព្យាន ច្រេន ប៉ុន្តែមិនទំនងជាអាចកើតឡើងទេនៅក្នុងជំនាន់របស់លោក។ ប៉ុន្តែកសិករជនជាតិពូនងអាយុ៥៧ឆ្នាំរូបនេះចងចាំពីគ្រាមួយដែលអ្នកភូមិរបស់លោកអាចប្រទះឃើញសត្វរមាស និងក្ងោកក្នុងព្រៃសហគមន៍ពូត្រែង ដែលជាតំបន់ព្រៃតូចមួយនៃដែនជម្រកសត្វព្រៃភ្នំណាំលៀរ ក្នុងខេត្តមណ្ឌលគិរី។
ឥឡូវនេះលោកប្រទះឃើញតែប្រហែល១០ភាគរយនៃចំនួនសត្វដែលលោកបានឃើញកាលពីលោកនៅក្មេង ទោះបីជាលោកប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីបញ្ឈប់ការបរបាញ់សត្វព្រៃ និងការកាប់ឈើ ដោយដើរល្បាតព្រៃសហគមន៍ម្តងក្នុងមួយខែក៏ដោយ។
លោកច្រេន បាននិយាយថា៖ «ខ្ញុំជាសមាជិកសហគមន៍ ដូច្នេះពលរដ្ឋមិនគោរពខ្ញុំទេ គេមិនស្តាប់ខ្ញុំទេ ប៉ុន្តែបើខ្ញុំជាអាជ្ញាធរវិញ គេនឹងស្តាប់»។
នៅពេលដែលព្រៃសហគមន៍ពូត្រែងមានការគាំទ្រជាប្រចាំពីអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុកដែលទទួលជំនួយពីអន្តរជាតិ អ្នកភូមិបាននិយាយថា ពួកគេអាចទប់ទល់ក្នុងការការពារដីធ្លីរបស់ពួកគេ ប៉ុន្តែឥឡូវនេះព្រៃសហគមន៍នេះ ដូចជាព្រៃសហគមន៍ផ្សេងទៀតដែរកំពុងរងគ្រោះដោយសារការកាប់ឈើ ការកាប់ឆ្ការរានដីចម្ការ និងការបរបាញ់សត្វព្រៃ។
ព្រៃសហគមន៍ពូត្រែងនៃឃុំដាក់ដាំ និងព្រៃសហគមន៍ពូឡេស ដែលនៅក្បែរគ្នា គឺសហគមន៍ទាំងពីរស្ថិតនៅក្នុងតំបន់ការពារសំខាន់ៗចំនួនពីរក្នុងខេត្តមណ្ឌលគិរី គឺពូត្រែងនៅជាប់ដែនជម្រកសត្វព្រៃកែវសីមា ចំណែកពូឡេសស្ថិតនៅក្នុងដែនជម្រកសត្វព្រៃភ្នំណាំលៀរ។
ការវិភាគលើការកាប់បំផ្លាញព្រៃឈើជាសកលដែលចាប់បានដោយផ្កាយរណប ដែលចេញផ្សាយប្រចាំឆ្នាំដោយសាកលវិទ្យាល័យម៉ារីឡែន គឺបង្ហាញថា ជាពិសេសភ្នំណាំលៀររងការកាប់បំផ្លាញព្រៃឈើយ៉ាងខ្លាំងនៅជុំវិញព្រំដែនភាគខាងត្បូងរបស់ខ្លួននៅជិតប្រទេសវៀតណាម។
ជម្រកសត្វព្រៃនោះមានតំបន់ដីសម្បទានសេដ្ឋកិច្ចមេហ្គា ហ្វើស (Mega First Plantation) ដែលមានព្រំប្រទល់ជាប់នឹងដីសម្បទានសេដ្ឋកិច្ចវូស៊ីសាន់ អិលអេស (Wuzishan L.S.) និងក្រុមហ៊ុនធានារ៉ាប់រងអន្តរជាតិ ហួ លីន ដែលដីសម្បទានសេដ្ឋកិច្ចទាំងពីរមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុន ភាពីម៉ិច ដ៏មានឥទ្ធិពល ដែលគ្រប់គ្រងដោយឧកញ៉ាដ៏ល្បីឈ្មោះ ជឹង សុភាព និងស្វាមីរបស់អ្នកស្រី គឺសមាជិកព្រឹទ្ធសភាកម្ពុជា លោក ឡៅ ម៉េងឃីន។
លោក ច្រេន ដែលជាកសិករ និងជាអ្នកតស៊ូមតិព្រៃឈើ បាននិយាយថា កាលពីឆ្នាំមុន លោកបានឃើញការកើនឡើងនៃការដឹកជញ្ជូនឈើឆ្លងកាត់ព្រំដែនប្រទេសវៀតណាម។ ទោះបីមិនទាន់មានការដឹកជញ្ជូនឡើងវិញក៏ដោយ លោកនិយាយថា ព្រៃឈើសហគមន៍របស់ពួកគេប្រមាណ៧ ទៅ ៨ហិកតាត្រូវបានបាត់បង់ដោយសារកសិករក្នុងសហគមន៍ ដោយពួកគេបានឈូសឆាយដីធ្លីសម្រាប់ដាំដំឡូងមី ដែលជាដំណាំដែលបង្កើតចំណូលច្រើនជាងគេក្នុងឆ្នាំនេះ។
សមាជិកសហគមន៍ពូត្រែងបានប្ដឹងមន្ត្រីមូលដ្ឋានកាលពីឆ្នាំ២០២២ និងតវ៉ាជុំវិញការព្រងើយកន្តើយរបស់មន្ត្រីដែលមិនការពារព្រៃឈើរបស់ពួកគេ។
លោក ច្រេន បាននិយាយថា៖ «ពីមុនមានអង្គការក្រៅរដ្ឋាភិបាលជាច្រើននៅទីនេះ ហើយ [អ្នកភូមិ] យកចិត្តទុកដាក់ចំពោះព្រៃឈើ។ ប៉ុន្តែអង្គការក្រៅរដ្ឋាភិបាលបានចាកចេញ ហើយឈ្មួញកណ្តាលក៏បានមកបញ្ចុះបញ្ចូលពលរដ្ឋដែរ»។
ប៉ុន្មានឆ្នាំមុន ព្រៃសហគមន៍ពូត្រែង និងពូឡេស ធ្លាប់ទទួលបានមូលនិធិពីអង្គការភូមិខ្ញុំក្នុងស្រុក ដែលបានផ្តល់ថវិកាមួយចំនួនសម្រាប់ការចុះល្បាតព្រៃឈើ និងសកម្មភាពរៀបចំផ្សេងៗទៀតនៅក្នុងសហគមន៍ជនជាតិដើមភាគតិច។
អង្គការភូមិខ្ញុំនៅតែដំណើរការក្នុងខេត្តមណ្ឌលគិរី ប៉ុន្តែនាយកប្រតិបត្តិ លោក លន់ ពេជ្រដារ៉ា បាននិយាយថា ពួកគេលែងអាចផ្តល់ប្រាក់ច្រើនទៅដល់អ្នកភូមិដែលដើរល្បាតតំបន់ការពារសហគមន៍១៨កន្លែង និងព្រៃសហគមន៍មួយក្នុងខេត្តមណ្ឌលគិរីបានទៀតទេ។
លោក ពេជ្រដារ៉ា បានបញ្ជាក់ថា អង្គការគ្រាន់តែអាចជួយសហគមន៍មួយៗឱ្យដើរល្បាតបានតែ២ ទៅ ៣ដងប៉ុណ្ណោះក្នុងមួយខែ ដោយផ្តល់ប្រាក់ដល់អ្នកស្ម័គ្រចិត្តម្នាក់ៗ ២០ ០០០រៀលសម្រាប់ចុះល្បាត ដើម្បីចំណាយផ្សេងៗ ដូចជាថ្លៃអាហារ និងសាំងជាដើម។
នាយកប្រតិបត្តិរូបនេះបានបន្តថា ការសម្រេចចិត្តកាត់បន្ថយការផ្តល់មូលនិធិសម្រាប់ការចុះល្បាតរបស់សហគមន៍មានជាប់ទាក់ទងនឹងនិន្នាការនៃការចំណាយជាសកលជាជាងរឿងផ្សេងទៀត។
លោកបានបន្ថែមថា៖ «វាជាវិបត្តិហិរញ្ញវត្ថុពិភពលោក ការផ្តល់មូលនិធិសម្រាប់គ្រប់គ្នាត្រូវប៉ះពាល់។ សម្រាប់អង្គការសង្គមស៊ីវិលទាំងអស់ [នៅកម្ពុជា] មូលនិធិបង្វែរទៅប្រទេសដែលកំពុងមានសង្គ្រាម»។
អង្គការភូមិខ្ញុំ ទទួលបានមូលនិធិក្រោម «គម្រោងពង្រឹងសង្គមស៊ីវិលកម្ពុជា» ដែលកំពុងបន្តរបស់ USAID ហើយទោះបីជាគម្រោងនេះតែងតែផ្តល់ប្រាក់រាប់លានដុល្លារដល់អង្គការក្រៅរដ្ឋាភិបាលមួយចំនួនក៏ដោយ វាក៏មិនច្បាស់ពីទិន្នន័យរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកថាតើអង្គការក្រៅរដ្ឋាភិបាលដែលមានមូលដ្ឋាននៅខេត្តមណ្ឌលគិរី ទទួលបានការគាំទ្រមូលនិធិប៉ុន្មាននោះទេ។
បញ្ហារបស់ក្រុមហ៊ុន
នៅពេលដែល លោក ច្រេន និងអ្នកជិតខាងរបស់គាត់ ឈ្មោះ តេរី ផ្លេន បាននាំអ្នកយកព័ត៌មានចូលទៅក្នុងព្រៃសហគមន៍របស់ពួកគេនោះ ពួកគេបានឈប់នៅត្រង់ប្រឡាយមួយដែលត្រូវបានគេជីកថ្មីៗនេះនៅតាមព្រំប្រទល់នៃសម្បទានដីសេដ្ឋកិច្ចដែលគ្រប់គ្រងដោយក្រុមហ៊ុនម៉ាឡេស៊ី មេហ្គា ហ្វើស ខបផរេសិន បឺហាត (Mega First Corporation Berhad) ។
លោកផ្លេន អាយុ៥៧ឆ្នាំ បានអះអាងថា ប្រឡាយនេះត្រូវបានជីកដោយកម្មកររបស់ក្រុមហ៊ុនមេហ្គា ហ្វើស (Mega First) ព្រោះក្រុមហ៊ុននេះក៏ចង់បញ្ឈប់អ្នកកាប់ឈើពីការឆ្លងព្រំដែនដែរ។ លោកបានបន្តថា ពួកគេបានអំពាវនាវដល់អាជ្ញាធរឲ្យបញ្ឈប់អ្នកកាប់ឈើពីការលួចចូលដីសម្បទានរបស់ពួកគេដែលមានការយាមកាមដោយកងរាជអាវុធហត្ថឈរជើងតាមផ្លូវ។
លោក ផ្លេន បាននិយាយថា៖ «[អ្នកកាប់ឈើ] ក៏ចូលកាប់ឈើក្នុងដីក្រុមហ៊ុនដែរ ហើយក្រុមហ៊ុនមិនចង់ឲ្យពួកគេឆ្លងកាត់ទេ ព្រោះវាបំផ្លាញផ្លូវ ដូច្នេះហើយទើបគេបានទូរសព្ទទៅអាជ្ញាធរជាតិ»។
តំណាងក្រុមហ៊ុនម៉េហ្គា ហ្វើស នៅកម្ពុជា និងម៉ាឡេស៊ី មិនអាចទាក់ទងសុំការបំភ្លឺបានទេ។ ប៉ុន្តែវាមិនទាន់ច្បាស់ថាតើយុទ្ធនាការប្រឆាំងការកាប់ឈើរបស់ពួកគេមានប្រសិទ្ធភាពកម្រិតណានោះទេ៖ អ្នកយកព័ត៌មានបានឃើញផ្លូវកង់ឡានតាមផ្លូវដីក្រួសក្រហម ហើយបានឮសំឡេងរណាយន្តអារឈើមួយលាយឡំនឹងសំឡេងសត្វយំនៅក្នុងព្រៃសហគមន៍។
របាយការណ៍ប្រចាំឆ្នាំរបស់ក្រុមហ៊ុនម៉ាឡេស៊ី ដែលគ្រប់គ្រងទំនប់វារីអគ្គិសនីដនសាហុង នៅតាមព្រំដែនឡាវ ជាមួយខេត្តស្ទឹងត្រែង គឺបង្ហាញថា ផែនការដាំដុះរបស់ពួកគេបានជួបបញ្ហា។
រដ្ឋាភិបាលកម្ពុជាបានផ្តល់សម្បទានដីសេដ្ឋកិច្ចរយៈពេល៩០ឆ្នាំដល់ក្រុមហ៊ុនមេហ្គា ហ្វើស សម្រាប់ធ្វើកសិកម្មដែលមិនបានបញ្ជាក់ជាក់លាក់ក្នុងឆ្នាំ២០១៣ ដែលមានផ្ទៃដីសរុប ៩ ៤៧៧ហិកតានៅក្នុងដែនជម្រកសត្វព្រៃភ្នំណាំលៀរ។ យោងតាមឯកសារសម្បទានបានឲ្យដឹងថា ផ្ទៃដីចំនួន ៨៣៩,៥ ហិកតាត្រូវបានបម្រុងទុកសម្រាប់ពលរដ្ឋមូលដ្ឋាន។
ពីរឆ្នាំក្រោយមក ក្រុមហ៊ុនត្រូវកាត់បន្ថយការជួលមកត្រឹម៥០ឆ្នាំវិញ ហើយតាមរបាយការណ៍ប្រចាំឆ្នាំ២០១៦របស់ក្រុមហ៊ុនមេហ្គា ហ្វើសបានរាយការណ៍ទៅ ផ្សារហ៊ុន បឺសា ជាផ្សារហ៊ុនម៉ាឡេស៊ី ថាដីសម្បទានមិនត្រូវបានប្រគល់ឱ្យក្រុមហ៊ុននៅឡើយទេ។
នៅពេលដែលក្រុមហ៊ុនបានចាប់ផ្តើមដាំដូង និងម៉ាកាដាមៀ រដ្ឋាភិបាលកម្ពុជាបន្ទាប់មកបានដកហូតដីមួយភាគបីនៃក្រុមហ៊ុន មេហ្គា ហ្វើសនៅក្នុងឆ្នាំ២០១៨ ដែលជាផ្នែកនៃយុទ្ធនាការកាត់បន្ថយទំហំដីសម្បទានសេដ្ឋកិច្ច បន្ទាប់ពីភាគីពាក់ព័ន្ធក្នុងស្រុក និងអន្តរជាតិរិះគន់ការប្រើប្រាស់ដីធ្លីខុស កង្វះផលប្រយោជន៍សេដ្ឋកិច្ច និងការកេងប្រវ័ញ្ចប្រជាពលរដ្ឋនៅលើដីសម្បទានសេដ្ឋកិច្ច។
ក្រុមហ៊ុននេះមិនត្រូវបានសមាជិកសហគមន៍ពូត្រែងមួយចំនួនយល់ស្របទេ។ លោក ផ្លេន បាននិយាយថា បច្ចុប្បន្នគាត់កំពុងមានជម្លោះជាមួយក្រុមហ៊ុន មេហ្គា ហ្វើស ខណៈដែលក្រុមហ៊ុនកំពុងព្យាយាមទាមទារយកដីដែលគាត់ប្រើសម្រាប់ធ្វើកសិកម្ម ដោយនិយាយថាពួកគេបានជួបជាមួយមន្ត្រីក្រុមហ៊ុនកាលពីខែកុម្ភៈ ហើយកំពុងព្យាយាមដោះស្រាយបញ្ហានេះ។
ចម្ការក្នុងតំបន់ព្រៃឈើ
អ្នកស្រី ស្រូល ណារី អាយុ២០ឆ្នាំ ជាកសិករនៅភូមិពូត្រែង បានត្រឡប់មកទទួលទានអាហារថ្ងៃត្រង់ ដោយខ្លួនប្រាណមានប្រឡាក់ដោយដីក្រហមពីការធ្វើចម្ការមួយព្រឹក។ អ្នកស្រី និងប្តីកំពុងប្រឈមនឹងឆ្នាំដ៏លំបាកមួយទៀត ដោយសារតែទិន្នផលដំឡូងមីកាលពីឆ្នាំមុនប្រមូលបានមួយតោន គឺតិចជាង៦តោនដែលពួកគេទទួលបានក្នុងឆ្នាំ២០២២។
អ្នកស្រីបន្តថា៖ «នៅឆ្នាំ២០២៣ អត់មានភ្លៀងទេ ហើយមានសត្វល្អិតជាច្រើនបានស៊ីដំឡូងមីរបស់យើង»។
ប្តីប្រពន្ធវ័យក្មេងមួយគូនេះបាននិយាយថា ពួកគេបានដឹងថា ឈ្មួញកណ្តាលនឹងធ្វើដំណើរឆ្លងកាត់ភូមិនេះ ដើម្បីសុំអ្នកភូមិឱ្យកាប់ឈើលក់ ប៉ុន្តែអ្នកភូមិអះអាងថា គេមិនចូលរួមកាប់ឈើទេ។ ផ្ទុយទៅវិញ ជួនកាលពួកគេគ្រាន់តែយកទឹកឃ្មុំប៉ុណ្ណោះ ទោះបានលុយតិចក៏ដោយ។
អ្នកស្រី ណារី បានពន្យល់ថា៖ «សម្រាប់អ្នកមាន គេអាចទុកចម្ការចោល” នៅពេលធាតុអាកាសមិនល្អ។ យើងគ្មានជម្រើសណាក្រៅតែពីការធ្វើចម្ការនោះទេ»។
មេឃុំដាក់ដាំ លោក ចាស់ ណា បាននិយាយថា លោកតែងតែចុះតាមអ្នកដើរល្បាតសហគមន៍ពូត្រែង ប៉ុន្តែថាមានការកាប់ឈើទ្រង់ទ្រាយតូចតាចប៉ុណ្ណោះ។
លោកថា៖ «នៅក្នុងព្រៃសហគមន៍ មានការទន្ទ្រានយកដី និងកាប់ឈើបន្តិចបន្តួច ដែលប្រជាពលរដ្ឋលួចកាប់ឈើ និងទន្ទ្រានយកដីចម្ការ»។
លោក ច្រេន ដែលជាកសិករ និងជាសកម្មជនព្រៃឈើបាននិយាយថា លោកបានដឹងថា សហគមន៍មានគំនិតខ្វែងគ្នាទៅលើព្រៃសហគមន៍របស់ពួកគេ។
លោកថា៖ «អ្នកខ្លះគិតដូចខ្ញុំ តែអ្នកផ្សេងទៀតមិនគិតអ៊ីចឹងទេ»។
លោកគិតថា ចិត្តគំនិតបែបនេះបានធ្វើឲ្យអ្នកភូមិខ្លះកាប់ព្រៃសហគមន៍ដើម្បីដាំដំឡូងមី។ លោក ច្រេន បាននិយាយថា ដីព្រៃរបស់ពួកគេប្រហែលជាដីចម្ការពីមុនរបបខ្មែរក្រហម ប៉ុន្តែលោកគិតថា ព្រៃឈើនេះគួរតែការពារឲ្យបានគង់វង្ស។
លោកបាននិយាយថា៖ «យើងទទួលបានប្រយោជន៍ពីព្រៃឈើ។ យើងមានធនធានច្រើន យើងទទួលបានអនុផលជាច្រើនពីទីនេះ៖ យើងមានផ្សិត វល្លិ៍ និងសត្វព្រៃ។ ប៉ុន្តែឥឡូវនេះ សត្វព្រៃមួយចំនួនកំពុងរងគ្រោះជិតផុតពូជហើយ»៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Community Forest Beleaguered Without NGO Support, Work Opportunities For Residents