សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

អនុក្រឹត្យច្រកទ្វារអ៊ីនធឺណិតដ៏ចម្រូងចម្រាសត្រូវបានពន្យារពេលអនុវត្តន៍ ខណៈការរិះគន់កាន់តែកើន

កម្មករ កំពុងទាញខ្សែកាបអ៊ីនធឺណិតក្នុងរាជធានីភ្នំពេញ ថ្ងៃទី១៥ ខែ កុម្ភៈ ឆ្នាំ ២០២២។ ខេមបូចា / ព្រីង សំរាំង
កម្មករ កំពុងទាញខ្សែកាបអ៊ីនធឺណិតក្នុងរាជធានីភ្នំពេញ ថ្ងៃទី១៥ ខែ កុម្ភៈ ឆ្នាំ ២០២២។ ខេមបូចា / ព្រីង សំរាំង

ការអនុវត្តច្រកទ្វារអ៊ីនធឺណិតជាតិដ៏ចម្រូងចម្រាសត្រូវបានពន្យារពេល។ នេះបើតាមការបញ្ជាក់កាលពីថ្ងៃអង្គារពីមន្ត្រីរបស់ក្រសួងដែលគ្រប់គ្រងការអនុវត្តគម្រោងនេះ។

អនុក្រឹត្យដែលចែងពីមូលដ្ឋានតម្រូវឱ្យចរាចរណ៍អ៊ីនធឺណិតទាំងអស់នៅកម្ពុជាត្រូវឆ្លងកាត់ច្រកទ្វារតែមួយដែលជាចំណុចនៃការគ្រប់គ្រងដោយរដ្ឋ ត្រូវបានអនុម័តកាលពីខែកុម្ភៈឆ្នាំមុន។ អនុក្រឹត្យនេះ ត្រូវចូលជាធរមាននៅថ្ងៃពុធសប្តាហ៍នេះ។

ចាប់តាំងពីការប្រកាសដំបូង អនុក្រឹត្យនេះបានទទួលការរិះគន់ពីក្រុមសង្គមស៊ីវិលក្នុងស្រុក និងអន្តរជាតិ ជុំវិញការព្រួយបារម្ភដែលថាវានឹងត្រូវប្រើដើម្បីតាមដានការបញ្ចេញមតិតាមអ៊ីនធឺណិត និងពង្រឹងបច្ចេកទេសឃ្លាំមើលដែលត្រូវបានប្រើរួចហើយដើម្បីកំណត់គោលដៅអ្នកប្រឆាំង។

លោក លីវ សុផាន់ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ មានប្រសាសន៍ថា ការពន្យារពេលអនុវត្តច្រកទ្វារនេះ មិនមែនដោយសារការរិះគន់ទាំងនេះទេ ប៉ុន្តែដោយសារតែផលប៉ះពាល់នៃជំងឺកូវីដ-១៩ និងកង្វះហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់។

លោក​បាន​បន្ត​ថា​៖ «​ក្រសួង​បាន​សម្រេច​ផ្អាក​ការ​អនុវត្ត​ [ច្រក​ទ្វារអ៊ីនធឺណិត] ដោយ​មិន​កំណត់​ពេល​វេលា​ជាក់លាក់ទេ រហូត​ដល់​មាន​ការ​ជូន​ដំណឹង​ថ្មី» «វាមិនមែនត្រឹមតែ ច្រកទ្វារអ៊ីនធឺណិតជាតិប៉ុណ្ណោះទេ ប៉ុន្តែការងារមួយចំនួនទៀត​ក៏ត្រូវបានពន្យារពេលដោយសារតែកូវីដ​នេះ​ផងដែរ»។

ក្រសួងការបរទេសក៏បានចេញសេចក្តីប្រកាសមួយកាលពីថ្ងៃអង្គារដោយបញ្ជាក់ថាច្រកទ្វារអ៊ីនធឺណិតបង្កើតឡើងក្នុងគោលបំណងសម្របសម្រួលនិងគ្រប់គ្រងការតភ្ជាប់អ៊ីនធឺណិត ដែលវាក៏នឹងពង្រឹងសន្តិសុខជាតិ និងការប្រមូលពន្ធផងដែរ។

ក្រសួងក៏បានបដិសេធផងដែរពីការចោទប្រកាន់ដែលថាអនុក្រឹត្យនេះអនុញ្ញាតឱ្យអាជ្ញាធរត្រួតពិនិត្យ និងតាមដានរាល់សកម្មភាពតាមអ៊ីនធឺណិត។ រដ្ឋាភិបាល អះអាងថា ខ្លួនដើរតាមប្រទេសផ្សេងៗនៅលើពិភពលោកដែលមានច្រកទ្វារអ៊ីនធឺណិតរួចហើយ ប៉ុន្តែមិនបានបញ្ជាក់ច្បាស់ថាប្រទេសណានោះទេ។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសដដែល ក៏បានបញ្ជាក់ផងដែរថារដ្ឋាភិបាលកំពុងរៀបចំដាច់ដោយឡែកនូវច្បាប់ស្តីពីការការពារទិន្នន័យផ្ទាល់ខ្លួន នៅពេលដែលសេចក្តីព្រៀងច្បាប់ស្តីពីសន្តិសុខតាមអ៊ីនធឺណិត(law on cybersecurity)ត្រូវបានបញ្ចប់។

អនុក្រឹត្យស្តីពីច្រកទ្វារអ៊ីនធឺណិតនឹងតម្រូវឱ្យប្រតិបត្តិករ ឬអ្នកផ្តល់សេវាអ៊ីនធឺណិត [ISPs] ផ្តល់របាយការណ៍ប្រចាំខែ ត្រីមាស និងប្រចាំឆ្នាំដល់រដ្ឋាភិបាល។ អនុក្រឹត្យនេះក៏ផ្តល់សិទ្ធិដល់រដ្ឋាភិបាលក្នុងការត្រួតពិនិត្យហេដ្ឋារចនាសម្ព័ន្ធ និងឧបករណ៍របស់ក្រុមហ៊ុនផងដែរ។

អនុក្រឹត្យ​បាន​សរសេរ​ថា​៖ «​​អនុញ្ញាត​ឱ្យ​ប្រតិបត្តិករ​សហការ​ជាមួយ​អាជ្ញាធរ​កាត់ផ្តាច់​ទំនាក់ទំនង​ដែល​ប៉ះពាល់​ដល់​ចំណូល​ជាតិ រំលោភ​លើ​សណ្តាប់ធ្នាប់​សង្គម សន្តិសុខ​ជាតិ សុវត្ថិភាព និង​ប្រពៃណី និង​វប្បធម៌ និង​ដើម្បី​បង្ក្រាប​ការ​តភ្ជាប់​ខុសច្បាប់​»​

អ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិកាលពីថ្ងៃទី១ ខែកុម្ភៈ បានជំរុញឱ្យអាជ្ញាធរកម្ពុជាបញ្ឈប់ការអនុវត្តច្បាប់ឃ្លាំមើលទិន្នន័យ ដោយគូសបញ្ជាក់ថា អនុក្រឹត្យអនុញ្ញាតឱ្យរដ្ឋាភិបាលត្រួតពិនិត្យសកម្មភាពអ៊ីនធឺណិត ក៏ដូចជាស្ទាក់ចាប់ និងត្រួតពិនិត្យទំនាក់ទំនងឌីជីថល។ អនុក្រឹត្យនេះក៏អនុញ្ញាតឱ្យរដ្ឋាភិបាលប្រមូល រក្សាទុក និងចែករំលែកទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ផងដែរ។ អ្នក​ជំនាញ​សិទ្ធិ​មនុស្ស​បាន​និយាយ​ថា សេចក្តីព្រាង​នេះ​មាន​ការ​គាប​សង្កត់ ហើយ​ថែម​ទាំង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សិទ្ធិ​ឯកជន និង​សេរីភាព​ប្រជាធិបតេយ្យ​ក្នុង​ប្រទេស។

កម្មករ កំពុងទាញខ្សែកាបអ៊ីនធឺណិតក្នុងរាជធានីភ្នំពេញ ថ្ងៃទី១៥ ខែ កុម្ភៈ ឆ្នាំ ២០២២។ ខេមបូចា / ព្រីង សំរាំង
កម្មករ កំពុងទាញខ្សែកាបអ៊ីនធឺណិតក្នុងរាជធានីភ្នំពេញ ថ្ងៃទី១៥ ខែ កុម្ភៈ ឆ្នាំ ២០២២។ ខេមបូចា / ព្រីង សំរាំង

យោងតាមអង្គការសហប្រជាជាតិ ច្បាប់នេះក៏នឹងអនុញ្ញាតឱ្យអាជ្ញាធរបិទការចូលប្រើអ៊ីនធឺណិតតាមអំពើចិត្ត ឬបិទគេហទំព័រ ឬ domains មួយចំនួនផងដែរ។

អ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិកាលពីឆ្នាំមុនបានសរសេរទៅរដ្ឋាភិបាលកម្ពុជា សុំកុំឱ្យអនុវត្តច្បាប់នេះ រហូតដល់ការអនុវត្តការការពារសិទ្ធិមនុស្សបានពេញលេញ។

អ្នកជំនាញបានលើកឡើងថា៖«ការត្រួតត្រាយ៉ាងទូលំទូលាយបែបនេះអាចបណ្តាលឱ្យមានការថយក្រោយនៃការការពារសិទ្ធិមនុស្ស និងការធានាជាច្រើនដែលសម្រេចបានក្នុងរយៈពេលជាច្រើនទសវត្សរ៍មុន ហើយនៅពេលដែលការអនុវត្តអនុក្រឹត្យនេះកើតមានឡើង វាពិតជាលំបាកណាស់ក្នុងការធ្វើឱ្យវាវិលត្រលប់មកភាពដើមវិញ »។

ចាប់តាំងពីពេលនោះមក ពួកគេបានស្នើឱ្យអាជ្ញាធរកម្ពុជាផ្អាកការអនុវត្ត និងធ្វើការជាមួយយន្តការសិទ្ធិមនុស្សអន្តរជាតិ និងបុគ្គលិកអង្គការសហប្រជាជាតិក្នុងប្រទេស ដើម្បីនាំយកច្បាប់ឱ្យស្របតាមការការពារសិទ្ធិមនុស្ស។

លោកស្រី ចក់ សុភាព នាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា មានប្រសាសន៍ថា ការធានារបស់រដ្ឋាភិបាលថា ខ្លួននឹងមិនប្រើប្រាស់ច្បាប់សម្រាប់ការរឹតត្បិតសិទ្ធិកាន់តែច្រើននោះ គឺរឿងមិនគួរឱ្យជឿនោះទេ។ លោកស្រី សុភាព មានប្រសាសន៍ថា រដ្ឋមិនបានឆ្លើយតបពីកង្វល់ពាក់ព័ន្ធនឹងការបង្កើតច្រកទ្វារនេះទេ ខណៈដែលប៉ុន្មានឆ្នាំថ្មីៗនេះលោកស្រី លោក ឃើញថារដ្ឋមានការមិនអត់ឱនចំពោះការរិះគន់ និងការមិនយល់ស្រប។

លោកស្រីបាននិយាយថា៖«ការបញ្ចេញមតិតាមអ៊ីនធឺណិតត្រូវបានត្រួតពិនិត្យ និងរឹតបន្តឹងកាន់តែខ្លាំង ដែលបណ្តាលឱ្យសំឡេងរិះគន់ត្រូវបានជាគោលដៅសំខាន់ក្នុងការតាមដានសម្រាប់ការបញ្ចេញមតិស្របច្បាប់របស់ពួកគេ»។ «ការគំរាមកំហែងដែលកើតឡើងដោយច្រកទ្វារនេះ នឹងលែងមាន នៅពេលដែលមានការការលុបចោលដោយគ្មានលក្ខខណ្ឌនៃអនុក្រឹត្យច្រកទ្វារអ៊ីនធឺណិតជាតិនេះ»

លោកស្រី មានប្រសាសន៍ថា គោលបំណងរបស់រដ្ឋាភិបាលក្នុងការបង្កើតច្បាប់ស្តីពីការការពារទិន្នន័យផ្ទាល់ខ្លួនគួរតែរួមបញ្ចូលការពិគ្រោះយោបល់ពីភាគីពាក់ព័ន្ធសំខាន់ៗ រួមទាំងអង្គការសង្គមស៊ីវិល និងអ្នកជំនាញពាក់ព័ន្ធ ដើម្បីធានាកាតព្វកិច្ចសិទ្ធិមនុស្សអន្តរជាតិរបស់ប្រទេស៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Controversial National Internet Gateway postponed as project criticisms grow

1,320 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម