ក្រុមប្រឹក្សាធម្មនុញ្ញកម្ពុជាបានសម្រេចនៅថ្ងៃព្រហស្បតិ៍ដោយមិនអនុញ្ញាតឱ្យគណបក្សភ្លើងទៀនចូលរួមក្នុងការបោះឆ្នោតជាតិនោះនៅថ្ងៃទី២៣ ខែកក្កដា ខាងមុខនោះទេ។
គេហទំព័ររបស់ គ.ជ.ប បង្ហាញថា ខ្លួនបានអនុម័តលើការចុះឈ្មោះគណបក្សនយោបាយចំនួន១៨ ផ្សេងទៀត រួមទាំងគណបក្សកាន់អំណាចផងដែរ សម្រាប់ការបោះឆ្នោតជាតិនៅថ្ងៃទី២៣ ខែកក្កដា។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ គជប នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ បានបញ្ជាក់ថា គជប បដិសេធការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ របស់ គណបក្សភ្លើងទៀន ដែលមាន ២៥ (ម្ភៃប្រាំ) មណ្ឌលរាជធានី ខេត្ត ដោយមូលហេតុ គណបក្សភ្លើងទៀន មិនបានភ្ជាប់មកជាមួយនូវប្រកាសស្តីពី ការចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃដែលមានបញ្ជាក់នីត្យានុកូលកម្ម។
ប៉ុន្តែគណបក្សភ្លើងទៀនបានចូលរួមដោយជោគជ័យក្នុងការបោះឆ្នោតឃុំសង្កាត់កាលពីឆ្នាំមុន ដោយទទួលបាន២២.២៥ភាគរយ នៃសំឡេងឆ្នោតធៀបនឹងគណបក្សប្រជាជនកម្ពុជាដែលទទួលបានសំឡេងឆ្នោត៧៤.៣២ភាគរយដោយប្រើប្រាស់លិខិតចុះបញ្ជីថ្មីពីក្រសួងមហាផ្ទៃដែលបញ្ជាក់ថា គណបក្សនេះត្រូវបានទទួលស្គាល់ជានីតិបុគ្គល។
គណបក្សភ្លើងទៀនក៏បានដាក់ច្បាប់ចម្លងនៃការចុះបញ្ជីឆ្នាំ១៩៩៨ របស់ខ្លួនផងដែរ ដែលកាលពីមុនជាគណបក្ស សម រង្ស៊ី។ ឯកសារដើមត្រូវបានបាត់បង់អំឡុងពេលការឆ្មក់ចូលរបស់ប៉ូលិសកាលពីឆ្នាំ២០១៧ ទៅលើទីស្នាក់ការកណ្តាលរបស់គណបក្សសង្រ្គោះជាតិ ដែលត្រូវបានតុលាការកំពូលរំលាយ ដែលជាគណបក្សមុនបក្សភ្លើងទៀននិងជាបក្សដែលកើតចេញពីគណបក្ស សម រង្ស៊ី៕