សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ស្ថានភាពខ្លារខិនបង្ហាញពីភាពមិនសូវល្អនៅក្នុងកិច្ចប្រឹងប្រែងនាំសត្វខ្លាមករស់នៅក្នុងព្រៃវិញ

ទោះបីវាមានមាឌធំជាងខ្លាដំបងដែលធ្លាប់រស់នៅក្នុងប្រទេសកម្ពុជា សត្វខ្លាធំដូចក្នុងរូបភាព នេះដែលស្ថិតនៅក្នុងឧទ្យានជាតិ Ranthambore នៃប្រទេសឥណ្ឌា គឺជាបេក្ខជនដែលទំនងជានឹងត្រូវដឹកតាមយន្តហោះមកកាន់ប្រទេសកម្ពុជា បើផ្អែកតាមកិច្ចប្រឹងប្រែងអភិរក្សខ្លាប្រកបដោយជោគជ័យរបស់ឥណ្ឌា។ (Andrew Califf)
ទោះបីវាមានមាឌធំជាងខ្លាដំបងដែលធ្លាប់រស់នៅក្នុងប្រទេសកម្ពុជា សត្វខ្លាធំដូចក្នុងរូបភាព នេះដែលស្ថិតនៅក្នុងឧទ្យានជាតិ Ranthambore នៃប្រទេសឥណ្ឌា គឺជាបេក្ខជនដែលទំនងជានឹងត្រូវដឹកតាមយន្តហោះមកកាន់ប្រទេសកម្ពុជា បើផ្អែកតាមកិច្ចប្រឹងប្រែងអភិរក្សខ្លាប្រកបដោយជោគជ័យរបស់ឥណ្ឌា។ (Andrew Califf)

របាយការណ៍មួយដែលចេញផ្សាយ​កាលពីខែមិថុនា នៅឆ្នាំនេះ បានសន្និដ្ឋានថា ខ្លារខិន (Indochinese leopards) គឺផុតពូជហើយ​នៅក្នុងប្រទេស​កម្ពុជា បន្ទាប់ពី​កាមេរ៉ាបង្កប់​មិន​បាន​ថត​ជាប់​រូបភាព​សូម្បីតែមួយ​សន្លឹកពីសត្វខ្លាប្រភេទនេះនៅក្នុង​ឆ្នាំ២០២១។ ចន្លោះ​ឆ្នាំ២០០៩ និង​ឆ្នាំ​២០១៩ សត្វខ្លា​រខិន​សរុប ៣៥ក្បាល ត្រូវបាន​ថតជាប់រូបភាព​ដោយ​ម៉ាស៊ីនកាមេរ៉ាបង្កប់ ។ នេះ​បើ​យោងតាម​ការស្រាវជ្រាវ​របស់​ អង្គភាពស្រាវជ្រាវអភិរក្ស​សត្វព្រៃ​ (WildCRU) របស់​ Panthera និង​សាកលវិទ្យាល័យ Oxford ដែល​ចុះផ្សាយ​ដោយអង្គការអភិរក្ស​ជីវសាស្ត្រ (Biological Conservation)។

ទិន្នន័យនេះ​បង្កើត​ជាមន្ទិល​ទៅដល់​កិច្ច​ប្រឹងប្រែង​នាំសត្វ​ខ្លាមករស់នៅក្នុងព្រៃវិញ ដែល​ជា​ប្រភេទ​​​ខ្លា​ខុសពីខ្លារខិន ធំជាងខ្លារខិន និងដែលធ្លាប់ដើរចរច្រប់​ក្នុង​ព្រៃរបស់ប្រទេសកម្ពុជា។ អង្គការ​មូលនិធិ​អភិរក្ស​សត្វ​ព្រៃពិភព​លោក (WWF) បានសម្រេចចិត្ត​ផ្អាក​ផែនការរបស់ខ្លួន​ក្នុង​ការនាំសត្វ​ខ្លា​មករស់នៅក្នុង​ព្រៃវិញ​នៅក្នុង​តំបន់​ខ្ពង់រាបភាគខាងកើត​របស់​កម្ពុជា សម្រាប់​បច្ចុប្បន្ន ប៉ុន្តែកិច្ចប្រឹងប្រែង​ផ្សេងៗទៀត​របស់រដ្ឋាភិបាល ​និង​អង្គការមិនមែនរដ្ឋាភិបាល​ក្នុង​ការ​ជួយ​ឱ្យខ្លាមានសម្រែកគ្រហឹម​ឡើងវិញ​នៅកម្ពុជា នៅតែ​កំពុងបោះជំហាន​ទៅមុខដដែល ។ 

នៅកម្ពុជា គេប៉ាន់ស្មានថាមានចំនួនសត្វខ្លារស់នៅច្រើនជាងគេបំផុត​ទីពីរនៅក្នុង​ពិភព​លោក នៅឆ្នាំ១៩៩៩ ដែលការប៉ាន់ស្មាននេះធ្វើឡើងដោយអង្គការមិនរកប្រាក់កម្រៃមួយឈ្មោះថា Cat Action Treasury ប៉ុន្តែ រូបភាពសត្វខ្លាចុងក្រោយបំផុត​ដែលថតបានដោយកាមេរ៉ាបង្កប់ គឺនៅឆ្នាំ២០០៧ ។ បើទោះបី​កម្ពុជា​បាន​សន្យារួមគ្នាជាមួយនឹង​ប្រទេសដែលមានខ្លា​១២​ប្រទេស​​ទៀត នៅឯកិច្ចប្រជុំ​កំពូលស្ដីពីសត្វខ្លា នាឆ្នាំ២០១០ ថាខ្លួន​នឹងជួយ​បង្កើន​​តួលេខ​សត្វខ្លានៅលើពិភពលោក​ឱ្យកើនបានទ្វេដងក្ដី នៅឆ្នាំ២០១៦ អង្គការ WWF បានប្រកាស​ថា សត្វខ្លា​បាន​ផុតពូជហើយ ដែលស្រដៀងគ្នាទៅនឹងស្ថានភាព​បច្ចុប្បន្ន​​នៃ​សត្វខ្លារខិន ដែលមានមាឌតូច​ជាង​ខ្លាធំ ។​

នៅក្នុងឆ្នាំ២០១៦ដូចគ្នា អតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន និងក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានអនុម័ត​ផែនការសកម្មភាព​ខ្លានៅកម្ពុជា ដែលរួមមានគម្រោង​នានា​ដើម្បី​បញ្ចេញ​សត្វខ្លា​ដែលទិញពីបរទេស​ទៅក្នុងព្រៃជាលើកដំបូង​ នៅឆ្នាំ២០១៩

កម្មវិធីនាំសត្វខ្លាមករស់នៅក្នុងព្រៃវិញចំនួន២ ត្រូវបានចាប់ផ្ដើមអនុវត្ត​នៅក្នុងតំបន់ពីរ ដែល​ធ្លាប់​​មាន​សត្វខ្លារស់នៅពីមុន នៅកម្ពុជា ។ អង្គការ WWF មានបំណង​នាំសត្វខ្លាមក​រស់នៅ​ក្នុង​ព្រៃល្បោះភាគ​ខាងកើតនៅខេត្ត​មណ្ឌលគិរី ហើយ​អង្គការសម្ព័ន្ធ​មិត្ត​សត្វព្រៃ​បានធ្វើការ​នៅ​ក្នុង​តំបន់ជួរភ្នំក្រវាញ។

អង្គការ WWF បានបញ្ចប់​ការសិក្សាសមិទ្ធលទ្ធភាព​បឋម​របស់​ខ្លួនរួចហើយកាលពីឆ្នាំ២០១៣ ទៅលើ​តំបន់ខ្ពង់រាប​ភាគខាងកើត​នៃខេត្តមណ្ឌលគិរី ដែល​បានកំណត់ថាខេត្តនេះ​នឹង​ស័ក្ដិ​សម​បំផុត​សម្រាប់​ខ្លាធំមកពីឥណ្ឌា ជាប្រភេទខ្លាដែលទំនងជាត្រូវបម្លាស់ទីឆ្លងដែន​លើក​ដំបូង​បំផុត ។ អង្គការដដែល​ក៏បាន​ចេញផ្សាយ​ឯកសារក្របខ័ណ្ឌ​សម្រាប់​ការតាមដាន​សត្វខ្លា និងការស្ទង់មតិ​មួយ​អំពីចំនួន​សត្វ​ដែល​ជា​ចំណីរបស់សត្វខ្លា ផងដែរ។

ប៉ុន្តែ ដោយសារការថយចុះនៃចំនួនសត្វជាចំណីរបស់សត្វខ្លា​ក្នុងរយៈពេល​១០ឆ្នាំចុង​ក្រោយ​នេះ និងដោយសារការព្រួយបារម្ភ​អំពី​ការពង្រឹង​ការអនុវត្ត​ច្បាប់​ក្នុង​ស្រុកដែលអាចកាត់បន្ថយ​សកម្មភាពប្រមាញ់ខុសច្បាប់ លោក ថូម៉ាស់ ហ្គ្រេ (Thomas Gray) ប្រធាន​គម្រោង​តំបន់​ទេសភាព​​និងការស្ដារ​សត្វខ្លាសម្រាប់គំនិតផ្ដួចផ្ដើម​ខ្លារស់ឡើងវិញរបស់អង្គការ WWF ពុំមាន​ជំនឿថា តំបន់ខ្ពង់រាបភាគខាងកើត​ជាតំបន់ស័ក្ដិសម​សម្រាប់ការនាំខ្លា​មករស់នៅ​ក្នុង​ព្រៃវិញ​នោះ​ឡើយ ។           

លោក ហ្គ្រេ បាននិយាយ​យ៉ាង​ដូច្នេះថា៖ «អង្គការ WWF ប្រចាំកម្ពុជា បានសម្រេចចិត្តថា យើង​នឹង​មិន​ត្រូវបានគេជឿជាក់ទៀតទេ បើ​យើង​និយាយអំពី​ការនាំខ្លាមករស់នៅក្នុង​ព្រៃ​នៅ​ភាគខាងកើត​នៃ​ប្រទេស​កម្ពុជា នៅខណៈដែល​យើង​បាន​ចងក្រង​ឯកសារ​ផ្សព្វផ្សាយ​ជា​សាធារណៈថា ចំនួន​សត្វ​ជា​ចំណី​បាន​ថយចុះដល់ទៅ៨០%»។ លោកបន្តថា៖ «WWF បាន​សម្រេចចិត្តថា វាមានន័យជាង បើយើងនិយាយ​ពី​ការស្ដារ​ចំនួនសត្វជាចំណី​របស់ខ្លា ជាជាង​និយាយពី​សត្វខ្លា»

អង្គការ WWF បាន​សម្រេចចិត្ត​ផ្អាកផែនការរបស់ខ្លួន​ដើម្បីនាំសត្វខ្លាមករស់នៅក្នុងតំបន់នោះ និង​តម្រង់​គោលដៅនៃគម្រោង​អភិរក្ស​របស់ខ្លួនឡើងវិញ នៅឆ្នាំ២០២១ បន្ទាប់ពី​ការរកឃើញ ស៊ីជម្រៅ​នៃ​ការសិក្សារយៈពេល​១០ឆ្នាំ​ទៅលើ​សត្វជាចំណី​ត្រូវបានចេញផ្សាយ ។ នេះ​បើ​យោង​​​តាម ​លោក ទេព អស្នារិទ្ធ នាយកផ្នែក​ទំនាក់ទំនង​របស់​អង្គការ WWF ប្រចាំកម្ពុជា។ ការ​ថយចុះ​នៃ​ចំនួន​សត្វ​ជាចំណី​ទាំងនេះត្រូវបានភ្ជាប់មូលហេតុចម្បងទៅនឹង​អន្ទាក់៖ អន្ទាក់​ខ្សែ​លួស​ដែល​ដាក់ដោយ​ព្រានព្រៃ​ដើម្បី​ចាប់សត្វ។

លោក អស្នារិទ្ធ បាននិយាយ​តាមសារអ៊ីម៉ែលថា៖ «នេះបង្ហាញពីផលប៉ះពាល់ដ៏ធ្ងន់ធ្ងរ​នៃ​ឧបករណ៍​អន្ទាក់​ទៅលើ​សត្វព្រៃ​ និង​ជា​ការដាស់តឿនមួយទៅដល់តំបន់ផ្សេងៗទៀត​នៅ​អាស៊ីអាគ្នេយ៍»។ លោកបន្តថា៖ «WWF សហការជិតស្និទ្ធជាមួយ​ក្រសួងបរិស្ថានរបស់​រដ្ឋាភិបាល និង​ដៃគូ​ដទៃទៀត បាន​ដាក់​ចេញ​នូវ​ដំណោះស្រាយរួមគ្នា​ដើម្បី​ឆ្លើយតបទៅ​នឹង​ស្ថានការណ៍នេះ [ដំណោះ​​ស្រាយទាំងនេះ]បាន​អនុវត្ត​ដោយ​ជោគជ័យ​នូវយុទ្ធនាការ​សូន្យ​អន្ទាក់ ដើម្បី​អប់រំ​ប្រជាជន​ទូទាំងប្រទេស​អំពី​ផលវិបាក​នៃ​ការដាក់​អន្ទាក់ចាប់សត្វ និង​ការ​បរិភោគ​សាច់​សត្វ​ព្រៃ»

លោក ហ្គ្រេ មានឈ្មោះជា​អ្នកស្រាវជ្រាវ​ដែលបានរួមចំណែក​នៅក្នុង​របាយការណ៍ Panthera ដែល​ចេញ​ផ្សាយកាលពីខែមិថុនា សម្រាប់ការដាក់​ពង្រាយ​កាមេរ៉ាបង្កប់​ដើម្បី​ថតរូបភាព​សត្វ​ខ្លារខិនដំបូងគេ​បំផុត​នៅឆ្នាំ២០០៧ ដល់ឆ្នាំ២០០៩ ហើយ​លោក​យល់ស្របទាំងស្រុង​ថា អន្ទាក់ ឬអង្គប់​ជាឧបករណ៍​ដែលទទួលខុសត្រូវចំពោះការថយចុះ​នូវ​ចំនួនសត្វ​ខ្លារខិន​ និង​ចំនួនសត្វជាចំណីរបស់​ខ្លា។  

លោក ហ្គ្រេ បាននិយាយថា៖ «ស្ថានភាពដ៏អាក្រក់នៃសត្វ​ខ្លារខិន​បង្ហាញឱ្យ​ឃើញច្បាស់ថា តំបន់​ទេសភាព​នេះ​មិនទាន់ត្រៀមលក្ខណៈរួចរាល់​សម្រាប់សត្វ​ខ្លា​នៅឡើយទេ។ ការសម្រេច​ចិត្ត​​មិន​រុញ​គម្រោងទៅមុខ​គឺឈរលើ​ហេតុផល​នៃការបាត់បង់​សត្វខ្លារខិន»។ លោក​បាន​បន្ថែម​ ដោយលាយឡំនឹង​សំណើចថា៖ «មែនទែនទៅ ខ្លារខិនប្រហែលជា​អាចរស់នៅក្នុងរាជធានី​ភ្នំពេញ​​ប្រសើរ​ជាងនៅ​ខេត្តមណ្ឌលគិរី ដោយសារតែអត់មានអន្ទាក់»

លោកបានពន្យល់ថា ខ្លារខិន​បាន​បាត់ខ្លួន​មួយផ្នែកគឺ​ដោយសារតែ​ការធ្លាក់ចុះនូវ​ការអនុវត្ត​ច្បាប់ និង​ថា គេត្រូវការមន្ត្រីល្បាតច្រើនថែមទៀត ។ លោកថា ជាធម្មតា គេដាក់អន្ទាក់​ក្នុង​គោលដៅ​ចាប់សត្វ​តូចៗ មិនមែន​ចាប់ខ្លារខិនទេ ។ នៅពេលណាដែល​វិបត្តិអន្ទាក់​ត្រូវបាន​បញ្ចប់ ហើយ​ចំនួនសត្វជាចំណី​ត្រូវបានស្ដារឡើងវិញ លោក​គិតថា វា​អាចនឹងមានន័យ​ជាង​នេះដើម្បី​នាំសត្វខ្លារខិន​មក​រស់នៅក្នុងព្រៃ​ជាមុនសិន មុននឹង​ដល់​វេន​ខ្លាធំ ។

របាយការណ៍ Panthera បានផ្ដោត​សំខាន់​លើ​ប្រភេទសត្វខ្លារខិន​ដែលគេដឹងថា​នៅសេស​សល់​ខ្លះ​​នៅ​ក្នុង​ដែនជម្រកសត្វព្រៃ​ស្រែពក ជាទីដែល​អង្គការ WWF ធ្វើការងារពីដើមមក​ផ្ដោត​​លើ​ការនាំ​សត្វ​ខ្លា​ធំ​មក​រស់នៅក្នុងព្រៃនេះ​ឡើងវិញ។ ប៉ុន្តែតំបន់ជួរភ្នំក្រវាញ​គឺជា​ជម្រើស​​មួយ​ដែលប្រសើរជាងសម្រាប់​ការនាំសត្វខ្លាធំមករស់នៅក្នុងព្រៃវិញ។ នេះបើយោងតាម​គ្រប់​ភាគី​ទាំងអស់ដែល​បានចូលរួម​នៅក្នុង​កិច្ចការនេះ ។

ផែនទីពីអត្ថបទ​ឯកសារមួយ​ដែល​ផ្សាយនៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២២ លោកប្រធាន Josh Tosteson នៃអង្គការ Everland បង្ហាញពី«ស្ថានីយ​ខ្លា»មួយកន្លែង ដោយ​សម្គាល់ដោយពណ៌​ផ្កាឈូក ដែល​រៀបចំដោយអង្គការ Wildlife Alliance ។ (Everland)

ក្រសួងបរិស្ថាន​បានផ្លាស់ប្ដូរ​ការយកចិត្តទុកដាក់របស់ខ្លួន​ទៅ​ផ្ដោត​លើ​ការនាំខ្លាមករស់នៅ​ក្នុងព្រៃ​​ឡើង​​វិញនៅតំបន់ជួរភ្នំក្រវាញ ដោយ​ជ្រើសរើសអង្គការសម្ព័ន្ធ​មិត្ត​សត្វព្រៃ​ជាដៃគូ NGO។ អនុស្សរណៈ​នៃការយោគយល់គ្នា​មួយ ត្រូវបានចុះហត្ថលេខា​កាលពីខែ​វិច្ឆិកា ឆ្នាំ​២០២២ រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ឥណ្ឌា ដើម្បី​ធ្វើកិច្ច​សហប្រតិបត្តិការ​លើ​ការស្ដារ​សម្បទា​​​សត្វ​ខ្លាធំ ។ សត្វ​ខ្លា​នឹង​ត្រូវ​ដឹក​មក​ពី​ប្រទេស​ឥណ្ឌា ដោយសារតែប្រទេសនេះ​មាន​ចំនួន​​សត្វ​ខ្លា​ច្រើន និងមានជោគជ័យ​លើ​គម្រោង​ Project Tiger ។

លោក លឿង កេសារ៉ូ អគ្គនាយករង​នៃក្រសួងបរិស្ថា និងជា​ប្រធានក្រុម​ការងារ​នាំខ្លាមក​រស់​នៅ​ក្នុងព្រៃវិញ បាន​និយាយថា៖ «បច្ចុប្បន្ន ដោយសារតែ​អង្គការសម្ព័ន្ធ​មិត្ត​សត្វព្រៃធ្វើការងារ​បាន​ល្អ​នៅក្នុង​តំបន់​ជួរ​ភ្នំក្រវាញ លើ​ការការពារ អភិរក្សា និង​ពង្រឹង​ការអនុវត្ត​ច្បាប់ យើង​មាន​ដែនជម្រក​ធម្មជាតិដ៏​ល្អ​មួយ​សម្រាប់​សត្វ​ខ្លា​ដើម្បីនាំយកមកពីប្រទេស​ឥណ្ឌា​ដើម្បី​ឱ្យ​រស់នៅ​ក្នុងព្រៃនៅទីនោះ យើងនឹង​ផ្ដោត​លើ​តំបន់​នោះជាមុនសិន»។ លោកបន្តថា៖ «នៅពេលដែល​យើង​មានសមត្ថភាពគ្រប់គ្រាន់ មានធនធាន​គ្រប់គ្រាន់​ហើយ យើង​អាចពង្រីកទៅខេត្ត​មណ្ឌលគិរី​ទៀត»

លោក កេសារ៉ូ បាន​ពន្យល់ថា មានក្រុមបច្ចេកទេសមួយ​មកពីក្រសួងបរិស្ថាន​ដែលធ្វើការងារ​លើ​គម្រោង​នេះ ប៉ុន្តែលោក​ក៏ចង់បាន​ឱ្យមាន​មនុស្ស ​និងធនធានច្រើនថែមទៀត​ដើម្បី​ផ្ដោត​លើ​គម្រោង​នាំ​សត្វខ្លាមករស់នៅក្នុងព្រៃវិញ​នេះផងដែរ។ លោកបានលើកសរសើរ​ពី​ជោគជ័យ​​នៃគម្រោង​រេដបូក​នៃ​តំបន់ភ្នំក្រវាញ​ភាគខាងត្បូង​របស់​អង្គការសម្ព័ន្ធមិត្ត​សត្វព្រៃ ដោយ​សរសើរពួកគេ​ចំពោះ​ការជួយ​បំពេញ​ការខ្វះចន្លោះសមត្ថភាពនៅក្រសួងបរិស្ថាន ។

អង្គការសិទ្ធិមនុស្ស​ Human Rights Watch បាន​ចាប់ផ្ដើម​ស៊ើបអង្កេត​ទៅ​លើ​អង្គការ​សម្ព័ន្ធ​មិត្ត​សត្វព្រៃ​កាលពីខែមេសា ឆ្នាំ២០២២ លើការចោទប្រកាន់ពីការរំលោភសិទ្ធិ​មនុស្សនៅក្នុង​គម្រោង​រេដបូករបស់ខ្លួន។ 

ក្រសួង​ពុំមាន​មូលដ្ឋានទិន្នន័យ ឬ​ក្រុម​ស្រាវជ្រាវ​សម្រាប់​ចំនួន​សត្វ​ខ្លារខិន​នេះ​ទេ បើតាម​ការ​ដឹង​របស់​លោក កេសារ៉ូ ហើយ​លោក​មិនបារម្ភពី​របាយការណ៍ Pathera ដែល​លោក​មិន​ទាន់​បាន​អាន​នោះ​ទេ។

លោក កេសារ៉ូ បាននិយាយថា៖ «ចំពោះខ្ញុំ ចំពោះក្រសួងបរិស្ថាន យើងចង់ឃើញ​សត្វខ្លានៅ កម្ពុជា​នៅឆ្នាំក្រោយ ឆាប់ៗតាមដែលអាចធ្វើទៅបាន។ យើង​បានរៀបចំ​ផែនការសព្វបែប យ៉ាង​រួចអស់ហើយ»

អង្គការសម្ព័ន្ធមិត្តសត្វព្រៃ​ថែមទាំងមាន​ស្ថានីយ​ដាក់ខ្លា​ឱ្យរស់នៅក្នុងព្រៃវិញមួយ ដែលខ្លួន​បាន​​កសាង​នៅក្នុង​តំបន់ភ្នំក្រវាញ ដែលជាប់នឹងព្រំប្រទល់នឹង​តំបន់​សហគមន៍​ដែល​គេ​អនុញ្ញាត​​ឱ្យ​ប្រជាជន​រស់នៅ និងធ្វើស្រែចម្ការបាន។ ស្ថានីយ​នេះ​ត្រូវបានដាក់​បញ្ចូល​នៅក្នុង​ផែនទីមួយនៅក្នុង​អត្ថបទ​មួយ ដែលចុះផ្សាយ​នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២២ ដោយ​ក្រុមហ៊ុន​ទីផ្សារក្រេឌីត​កាបូន ឈ្មោះ Everland ដែលជាស្ថាប័នជួយគាំទ្រ​ដល់គម្រោងរេដបូក របស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ នៅក្នុង​តំបន់​ភ្នំក្រវាញ​ភាគខាងត្បូង។ អត្ថបទចុះផ្សាយនោះ​សរសេរ​ដោយ​ប្រធាន​របស់​ Everland ឈ្មោះលោក Joshua Tosteson និង​ត្រូវបាន​លុបចេញ​ពី​គេហ​ទំព័រ​របស់​ Everland វិញ​ នៅឆ្នាំនេះ។​

លោក Nick Marx នាយកកម្មវិធី​សង្គ្រោះ​និង​ថែទាំ​សត្វព្រៃ​នៃអង្គការសម្ព័ន្ធមិត្ត​សត្វព្រៃ គឺជា​អ្នក​​ទទួល​បន្ទុក​គម្រោង​នាំសត្វខ្លាមករស់នៅក្នុងព្រៃវិញ។ លោក​បាន​បញ្ជាក់ថា ពិត​ជាមាន​ស្ថានីយ​មួយ​ដែល​បាន​សាងសង់​សម្រាប់​ការលែង​សត្វខ្លា​ឱ្យ​រស់នៅក្នុង​ព្រៃ មែន ប៉ុន្តែ លោក​បាន​និយាយថា សត្វខ្លា​ត្រូវបាន​លែង​ទៅក្នុង​ព្រៃជ្រៅ​នៃតំបន់​ស្នូល​នៅក្នុង​ឧទ្យានជាតិ​ភ្នំ​ក្រវាញ​ខាងត្បូង ដែលចាប់តាំងពីពេល​នោះមក បាន​ដាក់បញ្ចូលគ្នា​ជាមួយ​អតីត​ឧទ្យានជាតិ​ភ្នំក្រវាញ​កណ្ដាល ដើម្បីបង្កើត​ជា​ឧទ្យានជាតិ​ភ្នំក្រវាញ។ លោក​បដិសេធ​មិន​ផ្ដល់​អត្ថាធិប្បាយ​​លើសពីនេះ​ទៀត​ទេ ។

ស្ថាបនិក ​និងជានាយិកាប្រតិបត្តិរបស់​អង្គការសម្ព័ន្ធមិត្ត​សត្វព្រៃ លោកស្រី Suwanna Gauntlett បាន​និយាយ​នៅក្នុង​សារតេឡេក្រាមថា៖ «វាលឿនពេក​ក្នុងការ​ផ្ដល់​ព័ត៌មានថ្មី​ណាមួយ ។ នៅពេល​ជិត​ដល់ ខ្ញុំនឹង​ប្រាប់​ឱ្យអ្នកដឹង។​ វានឹងជាទិសដៅដែលត្រឹមត្រូវ ដូច្នេះ យើងគួរមានសង្ឃឹមអ៊ីចឹង!»​

ក្រសួងបរិស្ថាន​ និងអង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃបានបំពេញ​ការសិក្សា​លទ្ធភាព​មួយ​រួចហើយ សម្រាប់​តំបន់ភ្នំក្រវាញ ដែល​បង្ហាញថា តំបន់នេះ​អាច​ទ្រទ្រង់​សត្វខ្លាបានដល់ទៅ២០ក្បាល។ នេះ​បើ​យោងតាម​លោក កេសារ៉ូ។ តួលេខនេះជា​គោលដៅចុងក្រោយ​ដែលគេចង់បាន ប៉ុន្តែ លោក កេសារ៉ូ បាន​និយាយថា ក្រសួងសង្ឃឹមនឹងចាប់ផ្ដើម​ទទួលបាន​ខ្លា​ឈ្មោលមួយ​ក្បាល និង​ខ្លាញីពីរ ឬបីក្បាល ​មកពីប្រទេស​ឥណ្ឌា នៅក្នុងជំហានដំបូង។

ក្រុមការងារ​បច្ចេកទេស​របស់ក្រសួងបរិស្ថាននឹងជួបប្រជុំគ្នា​ជាមួយ​អ្នកជំនាញមកពីឥណ្ឌា នៅថ្ងៃចន្ទ ដើម្បី​ធ្វើបញ្ចប់​នូវ​ឯកសារ​ព្រាង​ត្រឹមត្រូវមួយ​សម្រាប់គម្រោងនេះ ។ លោក កេសារ៉ូ សង្ឃឹមថា នៅឯ​កិច្ច​ប្រជុំនេះ ពួកគេ​នឹង​​លម្អិត​ពីកាលបរិច្ឆេទ​សម្រាប់​ទស្សនកិច្ច​របស់​គណៈ​ប្រតិ​ភូ​ឥណ្ឌា​មកកាន់​តំបន់​ភ្នំ​ក្រវាញ៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Condition of Indochinese Leopard Casts Shadow Over Tiger Reintroduction Efforts

199 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម